តំណាងភាគីសហជីពភាគច្រើននិងថៅកែរោងចក្រ បានឯកភាពគ្នាមិនលើកសំណើតួលេខប្រាក់ឈ្នួលអប្បបរមាណាមួយនោះទេ ដោយទុកឱ្យភាគីរដ្ឋាភិបាលជាអ្នកកំណត់ប្រាក់ខែគោលសម្រាប់ឆ្នាំ២០២៦។ ការឯកភាពគ្នានេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាលើកទី២១ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
តាមរយៈសេចក្ដីជូនដំណឹង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានប្រជុំដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនោះ ខាងតំណាងកម្មករ និងថៅកែរោងចក្របានឯកភាពគ្នាថា មិនលើកតួលេខប្រាក់ខែគោលណាមួយឡើយ ដោយទុកឱ្យភាគីរដ្ឋាភិបាលកំណត់ជូនពួកគេ។
សេចក្ដីជូនដំណឹងបន្តថា៖ «យោងលើស្ថានភាពនៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់ សហរដ្ឋអាមេរិក និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្ន ជាឯកច្ឆ័ន្ទមិនលើកនូវសំណើតួលេខណាមួយនោះទេ ដោយទុកជូនភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខណាមួយ ដោយផ្អែកលើភាពប្រកួតប្រជែង និងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចជាក់ស្ដែងរបស់កម្ពុជា»។
បើតាមប្រភពដដែល នៅក្នុងកិច្ចប្រជុំនេះក៏មានការព្រមព្រៀងគ្នាកំណត់យកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីប្រជុំត្រីភាគីជាលើចុងក្រោយ ក្នុងគោលបំណងបំពេញនីតិវិធីផ្លូវការចុងក្រោយ ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
អគ្គលេខាធិការសហព័ន្ធសហជីពកម្ពុជា(CATU) លោក ម៉ៅ សុភ័ត្រ្តា បានប្រាប់ប្រជាកាសែតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ថា ក្រុមសហជីពដែលជាតំណាងភាគីកម្មករបានកំណត់យកតួលេខ ២១៨ដុល្លារ ក្នុងការស្នើសុំជាប្រាក់ខែគោលសម្រាប់កម្មករកាត់ដេរនាឆ្នាំ២០២៦។ ក៏ប៉ុន្តែតំណាងភាគីថៅកែរោចក្រមិនបានដាក់តួលេខថ្មីទេ ពោលគឺពួកគេរក្សាចំនួន ២០៨ដុល្លារដដែលសម្រាប់ប្រាក់ខែគោលឆ្នាំ២០២៦។
លោកថា៖ «យើងនៅចាំថ្ងៃទី១៧ មួយតង់ទៀត ហើយបើដល់១៧ហ្នឹងបើសិនជាគេសម្រេចថា រដ្ឋាភិបាលជាអ្នកដំឡើងៗ តែបើអត់ដំឡើងទេ យើងមានតែយកកូតារបស់យើងយកមកបោះឆ្នោតជាសំឡេង កូតាយើង២១៨ហ្នឹង»។
លោក ម៉ៅ សុភ័ត្រ្តា សង្ឃឹមថា រដ្ឋាភិបាលនឹងពិចារណាលើកត្តានានាដែលកម្មករកាត់ដេរបានជួបប្រទះនៅក្នុងជីវភាពរស់នៅ ហើយដំឡើងប្រាក់ខែឱ្យពួកគេបានរស់នៅសមរម្យ។
លោកបន្ថែមថា៖ «យើងរំពឹងថា រដ្ឋាភិបាលនឹងធ្វើការដោយសុភវិនិច្ឆ័យទៅលើកត្តាផ្សេងៗដែលតំណាងសហជីព ឬក៏តំណាងឱ្យបងប្អូនកម្មករនិយោជិតនៅក្នុងក្រុមប្រឹក្សាប្រាក់ឈ្នួលហ្នឹងបានពិភាក្សា វាមានកត្តាវិនិច្ឆ័យផ្សេងៗទាំងសេដ្ឋកិច្ច ទាំងនយោបាយ ទាំងកំណើនទីផ្សារ ទាំងអតិផរណាទាំងអីហ្នឹង […]ដើម្បីឱ្យមានការដំឡើងប្រាក់ឈ្នួលជូនដល់កម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់នៃព្រះរាជាណាចក្រកម្ពុជាឱ្យសមស្របទៅតាមអតិផរណាទីផ្សារដើម្បីស្រោចស្រង់ជីវភាពបងប្អូនកម្មករយើង»។
កម្មកររោងចក្រផលិតស្បែកជើងខេនស្ព័តស៊ូ (Can Sports Shoes Cambodia) នៅខេត្តកំពង់ឆ្នាំង លោក នៃ ចាន់ណាក់ ថាលោកចង់ឱ្យគេដំឡើងប្រាក់ខែនាឆ្នាំ២០២៦ឱ្យបានខ្ពស់ជាងបច្ចុប្បន្ន ពីព្រោះលោកត្រូវចំណាយច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ ស្របពេលដែលទំនិញលើទីផ្សារបានឡើងថ្លៃ។ តែយ៉ាងណាលោកថា លោកនៅតែទទួលយកការសម្រេចរបស់ភាគីពាក់ព័ន្ធ និងរដ្ឋាភិបាលលើការកំណត់ប្រាក់ខែគោលឆ្នាំ២០២៦ នាពេលខាងមុខ។
លោកថា៖ «ធ្វើម៉េចបើយើងចង់បានច្រើន បើគេអត់ចំណេញក៏គេអត់ជួលយើង បើយើងអត់ធ្វើសោះវារឹតតែវេទនា អ៊ីចឹងមានតែតស៊ូធ្វើ គេកំណត់ឱ្យប៉ុន្មានយើងទទួលប៉ុណ្ណឹងទៅ»។
ប្រជាការសែតមិនអាចសុំការអធិប្បាយបន្ថែមពីអគ្គលេខាធិការនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក ខេន លូ បានទេដោយលោកថាជាប់រវល់។
ករណីនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកក្រសួងថា បច្ចុប្បន្នកម្ពុជាមិនទាន់កំណត់តួលេខប្រាក់ខែគោលសម្រាប់កម្មករកាត់ដេរនាឆ្នាំក្រោយនៅឡើយទេ ដោយសារពេលនេះកម្ពុជាត្រូវផ្ដោតលើការពង្រីកទីផ្សារការងារឱ្យបានច្រើន ព្រោះជាឱកាសល្អ។
លោកថា៖ «យើងយល់អំពីស្ថានភាពនេះទាំងអស់គ្នាអ៊ីចឹងយើងមិននិយាយអំពីតួលេខណាមួយនោះទេ។ អ្វីដែលយើងរួមគ្នាគិតនៅពេលនេះគឺថាធ្វើម៉េចពង្រីកទីផ្សារការងារយើងឱ្យបានច្រើន ហើយជាឱកាសមាសសម្រាប់កម្ពុជាយើងនៅឆ្នាំក្រោយក្នុងការទាញនូវគម្រោងវិនិយោគថ្មី»។
លោក ហេង សួរ សង្ឃឹមថា ភាគីពាក់ព័ន្ធមានគោលជំហររួមមួយដើម្បីកំណត់បាននូវប្រាក់ឈ្នួលអប្បបរមារបស់កម្មករវិស័យកាត់ដេរ ដែលមិនខ្ពស់ជាងប្រទេសដែលជាគូប្រជែងរបស់កម្ពុជាឡើយ។
រដ្ឋមន្ត្រីក្រសួងការងាររូបនេះបន្តថា មកដល់ពេលនេះ ប្រទេសមួយចំនួនមិនទាន់បានកំណត់ប្រាក់ឈ្នួលអប្បបរមារដល់កម្មករនៅឡើយទេដោយសារតែភាពមិនប្រាកដប្រជានៃផលប៉ះពាល់ដែលកើតឡើងដោយសារការកំណត់ពន្ធបដិការថ្មីរបស់សហរដ្ឋអាមេរិក។
លោកបន្ថែមថា៖ «បងប្អូនយើងបានរួមគ្នាលះបង់បន្តិចដើម្បីធ្វើម៉េចឱ្យកម្ពុជាយើងមានភាពទាក់ទាញសម្រាប់ឆ្នាំនេះហើយនិងឆ្នាំក្រោយ ហើយនិយោជកក៏បានសន្យាដែរថា ឆ្នាំក្រោយស្ថានភាពបានវិលទៅរកល្អ ហើយមានការកែទម្រង់គឺភាគីនិយោជកអាចនឹងប៉ះប៉ូវបន្ថែមជូនទៅដល់បងប្អូនយើងបន្ថែមទៀតនៅក្នុងឆ្នាំក្រោយ»។
កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្ព័ន្ធសហជីព សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលចំនួន ២៨ស្ថាប័នរួមានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និងសហព័ន្ធសហជីពកម្ពុជា (CATU) ជាដើមបានចេញសេចក្ដីថ្លែងការណ៍រួមមួយស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាយ៉ាងតិចចំនួន ២៣២ ដុល្លារអាមេរិក ក្នុងមួយខែសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរសម្រាប់ឆ្នាំ២០២៦។ តួលេខដែលបានលើកឡើងនេះ គឺផ្អែកតាមការសិក្សាស្រាវជ្រាវមួយចំនួន។ តួយ៉ាងក្នុងឆ្នាំ ២០២៤ វិទ្យាស្ថានស្រាវជ្រាវ Anker បានប៉ាន់ប្រមាណថា កម្មករនិយោជិតម្នាក់នៅតំបន់នានាក្នុងកម្ពុជា ត្រូវទទួលបានប្រាក់ចំណូលចំនួន ២៣២ ដុល្លារអាមេរិក ខណៈកម្មកររស់នៅទីប្រជុំជន ត្រូវទទួលបានប្រាក់ចំណូលចំនួន ៤១៧ ដុល្លារអាមេរិកក្នុងមួយខែ ទើបគ្រប់គ្រាន់សម្រាប់ការចំណាយលើការរស់នៅក្នុងជីវភាពសមរម្យ ព្រមទាំងចំណាយលើតម្រូវការសំខាន់ផ្សេងៗទៀត ក្នុងនោះរួមទាំងរបបសន្តិសុខសង្គម។
បច្ចុប្បន្ននៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានកម្មករនិយោជិតសរុបប្រមាណជាជាង ៩០ម៉ឺននាក់ និងមានក្រុមហ៊ុនដែលជារោងចក្រសហគ្រាសកាត់ដេរចំនួនជាង ១៦០០ក្រុមហ៊ុន។ នេះបើតាមសហព័ន្ធសហជីពកម្ពុជា(CATU)៕







