តុលាការចាត់ការសំណុំរឿងជាង៨ម៉ឺនសំណុំរឿង នៅសល់ជាង៤ម៉ឺន៦ពាន់សំណុំរឿងទៀតមិនទាន់ដោះស្រាយ

សិទ្ធិមនុស្ស

តុលាកាកម្ពុជាគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ចាត់ការសំណុំរឿងបានប្រមាណជាង៨ម៉ឺនសំណុំរឿង នៅសល់ជាង៤ម៉ឺន៦ពាន់សំណុំរឿងទៀតមិនទាន់ដោះស្រាយ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌ដែលចេញផ្សាយកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ឱ្យដឹងថាក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសកម្ពុជាបានទទួលសំណុំរឿងសរុបចំនួន ១២៧ ៥១៣។ ក្នុងនោះតុលាការបាន ចាត់ការសំណុំរឿងបានចំនួនជាង៨ម៉ឺន (៨១ ០៣៥ )សំណុំរឿង ស្មើនឹងប្រមាណជា ៦៣ភាគរយនៃចំនួនសំណុំរឿងសរុប ។ សំណុំរឿងប្រមាណជាង ៣០ភាគរយទៀតឬស្មើនឹង ៤៦ ៤៧៨ករណីមិនទាន់បានចាត់ការប៉ុន្តែក្រសួងយុត្តិធម៌ថាកំពុងដោះស្រាយ។

គណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតុលាការ កត់សម្គាល់ថាលទ្ធផលដែលសម្រេចបាននេះជាការបង្ហាញពីការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់តុលាការនៅទូទាំងប្រទេសក្នុងការដោះស្រាយរឿងក្ដីឱ្យបានឆាប់រហ័សជូនពលរដ្ឋ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានប្រាប់ប្រជាកាសែតថា ចំនួនសំណុំរឿងដែលបានដោះស្រាយដោយតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសកម្ពុជា តាមរយៈយុទ្ធនាការទាំងពីរនេះ គឺមានល្បឿនលឿនហើយ ដោយសារបានដោះស្រាយលើសពីពាក់កណ្ដាលនៃចំនួនសំណុំរឿងសរុប។

លោកមានប្រសាសន៍ថា៖ «ក្នុងរយៈពេលត្រឹមតែ ៦ខែ មានន័យថា ត្រឹមកន្លះឆ្នាំ តុលាការទូទាំងប្រទេសអាចចាត់ការសំណុំរឿង ទាំងសំណុំរឿងចាស់ និងទាំងសំណុំរឿងចូលថ្មី បានរហូតដល់ទៅ ៦៣,៥៥% ពោលគឺ លើសពីពាក់កណ្តាល គឺជាល្បឿនមួយលឿនហើយ»។ 

លោកបន្ថែមាថា៖ «យើងកុំភ្លេចថា ពេលនេះ គឺទើបនឹងពាក់កណ្តាលឆ្នាំតែប៉ុណ្ណោះ ហើយ សំណុំរឿង គឺចូលមកជាបន្តបន្ទាប់ ដូច្នេះ វាជារឿងធម្មតា ដែលយើងមិនអាចចាត់ការសំណុំរឿងបាន ១០០%។ សូម្បីតែនៅប្រទេសជឿនលឿន ដែលមានធនធានច្រើន ដូចជានៅប្រទេសបារាំងជាដើម ក៏តុលាការមិនអាចចាត់ការសំណុំរឿងទាំងអស់ ទាំងសំណុំរឿងចាស់ ទាំងសំណុំរឿងថ្មី បាន ១០០% នោះដែរ ក្នុងមួយឆ្នាំៗ»។

ទាក់ទងនឹងការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតុលាការនេះតាមរយៈសេចក្ដីប្រកាសព័ត៌មានដដែលក្រសួងយុត្តិធម៌បានប្រកាសលើកទឹកចិត្តពលរដ្ឋឱ្យទាក់ទងទៅកាន់មន្ត្រីជំនាញតាមរយៈទូរសព្ទលេខ ០៩៩ ៤៤៤ ១៨១ ប្រសិនណាពលរដ្ឋយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានការយឺតយ៉ាវ។

ជុំវិញករណីនេះ នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត សង្កេតឃើញថា ចាប់តាំងពីក្រសួងយុត្តិធម៌បើកយុទ្ធនាការជំរុញ និងពន្លឿននីតិវិធីនៅតាមតុលាការមក ទាំងសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល ហាក់ដូចមានការពន្លឿននីតិវិធីនៅក្នុងសំណុំរឿងក្តីបានច្រើន បើធៀបទៅនឹង ពេលមិនទាន់មានយុទ្ធនាការនេះ។ តែយ៉ាងណាលោកថា សំណុំរឿង ៣៦,៤៥% ដែលនៅសល់ មិនទាន់ដោះស្រាយ ជាចំនួនសំណុំរឿងដែលគួរឱ្យកត់សម្គាល់នៅឡើយ ព្រោះគូភាគីនៅរង់ចាំយុត្តិធម៌។ 

លោកថា៖ «តុលាការគួរតែបន្តនូវការពន្លឿននីតិវិធីនៅក្នុងសំណុំរឿងក្តីរបស់ខ្លួន ទោះពេលចប់យុទ្ធនាការនេះក៏ដោយ ព្រោះនេះជាកាតព្វកិច្ចរបស់តុលាការក្នុងការស្វែងរកដំណោះស្រាយ និងយុត្តិធម៌សម្រាប់គូគាគី ។ ការដាក់ពិន័យ និងចំណាត់ការផ្លូវច្បាប់សម្រាប់ចៅក្រម និងព្រះរាជអាជ្ញាណា បើរកឃើញថាមានភាពមិនប្រក្រតីក្នុងសំណុំរឿងណាមួយ ។ ការពន្លឿននីតិវិធីត្រូវធ្វើឡើងដោយការយកចិត្តទុកដាក់ដោយហ្មត់ចត់តាមវិជ្ជជីវ: នីតិវិធី និងផ្លូវច្បាប់ ដោយតម្លាភាព និងយុត្តិធម៌»។

ក្រសួងយុត្តិធម៌បានអនុវត្តយុទ្ធនាការចំនួន ២ ព្រមគ្នាគឺ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការ ត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានរយៈពេល១ឆ្នាំ ៦ខែហើយ បើគិតចាប់ពី ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។

ក្រសួងយុត្តិធម៌ថា គោលបំណងនៃការអនុវត្តយុទ្ធនាការទាំង ២នេះ គឺដើម្បីកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1128}" data-page="1" data-max-pages="1" data-start="1" data-end="1">