សហជីព និងសង្គមស៊ីវិលធ្វើកិច្ចការលើសិទ្ធិការងារ ស្នើឱ្យរដ្ឋាភិបាលសហការផ្តល់ព័ត៌មានពិតអំពីស្ថានភាពការងាររបស់កម្មកររោងចក្រនៅកម្ពុជា និងអនុវត្តចំណុចខ្វះខាតប្រសិនបើរកឃើញថានៅមានបញ្ហាកើតឡើង ដើម្បីចៀសវាងការដាក់សម្ពាធពន្ធគយបន្ថែមរបស់អាមេរិក។
ការលើកឡើងនេះ គឺបន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសបើកការស៊ើបអង្កេតលើកម្ពុជាសម្រាប់ការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ពាក់ព័ន្ធផលិតកម្មលើសសមត្ថភាព និងពលកម្មដោយបង្ខំ។
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ចេញសេចក្តីប្រកាស នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ថាសហរដ្ឋអាមេរិកបើកការស៊ើបអង្កេតថ្មី ចំពោះការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ លើប្រទេសដៃគូពាណិជ្ជកម្មចំនួន៦0 រួមទាំងកម្ពុជាផង ដើម្បីដាក់សម្ពាធពន្ធគយឡើងវិញលើប្រទេសទាំងនោះ បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចលុបចោលពន្ធគយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីខែកុម្ភៈ ឆ្នាំ២០២៦។
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកឱ្យដឹងបន្ថែមថា ទោះបីមានការព្រមព្រៀងជាអន្តរជាតិប្រឆាំងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំក្ដី ក៏រដ្ឋាភិបាលនានាបានបរាជ័យក្នុងការដាក់ចេញ និងអនុវត្តឱ្យមានប្រសិទ្ធភាព លើវិធានការហាមឃាត់ទំនិញ ដែលផលិតដោយពលកម្មដោយបង្ខំ មិនឱ្យចូលក្នុងទីផ្សាររបស់ប្រទេសទាំងនោះ។
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បញ្ជាក់ថា៖ «ការស៊ើបអង្កេតទាំងនេះនឹងកំណត់ថា តើរដ្ឋាភិបាលបរទេសនានា បានចាត់វិធានការគ្រប់គ្រាន់ដើម្បីហាមឃាត់ការនាំចូលទំនិញ ដែលផលិតដោយពលកម្មដោយបង្ខំដែរឬទេ ហើយថាតើការបរាជ័យក្នុងការលុបបំបាត់ការអនុវត្តដ៏គួរឱ្យស្អប់ខ្ពើមទាំងនេះ បានជះឥទ្ធិពលយ៉ាងដូចម្តេចខ្លះដល់កម្មករ និងអាជីវកម្មក្នុងសហរដ្ឋអាមេរិក»។
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បញ្ជាក់ថា នឹងរៀបចំសវនាការពាក់ព័ន្ធនឹងការស៊ើបអង្កេតនេះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយផ្អែកលើមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ស្តីពីសកម្មភាពមិនយុត្តិធម៌ ដែលសហរដ្ឋអាមេរិក បានកំណត់ប្រទេសចំនួន ៦០ ក្នុងបញ្ជីស៊ើបអង្កេត រួមមាន ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក តៃវ៉ាន់ កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី បង់ក្លាដែស ស្វីស និងន័រវែសជាដើម។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោក មឿន តុលា យល់ថាបញ្ហានេះ គឺជារឿងរសើបសម្រាប់កម្ពុជា។ លោកថា បើទោះជាការប្រកាសនេះ នៅមិនទាន់មានបញ្ហាធ្ងន់ធ្ងរដល់វិស័យការងាររបស់កម្ពុជានៅឡើយរដ្ឋាភិបាលគួរតែឆ្លើយតបដោយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នលើបញ្ហានេះ និង គួរសម្របសម្រួលដល់ក្រុមការងារស៊ើបអង្កេត ព្រមទាំងចៀសវាងការលាក់កំបាំង នាំឱ្យមានការសង្ស័យដល់កម្ពុជាទាក់ទងនឹងការងារដោយបង្ខំ ដែលអាចនឹងមានបញ្ហាសម្រាប់កម្ពុជា។
លោក មឿន តុលា៖ «ជារឿងល្អបំផុត គឺគោរព បើកទូលាយសិទ្ធិសេរីភាពក្នុងការបង្កើតសហជីព សេរីភាពក្នុងការចរចាជាសមូហភាព សេរីភាពក្នុងការបញ្ចេញមតិ សម្រាប់កម្មករនិយោជិតអ៊ីចឹងទៅ ដើម្បីកុំឱ្យយើង ចូលទៅក្នុង ដែលគេកំណត់ថាយើងមានទម្រង់ជាការងារដោយបង្ខំ តាមបែបរូបភាពសម័យថ្មី»។
ចំណែក ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ បានឱ្យដឹងថា សហរដ្ឋអាមេរិក បើកការស៊ីបអង្កេតលើកកម្ពុជា សម្រាប់ការអនុវត្តពាណិជ្ជកម្មមិនស្មើភាពគ្នានេះ គឺជារឿងធំ ដែលតម្រូវឱ្យអ្នកបច្ចេកទេសរវាងរដ្ឋាភិបាលពាក់ព័ន្ធចូលរួមសហការគ្នា។ យ៉ាងណា អ្នកស្រី ស្នើឱ្យមានទំនាក់ទំនងពាណិជ្ជកម្មល្អ តាមរយៈរដ្ឋាភិបាលចូលរួមលើការស៊ើបអង្កេត ក៏ដូចជាបញ្ជាក់ឱ្យច្បាស់នូវបញ្ហា ដែលជាមន្ទិលសង្ស័យ និងអនុវត្តចំណុចខ្វះចន្លោះឱ្យពេញបន្ថែម។
លោកស្រី យ៉ាង សុភ័ណ្ឌ៖ «បើរដ្ឋាភិបាលយើងច្បាស់ដែរហើយ បើគេចង់ស៊ើបអង្កេតឱ្យគេស៊ើបអង្កេតទៅ នេះជាអ្វីដែលយើងត្រូវបង្ហាញឱ្យច្បាស់ ហើយជាផ្នែកមួយជួយទៅដល់កម្មករនិងពលរដ្ឋដើម្បីពួកគាត់មានការងារធ្វើបន្តទៀត»។ លោកស្រីបន្ថែម៖ «ចំណុចមួយទៀតពាក់ព័ន្ធរឿង ប.ស.ស. ត្រូវឱ្យមានការគ្របដណ្ដប់លើកម្មករទូទៅ និងរឿង ILO BFC ដែលបានរកឃើញអ្វីផ្សេងៗ គឺត្រូវតែយកចិត្តទុកដាក់ក្នុងការអនុវត្ត ហើយបើបញ្ហាបណ្ដឹងតវ៉ាអីផ្សេងៗ ព្យាយាមក្នុងការស្ដាប់ឱ្យបានដិតដល់ ព្យាយាមរកដំណោះស្រាយ។ ខ្ញុំយល់ថាចំណុចទាំងអស់ហ្នឹង ជាបញ្ហា និងជាសំណើរបស់កម្មករនិយោជិត»។
ជុំវិញបញ្ហានេះអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុនមេសា ឆ្លើយថា ៖ «យើងបានប្រគល់ធាតុចូលជូនទៅរាជរដ្ឋាភិបាល ដើម្បីពន្យល់ពីករណីហ្នឹង។ សួរអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រោះគាត់ក្ដោបរួម យើងគ្រាន់ផ្នែកតូចមួយទេ»។
ទោះជាយ៉ាងណា ប្រជាកាសែត មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន ប៉ូណា បានទេនៅថ្ងៃទី១៧ មីនា។
យ៉ាងណា រដ្ឋាភិបាលកម្ពុជា បានបញ្ជូនរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទៅចរចាដោះស្រាយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវាងកម្ពុជា និងសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២៥កន្លងទៅ ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា បច្ចុប្បន្នប្រទេសកម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើងជាង ១ ៨០០ កំពុងដំណើរការ និងមានកម្មករកំពុងបម្រើការច្រើនជាង ១លាន១សែននាក់ ដែលភាគច្រើនជាស្រ្តី។ នៅឆ្នាំ២០២៥ ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌផ្សេងៗទៀតក្នុងតម្លៃជិត ១៦ពាន់លានដុល្លារ ក្នុងនោះទីផ្សារនាំចេញចម្បង រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា និងជប៉ុនជាដើម។
ចំណែកការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយអាមេរិកវិញ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ប្រទេសកម្ពុជា នាំចេញទំនិញទៅអាមេរិកមានតម្លៃ ១២,៧៣ ពាន់លានដុល្លារអាមេរិក កើនឡើង ២៨,៤៨ ភាគរយ ចំណែកការនាំចូលប្រមាណ ៤១៧ លានដុល្លារអាមេរិក កើនឡើង ៥៧,៨៣ ភាគរយ នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីសរុបមានចំនួន ១៣,១៤ ពាន់លានដុល្លារអាមេរិក៕







