សហព័ន្ធសហជីពសេរីឯករាជ្យ ហៅកាត់ថា FUFI ចាត់ទុកករណីព្យួរការងារថ្នាក់ដឹកនាំសហជីពម្នាក់នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ បូវឃើរហ្គាមេន នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសហជីព។ ស្ថាប័ននេះរំលឹកថា កម្មករដែលជាថ្នាក់ដឹកនាំសហជីពចំនួន២នាក់បានបាត់បង់ការងារ និងម្នាក់ត្រូវបានព្យួររួចទៅហើយគិតត្រឹមសប្ដាហ៍នេះ។
ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យ(FUFI) លោក សយ ចន្ធូ បានប្រាប់ប្រជាកាសែតថា រោងចក្របូវឃើរហ្គាមេន បានចេញលិខិតព្យួរការងារកម្មករម្នាក់ដែលជាអគ្គហិរញ្ញឹកសហជីពផងនោះកាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ដោយសាមីខ្លួនមិនបានដឹងដំណឹងនេះ។
លោកថាករណីនេះ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសហជីព ខណៈដែលថ្មីៗនេះ សហជីពរបស់លោកបានដាក់សំណើរទៅរោងចក្រនេះដើម្បីទាមទារនូវលក្ខខណ្ឌការងារមួយចំនួន ទើបមានការព្យួរបុគ្គលិកដែលជាថ្នាក់ដឹកនាំសហជីពនេះ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាលិខិតព្យួរហ្នឹងក៏អត់ប្រក្រតីដែរ អញ្ចឹងវាប៉ះពាល់ដល់សិទ្ធិសហជីព ដែលជាសហជីពការពារប្រយោជន៍កម្មករ ហើយទី១ ខ្ញុំគិតថា ដោយសារឃើញថា សហជីពយើងហ្នឹងឧស្សាហ៍ដោះស្រាយជូនកម្មករ។ មុនហ្នឹងខាងយើងបានដាក់សំណើរទាមទារលក្ខខណ្ឌការងារប៉ុន្មានចំណុចដែរ អាហ្នឹងជាចំណុចមួយដែលធ្វើឱ្យរោងចក្រអត់សប្បាយចិត្ត»។
លោកបន្ថែមថា៖ «ឥឡូវហ្នឹង យើងបានរៀបចំលិខិតដាក់ទៅដើម្បីស្នើសុំឱ្យរោងចក្រទទួលគាត់យកគាត់ចូលធ្វើការវិញ ហើយរួមនិងសំណើរប៉ុន្មានចំណុចទៀត»។
លោក សយ ចន្ធូ ប្រាប់ថា កន្លងមក រោងចក្របូវឃើរហ្គាមេន បានបញ្ឈប់កម្មករចំនួន២នាក់រួចមកហើយ ដែលសុទ្ធតែជាថ្នាក់ដឹកនាំរបស់សហព័ន្ធសហជីពសេរីឯករាជ្យ។ ករណីនេះ លោកចាត់ទុកថាជាការរើសអើងសហជីព។
លោកថា៖ «យើងមើលករណីរោងចក្រហ្នឹង ដូចជាមានការរើសអើងចំពោះសហជីពសេរីឯករាជ្យ ដោយសារទី១បញ្ឈប់លោក ម៉ាប់ បូណា ហ្នឹង ដោះស្រាយមិនទាន់ចេញទេ កំពុងដំណើរការដោះស្រាយ។ ទី២បញ្ឈប់លោកស្រី សុខ ចាន់ថា ក៏អត់ទាន់ដោះស្រាយចេញដែរ កំពុងតែដោះស្រាយដូចគ្នា»។
កម្មករផ្នែកវេចខ្ចប់ នៅរោងចក្របូវឃើរហ្គាមេន លោក ឌុក សាវិន អះអាងថា បញ្ហាដែលនាំឱ្យឈានដល់ការព្យួរការងារលោកនោះ គឺដំបូងឡើយ កាលពីថ្ងៃទី១៩ ខែកក្កា មានបុគ្គលិកក្រហ៊ុន ដែលជាជនជាតិចិន បានទៅថតរូបគាត់ ក្នុងពេលដែលគាត់កំពុងនិយាយជាមួយថ្នាក់លើរឿងការងារ។ លោក សាវិន បានទៅសួរនាំអ្នកថតគាត់នោះ និងនាំឱ្យមានការជជែកគ្នា។
លោកថា៖ «ដល់ពេលអ៊ីចឹងគាត់អត់និយាយអីទេ គាត់ហៅរដ្ឋបាលមក ហៅខ្ញុំទៅនិយាយអ៊ីចឹង ហើយទៅនិយាយគ្នា និយាយចុះនិយាយឡើង និយាយអារឿងថតទេ ។ ដល់អ៊ីចឹង គេបង្វែរមករឿងក្លិនស្រាក្លិនអីក្នុងកន្លែងម៉ោងការងារឯណាវិញ[…]ហើយអារឿងហ្នឹងយើងធ្វើកិច្ចសន្យាហើយអស់ហើយ កិច្ចសន្យាថា ព្រមានលើកចុងក្រោយ ផ្ដិតមេដៃព្រមព្រៀងគ្នាអស់ហើយ ដល់ពេលចូលមកវិញថ្ងៃច័ន្ទ គេទៅនិយាយរឿងផ្សេងអីណា ចង់បញ្ឈប់ខ្ញុំអារឿងខុសគោលការណ៍ការងារឯណាឆ្កុយ»។
លោក ឌុក សាវិន ដែលជាអគ្គហិរញ្ញឹករបស់សហព័ន្ធសហជីពសេរីឯករាជ្យ(FUFI) ផងនោះនិយាយថា បន្ទាប់ពីរោងចក្របានបញ្ឈប់លោក កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ។ព្រឹកថ្ងៃបន្ទាប់ គឺនៅថ្ងៃទី២២កក្កដាលោកត្រូវបានសន្តិសុខក្រុមហ៊ុនហាមចូលធ្វើការ។ នៅរសៀលថ្ងៃទី២៣ ខែកក្កដាភាគីរោងចក្របានចេញលិខិតព្យួរការងារលោក។
លោកនិយាយថា៖ «ខ្ញុំគិតថាក្រុមហ៊ុនដូចអត់មានច្បាស់លាស់ ធ្វើការងារអត់មានច្បាស់អីបន្តិច ធ្វើអីតាមចិត្តខ្លួនឯង អត់មានគោរពច្បាប់ការងារ ។ គាត់ចង់ធ្វើអីធ្វើភ្លាមហ្មង ដល់ពេលអ៊ីចឹង ខាងរដ្ឋបាលហ្នឹងគាត់ម៉េច គាត់អត់ច្បាស់លាស់មែន ការងារបានគាត់ចេញមកធ្វើអ៊ីចឹង ស្រេកចិត្តខ្លួនឯងមែន ច្បាប់ការងារគេមានតើ»។
លោកបន្ថែម៖«ខ្ញុំសំណូមពរ ខ្ញុំចង់ចូលធ្វើការវិញ បើក្រុមហ៊ុននៅអត់ទទួលយកខ្ញុំចូលធ្វើការទេ គឺខ្ញុំធ្វើតាមនីតិវិធីច្បាប់ការងារអ៊ីចឹង ដាក់ទៅក្រសួងដាក់អ៊ីចឹង»។
អ្នកស្រី ចាន់ វាសនា ជាបុគ្គលិកទំនាក់ទំនង វិជ្ជាជីវៈនៃរោងចក្របូវឃើរហ្គាមេន បានប្រាប់ថា ក្រុមហ៊ុនបានព្យួរការងារលោក ឌុក សាវីន ចាប់ពីថ្ងៃទី២៣ ដល់ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដោយមូលហេតុបុគ្គលិកនេះ បានស្រវឹងនៅពេលបំពេញការងារ។
អ្នកស្រីថា៖ «ឈ្មោះ ឌុក សាវីន (មូលហេតុ ស្រវឹង ក្នុងកន្លែង ការងារ) កត្តារួមផ្សំ គាត់ស្រវឹង នៅពេលដែលនិយោជិត ជាជនជាតិចិនម្នាក់ឈ្មោះ លីហ្វី គាត់ឃើញពីសកម្មភាពអសកម្ម របស់ប្រធានក្រុម(ប្រធានរបស់ ឌុក សាវីន) ដោយសារតែ ឌុក សាវីន គាត់ស្រវឹងមានក្លិនស្រាជាខ្លាំង ហេតុដូច្នេះ គាត់ក៏ស្រែកទៅលីហ្វី ថា ថតចឹង និងមានកាយវិការ បែបមនុស្សស្រវឹងនាំអោយមាន ភាពចលាចល មនុស្សជាច្រើន ក្នុងអគារផលិតកម្មប៊ី ក្រោកមកមើលពីសកម្មភាព ស្រែកដាក់គ្នា (ប៉ះពាល់ផលិតកម្ម អស់រយៈពេញច្រើនជាង ៣០នាទី)»។
ដោយឡែក ករណីរោងចក្របញ្ឈប់កម្មករដែលជាថ្នាក់ដឹកនាំសហជីពចំនួន២នាក់ កាលពីពេលកន្លងទៅនោះ អ្នកស្រី ចាន់ វាសនា បញ្ជាក់ថា ការបញ្ឃប់នោះបានគោរពតាមច្បាប់ត្រឹមត្រូវ។
អ្នកស្រីបន្ថែម៖ «គេមាននីតិវិធីឱ្យគាត់ឈប់អីត្រឹមត្រូវ ហើយបានដោះស្រាយដោយក្រសួងត្រឹមត្រូវ មានខាងរដ្ឋមន្ត្រី មានមអីចុះហត្ថលេខាទៅលើការដោះស្រាយអីហ្នឹងជាក់លាក់»។
តាមរយៈលិខិតរបស់រោងចក្របូវឃើរហ្គាមេន ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុនសម្រេចព្យួរការងាររបស់បុគ្គលិកឈ្មោះ ឌុក សាវិន ដោយមូលហេតុបុគ្គលិករូបនេះបានបង្ហាញអាកប្បកិរិយាមិនសមរម្យ និងប្រើពាក្យសម្តីមិនគួរ ដែលបង្កឱ្យមានការរំខានដល់បរិយាកាសការងារ និងសមត្ថភាពផលិតកម្មរបស់ក្រុមហ៊ុន។
លិខិតបន្តថា៖ «ក្រុមហ៊ុនបានពិនិត្យហេតុការណ៍នេះនិងសម្រេចអនុវត្តវិធានការព្យួរការងារបណ្ដោះអាសន្នចំពោះបុគ្គលិក ឌុក សាវិន ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីអនុវត្តន៍ការស៊ើបអង្កេត និងសម្រេចវិធានការបន្ត»។
លិខិតដដែលបញ្ជាក់ថា រោងចក្របូវឃើរហ្គាមេននឹងផ្ដល់ដំណឹងពីការសម្រេចរបស់ខ្លួនទៅកាន់ លោក ឌុក សាវីន មុនថ្ងៃទី៣១ ខែកក្កដានេះ និងស្នើបុគ្គលិករូបនេះរង់ចាំ និងមិនអនុញ្ញាតឱ្យលោកចូលមកកន្លែងធ្វើការនោះទេ។
រោងចក្រកាត់ដេរសម្លៀកបំពាក់ បូវឃើរហ្គាមេន BOWKER GARMENT FACTORY (CAMBODIA) CO., LTD. ស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានកម្មករនិយោជិតសរុបចំនួន ៣ ៥៥១នាក់ ក្នុងនោះមានស្ត្រីចំនួន ៣២៣៤នាក់៕







