ក្រសួងព័ត៌មានណែនាំពលរដ្ឋកុំប្រើពាក្យពេចន៍មិនសមរម្យលើបណ្ដាញសង្គម នាំឱ្យមានការរើសអើងជាតិសាសន៍

សង្គម

ក្រសួងព័ត៌មានណែនាំអ្នកប្រើប្រាស់បណ្ដាញសង្គមកុំឱ្យប្រើពាក្យពេចន៍ ឬផលិតមាតិកាដែលមានខ្លឹមសារមិនសមរម្យលើបណ្តាញសង្គមនាំឱ្យមានការរើសអើងជាតិសាសន៍ អំឡុងពេលមានជម្លោះ ព្រំដែនកម្ពុជា-ថៃ។ នេះបើតាមសេចក្តីណែនាំលេខ០០៣ សណនក្រសួងព័ត៌មានស្តីពីការប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មាន លើបណ្តាញទំនាក់ទំនងសង្គម ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។

ក្រសួងព័តមានបានកត់សម្គាល់ថា ការប្រើប្រាស់ពាក្យពេចន៍ ការបង្កើត និងកាត់តរូបភាព វីដេអូ ខ្លឹមសារ និងការបញ្ចេញមតិមិនសមរម្យ លើបណ្តាញទំនាក់ទំនងសង្គមមានការកើនឡើងដែលការណ៍នេះបានបង្កការប្រមាថប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ដល់បុគ្គល ថ្នាក់ដឹកនាំឬអង្គព្រះមហាក្សត្រ។

ក្រសួងណែនាំអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជន ឱ្យបញ្ចេញ​មតិ​ដោយសុជីវធម៌ ការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយលើបណ្តាញទំនាក់ទំនងសង្គម តាមគោលការណ៍សន្តិភាព មិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើសអើងពូជសាសន៍។

សេចក្តីណែនាំបន្តថា៖ «អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនគ្រប់មជ្ឈដ្ឋានត្រូវបញ្ឈប់ជាបន្ទាន់ នូវការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ទាំងឡាយ ដែលប៉ះពាល់ដល់កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់បុគ្គល ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបរទេស ទោះបីជាស្ថិតក្នុងកាលៈទេសៈជម្លោះ ជាមួយប្រទេសនោះក៏ដោយ»។ 
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៩ ខែកក្កដានេះ ថាមានអ្នកប្រើបណ្តាញសង្គម ក្រុមអ្នករកលុយតាមអនឡាញឬហៅថា MMO និងអ្នកសារព័ត៌មានអនឡាញមួយចំនួនបានផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ពីសមរភូមិ។

លោកថា៖ «ខ្ញុំស្នើសូមបងប្អូនអត់ធ្មត់ និងរង់ចាំទទួលព័ត៌មានផ្លូវការដែលអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងការពារជាតិ និងក្រសួងព័ត៌មានផ្តល់ជាផ្លូវការ ចៀសវាងការច្រឡោត និងភ័យស្លន់ស្លោរ ឬប្រតិកម្មឆ្លើយតបតាមការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និងព័ត៌មានដែលគ្រាន់តែឮគេថា»។

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា(CamboJa) លោក ណុប វី គាំទ្រចំពោះការណែនាំរបស់ក្រសួងព័ត៌មានចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គមកុំឱ្យប្រើពាក្យពេចន៍ ឬមាតិកាដែលមានខ្លឹមសារមិនសមរម្យ។ 

លោក ណុប វី សង្កេតឃើញថា មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលទំនងជាមិនបានយល់ដឹងជ្រៅជ្រះពីក្រមសីលធម៌នៃការប្រើប្រាស់បណ្ដាញសង្គម បានប្រើពាក្យពេចន៍ រូបភាព ឬឥរិយាបថមួយចំនួនដែលប្រាស់ចាកក្រមសីលធម៌វិជ្ជាជីវៈ។

លោកបន្ថែមថា៖ «ខ្ញុំលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ឬមួយក៏អ្នកប្រើប្រាស់បណ្ដាញសង្គមយើង ទោះបីជានៅក្នុងស្ថានភាពណាក៏ដោយ ការប្រើប្រាស់នូវពាក្យពេចន៍ហិង្សា ការប្រើប្រាស់នូវរូបភាព ឬមួយក៏ការបង្ហោះខ្លឹមសារផ្សេងៗទៀតដែលអត្តចរិតញុះញង់ បរិហារ មួលបង្កាច់ ឬមួយក៏យករូបភាពមកកាត់តធ្វើឱ្យប៉ះពាល់សេចក្ដីថ្លៃថ្នូរនេះមិនធ្វើឱ្យមានការរីកចម្រើនទេ មិនធ្វើឱ្យមានដំណោះស្រាយនូវបញ្ហាដែលកំពុងកើតឡើងទេ។ ដូច្នេះ អ្វីដែលជាសកម្មភាពដែលខ្ញុំបានរៀបរាប់ខាងលើហ្នឹង វានឹងកាន់តែធ្វើឱ្យមានបញ្ហាធ្ងន់ធ្ងរ ធ្វើឱ្យមានការគំគួន ឬក៏រីករាលដាលនូវការវាយប្រហារគ្នានៅលើបណ្ដាញសង្គមទៅវិញទេ»។

ចំណែកឯនាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត យល់ថា ការប្រើប្រាស់ពាក្យពេចន៍ រូបភាព និងការបញ្ចេញមតិត្រូវធ្វើឡើងដោយក្រមសីលធម៌ ដើម្បីជៀស​វាងការនាំឱ្យរើសអើង។

លោកថា៖ «យើងជាអង្គការសិទ្ធិមនុស្ស យើងគោរព និងលើកទឹកចិត្តសម្រាប់ការបញ្ចេញមតិគ្រប់ប្រជាពលរដ្ឋទាំងអស់ ប៉ុន្តែយ៉ាងណា យើងត្រូវប្រកាន់នូវក្រមសីលធម៌ ហើយនិងផ្ទៀងផ្ទាត់នូវព័ត៌មានដែលគួរឱ្យជឿទុកចិត្ត និងប្រកបដោយសីលធម៌ ហើយមិនបង្កឱ្យមានភាពភ័ន្តច្រឡំ។ យើងបញ្ចេញមតិ និងចែកចាយព័ត៌មានដែលជាព័ត៌មានពិត»។

លោកបន្តថា សម្រាប់សង្គមប្រជាធិបតេយ្យ មានភាពចាំបាច់ក្នុងការចូលរួមបញ្ចេញមតិ ឬការរិះគន់ ដើម្បីស្ថាបនា កែលំអនូវចំណុចខ្វះខាតនានា តែត្រូវធ្វើឡើងប្រកបដោយក្រមសីលធម៌ និងក្នុងន័យស្ថាបនា។

ជុំវិញករណីនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា នៅតាមបណ្ដាញសង្គម ទាំងនៅប្រទេសថៃ និងនៅកម្ពុជា មានការប្រើពាក្យពេចន៍មិនសមរម្យ អសីលធម៌ ធ្វើឱ្យមានការមិនសប្បាយចិត្ត ប៉ះពាល់អារម្មណ៍ ឬទឹកចិត្តអ្នកដទៃជាដើម ដែលបញ្ហានេះធ្វើឱ្យមានការរើសអើងជាតិសាសន៍ផងដែរ។

លោកបន្ថែមថា៖ «យើងកំពុងតែជួបនូវបញ្ហារួមរបស់ជាតិ ដែលត្រូវតែជួយគ្នា លើកទឹកចិត្តគ្នានៅក្នុងការដោះស្រាយ នេះជារឿងសំខាន់ចំបាច់ ហើយខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋខ្មែរយើងគឺនឹងមានការយល់ឃើញ និងការយល់ដឹង ហើយជាពិសេសនៅក្នុងការប្រើប្រាស់បណ្ដាញសង្គមហ្នឹងកុំឱ្យមានការធ្វើឱ្យមានការអរិភាពកើតឡើងនៅក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ឬក៏ជាមួយនឹងបណ្ដាប្រជាជាតិផ្សេងៗទៀត យើងត្រូវតែបង្ហាញនូវសីលធម៌ ខុសនិងត្រូវគឺយកច្បាប់មកជាអ្នកអារកាត់»។

អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូប អ្នកស្រី លឹម វិរិយា បានបញ្ចេញមតិលើទំព័រហ្វេសប៊ុករបស់អ្នកស្រីនៅថ្ងៃទី២៩ ខែកក្កដានេះថា ជម្លោះកម្ពុជា-ថៃជាជម្លោះរវាងកងទ័ព មិនមែនជម្លោះរវាងប្រជាជនប្រទេសទាំងពីរនោះទេ។ 

អ្នកស្រីបន្តថា៖ «ខ្ញុំអង្វរម្ដងហើយ ម្ដងទៀត ជាញឹកញាប់ សូមចៀសវាង ការតិះដៀលពូជសាសន៍ជាដាច់ខាត ជាពិសេសក្នុងអំឡុងពេលកំពុងមានសង្គ្រាម។ សូមមើលឧទាហរណ៍ អ៊ីស្រាអ៊ែល និង ប៉ាឡេស្ទីន ហេតុអ្វីបានជាសង្គ្រាមពួកគេអូសបន្លាយយូរជាង ពីរពាន់ឆ្នាំហើយ នៅតែមិនស្ងប់? ព្រោះភាគីម្ខាងៗ បានបង្រៀនកូនចៅខ្លួនឱ្យស្អប់ពូជសាសន៍គ្នាទៅវិញទៅមក»។

ស្រដៀងគ្នានេះដែរតាមរយៈសេចក្តីណែនាំរបស់ខ្លួនក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា ព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រូវផ្ទៀងផ្ទាត់ព័ត៌មានជានិច្ចជាមួយប្រភពផ្លូវការពិសេសករណីផ្សាយដំណឹងពីជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1078}" data-page="1" data-max-pages="1" data-start="1" data-end="1">