ក្រសួងយុត្តិធម៌បានផ្អាកមុខងាររបស់ព្រះរាជអាជ្ញារងមួយរូប ពីអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវ និងចាត់វិធានការច្បាប់លើព្រះរាជអាជ្ញារងរូបនេះ ករណីលោកដោះលែងជនល្មើសដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
តាមរយៈលិខិតចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ផ្ញើទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយសម្រេចផ្អាកមុខងារជាបណ្តោះអាសន្នរបស់លោក គី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ពោធិ៍សាត់។ លោករដ្ឋមន្ត្រីផ្ដើមនិតិវិធីស៊ើបអង្កេតស្រាវជ្រាវ ពាក់ព័ន្ធនឹងការដែលលោកព្រះរាជអាជ្ញារូបនេះ ដោះលែងជនល្មើសរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានសរសេរលើគណនីហ្វេសប៊ុករបស់លោក ថា៖ «យប់នេះ ក្រសួងយុត្តិធម៌មានភាពចាំបាច់ ក្នុងការសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ពីអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការរបស់ក្រសួងយុត្តិធម៌ ក៏ដូចជា សមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់»។
លោកបន្ថែមថា៖ «ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានរំឭកសាជាថ្មីដល់ប្រធានតុលាការ និង ព្រះរាជអាជ្ញាទាំងអស់ សូមប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និង ការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ពិសេស ផ្តល់កិច្ចសហការឱ្យបានពេញលេញដល់ប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល»។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចេញសារជាសំឡេង ដោយបញ្ជាឱ្យក្រសួងយុត្តិធម៌ចាត់វិធានការចំពោះព្រះរាជអាជ្ញារងមួយរូបនៅអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ក្រោយលោកនាយករដ្ឋមន្ត្រីទទួលដំណឹងថា ព្រះរាជអាជ្ញារងរូបនេះបានដោះលែងជនល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកថា៖ «ករណីដែលខេត្តរាយការណ៍មកមិញនេះ ខេត្តពោធិ៍សាត់ខំបើកយុទ្ធនាការដើម្បីបង្ក្រាបទីតាំងល្បែងអនឡាញ។ ខណៈអភិបាលខេត្តដឹកនាំធ្វើកិច្ចការនេះបង្ក្រាបបានប៉ុន្មាននាក់ ជាមួយសមត្ថកិច្ចខំធ្វើការ តែមានព្រះរាជអាជ្ញារងមួយ លឺសូរថាទៅដោះលែងគេជនដែលប្រព្រឹត្តល្មើសទាំងអស់នោះ។ ឥឡូវឱ្យក្រសួងយុត្តិធម៌ចាត់ចែងជាបន្ទាន់ ហើយបើសិនជាមានការយកលុយយកកាក់ ខាង ACU នៅក្នុងគណៈកម្មការចំពោះកិច្ចរបស់យើងត្រូវចាត់ការភ្លាម ចាត់ការភ្លាមគ្មានចាំស្អែកទេ»។
ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក(ADHOC) លោក យី សុខសាន្ត សាទរដែលក្រសួងយុត្តិធម៌មានចំណាត់ការទៅលើព្រះរាជអាជ្ញាដែលដោះលែងជនល្មើសពាក់ព័ន្ធឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកថា៖ «យើងកត់សម្គាល់នោះគឺឃើញមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ មានវិធានការក្ដៅទៅលើចៅក្រម ឬមួយក៏ព្រះរាជអាជ្ញាដែលអនុវត្តការងារកន្លងមក ជាពិសេសពាក់ព័ន្ធទៅហ្នឹងការដោះលែងអ្នកដែលឆបោកតាមអនឡាញ វាជាគំរូល្អ ហើយយើងគាំទ្រទៅលើចំណាត់ការរបស់ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌»។
ជាមួយគ្នានេះ លោក យី សុខសាន្ត ទទូចឱ្យក្រសួងយុត្តិធម៌មានវិធានការលើចៅក្រម ឬព្រះរាជអាជ្ញា ដែលកាន់សំណុំរឿងនយោបាយផងដែរ កុំឱ្យមានការអនុវត្តន៍ខុសនីតិវិធី។
លោកបន្ថែមថា៖ «អ្វីដែលយើងស្នើសុំដោយទទូចថែមទៀតគឺ មិនមែនត្រឹមតែល្បែងអនឡាញទេ សូម្បីឱ្យពាក់ព័ន្ធជាមួយនឹងរឿងនយោបាយក៏ដូច្នោះដែរ កុំឱ្យមានការអនុវត្តន៍ខុសនីតិវិធី ឬមួយក៏ឃុំៗហួសការកំណត់ ឬក៏ហួសនីតិវិធី ក៏យកមកពិចារណាដែរ ។
បើអាច ស្នើសុំដោយទទូចទៅឱ្យចៅក្រមព្រះរាជអាជ្ញាគួរតែជាមនុស្សឯករាជ្យ បើអាចលាលែងចេញពីបក្សក៏កាន់តែល្អ ដើម្បីរក្សាឱ្យប្រជាពលរដ្ឋមានជំនឿទៅលើស្ថាប័ននេះ»។
ចំណែកឯលោក អំ សំអាត នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូ យល់ស្រដៀងគ្នាដែរថា នេះជាករណីគំរូ ដែលរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោក គី សីហា ដើម្បីទុកឱ្យគណកម្មការស៊ើបអង្កេតករណីនេះ ក្រោយមានបទបញ្ជាពីលោកនាយករដ្ឋមន្រ្តី។
លោកមានប្រសាសន៍ថា៖ «ករណីនេះជាគំរូមូយដែរសម្រាប់ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ក្នុងការអនុវត្តការងាររបស់ខ្លួនតាមវិជ្ជាជីវ: នីតិវិធី ច្បាប់ ដោយតម្លាភាព និងយុត្តិធម៌»។
លោក អំ សំអាត ថាព្រះរាជអាជ្ញារង លោក គី សីហា នៅតំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់មានការសង្ស័យជាប់ពាក់ព័ន្ធការដោះលែងមនុស្សក្នុងការបង្ក្រាបករណីឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តពោធិ៍សាត់។ បើរកឃើញថាមានកំហុសមែននោះ គឺឧត្តមប្រឹក្សានៃអង្គចៅក្រមធ្វើការដាក់ពិន័យ ហើយបើកំហុសធ្ងន់ធ្ងរអាចមានព្រះរាជក្រិត្យបណ្ដេញចេញពីក្របខ័ណ្ឌ ហើយបើមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ឬឧក្រិដ្ឋ ត្រូវអនុវត្តតាមច្បាប់ទៀតផង។
លោកថា៖ «មន្រ្តីអនុវត្តច្បាប់ត្រូវតែប្រកាន់ក្រមសីលធម៌ អនិត្តការងារតាមវិជ្ជាជីវ: នីតិវិធី ច្បាប់ ដោយតម្លាភាព និងយុត្តិធម៌ ។ ប្រសិនបើមានមន្ត្រីណាម្នាក់ប្រព្រឹត្តកំហុសត្រូវអនុវត្តតាមវិន័យ តាមកំហុសធ្ងន់ ឬស្រាល ហើយបើរកទៅឃើញមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ធ ឬឧក្រិដ្ឋត្រូវអនុវត្តតាមច្បាប់»។
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងស្នងការនគរបាលរាជធានី ខេត្ត បោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន៕







