លោក ធែល ធីលែន ដែលទើបចេញពីពន្ធនាគារប្ដេជ្ញាថានឹងបន្តការងារសង្គមដដែល

សិទ្ធិមនុស្ស

(លោកថែល ធីលែន អុចធូបបួងសួងក្នុងពិធីមួយ រូបហ្វេសប៊ុកកាលពីឆ្នាំ២០២២)។

សកម្មជនសង្គម ធែល ធីលែន បានចេញពីពន្ធនាគារវិញហើយ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីអនុវត្តទោសចប់ តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសំណុំរឿងរិះគន់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា–ឡាវ–វៀតណាម (CLV-DTA)។

សកម្មជនសង្គម លោក ធែល ធីលែន បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងបន្តសកម្មភាពសង្គម និងផ្សព្វផ្សាយអំពីសិទ្ធិមនុស្សនៅកម្ពុជាដដែល ទោះបីសុខភាព និងជីវភាពគ្រួសារកំពុងជួបការលំបាកក៏ដោយ។

លោកមានប្រសាសន៍ថា៖«ជាដំបូង អ្វីដែលសំខាន់គឺយកចិត្តទុកដាក់ព្យាបាលជំងឺប្រចាំកាយខ្ញុំដែលចាំបាច់សិន។ ទី២ត្រូវតែស្វែងរកជីវភាពគ្រួសារឲ្យបានរឹងមាំសិន កាលណាដែលសុខភាពខ្ញុំមិនទាន់រឹងមាំ ជីវភាពដែលខ្វះខាតខ្វះមុខខ្វះក្រោយ ហើយជាក់ស្តែងខ្ញុំ ៧ ៨ ខែចុងក្រោយនៅក្នុងពន្ធនាគារគឺគ្រួសារខ្ញុំអត់មានលទ្ធភាពទៅសួរខ្ញុំទេ ប៉ុន្តែជាបណ្តើរៗ ខ្ញុំនឹងរៀបចំបង្កើត page មួយ ដើម្បីផ្សព្វផ្សាយពីច្បាប់សិទ្ធិមនុស្សនៅកម្ពុជា»។

លោកបន្តថា ការជាប់ពន្ធនាគាររយៈពេលជាង ៤០ ខែ ក្នុងពីរករណីផ្សេងគ្នា បានធ្វើឱ្យសុខភាព និងជីវភាពរបស់លោកធ្លាក់ចុះយ៉ាងខ្លាំង។ លោកអះអាងថា អំឡុងពេលជាប់ឃុំ លោកមានបញ្ហាសុខភាពជាច្រើន ដូចជា ឈឺក្រពះ ថប់ដង្ហើម និងធ្លាប់ដួលនៅក្នុងពន្ធនាគារ។

លោក ធែល ធីលែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ស្វែងយល់អំពីសិទ្ធិ និងតួនាទីរបស់ខ្លួនក្នុងការចូលរួមការងារសង្គម។ ជាមួយគ្នានេះ លោកក៏ស្នើឱ្យរាជរដ្ឋាភិបាលពិចារណាលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីពង្រឹងសាមគ្គីភាពជាតិ។

លោកលើកឡើងថា៖ «ខ្ញុំជាប់ពន្ធនាគារពីរដងហើយ ៤០ខែ អីចឹងសុខភាព និងជីវភាពរបស់ខ្ញុំធ្លាក់ដុនដាបណាស់ ហើយខ្ញុំសង្ឃឹមថានឹងមានការជួយជ្រោមជ្រែងទំនុកបម្រុង ពីបងប្អូនមហាជន គ្រប់មជ្ឈដ្ឋានពីក្នុងនិងក្រៅប្រទេស ចឹងហើយខ្ញុំនៅតែបន្តជួយគ្រាំទ្រនូវសកម្មភាពនានា ដែលខ្ញុំបម្រើសង្គមជាតិ បន្តទៅទៀត»។

លោក ធែល ធីលែន ក៏បានស្នើឱ្យតុលាការពិចារណាដោះលែងសកម្មជនជាប់ឃុំជាង ១០០ នាក់ ផ្សេងទៀតឱ្យមានសេរីភាពដូចលោកដែរ។

ទោះជាយ៉ាងណា លោកបញ្ជាក់ថា លោកនៅតែបន្តនីតិវិធីផ្លូវច្បាប់ ដោយពឹងពាក់មេធាវី ដើម្បីប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ និងអាចបន្តទៅតុលាការកំពូលថែមទៀត ជុំវិញសំណុំរឿងដែលតុលាការបានចោទប្រកាន់មកលើរូបលោក បើទោះជាលោកបានអនុវត្តទោសចប់ និងបានចេញពីពន្ធនាគាររួចហើយក៏ដោយ។

មេធាវីការពារក្តី លោក ថែល ធីលែន គឺលោក អែម ចន្ថា បានបញ្ជាក់ថា កូនក្តីរបស់លោកត្រូវបានដោះលែង ដោយសារអនុវត្តទោសគ្រប់តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។

មេធាវីរូបនេះបានថ្លែងថា លោក ធែល ធីលែន នៅតែមិនទទួលយកការចោទប្រកាន់ និងបន្តប្តឹងជំទាស់ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។

លោកប្រាប់ថា៖ «ទោះបីជាការអនុវត្តទោសរបស់គាត់គ្រប់ហើយក៏ដោយប៉ុន្តែគាត់ប្ដឹងឧទ្ធរណ៍មានន័យថាគាត់មិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់សាលាដំបូង។ គាត់មិនទទួលយកអំពីការចោទប្រកាន់ថា ទោសពៃរ៍នោះទេ អ៊ីចឹងហើយបានវាមានន័យថាគាត់ត្រូវដំណើរការក្ដីរបស់គាត់ទៅសាលាឧទ្ធរណ៍ទៀត [….]ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់គាត់និងការតតាំងអំពីការសម្រេចសេចក្ដី»។

ជាមួយគ្នានេះ ឪពុករបស់លោក ធែល ធីលែន គឺលោក ថៃ ធែល បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដែលកូនប្រុសបានវិលត្រឡប់មកជួបជុំគ្រួសារវិញ ប៉ុន្តែលោកក៏បារម្ភអំពីជីវភាព និងអនាគតគ្រួសារ។

លោកមានប្រសាសន៍ថា៖ «គាត់មិនហាមឃាត់ទេសិទ្ធិសេរីភាពធ្វើម៉េចកុំឲ្យប៉ះពាល់ដល់សង្គម ខ្ញុំគ្រាន់តែមានការផ្តាំផ្ញើប៉ុណ្តឹង»។

ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត បានស្វាគមន៍ការដោះលែងលោក ធែល ធីលែន។

លោកក៏បានអំពាវនាវឱ្យតុលាការពិចារណាលទ្ធភាពផ្លូវច្បាប់ និងនីតិវិធី ដើម្បីដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជននយោបាយ និងអ្នកជាប់ឃុំផ្សេងទៀត ពាក់ព័ន្ធនឹងសំណុំរឿង CLV-DTA ផងដែរ។

លោក អំ សំអាត មានប្រសាសន៍ថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងលោក ធែល ធីលែន ផងដែរ មានសិទ្ធិ និងសេរីភាពក្នុងការចូលរួមកិច្ចការសង្គម និងបញ្ចេញមតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិដែលកម្ពុជាទទួលស្គាល់។ ដូច្នេះ រដ្ឋត្រូវធានា និងគោរពសិទ្ធិទាំងនេះរបស់ប្រជាពលរដ្ឋ។

លោកបន្ថែមថា ក្រោយរាជរដ្ឋាភិបាលសម្រេចដកកម្ពុជាចេញពីកិច្ចព្រមព្រៀង CLV-DTA អ្នកជាប់ឃុំពាក់ព័ន្ធព្រឹត្តិការណ៍នេះ គួរត្រូវបានពិចារណាដោះលែងតាមនីតិវិធីច្បាប់។

លោកលើកឡើងថា៖ «កិច្ចព្រមព្រៀងអភិវឌ្ឍតំបន់ត្រីកោណ CLV DTA គឺរដ្ឋសភា និងរាជរដ្ឋាភិបាល បានសម្រេចដកខ្លួន (លុបកិច្ចព្រមព្រៀង) ដូច្នេះអ្នកដែលជាប់ពន្ធនាគារដែលទាក់ទងនឹងព្រឹត្តិការណ៍ CLV DTA គួរតែតុលាការពិចារណាតាមលទ្ធភាពផ្លូវច្បាប់ និងនីតិវិធី ដើម្បីដោះលែងពួកគាត់ឱ្យមានសេរីភាពវិញ »។

សកម្មជនសង្គម លោក ធែល ធីលែន ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនជាលើកទី២ កាលពីថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០២៤ គឺបន្ទាប់ពីលោកមានសេរីភាពបាន៧ថ្ងៃ ក្រោយពីបានជាប់ពន្ធនាគារលើកទី១ ពាក់ព័ន្ធនឹងរឿងរិះគន់ជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2739}" data-page="1" data-max-pages="1" data-start="1" data-end="1">