អាជ្ញាធរថៃ សម្រេចឃុំខ្លួនអ្នកនេសាទខ្មែរ៣នាក់ក្នុងពន្ធនាគារ ដោយចោទ៤បទល្មើស

សង្គម

ទូកនេសាទខ្មែរដែលថៃចាប់ដោយខុសច្បាប់អន្តរជាតិ រូបថតពីកងទ័ពជើងទឹកថៃផ្ដល់ឱ្យសារព័ត៌មានថៃ។

អាជ្ញាធរថៃ សម្រេចឃុំខ្លួនអ្នកនេសាទខ្មែរចំនួន៣នាក់ក្នុងពន្ធនាគារខេត្តត្រាតជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ចំនួន៤ បទល្មើស ពាក់ព័ន្ធនឹងការចូលនេសាទក្នុងទឹកដីថៃ ដោយខុសច្បាប់។ អ្នកនយោបាយបក្សប្រឆាំង ស្នើឱ្យរដ្ឋាភិបាលកម្ពុជាស្វែងរកយន្តការពីភាគីទី៣ ប្រសិនបើថៃមិនព្រមដោះលែងពលរដ្ឋខ្មែរត្រលប់មកវិញ។

អ្នកនាំពាក្យស្ដីទីនៃក្រសួងការបរទេសកម្ពុជាលោក ចាន់ រតនា មានប្រសាសន៍ថា តាមរយៈព័ត៌មានពីស្ថានកុងស៊ុលកម្ពុជា បច្ចុប្បន្ននេះ អ្នកនេសាទខ្មែរដែលកងទ័ពជើងទឹកថៃបានចាប់ខ្លួនកាលពីចុងខែកុម្ភៈ កំពុងជាប់ឃុំខ្លួននៅពន្ធនាគារខេត្តត្រាត ដោយរងការចោទប្រកាន់ចំនួន៤បទល្មើសពីតំណាងអយ្យការខេត្ត។

លោក រតនា បន្ថែមទៀតថា តំណាងអយ្យការខេត្តត្រាត បានចោទពួកគេ ពីបទ ការគ្រប់គ្រង ប្រើប្រាស់នាវាសញ្ជាតិបរទេស និងទី២ រួមគ្នាធ្វើនេសាទបែបពាណិជ្ជកម្មដោយគ្មានការអនុញ្ញាតពីថៃ។ ទី៣ ជនបរទេសដែលចូលទឹកដីថៃ ដោយខុសច្បាប់ និងបទចោទទី៤ ពាក់ព័ន្ធនឹងការបង្កើត និងប្រើប្រាស់វិទ្យុទាក់ទងដែលគ្មានច្បាប់អនុញ្ញាត។

បើតាមលោក រតនា នៅពេលនេះ អគ្គកុងស៊ុលកម្ពុជា កំពុងស្វះស្វែងរកមេធាវីដើម្បីការពារក្ដីឱ្យពួកគេ។ លោក អះអាងថា ប្រសិនបើភាគីថៃនៅតែមិនព្រមដោះលែងពលរដ្ឋខ្មែរមកវិញ តាមរយៈយន្តការទ្វេភាគីទេ កម្ពុជាអាចនឹងរកអន្តរាគមន៍ពីអង្គការអន្តរជាតិដែលមានអង្គការ IOM និងកាកបាទក្រហម ជាដើម។

លោក និយាយថា៖ «អីឡូវនេះ យើងឱ្យកុងស៊ុលយើងទៅសួរនាំព័ត៌មានចុងក្រោយទៀត តើដំណើរការនឹងបន្តទៅយ៉ាងម៉េច។ អាហ្នឹងបានយើងគិតអំពីយន្តការអាចរក បើទ្វេភាគីនិយាយមិនស្ដាប់ អាចរកអង្គការ IOM ឬអង្គការកាកបាទក្រហមឱ្យគាត់ជួយចូលរួមនៅក្នុងហ្នឹង។ ឥឡូវជាបឋមយើងដោះស្រាយយន្តការទ្វេភាគីសិន»។

បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសរូបនេះ ពលរដ្ឋខ្មែរទាំងបីនាក់មានសុខភាពល្អ អំឡុងពេលមន្រ្តីកុងស៊ុលចុះសួរសុខទុក្ខ កាលពីថ្ងៃទី១៨ ខែមីនា។

អ្នកនេសាទខ្មែរទាំង៣នាក់នេះ ត្រូវបានកងទ័ពជើងទឹកថៃចាប់ខ្លួនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលថៃចោទថា បានចូលនេសាទត្រីក្នុងដែនសមុទ្រថែនៅក្បែរខេត្តត្រាត។ តែទោះជាយ៉ាងណា ក្រោយការចាប់ខ្លួនភ្លាមៗ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាស ដោយច្រានចោលការចោទនេះ និងទាមទារឱ្យភាគីថៃដោះលែងពលរដ្ឋខ្មែរត្រលប់មកវិញជាបន្ទាន់។ កម្ពុជា និយាយថា កងទ័ពជើងទឹកថៃបានចាប់ខ្លួនអ្នកនេសាទខ្មែរទាំងនោះ ក្នុងដែនទឹកកម្ពុជា ដែលស្ថិតនៅក្បែរកោះយ៉រ ខេត្តកោះកុង។

កញ្ញា ងឹម គឹមឡាយ វ័យ១៩ឆ្នាំ ជាប្អូនស្រីបង្កើតរបស់លោក ងឹម រដ្ឋ ដែលជាអ្នកនេសាទមួយរូបត្រូវថៃចាប់ខ្លួនក្នុងចំណោមបីនាក់នោះ និយាយថា នៅពេលនេះ កញ្ញាមានក្ដីនឹករលឹកដល់បងប្រុសដែលធ្លាប់ទូរសព្ទសួរសុខទុក្ខនាងជារៀងរាល់ថ្ងៃ។

កញ្ញា ទទូចឱ្យអាជ្ញាធរកម្ពុជាជួយដោះស្រាយដើម្បីបងប្រុសវិលត្រលប់មកផ្ទះសម្បែងវិញ ជាពិសេសនៅមុនរដូវចូលឆ្នាំខ្មែរខាងមុខ។

កញ្ញា និយាយថា៖ «ខ្ញុំសូមសំណូមពរឱ្យអាជ្ញាធរដែនដីជួយដោះស្រាយរឿងហ្នឹង។ ឱ្យបងប្រុសខ្ញុំគាត់បានត្រលប់មកផ្ទះវិញ ដោយសារអីរយៈពេលជាង១ខែហើយ ដំណឹងអីក៏អត់បាន ដឹងពីសុខទុក្ខគាត់ម៉េចក៏យើងខាងនេះអត់ដឹង។ សូមឱ្យគាត់ដោះស្រាយរឿងហ្នឹងបាន ឱ្យគាត់បានត្រលប់មកផ្ទះវិញ មុនចូលឆ្នាំ»។

រីឯសមាជិកព្រឹទ្ធភាកម្ពុជាកូតាបក្សឆន្ទៈខ្មែរលោក គង់ មុនីកា យល់ថា ប្រសិនបើយន្តការទ្វេភាគីមិនអាចសម្រេចបាន កម្ពុជាអាចស្វែងរកតាមរយៈយន្តការអាស៊ាន ឬភាគីទី៣ ដែលជាប្រទេសនៃសមាជិកអាស៊ានណាមួយ ក្នុងការជួយសម្របសម្រួលដោយឈរលើគោលការណ៍មនុស្សធម៌ដើម្បីឈានទៅរកការដោះលែងពលរដ្ឋខ្មែរមកវិញ។

លោកនិយាយថា៖ «ប្រសិនបើយន្តការទ្វេភាគីមិនអាចធ្វើទៅបានទៀត កម្ពុជាអាចស្នើតាមរយៈយន្តការអាស៊ាន ឬស្នើប្រទេសទី៣ណាមួយនៅក្នុងអាស៊ាននេះ អាចជួយសម្របសម្រួលដូចជាប្រធានអាស៊ាន ដែលបច្ចុប្បន្នជាហ្វីលីពីន ឬអាចមានម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជាដើម ដើម្បីជួយធ្វើជាអ្នកទី៣ ដើម្បីធ្វើការសម្របសម្រួល ហើយឈរលើគោលការណ៍មនុស្សធម៌ ដើម្បីឈានទៅរកការដោះលែងអ្នកនេសាទខ្មែរទាំងបី»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរថៃបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ចំពោះការចាប់ខ្លួនអ្នកនេសាទខ្មែរបែបនេះ។ លោកក៏ទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជា ព្យាយាមចរចាជាមួយភាគីថៃឱ្យដោះលែងពួកគេត្រលប់មកវិញ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2080}" data-page="1" data-max-pages="1" data-start="1" data-end="1">