បេក្ខជន​ប្រឡង​បាក់ឌុប​ពី​ខេត្ត​ឧត្តរមានជ័យ​ និង​ព្រះវិហារ​ អាច​ប្រឡង​នៅ​ខេត្ត​ផ្សេង​បាន​

សង្គម

រូបភាពរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន (រូបភាព៖ ហ្វេសប៊ុករបស់លោក)

ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលមកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចជ្រើសរើសទីតាំងប្រឡងនៅខេត្តផ្សេងក៏បាន ឬនៅខេត្តរបស់ខ្លួនក៏បាន ក្រោយពីមានជម្លោះព្រំដែនកម្ពុជា-ថៃ។
តាមរយៈសេចក្តីជូនដំណឹង ស្តីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងអប់រំបានបញ្ជាក់ថា សិស្សថ្នាក់ទី១២ ដែលជាបេក្ខជនប្រឡងបាក់ឌុប មកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចជ្រើសរើសទីតាំងប្រឡងបាន ដោយប្រឡងនៅទីតាំងក្នុងខេត្តរបស់ខ្លួនក៏បាន ឬនៅខេត្តផ្សេងទៀតក៏បាន ប្រសិនបើពួកគេបានភៀសខ្លួនចេញពីខេត្ត។

សេចក្តីជូនដំណឹងថា៖ «បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចសម្រេចចិត្តចូលរួមការប្រឡង នៅទីតាំងក្នុង ខេត្តរបស់ខ្លួនក៏បាន ឬនៅខេត្តផ្សេងទៀតក៏បាន ប្រសិនបើបេក្ខជនបានភៀសខ្លួនចេញពីខេត្ត។ បេក្ខជនដែលភៀសខ្លួន ត្រូវទៅដាក់ពាក្យនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលខ្លួនបាន សម្រេចចិត្តជ្រើសរើសប្រឡង។ 

បេក្ខជនភៀសខ្លួន ត្រូវទៅទទួលសលាកបត្រឯកត្តជន (បោះពុម្ពថ្មី) នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលសាមីជនបានដាក់ពាក្យ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥»។
ក្រសួងថា ចំពោះបេក្ខជនដែលសម្រេចចិត្តប្រឡងនៅខេត្តព្រះវិហារ ត្រូវត្រៀមទៅប្រឡងនៅក្នុងទីរួមខេត្តព្រះវិហារដដែល។ ក៏ប៉ុន្តែចំពោះបេក្ខជន ដែលសម្រេចចិត្តប្រឡងនៅក្នុងខេត្តឧត្តរមានជ័យ នឹងត្រូវ ត្រៀម ខ្លួនប្រឡងស្រុកពួក នៃខេត្តសៀមរាបវិញ ដើម្បីធានាសុវត្ថិភាពពួកគេ ហើយក្រសួងនឹងគាំទ្រលើការដឹកជញ្ជូនបេក្ខជនទាំងនោះ ផ្តល់ថវិកាសម្រាប់ការហូបចុក ការស្នាក់នៅ ព្រមទាំងរៀបចំយន្តការផ្សេងទៀត តាមការ ចាំបាច់។

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា កំណត់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ទៅថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម, អប់រំ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1049}" data-page="1" data-max-pages="2" data-start="1" data-end="1">