អង្គការសង្គមស៊ីវិលផ្ដើមសិក្សាផលប៉ះពាល់បរិស្ថានដែលបណ្ដាលមកពីអាវុធគីមីប្រើដោយថៃ

សង្គម

មន្ត្រីយោធាម្នាក់ចូលសម្រាកពេទ្យដោយស្ថានភាពជំងឺកាន់តែធ្ងន់ពិបាកដកដង្ហើម ហើយក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ។ (រូបថតក្រុមគ្រួសារ បង្ហោះហ្វេសប៊ុក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥)

ក្រុមអង្គការសង្គមស៊ីវិល និងអ្នកជំនាញពីស្ថាប័នចម្រុះគ្នាបានចាប់ផ្ដើមចុះសិក្សាពីផលប៉ះពាល់លើបរិស្ថាន នៃការប្រើអាវុធគីមីពីសំណាក់ភាគីថៃ នៅតាមខេត្តជាប់ព្រំដែន ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ 

ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រើប្រាស់ផ្សែងពុលមកលើទឹកដីប្រទេសកម្ពុជា ក្នុងតំបន់អានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បើតាមការផ្សព្វផ្សាយតាមបណ្ដាញសង្គម ទាហានកម្ពុជាជាច្រើននាក់បានរងផលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតពីផ្សែងពុលនេះ ក៏ប៉ុន្តែមិនមានព័ត៌មានផ្លូវការជាក់លាក់ណាមួយបញ្ជាក់ពីបញ្ហានេះឡើយ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរួមគ្នា ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ អង្គការសង្គមស៊ីវិលចំនួន៥ស្ថាប័នរួមមាន CHRAC, NGO Forum on Cambodia, CLEC, FTUWKC, PADEK ព្រមទាំងអ្នកជំនាញ និងអ្នកការពារបរិស្ថាន មេធាវី អ្នកតស៊ូមតិ អ្នកជំនាញសិទ្ធិមនុស្ស និងអ្នកឯកទេសសង្គមផងនោះថា ពួកគេនឹងចុះវាយតម្លៃរហ័ស ចំពោះផលប៉ះពាល់លើបរិស្ថាន នៃការប្រើអាវុធគីមីពីសំណាក់ភាគីថៃ។ ការចុះវាយតម្លៃរហ័សនេះ ធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមព្រំដែនកម្ពុជា-ថៃ នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបាត់ដំបង។

សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា បេសកម្មនេះ គឺសិក្សាវាយតម្លៃពីផលពាល់ដោយអាវុធគីមីចំពោះព្រៃឈើ សត្វព្រៃ ដំណាំ ប្រភពទឹក និងសុខភាពមនុស្ស រួចចងក្រងជាឯកសារ ដើម្បីឱ្យអ្នកប្រព្រឹត្តទទួលខុសត្រូវចំពោះទង្វើខ្លួន តាមរយៈច្បាប់អន្តរជាតិនានា។
សេចក្ដីប្រកាសព័ត៌មានបន្ត៖ «ការវាយតម្លៃនេះនឹងផ្តោតជាចម្បងលើការវាយតម្លៃផលប៉ះពាល់បរិស្ថានដែលបណ្តាលមកពីការប្រើប្រាស់អាវុធគីមី និងផ្សែងពុលក្នុងអំឡុងពេលប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែននាពេលថ្មីៗនេះ ជាពិសេសនៅក្នុងទឹកដីកម្ពុជា។ របាយការណ៍ពីសហគមន៍ដែលរងផលប៉ះពាល់បានបង្ហាញពីការខូចខាតដែលអាចកើតមានចំពោះព្រៃឈើ សត្វព្រៃ ដំណាំ ប្រភពទឹក និងសុខភាពមនុស្ស»។

នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC លោក រស់ សុដ្ឋា បានប្រាប់ប្រជាកាសែតថា ការដែលក្រុមអង្គការសង្គមស៊ីវិលចុះសិក្សាបញ្ហាផលប៉ះពាល់បរិស្ថាន ពីអាវុធគីមីនេះ គឺដោយសារមានការព្រួយបារម្ភចំពោះផលប៉ះពាល់ទាំងនោះទៅលើមនុស្ស សត្វ និងធនធានធម្មជាតិ ក្រោយទទួលដំណឹងពីករណីងាប់បក្សីទាំងហ្វូងៗនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកថា៖ «ឥឡូវនេះយើងកំពុងតែធ្វើការជាមួយអង្គការក្នុងស្រុកនៅក្នុងខេត្តព្រះវិហារដើម្បីជាការបើកផ្លូវមួយ[…]នៅពេលរសៀលនេះ យើងចុះទៅមន្ទីរពេទ្យ សុំការសហការពីមន្ទីរពេទ្យ ដោយសារនៅមន្ទីរពេទ្យបង្អែកខេត្តហ្នឹងមានកងទ័ព២០នាក់ដែរបានស្នាក់នៅមន្ទីរពេទ្យហ្នឹងដើម្បីព្យាបាល។ ដូច្នេះ យើងចង់បានការសហការពីមន្ទីរពេទ្យ ថាតើក្នុងចំណោម២០នាក់ហ្នឹងគឺនរណាខ្លះដែលមានរោគសញ្ញា ឬជំងឺដែលពេទ្យនិយាយថាប្រភេទជំងឺអីៗ ថាតើជំងឺហ្នឹងវាពាក់ព័ន្ធជាមួយនឹងបញ្ហាគីមីដែរអត់»។

លោក សុដ្ឋា ប្រាប់ថានៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសិក្សាវាយតម្លៃបានទៅខេត្តព្រះវិហារ ដោយបានស្នើសុំសិក្សានៅមន្ទីរពេទ្យបង្អែកខេត្ត។ ជំហានបន្ទាប់ ក្រុមការងារនឹងទៅសិក្សានៅតំបន់ បឹង ទីកន្លែងកសិកម្ម តំបន់ជនពាសសឹក ព្រមទាំងសិក្សាពីបញ្ហាខ្យល់ទៀតផង។

លោកបន្ថែមថា៖ «យើងសង្ឃឹមថា យើងនឹងបានព័ត៌មានច្បាស់ការមួយទាក់ទងនឹងស្ថានភាពទូទៅ ទាក់ទងនឹងផលប៉ះពាល់បរិស្ថាននៃការប្រើប្រាស់អាវុធគីមី[…]​លទ្ធផល​បឋមហ្នឹងសម្រាប់ព័ត៌មាននេះនឹងបានធ្វើការចែករំលែកជាមួយអ្នកពាក់ព័ន្ធ ឈានទៅដល់ការសហការជាមួយស្ថាប័នអង្គការសហប្រជាជាតិផ្នែកបច្ចេកទេស[…]ធ្វើការសិក្សាយកជាផ្លូវការ»។

អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បានប្រាប់ថា លោកស្វាគមន៍ការសិក្សាវាយតម្លៃរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនោះ បើសិនជាពួកគេមានឧបករណ៍សិក្សាគ្រប់គ្រាន់។ 

លោកថា៖ «បើសិនជាគាត់ Specialist គាត់មានឧបករណ៍ក្នុងការវាស់ ក្នុងការស្ទង់កម្រិតខ្យល់ ជាតិពុលខ្យល់ គាត់មានការស្ទង់ទឹក គាត់មានឡាបូពិនិត្យអីបាន ok មិនអីទេ យើងស្វាគមន៍»។

តែយ៉ាងណាអភិបាលរងខេត្តរូបនេះបញ្ជាក់ថា តំបន់មួយចំនួននៃខេត្តព្រះវិហារ មិនត្រូវបានអនុញ្ញាតឱ្យក្រុមអង្គការចូលនោះទេ ព្រោះថាតំបន់ទាំងនោះជាតំបន់ដែលអាចមានការប្រឈមដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ។

ករណីនេះ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ ស្វាគមន៍ដែលក្រុមអង្គការសង្គមស៊ីវិលចុះសិក្សាផលប៉ះពាល់នៃអាវុធគីមីដែលប្រើដោយភាគីថៃអំឡុងពេលជម្លោះ។

លោកថា៖ «ខ្ញុំគាំទ្រតាមរយៈសេចក្ដីប្រកាសរួមចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នូវអង្គការចំនួន ៥ ដែលជាអ្នកជំនាញផ្សេងៗគ្នា ដើម្បីវាយតម្លៃទៅលើផលប៉ះពាល់នៃការប្រើប្រាស់អាវុធគីមីពីសំណាក់ប្រទេសថៃ ពីយោធាថៃមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងសង្គ្រាម ៥ថ្ងៃដ៏ឃោឃៅដែលថៃបានបាញ់មកលើកម្ពុជារួមទាំងមានអាវុធគីមី ឬក៏អាវុធផ្សេងៗដែលអាចប៉ះពាល់ទៅដល់ផ្លូវដកដង្ហើម ប៉ះពាល់ទៅដល់រុក្ខជាតិ សត្វអីជាដើម»។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ស្នើសុំឱ្យមានការវាយតម្លៃប្រាកដប្រជាមួយ ដែលគួរជឿទុកចិត្តបាន ដើម្បីបង្ហាញទៅកាន់ពិភពលោកថា ពិតជាមានការប្រើប្រាស់អាវុធគីមីដែលប៉ះពាល់ជីវិតមនុស្ស សត្វ រុក្ខជាតិ នៅកម្ពុជា។

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម, សុខភាព","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1091}" data-page="1" data-max-pages="2" data-start="1" data-end="1">