គ្រួសារស្នើតុលាការកំពូលដោះលែងសកម្មជនចលនាមាតាធម្មជាតិ

Uncategorized

សកម្មជនចលនាមាតាធម្មជាំតិ កញ្ញា ភួន កែវរស្មី កំពុងដើរចូលតុលាការកំពូល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ (រូបថត៖ លីកាដូ)

ក្រុមគ្រួសារសកម្មជនចលនាមាតាធម្មជាតិស្នើសុំតុលាការកំពូលដោះលែងក្រុមសកម្មជនទាំង៥នាក់ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីតុលាការបានបើកសវនាការលើបណ្ដឹងសាទុក្ខសុំដោះលែងពួកគេនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

សកម្មជនចលនាមាតាធម្មជាតិចំនួន៥នាក់ រួមមានលោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងលោក យីម លាងហ៊ី។ ពួកគេត្រូវបានមន្រ្តីពន្ធនាគារដឹកមកពីតាមពន្ធនាគារខុសៗគ្នាដើម្បីចូលរួមអង្គសវនាការដោយផ្ទាល់នៅរាជធានីភ្នំពេញ។ តុលាការប្រកាសថា គ្រោងនឹងចេញសាលដីកានៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

ក្រៅពីសាច់ញាតិរបស់សកម្មជនទាំង៥នាក់ សវនាការនេះក៏មានការចូលរួមឃ្លាំមើលពីមន្ត្រីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរាជាតិ ខណៈនៅខាងមុខតុលាការក៏មានក្រុមអ្នកគាំទ្រសកម្មជន និងអ្នកកាសែត ដែលស្ថិតក្រោមការឃ្លាំមើលពីសំណាក់ក្រុមជនស្លៀកពាក់ស៊ីវិលជិត១០នាក់ផងដែរ។

សហមេធាវីការពារក្ដីឱ្យសកម្មជនចលនាមាតាធម្មជាតិគឺលោក សំ ចំរើន បានប្រាប់ប្រជាកាសែតថា តុលាការកំពូលនឹងប្រកាសសាលដីកាលើសំណុំរឿងកូនក្ដីលោកនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

លោកថា៖ «យើងមិនរំពឹងអីទេ យើងគ្រាន់តែរង់ចាំស្ដាប់លទ្ធផលទាំងអស់គ្នាទៅណា៎ យើងមិនមានយោបល់អីពីរឿងហ្នឹងទេ»។

ចំណែក ភរិយារបស់លោក ថុន រដ្ឋា គឺអ្នកស្រី ប៉ាត់ រស្មី បានប្រាប់អ្នកសារព័ត៌មានក្រោយចេញពីតុលាការថា អ្នកស្រីនៅតែសង្ឃឹមថាតុលាការកំពូលនឹងដោះលែងស្វាមីគាត់ ទោះជាតុលាការជាន់ទាបបានបដិសេធសំណើសុំដោះលែងក៏ដោយ។

អ្នកស្រីថា៖ «ខ្ញុំសង្ឃឹមថាតុលាការនឹងពិចារណាដោះលែងពួកគាត់ទាំង៥នាក់ឱ្យមានសេរីភាពឡើងវិញ ដើម្បីការពារធនធានធម្មជាតិ ក៏ដូចជាបង្ហាញថា ឥឡូវនេះប្រទេសកម្ពុជាពិតជាមានការរួបរួមគ្នាមែន ពិតជាមានការសាមគ្គីគ្នាមែន ព្រោះអីយើងដឹងស្រាប់ហើយថា ឥឡូវនេះប្រទេសយើងកំពុងតែជួបការឈ្លានពានពីថៃ អ៊ីចឹងគួរណាស់តែតុលាការដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ»។

ចំពោះបទចោទលើសកម្មជនមាតាធម្មជាតិទាំង៥រូប អ្នកស្រី ប៉ាត់ រស្មី ចាត់ទុកថាជារឿងអយុត្តិធម៌ ព្រោះពួកគេជាមនុស្សស្អាតស្អំ ធ្វើតែការងារបរិស្ថាន ហើយមិនប្រព្រឹត្តអំពើក្បត់ជាតិដូចការចោទឡើយ។

អ្នកស្រី រស្មី ឱ្យដឹងថា អំរែកគ្រួសារបានធ្លាក់លើគាត់ចាប់តាំងពីតុលាការចោទប្រកាន់ និងចាប់ស្វាមីគាត់ដាក់ពន្ធនាគារ។ អ្នកស្រីថា បើតុលាការដោះលែងស្វាមីគាត់មកជួបជុំគ្រួសារវិញ នោះអាចសម្រាលនូវអំរែកនេះបាន ដោយអាចជួយគាត់មើលថែ និងអប់រំកូនតូចៗ៣នាក់ ខណៈកូនទាំង៣ទើបមានអាយុចម្លោះពី១ឆ្នាំទៅ៦ឆ្នាំ។

ស្រដៀងគ្នានេះដែរ ប្អូនស្រីរបស់កញ្ញា ឡុង គន្ធា គឺកញ្ញា ឡុង សុខលីន ស្នើសុំតុលាការកំពូលដោះលែងបងស្រីគាត់ដើម្បីអាចសិក្សាបញ្ចប់ថ្នាក់ឧត្តមសិក្សា និងដោះលែងសកម្មជន៤រូបទៀតឱ្យបានមើលថែគ្រួសារ ប្រពន្ធកូនវិញ។

កញ្ញាថា៖ «ចំពោះខ្ញុំជាសមាជិកគ្រួសារ ជាប្អូនស្រីរបស់សកម្មជន ឡុង គន្ធា ខ្ញុំមិនរំពឹងខ្លាំងទេ តែក៏សង្ឃឹមថាខាងតុលាការកំពូលគាត់នៅតែគិតអំពីសកម្មភាពដែលពួកគាត់ធ្វើកន្លងមក វាសុទ្ធតែជាសកម្មភាពដែលជួយទៅដល់សង្គមទេ មិនមែនជាសកម្មភាពមួយដែលរួមគំនិតក្បត់អីទៅកាន់រាជរដ្ឋាភិបាលទេ»។

កញ្ញា ឡុង សុខលីន បន្ថែមថា៖ «សកម្មភាពបញ្ចេញមតិរបស់គាត់កន្លងមកហ្នឹងសុទ្ធតែជាសកម្មភាពដែលស្របច្បាប់ ដែលជាការបញ្ចេញមតិមួយដែលច្បាប់យើងមាននៅក្នុងការឱ្យប្រជាពលរដ្ឋអនុវត្ត ប៉ុន្តែជាក់ស្ដែងបែរជាត្រូវបានចាប់ខ្លួន អ៊ីចឹងសុំអន្តរជាតិជាតិជួយឃ្លាំមើលរឿងក្ដីពួកគាត់ និងដាក់សម្ពាធទៅកាន់រាជរដ្ឋាភិបាលឱ្យឆាប់បានដោះលែងពួកគាត់ឡើងវិញ»។

រីឯម្ដាយរបស់លោក លី ចាន់ដារ៉ាវុត សុំមិនបញ្ចេញឈ្មោះបាននិយាយថា អ្នកស្រីរំពឹងថាតុលាការនឹងដោះលែងក្រុមសកម្មជន រួមទាំងកូនប្រុសគាត់ឱ្យមានសេរីភាពវិញ។ អ្នកស្រីអះអាងថា ដារ៉ាវុត មិនមានគំនិតមិនល្អណាមួយចំពោះសង្គមឡើយ ផ្ទុយទៅវិញគាត់តែងតែចង់បានសង្គមមួយអាចរស់នៅប្រកបដោយភាពសុខដុមរមនា ហើយធនធានធម្មជាតិនៅគង់វង្ស។

អ្នកស្រីថា៖ «សម្រាប់បទចោទរួមគំនិតក្បត់ មិនគួរយកមកចោទលើដារ៉ាវុតទេ ព្រោះដារ៉ាវុតមិនដែលមានគំនិតធ្វើអីមិនល្អទៅកាន់សង្គម មានតែការចង់បានសង្គមរស់នៅប្រកបដោយភាពសុខដុមរមនា ហើយនិងចង់បានធនធានធម្មជាតិនៅគង់វង្សតែប៉ុណ្ណឹង»។

អ្នកស្រីបន្ថែមថា៖ «មីងគ្រាន់តែរំពឹងថា តុលាការនឹងដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យពួកគាត់ទៅបន្តនូវចំណេះដឹងពួកគាត់ទាំងអស់គ្នាវិញ ព្រោះពួកគាត់សុទ្ធតែអ្នកចូលចិត្តរៀន និងចូលចិត្តចឹងដឹងពីចំណេះដឹងផ្សេងៗដែលគាត់ត្រូវទទួលយកទៀតអ៊ីចឹងពួកគាត់សុទ្ធតែអ្នកចង់ស្រាវជ្រាវ ចង់ដឹងពីបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងចំណេះដឹងទូទៅ»។

ចំណែកនៅបរិវេណខាងមុខតុលាការឯណោះវិញ អ្នកគាំទ្រសកម្មជនមាតាធម្មជាតិ និងជាកូដករណាហ្គាវើលដ៍គឺ អ្នកស្រី ម៉ម សុវឌ្ឍិន ដែលពាក់ប្រដាប់ការពារឧស្ម័នធ្វើពីក្រដាសនោះ បានឈរកាន់បដាដែលសរសេរថា «គ្រាន់តែការពារធនធានធម្មជាតិ ក្បត់ជាតិដែរ?» ។

អ្នកស្រី ម៉ម សុវឌ្ឍិន ប្រាប់ថា ការដែលគាត់ទៅមុខតុលាការកំពូល គឺដើម្បីផ្ដល់កម្លាំងចិត្តដល់ក្រុមសកម្មជនចលនាមាតាធម្មជាតិ។

អ្នកស្រីថា៖ «ក្ដីរំពឹងហាក់បីដូចជានៅឆ្ងាយ ព្រោះកន្លងមកសូម្បីតែប្រធានសហជីពពួកខ្ញុំ ក៏ដូចជាសកម្មជនផ្សេងៗ សកម្មជននយោបាយ ឬក៏សកម្មជនសង្គមផ្សេងៗគឺត្រូវបានច្រានចោលរហូត ហើយខ្ញុំក៏មានចម្ងល់ដែរថា តើតុលាការនៅក្នុងស្រុកខ្មែរហ្នឹងឯករាជ្យអត់ ព្រោះយុត្តិធម៌ហាក់បីដូចជាពិបាកនឹងទទួលមែនទែនសម្រាប់ជនរងគ្រោះ»។

អ្នកស្រីស្នើសុំឱ្យប្រព័ន្ធតុលាការមានឯករាជ្យភាព និងផ្ដល់យុត្តិធម៌ដល់ក្រុមសកម្មជន ដោយអ្នកស្រីថា ការបន្តឃុំខ្លួនពួកគេ គឺវាមិនផ្ដល់ផលចំណេញអ្វីដល់កម្ពុជាឡើយ។

ប្រជាកាសែតមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា បានទេនៅត្រឹមរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគម អាដហុក (ADHOC) លោក យី សុខសាន្ត កត់សម្គាល់ថា នៅក្នុងសវនាការ មេធាវីបានលើកពីមូលហេតុស្នើសុំដោះលែងក្រុមសកម្មជនមាតាធម្មជាតិឱ្យមានសេរីភាពគឺ ពួកគាត់ជានិស្សិត ត្រូវការរៀនសូត្រ និងខ្លះមានប្រពន្ធកូនដែលចាំបាច់ត្រូវមើលថែ។

លោកថា៖ «អ្វីដែលបទរួមគំនិតក្បត់នេះ ពួកគាត់ជានិស្សិត៤-៥នាក់នេះមិនអាចយកស្អីទៅក្បត់បានទេ[…]សម្រាប់អង្គការសង្គមស៊ីវិលមើលឃើញថាវាអត់មានកន្លែងណាមួយដែលជាភស្តុតាងដែលថាពួកគាត់ក្បត់នោះទេ។ យើងស្នើសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់​មកលើពួកគាត់ ឱ្យគាត់មានសេរីភាពក្នុងនាមជាប្រទេសមួយដែលសព្វថ្ងៃនេះកំពុងជ្រៀតចូលទៅជាសមាជិករបស់អង្គការសន្តិភាពពិភពលោក»។

កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមផ្តន្ទាទោសសកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ដាក់ពន្ធនាគារ រួមមានលោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ពក ខើយ លោក បិញ ពិសិដ្ឋ លោក ថុន រដ្ឋា កញ្ញា រ៉ី រក្សា ដាក់ពន្ធនាគារ៦ឆ្នាំ ពីបទរួមគំនិតក្បត់។ រីឯលោក អាឡិចសាន់ដ្រូ ហ្គ៊តស្សា​លេស​ដេវីដសុន លោក យីម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានកាត់ទោសដាក់ពន្ធនាគារ៨ឆ្នាំ និងពិន័យ ១០លានរៀល ពីបទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។

សកម្មជន៤នាក់រួមមានលោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងកញ្ញា ឡុង គន្ធា ត្រូវបានសមត្ថកិច្ចចម្រុះប្រមាណ៥០នាក់បានចាប់ខ្លួនភ្លាមៗ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយចៅក្រមប្រកាសសាលក្រម។ ចំណែកឯសកម្មជនចលនាមាតាធម្មជាតិមួយរូបទៀតគឺ លោក យឹម លាងហ៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពេលលោកកំពុងធ្វើដំណើរទៅកាន់តុលាការនៅថ្ងៃដដែលនោះ៕

អានអត្ថបទផ្សេងទៀតអំពី Uncategorized

Uncategorized","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1523}" data-page="1" data-max-pages="1" data-start="1" data-end="1">