សាលាដំបូងរាជធានីភ្នំពេញគ្រោងប្រកាសសាលក្រមលើសំណើសុំនៅក្រៅឃុំរបស់សកម្មជនសន្ធិសញ្ញាសន្តិភាពទីក្រុងបារីសចំនួន១០នាក់ នៅថ្ងៃទី០៣ខែកញ្ញា បន្ទាប់ពីតុលាការបានបើកសវនាមុនអង្គសេចក្ដី តាមសំណើរបស់មេធាវីចុងចោទ។ អ្នកទាំង១០នាក់នោះ ត្រូវជាប់ពន្ធនាគារអស់រយៈពេល១៣ខែមកហើយ។ អ្នកឃ្លាំមើលយល់ថាជា រយៈពេលឃុំខ្លួនបណ្ដោះអាសន្នរហូតដល់១៣ខែនេះ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពរបស់ពួកគេ។ សាច់ញាតិជនជាប់ចោទទាំងនោះ ទទូចឱ្យតុលាការដោះលែងពួកគេឱ្យមានសេរីភាពវិញ។
មេធាវីការពាររឿងក្ដីនេះ ប្រាប់ថា អ្នកទាំង១០នាក់ដែលបានស្នើសុំនៅក្រៅឃុំ រួមមាន លោក ស៊្រុនស្រ៊ន ,កញ្ញា ភឹង សោភា , លោកសាន សិទ្ធ , អ្នកស្រីពៅ លីតា, អ្នកស្រី សែម សុផល, លោក ហោ សុខុន, លោក ធែល ធីលែន ,អ្នកស្រី ញិប សារ៉ុម ,លោក ឈឹន ចម្រុង និងលោក គឹម វឿន។
សហមេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺលោក សឺន ជុំជួន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ដំបូងឡើយ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានបើកសវនាការអង្គសេចក្ដីលើសំណុំរឿងរបស់សកម្មជនសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ក្រោមបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ក្រោយមក តុលាការបានផ្អាកសវនាការអង្គសេចក្ដីនេះ និងបានបើកសវនាការមុនអង្គសេចក្ដី លើ សំណើសុំដោះលែងសកម្មជនទាំងនោះវិញ តាមការស្នើសុំពីសំណាក់មេធាវីពួកគេ ដោយលោកមេធាវីលើកឡើងថា សំណុំរឿងនេះអាចចំណាយពេលយូរ ខណៈកូនក្ដីលោកត្រូវបានឃុំខ្លួនជាងមួយឆ្នាំមកហើយ។
លោកថា៖ «តាមពិតជាសាវនាការអង្គសេចក្តី ប៉ុន្តែដោយសារតែយើងជាមេធាវីពិនិត្យឃើញថានិតិវិធីដែលយើងគប្បីថាស្នើសុំប្តឹងឱ្យដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្នសិននៅពេលដែលយើងអង្គសេចក្តី។ ដូច្នេះជាការសម្រេចរបស់តុលាការ គឺតុលាការគាត់អនុញ្ញតឱ្យយើង ទទួលយកពាក្យបណ្តឹងរបស់យើងប៉ុន្តែបណ្តឹងផ្ទាល់មាត់ទេណ៎ា ដើម្បីធ្វើការពិភាក្សាដែញដោលទាក់ទងនឹងការស្នើសុំឱ្យនៅក្រៅឃុំ ប៉ុន្តែពាក់ព័ន្ធទៅនឹងការស្នើសុំឱ្យនៅក្រៅឃុំនេះ គឺជាសវនាការហៅថាមុនអង្គសេចក្តី។ មុនចូលសវនាការអង្គសេចក្តីគឺតុលាការគាត់បានដំណើរការនិតិវិធីអង្គសេចក្តីជាទំនៀមបឋមសិន ដោយលើកឡើងអំពីសាវតាហើយនិងអង្គហេតុរបស់ជនជាប់ចោទ ហើយបានបិទសវនាការអង្គសេចក្តីហ្នឹង បានចូលសវនាការមុនអង្គសេចក្តី»។
លោក សឺន ជុំជួន ឱ្យដឹងថា សវនាការសើសំណើសុំនៅក្រៅឃុំនេះ បានប្រព្រឹត្តទៅប្រមាណ២ម៉ោងកន្លះ គឺពីម៉ោង៩ ដល់ម៉ោង១១កន្លះព្រឹកថ្ងៃទី២៧ ខែសីហា ហើយតុលាការនឹងប្រកាសសាលក្រមករណីនេះនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។ លោក សឺន ជុំជួន សង្ឃឹមថាតុលាការនឹងដោះលែងកូនក្ដីលោកឱ្យនៅក្រៅឃុំ។
លោកបន្ថែមថា៖ «តាមធម្មតាយើងសិក្សាទៅលើនីតិវិធីយើងខ្ញុំជាមេធាវីតែងតែមានទៅសង្ឃឹមថាតុលាការនឹងពិចារណាដើម្បីឱ្យពួកគាត់បាននៅក្រៅឃុំដោយសារ ហេតុផលដែលយើងលើកមានន័យថា ហេតុផលជាច្រើន ទាក់ទងទៅនឹងធមធានសង្គមផង ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចគ្រួសាររបស់គាត់[…]បញ្ហាជាច្រើនទៀតដែលជាហេតុផលមួយដែលតុលាការគម្បីពិចារណា»។
បងស្រីបង្កើតរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង សោភា គឺកញ្ញា ភឹង សោភ័ណ បានប្រាប់ថា ការបន្តឃុំខ្លួនសកម្មជនទាំងនោះរួមទាំងប្អូនស្រីគាត់ផង បានធ្វើឱ្យប៉ះពាល់សិទ្ធិរបស់ពួកគាត់និងបានបង្កឱ្យមានការលំបាកផ្នែកជីវភាពជាច្រើន។
កញ្ញាថា៖ «រយៈពេលនៃការអូសបន្លាយនេះគឺវាប៉ះពាល់ទៅដល់សិទ្ធិរបស់ជនជាប់ចោទ ទី២គឺប៉ះពាល់ទៅដល់ជីវភាពធ្ងន់ធ្ងរទាំងបងស្រ៊នមានកូនតូចៗក្នុងបន្ទុក ទាំងបងសាន សិទ្ធិ មានកូនតូចៗ៦នាក់នៅក្នុងបន្ទុក ទាំងសោភាដែលមានឪពុកម្តាយចាស់ជរានៅក្នុងបន្ទុក ចឹងហេតុផលទាំងអស់នេះវាប៉ះពាល់ដល់ជីវភាពធ្ងន់ធ្ងរសម្រាប់ក្រុមគ្រួសារ ពិសេសគឺបញ្ហាផ្លូវចិត្តនិងអារម្មណ៍ធ្លាក់ចុះនានា។ ម៉្យាងវិញទៀត ក្រុមគ្រួសារនីមួយៗត្រូវចំណាយទាំងអស់ ទៅលើការសួរសុខទុក្ខ ហើយនិងផ្គត់ផ្គង់ទៅអ្នកជាប់នៅខាងក្នុង»។
ជាមួយគ្នានេះ កញ្ញា ភឹង សោភ័ណ អំពាវនាវឱ្យតុលាការនឹងពិចារណាឱ្យសកម្មជនទាំងអស់បាននៅក្រៅឃុំ ដើម្បីឱ្យពួកគេបានជួយសង្គម និងសហគមន៍។
«ជាក្ដីសង្ឃឹម ហើយនិងជាសំណូមពរគឺសុំឱ្យលោកតុលាការពិចារណាទៅលើចំណុចដែលបានកត់សម្គាល់ ទាំងផលលំបាកទាំងកិច្ចការងារល្អៗដែលភឹង សោភា ស្រ៊ុន ស្រ៊ន និង សាន សិទ្ធិ គាត់ប្រឹងប្រែងធ្វើក្នុងរយៈពេល ៥-៦ ឆ្នាំនេះ ដោយអប់រំផ្សព្វផ្សាយអំពីច្បាប់ អ៊ីចឹងពួកគាត់បានបញ្ជាក់ហើយៗថាគាត់គ្រាន់តែចង់នៅខាងក្រៅឃុំដើម្បីបន្តការងារសង្គម បន្តការងារជួយសហគមន៍»។
ចំណែកឯភរិយារបស់សកម្មជនមួយរូបទៀតលោក សាន សិទ្ធិ គឺអ្នកស្រី ស្វាយ ពៅ ថាតាំងពីលោក សាន សិទ្ធិ ជាប់ឃុំមក អ្នកស្រីត្រូវរ៉ាប់រងគ្រប់យ៉ាងក្នុងគ្រួសារដែលមានសមាជិកក្នុងបន្ទុក៦នាក់ ហើយអ្នកស្រីមានការលំបាកក្នុងការមើលថែគ្រួសារតែម្នាក់ឯង ព្រោះមានជំងឺប្រចាំកាយ។
អ្នកស្រីថា៖ «លំបាកច្រើន កូន៤-៥នាក់ ហើយដូចជាដឹងស្រាប់ហើយស្រុកយើងនេះខាងធនាគារ ខាងកូនរៀនផង ទឹកភ្លើងគ្រប់មុខធ្លាប់បន្ទុកមកលើខ្ញុំម្នាក់ឯងអត់ពីស្វាមីទៅ បើមានគាត់ទៅចេះតែជួយយើងទប់លិចទប់កើតទៅវាធូរ»។
អ្នកស្រី ស្វាយ ពៅ បន្ថែមថា៖ «ចង់ឱ្យថា តុលាការមានការពិចារណាទម្លាក់បទចោទគាត់ ហើយមើលទៅប៉ាវា មើលទៅសុខភាពគាត់ទ្រុឌទ្រោមខ្លាំងណាស់ មើលថ្ងៃនេះស្គមក៏ស្គម ព្រោះអីគាត់មានជំងឺត្រអកទីមួយអាជំងឺគាត់យូរហើយ។ ទី២ត្រចៀកគាត់នេះធ្លាប់មានការវះកាត់។ កាលមុនស្តាប់បាន៥០/៥០ ដល់ពេលឥឡូវនេះគាត់ថាស្តាប់បានតែ៣០ទេហើយស្គមឡើងជ្រួញឡើងស្លេកធម្មតាវាជាប់នេះវាចង្អៀតដេកពួនអីក៏ពិបាកអ៊ីចឹងទៅណ៎ា»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលបានចូលស្ដាប់សវនាការព្រឹកនេះ កត់សម្គាល់ថា រយៈពេលនៃការឃុំខ្លួនសកម្មជនសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស គឺបានហួសរយៈពេលឃុំខ្លួន។
លោកនិយាយថា៖ «ដោយសារតែនីតិវិធីនៃការឃុំខ្លួនគាត់ហ្នឹងវាលើសច្រើនពេក ឧទាហរណ៍ថានៅក្នុងច្បាប់កាត់ទោសឱ្យជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ ហើយមកដល់សព្វថ្ងៃនេះ គឺឃុំគាត់ជាងមួយឆ្នាំហើយ ១៣ខែហើយមិនទាន់បានកាត់ក្ដី ។ ដូច្នេះថ្ងៃនេះគេយកសំណុំរឿងទាំង៥នេះ អ្នកដែលជាប់ពាក់ព័ន្ធស្នើសុំនៅក្រៅឃុំហ្នឹង គេបើកសវនាការរឿងមុនអង្គសេចក្ដី គឺសុំនៅក្រៅឃុំ។
ករណីនេះ លោក យី សុខសាន្ត ស្នើតុលាការទម្លាក់ចោលបទចោទប្រកាន់ចំពោះសកម្មជនសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ព្រោះលោកយល់ថាពួកមិនបានប្រព្រឹត្តខុសច្បាប់នោះទេ។
លោកថា៖ «យើងស្នើសុំដោយទទូច ស្នើសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើពួកគាត់ ពីព្រោះថា អ្វីដែលពួកគាត់និយាយ ពួកគាត់ធ្វើតាមផ្លូវច្បាប់ ហើយការចោទប្រកាន់ វាគ្រាន់តែជាទស្សនៈរបស់អ្នកចោទប្រកាន់[…]ប៉ុន្តែអ្វីដែលពួកគាត់ធ្វើ គាត់ថាពួកគាត់ធ្វើទៅតាមគិត តាមការយល់ឃើញរបស់គាត់ដែរ»។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនលោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ក្រោយពីពួកគាត់លើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ នៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV តាមរយៈវីដេអូលើបញ្ដាញសង្គម។
សុំណុំរឿងក្រោមចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទាក់ទងនឹងការអធិប្បាយនានាពី CLV មានអ្នកពាក់ព័ន្ធសរុបចំនួន ៣៧នាក់កាលពីដំបូង តែក្រោយមកសំណុំរឿងនេះត្រូវបានតុលាការបំបែកជា៥ សំណុំរឿង ហើយក្រោយមកទៀតបានបំបែកជាចេញជា ៣សំណុំរឿងទៀត ដោយក្នុងសំណុំរឿងទី១មានលោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ។ ទី២ មានអ្នកស្រី សែម សុផល និងអ្នកស្រី ញិប សារ៉ុម។ និងសំណុំរឿងទី៣ មានលោក គឹម វឿន លោក សាន អឿន និងអ្នកស្រី ពៅ លីតា៕







