សង្គមស៊ីវិល៧៣ស្ថាប័នស្នើនាយករដ្ឋមន្ត្រីកម្ពុជាដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់

សិទ្ធិមនុស្ស

រូបគំនូរឌីជីថលសកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់ដែលកំពុងជាប់ពន្ធនាគារ។ (រូបថតពី៖ civicus.org)

អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិចំនួន៧៣ស្ថាប័ននៅថ្ងៃទី២ ខែមិនុថា ឆ្នាំ២០២៦ ផ្ញើលិខិតចំហមួយទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីស្នើសុំលោកឱ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់ មុនពេលកម្ពុជារៀបចំកិច្ចប្រជុំប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។

ការស្នើឱ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់នេះ ដែលរួមមាន លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភូន កែវរស្មី ធ្វើឡើងក្រោយពីសាលាឧទ្ធរណ៍ភ្នំពេញបានលើកពេលសវនាការជំនុំជម្រះសំណុំរឿងពួកគេដែលបានគ្រោងធ្វើនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។ ការពន្យារពេលសវនាការនេះដោយហេតុថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក អ៊ិត សុធា មានធុរៈផ្ទាល់ខ្លួន។

លិខិតចំហទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអង្គការសង្គមស៊ីវិលទាំង៧៣ស្ថាប័ន រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) អង្គការបណ្តាញប្រជាធិបតេយ្យអាស៊ី Asia Democracy Network(ADN) និងអង្គការលើកលែងទោសអន្តរជាតិ(Amnesty International)ជាដើម បង្ហាញក្ដីបារម្ភចំពោះសកម្មជនទាំង៥ នាក់ព្រោះពួកគេកំពុងជាប់ពន្ធនាគារដែលមានសភាពណែនណាន់តាន់តាប់ ពិបាករស់នៅ និងនៅឆ្ងាយពីគ្រួសាររាប់រយគីឡូម៉ែត្រ ហើយថែមទាំងជាប់ឃុំនៅពន្ធនាគារផ្សេងៗពីគ្នាទៀត។ ពួកគេក៏ព្រួយបារម្ភពីការពន្យារពេលសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ ដោយមិនទាន់កំណត់ពេលបើកសវនាការជាក់លាក់។

ក្រុមអង្គការសង្គមស៊ីវិញអះអាងថា សកម្មភាពរបស់យុវជនទាំង៥នាក់តាំងពីឆ្នាំ២០១២ មកគឺធ្វើឡើងដោយសន្តិវិធីដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យដោះស្រាយបញ្ហានានាដែលប៉ះពាល់បរិស្ថាន ដូចជាការកាប់បំផ្លាញព្រៃឈើ ការបូមខ្សាច់នៅតាមដងទន្លេ និងតំបន់សមុទ្រឆ្នេរ ការបំពុលទឹក និងដី និងការសាងសង់ទំនប់វារីអគ្គិសនីជាដើម។

លិខិតបន្តថា៖ «យើងខ្ញុំសូមទទូចឱ្យលោក[នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់វិធានការសកម្មដែលឈានទៅដល់ការដោះលែងមេដឹកនាំបរិស្ថានវ័យក្មេងទាំង៥រូបនេះ មុនពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី(Francophonie Summit)មកដល់ ឬឱ្យបានកាន់តែឆាប់ជាងនេះ»។

អ្នកសម្របសម្រួលគម្រោងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោក រស់ សារ៉ាត់ មានប្រសាសន៍ថា ប្រសិនជាមានការដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងអាចមានការចូលរួមពីតំណាងមកពីប្រទេសជាង ៨០ នោះ វាបង្ហាញនូវការគោរពសិទ្ធិមនុស្សពីសំណាក់កម្ពុជា។

លោកថា៖ «ការដែលដោះលែងសកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្សឱ្យមុនកិច្ចប្រជុំកំពូលនេះអាចជាការបង្ហាញនូវរូបភាពវិជ្ជមានមួយរបស់កម្ពុជាចំពោះកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ខ្លួននៅក្នុងវេទិកាដ៏ធំមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ការដោះលែងសកម្មជនទាំងនេះ នឹងអនុញ្ញាតឱ្យពួកគេអាចបន្តកិច្ចការពារបរិស្ថាន ដើម្បីរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុដែលជាបញ្ហាប្រឈមត្រូវដោះស្រាយជាសកល»។

ភរិយារបស់សកម្មជនចលនាមាតាធម្មជាតិលោក ថុន រដ្ឋា គឺអ្នកស្រី ប៉ាត់ រស្មី ដែលរស់នៅខេត្តកណ្ដាលបានឱ្យដឹងថា កន្លងមកអ្នកស្រីមិនសូវបានទៅសួរសុខទុក្ខស្វាមីនៅឯពន្ធនា គារ ត្រពាំងថ្លុង ខេត្តត្បូងឃ្មុំទេ ពោលគឺក្នុងមួយខែគាត់ទៅលេងតែម្ដង ឬពីរដងប៉ុណ្ណោះ ព្រោះត្រូវចំណាយថវិកាច្រើន។

អ្នកស្រីថា៖ «ចំពោះការធ្វើដំណើរវាពិបាក ដោយសារតែនៅឆ្ងាយ ខ្ញុំត្រូវចំណាយពេល២ថ្ងៃអី ហើយយើងចំណាយថវិកាក៏ច្រើនដែរ ដើម្បីធ្វើសោហ៊ុយទៅសួរសុខទុក្ខគាត់ ហើយនៅឆ្ងាយ ជាធម្មតានៅឆ្ងាយយើងអត់សូវបានទៅសួរសុខទុក្ខគាត់ទេ[…]នៅខេត្តអាចថាមួយខែខ្ញុំទៅ២ដង ឬម្ដងទេ»។

នៅពេលលោក រដ្ឋា ត្រូវបានដឹកពីពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ មករាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែមិថុនា ដើម្បីចូលសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃបន្ទាប់ អ្នកស្រី រស្មី បានឆ្លៀតទៅសួរសុខទុក្ខប្ដីគាត់។ នេះជាឱកាសដែលអាចឱ្យគាត់ជួបមុខប្ដីដោយមិនត្រូវចំណាយច្រើន ខណៈស្ត្រីវ័យ៣៥ឆ្នាំរូបនេះត្រូវរ៉ាប់រងគ្រប់បែបយ៉ាងតែម្នាក់ឯង រួមទាំងមើលថែកូនតូចទាំង៣នាក់ផង។

អ្នកស្រីថា៖ «ខ្ញុំមានការលំបាកមែនទែន ដោយសារខ្ញុំមានកូនតូចៗដល់ទៅ៣ វាជាបន្ទុកធ្ងន់មែនទែនសម្រាប់ខ្ញុំ ហើយពួកយើងពិតជាមានជីវភាពខ្វះខាតមែនទែន ហើយតាំងពីគាត់ជាប់ពន្ធនាគារមក ខ្ញុំគឺជាបង្គោលគ្រួសារ អ៊ីចឹងខ្ញុំត្រូវរ៉ាប់រងការចំណាយចិញ្ចឹមកូនផង ហើយចំណាយទៅប្ដីដែលកំពុងជាប់ពន្ធនាគារផង មកដល់ពេលនេះ គាត់ជាប់ពន្ធនាគារជិត២ឆ្នាំហើយ យើងពិតជាមានការឈឺចាប់»។

ជាមួយគ្នានេះ អ្នកស្រី ប៉ាត់ រស្មី ស្នើសុំរដ្ឋាភិបាលនិងតុលាការដោះលែងប្ដីគាត់និងសកម្មជនបរិស្ថាន៤នាក់ផ្សេងទៀតឱ្យមានសេរីភាពឡើងវិញ ព្រោះគាត់យល់ថាសកម្មជនទាំងនោះមិនបានប្រព្រឹត្តខុសឡើយ។

អ្នកស្រីបន្ថែមថា៖ «រដ្ឋាភិបាលក៏ដូចជាតុលាការគួរតែដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ ព្រោះយើងឃើញហើយអង្គការសង្គមស៊ីវិលជាច្រើនដែលបានសរសេរសំបុត្រមកកាន់រដ្ឋាភិបាលឱ្យមានការដោះលែងពួកគាត់ ព្រោះអីពួកគាត់អត់មានប្រព្រឹត្តល្មើសអីទេ ហើយការងារដែលពួកគាត់ធ្វើគឺជាការងារដែលជួយប្រយោជន៍ជាតិ»។

ជាការឆ្លើយតប ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពជាលោក ប៉ែន បូណា មានប្រសាសន៍ថា ទាំងរាជរដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីសុទ្ធតែមិនអាចបញ្ជាតុលាការឱ្យដោះលែងបុគ្គលណានោះឡើយ។
លោកថា៖ «ការសម្រេចថា អ្នកណាមានទោសឬគ្មានទោស គឺជាឆន្ទានុសិទ្ធិរបស់តុលាការដែលជាស្ថាប័នតែមួយគត់ដែលជាអ្នកកាត់ក្តី។ រាជរដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រី ឬបុគ្គលណាផ្សេងទៀតក៏ដោយ មិនអាចទៅបញ្ជាតុលាការឱ្យទម្លាក់ការចោទប្រកាន់ ឬដោះលែងអ្នកនេះ អ្នកនោះបានទេ។ សូមឱ្យអង្គការទាំងនោះសិក្សាឡើងវិញពីប្រព័ន្ធច្បាប់»។

កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមផ្តន្ទាទោសសកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ដាក់ពន្ធនាគារ ក្នុងនោះលោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ពក ខើយ លោក បិញ ពិសិដ្ឋ លោក ថុន រដ្ឋា កញ្ញា រ៉ី រក្សា ដាក់ពន្ធនាគារ៦ឆ្នាំ ពីបទរួមគំនិតក្បត់។ រីឯលោក អាឡិចហាន់ដ្រូ ហ្គន់ស្សា លេស ដេវីដសុន លោក យីម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានកាត់ទោសដាក់ពន្ធនាគារ៨ឆ្នាំ និងពិន័យ ១០លានរៀល ពីបទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2805}" data-page="1" data-max-pages="1" data-start="1" data-end="1">