ថៃប្រើយន្តហោះចម្បាំងទម្លាក់ចំនួន២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ

Uncategorized

ក្លោងទ្វារវត្ដកែវសិក្ខាគីរីស្វារៈ ហៅវត្ដប្រាសាទព្រះវិហារ កាលពីខែកញ្ញា ឆ្នាំ២០១៧។ (រូបថត៖ ទំព័រហ្វេសប៊ុកវត្ដកែវសិក្ខាគីរីស្វារៈ ហៅវត្ដប្រាសាទព្រះវិហារ)

ក្រសួងការពារជាតិកម្ពុជាបានអះអាងថា យោធាថៃបានប្រើយន្តហោះចម្បាំងទម្លាក់ចំនួន២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈដែលកងទ័ពកម្ពុជាកំពុងឈរជើង ស្របពេលដែលកងទ័ពថៃត្រូវបានរាយការណ៍ថាបានពង្រាយយន្តហោះចម្បាំង F-16s ចំនួន៦គ្រឿងនៅតាមព្រំដែន។

ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយតាមទំព័រហ្វេសប៊ុកក្រសួងការពារជាតិនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យលោកស្រី ម៉ាលី សុជាតា អះអាងថា កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំនៅម៉ោង៨និង៤៦នាទី និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច។ សេចក្ដីថ្លែងការណ៍បន្តថា ភាគីថៃបានពង្រីក “ភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលកងទ័ពកម្ពុជាបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ”។ 

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយយោងតាមយោធាថៃថា កងទ័ពថៃបានពង្រាយយន្តហោះចម្បាំង F-16s ចំនួន៦គ្រឿងនៅតាមព្រំដែន ហើយយន្តហោះចម្បាំងមួយបានទម្លាក់គ្រាប់លើទីតាំងយោធារបស់កម្ពុជា។ ចំណែកសារព័ត៌មាន The Nation របស់ថៃក៏បានរាយការណ៍ថា យន្តហោះចម្បាំងទាំង៦គ្រឿងរបស់ថៃបានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងការទម្លាក់គ្រាប់បែកលើទីតាំងយោធារបស់កម្ពុជា ហើយវិលត្រឡប់ទៅមូលដ្ឋានទ័ពរបស់ខ្លួនវិញដោយសុវត្ថិភាព ដោយច្រានចោលព័ត៌មានថា យន្តហោះ F-16s មួយគ្រឿងត្រូវបានបាញ់ទម្លាក់។

អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ មានប្រសាសន៍ថា ក្នុងការប៉ះទង្គិចគ្នានៅថ្ងៃនេះ ប្រាសាទព្រះវិហារបានទទួលរងផលប៉ះពាល់មួយចំនួន។ យ៉ាងណាលោក ពុទ្ធិការ ថា លោកនៅមិនទាន់ដឹងអំពីទំហំនៃការខូចខាតនៅឡើយទេ ដោយសារមកដល់ម៉ោងជាង២រសៀលនេះ លោកនៅតែបន្តឮសំឡេងគ្រាប់ផ្លោង ខណៈក្រុមការងាររបស់លោកចំនួន២០នាក់កំពុងជាប់ក្នុងលេណដ្ឋានក្បែរប្រសាទព្រះវិហារមិនទាន់អាចចេញទៅពិនិត្យនិងវាយតម្លៃផលប៉ះពាល់បាន។ 
លោក និយាយថា៖ “យើងគ្រាន់តែដឹងថា មានប៉ះពាល់តែប៉ះពាល់កម្រិតណា ផ្នែកណាខ្លះ យើងអត់ទាន់អាចនិយាយបាន ដោយសារសកម្មភាពផ្លោង [គ្រាប់] នៅតែមាន ដល់ចឹងយើងចេញទៅវាយតម្លៃអត់កើត”។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិក៏បានថ្កោលទោសលើទង្វើរបស់ភាគីថៃ ដោយកម្ពុជាបានចាត់ទុកថាជា “ទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ” លើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា។ សេចក្ដីថ្លែងការណ៍បន្តថា “ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ”៕

អានអត្ថបទផ្សេងទៀតអំពី Uncategorized

Uncategorized","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1119}" data-page="1" data-max-pages="1" data-start="1" data-end="1">