សាលាឧទ្ធរណ៍សម្រេចបន្តឱ្យសមាជិកសង្គមស៊ីវិល លោក ជា ចាន់ថា ជាប់ពន្ធនាគារដដែល។ នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៥នេះ សាលាឧទ្ធរណ៍ភ្នំពេញបានកម្កល់សាលក្រមសាលាដំបូងខេត្តស្វាយរៀងលើសំណុំរឿងលោក ជា ចាន់ថា ថ្នាក់ដឹកនាំសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថាIDEAប្រចាំខេត្តស្វាយរៀង ដែលបានកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ១៨ ខែ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បានប្រាប់ប្រជាកាសែតតាមរយៈសារតេឡេក្រាមថា ឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់កាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀងលើករណីលោក ជា ចាន់ថា ថ្នាក់ដឹកនាំសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង។លោកថា៖ «ប្រកាសតម្កល់សាលក្រម»។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីស្ដាប់ការប្រកាសសាលដីការរបស់សាលាឧទ្ធរណ៍ភ្នំពេញ បងប្រុសច្បងរបស់លោក ជា ចាន់ថា គឺលោក ជា សុគុន ថា លោកខកចិត្តដែលសាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តស្វាយរៀង ដោយលោកចាត់ទុកថាការសម្រេចនេះអយិត្តិធម៌ចំពោះប្អូនប្រុសលោក។
លោកថា៖ «យើងខកចិត្តខ្លាំងមែនទែន ដោយសាររឿងនេះវាអយុត្តិធម៌សម្រាប់លោក ជា ចាន់ថា ដែលបានចោទប្រកាន់មកលើលោក ជា ចាន់ថា ដែលគាត់ធ្វើកិច្ចការងារសង្គម និងជាប្រយោជន៍ដល់សង្គមជាតិ។ ថ្ងៃនេះយើងសុំឱ្យតុលាការពិចារណាឡើងវិញថាឱ្យដោះលែងលោក ជា ចាន់ថា ទៅគាត់គ្មានទោសកំហុសអីទេ»។
លោក ជា សុគុន បន្តថា លោកបារម្ភពីសុខភាពប្អូនប្រុសលោក ។ លោកបន្ថែមថាលោក ចាន់ថា មានបញ្ហាសុខភាពគាត់នឹងអាចកាន់តែធ្ងន់ធ្ងរ ដោយសារបច្ចុប្បន្នលោក ជា ចាន់ថា កំពុងមានបញ្ហាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ បន្ថែមពីនេះ លោក ជា សុគុន បារម្ភពីជីវភាពប្អូនថ្លៃលោក ដែលត្រូវភរិយាលោក ជា ចាន់ថា ផង ព្រោះត្រូវចិញ្ចឹមមើលថែកូនស្រីអាយុ២ឆ្នាំម្នាក់។
ចំណែកឯប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លោក វន់ ពៅ និយាយទាំងអួលដើមកថា លោកខកចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញដោយកម្កល់ការកាត់ទោសលើលោក ជា ចាន់ថា ព្រោះលោកថា លោក ជា ចាន់ថា ជាបុគ្គលដែលធ្វើការជួយជាតិ ជួយសង្គម និងជួយរដ្ឋាភិបាលភិបាល។
លោកថា៖ «ថ្ងៃនេះ វាគឺជារឿងដែលយើងខកចិត្ត យើងខកចិត្តខ្លាំងមែនទែនទៅលើការសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដែលចោទប្រកាន់ទៅលើលោក ជា ចាន់ថា ដោយកម្កល់សាលក្រមសាលាដំបូងខេត្តស្វាយរៀង ឱ្យលោក ជា ចាន់ថា នៅមានទោសដដែល[…]លោក ជា ចាន់ថា ធ្វើការជួយជាតិ ជួយសង្គម ជួយរដ្ឋ ជាពិសេសរឿង ប.ស.ស ហើយបែរជាមិនទម្លាក់ការចោទប្រកាន់ទៅលើលោក ជា ចាន់ថា គឺជារឿងខកចិត្តធ្ងន់ធ្ងរណាស់»។
លោកបន្ថែមថា៖ «ខ្ញុំសូមឱ្យរដ្ឋាភិបាលពិនិត្យពិចារណា សុំឱ្យក្រសួងយុត្តិធម៌ជួយឡើងវិញទៅលើលោក ជា ចាន់ថា ដើម្បីដោះលែងគាត់ឱ្យមានសេរីភាព ពីព្រោះយើងពេលវេលានេះ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាជាធ្លុងមួយ បង្ហាញពីឆន្ទៈរួម បង្ហាញពីសាមគ្គីភាព»។
ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក យី សុខសាន្ត បានប្រាប់ក្រុមអ្នកសាព័ត៌មាននៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកខកចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញនៅព្រឹកនេះ។
លោកថា៖ «វាជាការខកចិត្តមួយ យើងមិនដឹងថាតើជឿទៅលើអ្នកណាទេ នៅពេលដែលធម្មតាព្រះរាជអាជ្ញាគឺជាដើមបណ្ដឹងហើយ នៅពេលដែលដើមបណ្ដឹងដែលគាត់ចាត់ទុកថា លោក ជា ចាន់ថា មិនបានប្រព្រឹត្តនូវអ្វីដូចការចោទប្រកាន់របស់សាលាដំបូងខេត្តស្វាយរៀង ក៏ចៅក្រមនៅតែសម្រេចចិត្តបន្តឃុំខ្លួនពួកគាត់ឱ្យនៅក្នុងពន្ធនាគារទៀត។ ដូច្នេះហើយ អ្វីដែលការឃុំខ្លួននេះគឺជាការរំលោភសិទ្ធិធ្ងន់ធ្ងរពាក់ព័ន្ធទៅនឹងជនស៊ីវិល ជនធ្វើការងារសង្គមដែលមិនបានប្រព្រឹត្តខុស ត្រូវបានស្ថាប័នតុលាការយកមកកាត់ទោសឱ្យគាត់ជាប់ទោសដោយគ្មានកំហុស»។
លោក យី សុខសាន្ត ស្នើសុំដោយទទូចឱ្យតុលាការដោះលែងលោក ជា ចាន់ថា ឱ្យមានសេរីភាពឡើងវិញ ព្រោះលោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ។
អាជ្ញាធរបានចាប់ខ្លួន លោក ជា ចាន់ថា ថ្នាក់ដឹកនាំសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលដែលលោកកំពុងនិយាយជាមួយកម្មករពីសេវាគាំពារសង្គមរបស់របបបេឡាជាតិសន្តិសុខសង្គម ឬ ប.ស.ស នៅក្រុងបាវិត ខែត្រស្វាយរៀង។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងខេត្តស្វាយរៀងបានសម្រេចឃុំខ្លួនលោកបណ្ដោះអាសន្ន ដោយចោទប្រកាន់ ពីបទ ឆបោក និង បទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ៕







