អ្នករត់តាក់ស៊ីម្នាក់ត្រូវតុលាការខេត្តក្រចេះឃុំខ្លួន ប៉ុន្តែសាច់ញាតិថាជារឿងអយុត្តិធម៌

សង្គម

អ្នករត់តាក់ស៊ីម្នាក់នោះមានឈ្មោះថា ភោគ សារុំ អាយុ៤៤ឆ្នាំ ដែលត្រូវបានសមត្ថិកិច្ចចាប់ខ្លួន។ (រូបថត៖ ពីហ្វេសប៊ុកសាច់ញាត់លោក ភោគ សារុំ)

អ្នករត់តាក់ស៊ីម្នាក់ត្រូវតុលាការខេត្តក្រចេះឃុំខ្លួន ប៉ុន្តែសាច់ញាតិចាត់ទុកថាជារឿងអយុត្តិធម៌។ អ្នករត់តាក់ស៊ីម្នាក់នោះមានឈ្មោះថា ភោគ សារុំ អាយុ៤៤ឆ្នាំ ត្រូវបានសមត្ថិកិច្ចចាប់ខ្លួនបន្ទាប់ពីបានដឹកភ្ញៀវវៀតណាមម្នាក់ពីបាវិតខេត្តស្វាយរៀងទៅកាន់ស្រុកស្នួលខេត្តក្រចេះ កាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០២៥។ 

សាច់ញាតិរបស់បុរសអ្នករត់តាក់ស៊ីលោក ភោគ សារុំ បានអំពាវនាវឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាដោះលែងសមាជិកគ្រួសាររបស់ពួកគេ។ 

ប្អូនប្រុសបង្កើតរបស់អ្នកបើកតាក់ស៊ីភោគ សារុំ ឈ្មោះលោក ភោគ សារ៉ា ថា បងប្រុសរបស់លោកមិនបានដឹងថា ជនជាតិវៀតណាមម្នាក់នោះចូលមកកម្ពុជាដោយខុសច្បាប់ឬស្របច្បាប់នោះឡើយ។
លោកថា៖ «វាអយុត្តិធម៌ហ្នឹងហើយ ដោយសារអី ដោយសារគាត់ទទួលភ្ញៀវក្នុងស្រុកទេ ហើយភ្ញៀវគេមានប៉ាស្ព័រ ហើយមិនថាតែគាត់ទេ តាក់ស៊ីទាំងអស់ឱ្យគាត់មានជំនាញខាងពិនិត្យលើទិដ្ឋាការ ឬក៏អាត្រាចេញចូលអីហ្នឹង ពួកខ្ញុំអត់ដឹងទេបង ព្រោះពួកយើងអត់ដែលរៀនសូត្រខាងហ្នឹងទេ សូម្បីតែបើកឱ្យមើលត្រាហ្នឹងក៏ពួកយើងមិនដឹងថាត្រាមួយណាចេញមួយណាចូល មួយណាខាងវៀតណាម មួយណាខាងខ្មែរផងហ្នឹង ហើយឱ្យពួកខ្ញុំទទួលខុសត្រូវក្នុងរឿងហ្នឹងម៉េចត្រូវ?»។

លោកបន្តថា៖ «ខ្ញុំសំណូមពរថា ធ្វើម៉េចត្រឹមតែលើកលែងការចោទប្រកាន់បងខ្ញុំឱ្យគាត់បានមករកស៊ីចិញ្ចឹមគ្រួសារវិញដោយសារគាត់ជំពាន់ធនាគារច្រើនណាស់បង»។

លោក ភោគ សារ៉ា ថាបច្ចុប្បន្នលោក ភោគ សារុំ កំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តក្រចេះ។
កូនប្រុសរបស់លោក ភោគ សារុំ ដែលមានគណនេយ្យហ្វេសប៊ុកឈ្មោះ Sopheak Real បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៤ ខែសីហា ថា ឪពុកគាត់ បានភ្ញៀវពីច្រកអត្តរជាតិបាវិត ច្រកកម្ពុជា-វៀតណាម នៅថ្ងៃទី ២២ ខែ សីហា វេលាម៉ោង ៣និង ៥នាទីរសៀល ហើយដឹកចេញទៅច្រក ព្រំដែនត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ។ 

លោក សុភ័ក្រ ថាភ្ញៀវនោះបានបង្ហាញលិខិតឆ្លងដែនទៅកាន់ឪពុកលោកទើបគាត់អនុញ្ញាតឱ្យឡើងឡាន ក៏ប៉ុន្តែលោក សារុំ មិនបានយល់ដឹងពីរឿងត្រាចេញចូលប្រទេសនោះទេ ដោយគាត់គិតថាភ្ញៀវចេញពីច្រកធំហើយនៅលើដីខ្មែរហើយ ហើយនៅពេលសមត្ថកិច្ចពិនិត្យឃើញថា ភ្ញៀវនោះគ្មានត្រាចេញចូលប្រទេស ទើបឃាត់ខ្លួនលោក សារុំ និងភ្ញៀវនោះ។
លោកថា៖ «សូមសំណូមពរដល់ថ្នាក់ដឹងនាំ នឹងបងប្អូនអ្នកចេះដឹងរឿងច្បាប់ ជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារខ្ញុំផង»។

ឆ្លើយតបនឹងបញ្ហានេះស្នងការដា្ឋននគរបាលខេត្តក្រចេះបានបញ្ជាក់ថា បានចេញសេចក្ដីបំភ្លឺព័ត៌មានមួយចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ សេចក្ដីបំភ្លឺលើកឡើងថា ក្រុមការងារត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៨:៤៥នាទី បានឃាត់ត្រួតពិនិត្យរថយន្តលោក សារុំ ដែលដឹកជនជាតិវៀតណាមម្នាក់ នៅភូមិ២ធ្នូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

សេចក្ដីបំភ្លឺព័ត៌មានបន្ត៖ «ក្រោយពីកម្លាំងជំនាញបានពិនិត្យលើលិខិតឆ្លងដែនរបស់ជនជនជាតិវៀតណាម បានរកឃើញថា លិខិតឆ្លងដែនពុំមានប្រថាប់ត្រាចេញ-ចូលប្រទេស តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទេ និងសកម្មភាព ដឹកជញ្ជូនមនុស្សនេះ គឺមានការចាត់តាំងទទួលបានពីក្រុម (WeChat, Telegram) ដែលមានការចាត់ចែង គ្រប់គ្រងច្បាស់លាស់ក្នុងសកម្មភាពដឹកជញ្ជូនពីទីតាំងមួយ ទៅកាន់ទីតាំងមួយទៀតដោយពិតប្រាកដ»។ 
ករណីនេះ ស្នងការដា្ឋននគរបាលខេត្តក្រចេះបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

អ្នកស្រី ឆាន់ ស្រីមុំ អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ បានឱ្យដឹងថា លោក ភោគ សារុំ ដែលជាអ្នកប្រកបរបរតរ់តាក់ស៊ី ត្រូវចោទពីបទ ការទទួលយកមនុស្សដោយមានគោល​ដៅជួយដល់ជនល្មើស។

អ្នកស្រីថា៖ «ចោទពីបទ ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស»។

ជុំវិញករណីនេះ នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត ថា ការពិនិត្យឯកសារភ្ញៀវដែលចូលមកប្រទេសកម្ពុជា ថាស្របច្បាប់ ឬមិនស្របច្បាប់នោះ ជាសមត្ថកិច្ចរបស់អាជ្ញាធរ មិនមែនភារកិច្ចពលរដ្ឋនោះទេ។

លោកថា៖ «បើសិនជាគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ ហើយរត់តាក់ស៊ី ដោយស្លូតត្រង់មែន ហើយដោយមិនបានដឹងថាភ្ញៀវបរទេសហ្នឹងចូលមកកម្ពុជាដោយខុសច្បាប់ទេ អញ្ចឹងគាត់អត់មានកំហុសអីទេ។ នៅក្នុងការស៊ើបអង្កេត ប៉ុន្តែអាហ្នឹងវាអាស្រ័យទៅលើការស៊ើបអង្កេតរបស់សមត្ថកិច្ច ថាតើគាត់មានជាប់ពាក់ព័ន្ធជាមួយនឹងការចូល ឬក៏ការផ្សំគំនិតជាមួយនឹងអ្នកនាំចូលភ្ញៀវបរទេសពីខាងក្រៅមកចូលមកក្នុងប្រទេសឬក៏អត់?»។
លោក អំ សំអាត ស្នើសុំសមត្ថកិច្ច និងតុលាការស៊ើបអង្កេតករណីនេះដោយតម្លាភាព និងយុត្តិធម៌៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1110}" data-page="1" data-max-pages="1" data-start="1" data-end="1">