ប្រធានប្រជាធិបតេយ្យជឿនលឿនលោកយ៉ែម ប៉ុញ្ញាឫទ្ធិស្នើសុំឱ្យតុលាការទម្លាក់ចោលនូវបទចោទប្រកាន់អតីតប្រធានគណបក្សសង្គ្រោះជាតិ(CNRP) លោក កឹម សុខា ដើម្បីបង្ហាញពីការរួបរួមជាតិ។លោកប៉ុញ្ញាឬទ្ធិជាអតីតសហការីរបស់លោកកឹម សុខា តាំងពីនៅគណបក្សសិទ្ធិមនុស្សនិងគណបក្សសង្គ្រោះជាតិ។
ប្រធានប្រជាធិបតេយ្យជឿនលឿន លោក យ៉ែម ប៉ុញ្ញឫទ្ធិ បានទៅគាំទ្រអតីតប្រធានគណបក្សសង្គ្រោះជាតិ(CNRP) លោក កឹម សុខា នៅមុខសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។លោក ប៉ុញ្ញឫទ្ធិ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមិនសូវមានក្ដីសង្ឃឹមទេថា តុលាការនឹងផ្ដល់យុត្តិធម៌ជូនលោក កឹម សុខា។ តែយ៉ាងណាលោកប្ដេជ្ញាទាមទារយុត្តិធម៌ឱ្យបាន។
លោកថា៖ «ក្តីសង្ឃឹមទោះបីមានតិច ក៏យើងត្រូវតតស៊ូដើម្បីទាមទាររកយុត្តិធម៌ជូនលោកដែរ។ ពីព្រោះទាំងនិតិវិធី ទាំងបទចោទទាំងនេះ ទាំងប៉ុន្មានយើងឃើញថាមិនមានលក្ខណៈសមហេតុផលទល់តែសោះ។ យើងក្នុងនាមជាគណបក្សប្រឆាំងនៅកម្ពុជា យើងនៅតែតស៊ូបន្តទៀត»។
ប្រធានប្រជាធិបតេយ្យជឿនលឿនរូបនេះសង្កេតឃើញថា ស្នើសុំភាគីពាក់ព័ន្ធផ្ដល់យុត្តិធម៌ដល់ លោក កឹម សុខា ព្រោះកន្លងមកលោក យ៉ែម ប៉ុញ្ញឫទ្ធិ សង្កេតឃើញលោក កឹម សុខា បានធ្វើកិច្ចការបន្តបន្ទាប់ដើម្បីការពារសិទ្ធិមនុស្ស។
លោកបន្ថែមថា៖ «មួយជីវិតនយោបាយរបស់លោក លោកតស៊ូផ្នែកការពារសិទ្ធិមនុស្ស តាំងពីការចាប់ផ្តើមធ្វើនយោបាយ តាំងពីមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហូរហែររបូតមក ព្រោះយើងដឹងថា និតិរដ្ឋគ្រឹះសំខាន់បំផុតគឺការគោរពសិទ្ធិមនុស្ស។ ដុច្នេះការខិតតខំតស៊ូនយោបាយរបស់លោកសំខាន់ណាស់ លើសិទ្ធិមនុស្សហ្នឹង។ យើងស្នើសុំយ៉ាងទទូច ឱ្យមានភាពយុត្តិធម៌សម្រាប់លោក កឹម សុខា»។
ចំណែកឯអ្នកគាំទ្រលោក កឹម សុខា មួយរូបទៀតគឺអ្នកស្រី ឡឹក រដ្ឋា យល់ថា បទក្បត់ជាតិ ដែលតុលាការចោទប្រកាន់លោក កឹម សុខា គឺមិនត្រឹមត្រូវទេ ពីព្រោះលោក កឹម សុខា មិនបានប្រព្រឹត្តដូចការចោទប្រកាន់ ហើយក៏មិនបានរកឃើញឱ្យជាក់លាក់ថាគាត់រួមគំនិតជាមួយបរទេសណាក្នុងការក្បត់ជាតិ។
អ្នកស្រីថា៖ «លើកនេះគ្រាន់តែយើងមានសំណូមពរស្នើទៅខាងតុលាការឱ្យទម្លាក់បទចោទគាត់ ដើម្បីឱ្យគាត់មានសេរីភាពជាពលរដ្ឋធម្មតាវិញ គាត់មានសិទ្ធិដើរហើរអីបាន អាចមានសិទ្ធិសួរសុខទុក្ខ ឬក៏មើលថែទាំ ឃើញដឹងថាគាត់មានម្ដាយចាស់»។
សមត្ថកិច្ចបានចាប់ខ្លួនអតីតប្រធានគណបក្សសង្គ្រោះជាតិ(CNRP) លោក កឹម សុខា ទាំងកណ្ដាលអាធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក និង ត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី៣ ខេត្តត្បូងឃ្មុំ អស់រយៈពេលជាងមួយឆ្នាំ។បន្ទាប់មកគណបក្សសង្គ្រោះជាតិរបស់លោកត្រូវរំលាយ។ លោកត្រូវបានជាប់ឃុំក្នុងផ្ទះវិញម្ដងតាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ដែលបានផ្ដន្ទាទោស២៧ឆ្នាំ ពីបទក្បត់ជាតិ និងបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងដកសិទ្ធិនយោបាយ៕







