ពលរដ្ឋ១៣៥នាក់ពីខេត្តព្រះវិហាររង់ចាំការអន្តរាគមន៍រឿងដីធ្លីពីលោកហ៊ុន ម៉ាណែត

សិទ្ធិមនុស្ស

(ពលរដ្ឋក្នុងខេត្តព្រះវិហារ ឡើងមកតវ៉ារឿងដីធ្លីនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ខែមីនា២០២៦។រូបភាពពីអាដហុក)

ប្រជាពលរដ្ឋ ១៣៥នាក់ មកពី ឃុំស្តៅ ឃុំចំរើន ស្រុកសង្គមថ្មី និង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ រង់ចាំការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដោយស្នើសុំឲ្យពន្លឿនការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេពាក់ព័ន្ធនឹងការចុះលេខបញ្ជីក្បាលដីរំលោភ​យកដីរបស់ពួកគាត់ទៅឱ្យក្រុមហ៊ុនវិនិយោគឯកជន។ ការស្នើសុំអន្តរាគមន៍នេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តព្រះវិហារចេញសេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋទទួលយកសំណងនៃការចូលកាន់កាប់ដីរដ្ឋ និងចាកចេញពីដីធ្លីដែលពួកគាត់អាស្រ័យផល។

ប្រជាពលរដ្ឋទាំង ១៣៥នាក់ បាននាំគ្នាឡើងមកតវ៉ា ដោយយកស្នាកមេដៃពលរដ្ឋរងគ្រោះដីធ្លី មកដាក់ជូនខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ដោះស្រាយជូនពួកគេកាលពីថ្ងៃទី៣០ខែមីនា២០២៦។ពលរដ្ឋទាំងអស់នោះបានត្រឡប់ទៅផ្ទះវិញនៅថ្ងៃដដែលដោយរង់ចាំចម្លើយពីឧទ្ទកាល័យនាយករដ្ឋមន្ត្រី។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ អះអាងថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចសម្រាប់វិនិយោគដំណាំកសិ-ឧស្សាហ៍កម្មជូនក្រុមហ៊ុន ឆាយណាហ្គេ្រត ខស (ខេមបូឌា) អ៊ិនវេសមេន ស្ថិតក្នុងភូមិសាស្ត្រស្រុករវៀង និងស្រុកសង្គមថ្មី ខេត្តព្រះវិហារ លើ ផ្ទៃដីទំហំ៥ ៩៨០ហិកតា តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២។ 
លិខិតដដែលបន្តថា ក្រុមហ៊ុនបានអនុវត្តនីតិវិធីចុះបញ្ជីដីរដ្ឋតាមនីតិវិធីច្បាប់បានចំនួន ០៧ប័ណ្ណ ស្មើនឹង ផ្ទៃដីទំហំសរុប ៥ ៨៧១ហិកតា និងបានធ្វើការដាំដុះជាដំណាក់កាលៗ ដែលដីកន្លែងខ្លះនៅទំនេរ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនចូលមករំលោភកាន់កាប់លើទីតាំងដីរដ្ឋ ដែលបានចុះបញ្ជីរួចនេះ និងបង្កឲ្យមានការរាំងស្ទះក្នុងការវិនិយោគរបស់ក្រុមហ៊ុន។ 

ក្រោយមានការសម្របសម្រួលរវាងប្រជាពលរដ្ឋ ជាមួយភាគីក្រុមហ៊ុនវិនិយោគជាច្រើនលើក ភាគីខាងក្រុមហ៊ុនយល់ព្រមដោះស្រាយតាមយន្តការឈ្នះៗ ដោយផ្តល់ជូនប្រជាពលរដ្ឋដែលចូល មករំលោភកាន់កាប់លើទីតាំងដីរដ្ឋដែលបានចុះបញ្ជីរួចនេះ ក្នុង ១ហិកតា ជាថវិកាចំនួន ១.២០០.០០០៛ (មួយលាន ម្ភៃម៉ឺនរៀល) ជាថ្នូរនឹងការចាកចេញ និងទុករយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ រហូតដល់ ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៦ ជាកំហិត។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ។

ទោះជាយ៉ាងណាក៏ដោយ តំណាងប្រជាពលរដ្ឋ លោក មុត ឈាត លើកឡើងថា ប្រជាពលរដ្ឋសរុបប្រមាណ៣៩៧ គ្រួសារមកពីរពីរស្រុកផ្សេងគ្នាចាប់ផ្ដើមមានទំនាស់ជាមួយក្រុមហ៊ុនតាំងពីឆ្នាំ២០១៧ គឺនៅពេលដែលក្រុមហ៊ុនឆាយណាហ្គេ្រត ខស (ខេមបូឌា) អ៊ិនវេសមេន ចាប់ផ្ដើមឈូសឆាយដីដែលរដ្ឋផ្ដល់សម្បទានឱ្យ នោឆ្នាំ២០១២។ លោកថា ប្រជាពលរដ្ឋភាគច្រើនអាស្រ័យផលលើដីនោះតាំងពីឆ្នាំ២០០០ ដោយដាំចន្ទី ដំឡូងមី ស្រូវ សណ្តែកសៀង និង ដំណាំរួមផ្សំ ផ្សេងៗទៀត ដើម្បីចិញ្ចឹមជីវិត ហើយលោកថា ការណ៍ដែលអាជ្ញាធរកាត់ដីដែលប្រជាពលរដ្ឋអាស្រ័យផលទៅឱ្យហ៊ុនជារឿងមិនត្រឹមត្រូវ។ លោកឈាតអំពាវនាវឱ្យរដ្ឋាភិបាលកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដើម្បីបានអាស្រ័យផល ព្រោះប្រជាពលរដ្ឋពឹងផ្អែកលើដីនោះ ដើម្បីជីវភាព។

លោកថា៖ «ពួកខ្ញុំដាក់ញ្ញាត្តិនេះ គោលបំណងរបស់ពួកខ្ញុំចង់សុំឱ្យសម្ដេចគាត់ជួយពលរដ្ឋដែលគាត់អាស្រ័យផលជាក់ស្ដែង។ ពួកខ្ញុំទាមទារនេះ គឺចង់បានដីមកវិញ គឹមិនចង់បានសំណងអីទេ។ ពួកខ្ញុំដែលអាស្រ័យផលលើដីនេះមានអ្នកខ្លះកាន់កាន់តាំងពីឆ្នាំ២០០៤ ២០០៥ ២០០៨ ជាដើម ហើយក៏មានអ្នកថ្មីខ្លះ។ តែក្រុមហ៊ុននេះចូលមកវិនិយោគនៅឆ្នាំ២០១២ ក្រោយពេលរដ្ឋាភិបាលឱ្យដីសម្បទានទៅគាត់ទេ»។

លោកបន្ថែមថា៖ «ខ្ញុំរំពឹងតែសេចក្ដីសន្ដោសប្រណីពីសម្ដេចបវរទេរាល់ថ្ងៃនេះ សង្ឃឹមថាញ្ញាត្តិពួកខ្ញុំដែលសុំក្ដីមេត្តាពីគាត់ឱ្យជួយដោះស្រាយជូនប្រជាពលរដ្ឋ ព្រោះប្រជាេពលរដ្ឋដូចពួកខ្ញុំអត់ដឹងទៅណាទេ។ រាល់ថ្ងៃនេះពឹងលើការអាស្រ័យផលលើផ្ទៃដីទាំងអស់នេះណាបង។ មានអ្នកខ្លះក៏ព្រមទទួលលុយ ចឹងវាមានច្រើន រងភាពអយុត្តិធម៌ច្រើនណាស់»។

លោកឈាត ប្រាប់ប្រជាកាសែតឱ្យដឹងទៀតថាក្រុមហ៊ុនតែងតែគំរាមកំហែងប្រជាពលរដ្ឋចាកចេញពីដីចម្ការ និងអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន ក្នុងករណីមិនព្រមចាកចេញ ដែលធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភពីការបាត់បង់ដីធ្លី និងសុវត្ថិភាពផ្ទាល់ខ្លួន។ លោកថា ប្រជាពលរដ្ឋនឹងធ្វើការប្រមូលផ្ដុំប្រមូលស្នាមមេដៃម្ដងទៀត ដើម្បីដាក់លិខិតទៅសាលាខេត្តជំទាស់ទៅនឹងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ។

ពលរដ្ឋមកពីភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី លោក ហាយ រ៉ាឌី និយាយថា លោកកាន់កាប់ដីធ្លីចំនួន១០ ហិកតានៅពីរកន្លែងផ្សេងគ្នា ដោយការឆ្ការដីព្រៃតាំងពីមុនក្រុមហ៊ុនចូលមក​វិនិយោគនៅឆ្នាំ២០១២។ លោករ៉ាឌីដាំចន្ទីរ លើដីហិកតា កន្លះនិង សល់ពីនេះដាំដំឡូង តែថ្មីៗនេះក្រុមហ៊ុនបានហាមមិនឱ្យអាស្រ័យផល និងតម្រូវឱ្យចាកចេញ និងទទួលសំណង ព្រោះក្រុមហ៊ុនលើកឡើងថាក្រុមហ៊ុនមានសិទ្ធស្របច្បាប់ពីរដ្ឋាភិបាលបើមិនដូច្នោះទេនឹងត្រូវអនុវត្តច្បាប់។

លោកថា៖ «ខ្ញុំកាន់កាប់យូរហើយ តាំងពីឪខ្ញុំផ្អាកធ្វើចម្ការនៅឆ្នាំ២០១២ ព្រោះមិនមានលុយ​ទិញថ្នាំ។ តែក្រុមចាប់ផ្ដើមឈូសឆាយដីក្បែរនោះ ក៏គាត់ធ្វើវិញនៅឆ្នាំប្រហែល​២០១៣។ ឥលូវគេមិនទាន់ឈូសឆាយទេ [ដីដែលមានជម្លោះជាមួយពលរដ្ឋ] គេគ្រាន់ទេឱ្យប្រជាពលរដ្ឋចាកចេញ»។ 

លោកបន្ថែមថា៖ «ចង់ឱ្យរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្ដែង។ អាដីដែលអាស្រ័យផលថ្មីៗឱ្យក្រុមហ៊ុនយក ក៏យកចុះ ដីដែលអាស្រ័យផលយូរឆ្នាំហើយសុំឱ្យកាត់ឆ្វៀលឱ្យខ្លះ»។ 

អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា លើកឡើងថារដ្ឋបាលខេត្តព្រះវិហារបានធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋជាច្រើនដងមកហើយ ដោយធ្វើការសម្របសម្រួលដោះស្រាយជាដំណាក់កាល ក្នុងនោះស្រុកសង្គមថ្មីគឺស្ថិតក្នុងដំណាក់កាលដំបូង។ លោកបន្តថា ប្រជាពលរដ្ឋជិត៥០ គ្រួសារនៅស្រុកសង្គមថ្មីព្រមទទួលយកសំណង ១ ២០០ ០០០ រៀល ក្នុងមួយហិកតា ក្រោយពីទទួលបានការពន្យល់ពីទិដ្ឋភាពច្បាប់ ចំណែកប្រជាពលរដ្ឋខ្លះក៏មិនព្រមទទួលយកសំណងនៅឡើយ។ លោកបន្ថែមថា ក្នុងនាមជាអាជ្ញាធរខេត្ត លោកនឹងបន្តសម្របសម្រួល ដោយមិនចង់ប្រើនិតិវិធីច្បាប់លើប្រជាពលរដ្ឋ។

លោកថា៖ «បងប្អូនប្រជាពលរដ្ឋប្រមាណជា៤៨គ្រួសារហ្នឹង ព្រមទទួលយកការសម្របសម្រួលពីក្រុមការងារខេត្ត។ គាត់ព្រមទទួលយកថវិកា សំណងនៃការឈួសឆាយ គាត់ដាំដុះដំណាំរហ័សដូចជាដំឡូងអីហ្នឹង ក៏គាត់យល់ពីច្បាប់ គាត់ក៏ទុកចិត្ត ស្ម័គ្រចិត្តក្នុងការចាកចេញ តែក៏មានបងប្អូនខ្លះក៏មិនព្រមដែរ»។

លោកបន្ថែមថា៖ «ជានីតិវិធីរដ្ឋបាលគឺជូនដំណឹងដែលមានដីនៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចឱ្យគាត់ចេកចេញដោយសន្តិវិធី ព្រោះក្នុងនាមជាអាជ្ញាធរមិនចង់អនុវត្តដោយយកដៃប៉ះដៃយកជើងប៉ះជើងទេ គឺជូនដំណឹងគាត់ម្ដង ពីរដង ណែនាំគាត់ឱ្យយល់ ពីព្រោះជាធម្មតាតាមនីតិវិធីច្បាប់ វាមិនមែនជារឿងត្រូវសម្របសម្រួលទៀតទេ។ ទិដ្ឋភាពផ្លូវច្បាប់យើងអាចប្ដឹងទៅតុលាការតែម្ដងពីព្រោះដីនេះមានបណ្ណកម្មសិទ្ធហើយ»។

មន្ត្រីអង្កេតជាន់ខ្ពស់ នៃសមាគមសិទ្ធិមនុស្ស អាដហុក លោក យី សុខសាន្ត លើកឡើងថា រដ្ឋាៅភិបាលគួរដោះស្រាយបញ្ហាប្រឈមជាមួយពលរដ្ឋមុននឹងសម្បទានដីទៅក្រុមហ៊ុនឯកជន ដើម្បីវិនិយោគ ឬកាត់ឆ្វៀលដីទៅឱប្រជាពលរដ្ឋសិន។ លោកបន្តថា ជារឿយៗ ពេលដែលរដ្ឋាភិបាលផ្ដល់ដីសម្បទានទៅឱ្យក្រុមហ៊ុនមិនបានសិក្សាពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងថាក្រុមហ៊ុនតែងតែផ្ដល់សំណងមិនសមរម្យ ដែលបង្ករជាទំនាស់។ លោកបន្ថែមថា រដ្ឋាភិបាលគួរតែផ្ដល់អទិភាពទៅប្រជាពលរដ្ឋដែលអាស្រ័យផលយូរឆ្នាំមកហើយ ដែលពួកគាត់ត្រវការដីធ្លីសម្រាប់ជីវភាពជាចាំបាច់។

លោកថា៖ «ពាក់ព័ន្ធទៅនឹងការងារដីសម្បទានដីសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនឯកជន ខ្ញុំយល់ថាវាជាការជួលដីឱ្យទៅឯកជនមួយ ហើយបើសិនជាវាពាក់ព័ន្ធនឹងប្រជាពលរដ្ឋគឺរាជរដ្ឋាភិបាល ឬមួយក៏ក្រសួងដែលបាក់ព័ន្ធ ត្រូវតែដោះស្រាយផលប៉ះពាល់ឬមួយក៏កាត់ឆ្វៀលចេញ។ អីចឹងរដ្ឋាភិបាលពេលដែលឆ្វៀលហើយ សល់ប៉ុន្មានជួលឱ្យឯកជនទៅ»។

លោកបន្ថែមថា៖ «សម្រាប់អង្គការសង្គមស៊ីវិលដែលតាមឃ្លាំមើលដីធ្លីនេះយល់ថា រដ្ឋាភិបាលគួរតែឱ្យអទិភាពទៅប្រជាពលរដ្ឋដែលក្រក្រីលំបាកអត់មានដីធ្លី ផ្ទះសម្បែងគួរផ្ដល់ឱកាសឱ្យពួកគាត់ ហើយសល់ប៉ុន្មានចាំជួលឱ្យក្រុមហ៊ុនឯកជនក៏មិនខុសដែលពីព្រោះដីទាំងអស់នេះគឺដីរដ្ឋដូចតែគ្នាទេ»៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2112}" data-page="1" data-max-pages="1" data-start="1" data-end="1">