សាលាឧទ្ធរណ៍ភ្នំពេញសម្រេចរក្សាការដាក់ទោសពលរដ្ឋឡពាងទាំង៥នាក់

សង្គម

ប្រជាសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង ចំនួន៤នាក់កំពុងឈរចាំផ្ដល់សំភាន៍ឱ្យក្រុមអ្នកកាសែត បន្ទាប់ពីបានចូលឆ្លើយបំភ្លឺក្នុងសវនាការសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី២ ខែញ្ញា ឆ្នាំ២០២៥។ (ថតដោយ ហុង សេរីហ្វុង)

សាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសសាលដីការ​តម្កល់​ការ​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង​ ដែល​ផ្ដន្ទាទោស​ប្រជាសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំងចំនួន៥នាក់ក្រោមបទចោទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» និងបទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ដែលប្ដឹងដោយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)។សាលដីកានេះត្រូវបានប្រកាសកាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៥។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោក ឃុន លាងម៉េង បានប្រាប់ប្រជាកាសែត ថាសាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ឆ្នាំងទុក​ជាបានការដដែល លើករណី​ប្រជា​សហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង។

លោកថា៖ «ប្រកាសតម្កល់»។

ករណីនេះ សាលាដំបូងខេត្តកំពង់ឆ្នាំងបានផ្ដន្ទាទោសពលរដ្ឋទាំង៥នាក់ឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ និងទារសំណងសរុបចំនួន១០លានរៀល ក៏ប៉ុន្តែទោសជាប់ពន្ធនាគារត្រូវបានព្យួរ ក្រោយពីពួកគេបានជាប់ឃុំរយៈពេលខ្លី។

ប្រជាសហគមន៍ឡពាង ខេត្តកំពុងឆ្នាំងដែលជាប់ចោទក្នុងករណីនេះគឺលោក ស្ងួន ញឿន អាយុ៤៥ឆ្នាំ បានប្រាប់ថា លោកយល់ថាវាជារឿងអយុត្តិធម៌ដែលសាលាឧទ្ធរណ៍ភ្នំពេញកម្កល់សាលក្រមដែលសាលាដំបូង​ខេត្ត​កំពង់ឆ្នាំងកាត់ទោសលោក ព្រោះលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។

លោកថា៖ «ខ្ញុំអត់មានបានធ្វើអត់មានបានប្រព្រឹត្តអីសោះបានជាតុលាការនៅតែកាត់ក្ដីតាមតែគ្នា​ដដែលៗ ខ្ញុំយល់ថាវាអត់យុត្តិធម៌សម្រាប់ពួកខ្ញុំដែលជាជនរងគ្រោះទេ គេមកវ៉ៃខ្ញុំ អាពេលដែលខ្ញុំធ្វើសន្និសីទ​កាសែតសោះគេមកគប់ខ្ញុំ បែរជាខ្ញុំជាជនរងគ្រោះត្រូវចោទប្រកាន់របស់តុលាការទៅវិញ»។

លោកបន្ថែមថា៖ «ចំពោះខ្ញុំៗអត់ជឿជាក់លើប្រព័ន្ធយុត្តិធម៌ទេ តែត្រូវតែដើរឱ្យអស់ផ្លូវច្បាប់ទាំង​ថ្នាក់​ក្រោម ទាំងថ្នាក់កណ្ដាល ទាំងថ្នាក់កំពូលហ្នឹង»។

ចំណែកឯប្រជាសហគមន៍មួយរូបទៀតដែលជាប់ចោទដែរនោះគឺលោក សៀង ហេង អាយុ៤៥ឆ្នាំ និយាយ​ថា នេះជាការសម្រេចដែលអយុត្តិធម៌សម្រាប់លោកដែលជាពលរដ្ឋទន់ខ្សោយ ពីព្រោះករណីហិង្សានេះ ភាគី​កម្មករក្រុមហ៊ុនជាអ្នកបង្កហេតុមុនលើក្រុមពលរដ្ឋ។

លោកថា៖ «ការផ្ដន្ទាទោសនៅដដែលមានន័យថាតុលាការអត់យុត្តិធម៌សម្រាប់អ្នកទន់ខ្សោយ ព្រោះភាគី​កម្មកររបស់ក្រុមហ៊ុនអ្នកបង្កមុនមកលើពលរដ្ឋហើយនៅតែមានឱកាស មានការប្ដឹងចោទប្រកាន់មកលើ​ពលរដ្ឋធ្វើឱ្យរស់គ្រោះដីធ្លីហើយមករងគ្រោះបទហិង្សាទៀត»។

លោក សៀង ហេង ថាលោកប្រហែលជានឹងប្ដឹងបន្តលើករណីនេះទៅតុលាការកំពូល ព្រោះការសម្រេចរបស់​សាលាឧទ្ធរណ៍ភ្នំពេញអយុត្តិធម៌ចំពោះលោក។ ជាមួយគ្នានេះ លោកស្នើភាគីក្រុមហ៊ុន KDC ឱ្យដោះ​ស្រាយ​បញ្ហាដីធ្លីជាមួយប្រជាសហគមន៍ឡពាង។

ជុំវិញករណីនេះ នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត ប្រាប់ថាសោក​ស្ដាយ​ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញដែលបានតម្កល់សាលក្រមរបស់សាលាដំបូងខេត្ត​កំពង់​ឆ្នាំង​លើប្រជាសហគមន៍ឡពាងចំនួន ៥នាក់។

លោកថា៖ «យើងមានការសោកស្ដាយចំពោះសាលដីការរបស់សាលាឧទ្ធរណ៍ដែលសម្រេចតម្កល់​សាលក្រម​របស់សាលាដំបូងទុកជាបានការ ពីព្រោះយើងមើលទៅករណីសហគមន៍ឡពាងនេះ វាជា​ករណី​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ វាយូរមកហើយៗពលរដ្ឋជួបនូវជីវភាពលំបាកកាន់តែខ្លាំង ហើយជាពិសេសពួកគាត់​ក្រៅតែអំពីអត់ទាន់​មានដំណោះស្រាយបញ្ហាដីធ្លីហ្នឹងគឺត្រូវរងបណ្ដឹងនៅតុលាការជាបន្តបន្ទាប់»។

លោក អំ សំអាត ស្នើភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយបញ្ហាដីធ្លីរវាងសហគមន៍ឡពាង និងក្រុមហ៊ុន KDC ដើម្បីឱ្យជីវភាពប្រជាសហគមន៍មានភាពប្រសើរឡើង ព្រោះបច្ចុប្បន្នពួកគេកំពុងលំបាក ព្រមទាំងអាច​ប្រឈមបញ្ហាផ្សេងទៀតនាពេលខាងមុខ។

លោកបន្ថែមថា៖ «អ្វីដែលសំខាន់ភាគីដែលពាក់ព័ន្ធក៏ដូចជាអាជ្ញាធរឬក៏ក្រសួងពាក់ព័ន្ធគួរតែពន្លឿន​នីតិ​វិធី​​ដើម្បីដោះស្រាយបញ្ហាដីធ្លីនៅសហគមន៍ឡពាងនេះឱ្យមានលទ្ធផលល្អ​ ហើយអាច​ទទួល​យកបាន​អាហ្នឹង​​វាជាជម្រើសដ៏ល្អ​ហើយ​ជាការលើកក​ម្ពស់ទៅលើជីវភាពរស់នៅរបស់ពលរដ្ឋ កាលណាបញ្ហាចេះតែ​អូស​បន្លាយ​ ជីវភាព​ប្រជាពលរដ្ឋក៏កាន់តែពិបាកទៅ ហើយអាចឱ្យមានចំណាកស្រុក អាច​ឱ្យ​មាន​កុមារ​ឈប់​រៀន»។

សហគមន៍ឡពាង ស្ថិតនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដែលគ្រប់គ្រងដោយអ្នកស្រី ជា ខេង ភរិយាអតីតរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម តាំងពីឆ្នាំ២០០០។ ជម្លោះដីធ្លីនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាសហគមន៍ចំនួន១០៨គ្រួសារ។ ពលរដ្ឋដែលរងផលប៉ះពាល់បានតវ៉ាទាមទាររកដំណោះស្រាយជាបន្តបន្ទាប់ តែពុំទទួលបានលទ្ធផលឡើយ ហើយពួកគេបានរងបណ្ដឹងពីសំណាក់ក្រុមហ៊ុន KDC ក្រោមបទចោទព្រហ្មទណ្ឌមួយចំនួន។

ប្រជាសហគមន៍ចំនួន៥នាក់គឺ លោក សៀង ហេង លោក ម៉ាង យ៉ាវ លោក គុជ ហុក លោក ស្ងួន ញឿន និងលោក ស្រ៊ុន ផា ត្រូវបានក្រុមហ៊ុន KDC ប្ដឹងដោយចោទថាពួកគេបានប្រើហិង្សាទៅលើភាគីក្រុមហ៊ុន ក្រោយពីពួកគេបានប៉ះទង្គិចគ្នា កាលពីឆ្នាំ២០១៤៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1227}" data-page="1" data-max-pages="1" data-start="1" data-end="1">