អ្នកឃ្លាំមើលចោទសួរពីប្រភពអាវុធដែលត្រូវបានជនបរទេសយកបាញ់គ្នានៅខេត្តព្រះសីហនុ

សង្គម

សមត្ថកិច្ច​ខេត្ត​​ព្រះ​សីហនុកំពុង​បង្ក្រាប​​ករណី​ផ្ទុះ​អាវុធរវាងជន​ជាតិ​ចិន​២ក្រុម នៅភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។ (រូបថត៖ ទំព័រ​ហ្វេស​ប៊ុកស្នងការនគរបាលខេត្តព្រះសីហនុ)

អ្នកឃ្លាំមមើលនៅកម្ពុជា បង្ហាញក្ដីបារម្ភចំពោះបញ្ហាអសន្តិសុខ ដែលបង្កដោយការផ្ទុះអាវុធដាក់គ្នាពីសំណាក់ជនបរទេសនៅកម្ពុជា។ ពួកគេទទូចឱ្យរាជរដ្ឋាភិបាល ចាត់វិធានការម៉ឺងម៉ាត់គ្រប់គ្រងអាវុធឱ្យមានប្រសិទ្ធិភាពនិងត្រូវស្វែងរកប្រភពអាវុធដែលជនសង្ស័យយកមកប្រើដោយខុសច្បាប់ដើម្បីបញ្ចៀសបាតុភាពផ្សេងៗដែលនាំឱ្យខូចខាតចំពោះអាយុជីវិតពលរដ្ឋនិងប៉ះពាល់សន្តិសុខសង្គម។ 

ការលើកឡើងនេះគឺបន្ទាប់ពីមានករណីផ្ទុះអាវុធ រវាងជនជាតិចិនពីរក្រុម នៅភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។ ក្រុមជនជាតិចិនទាំងពីរក្រុមប្រដាប់ដោយកាំភ្លើងវែងខ្លី បានដេញបាញ់កាប់ចាក់កណ្ដាលក្រុងព្រះសីហនុ ហើយរូបភាពនោះត្រូវបានពលរដ្ឋថតបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គម។ 

អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ប្រាប់ប្រជាកា​សែតថា លោកបានតាមដានករណីផ្ទុះអាវុធរវាងក្រុមជនជាតិចិន២ក្រុមនៅខេត្តព្រះសីហនុលើកនេះនិងភ្ញាក់ផ្អើល ព្រោះចំនួនជនសង្ស័យដែលត្រូវបានឃាត់ខ្លួន និងចំនួនអាវុធដែលប្រមូលបានមានចំនួនច្រើន។ 

លោកថា៖ «បើយើងមើលពីចំនួនមនុស្សដែលចាប់បាន អ្នកដែលប្រព្រឹត្តអំពើឧក្រិដ្ឋ អំពើបាញ់បោះហ្នឹង ហើយនិងចំនួនអាវុធដែលប្រមូលបានគឺវាបានន័យថាអាជ្ញាធរក្រុងព្រះសីហនុហ្នឹងគឺមិនមានលទ្ធភាពនៅក្នុងការតាមដានឬក៏ត្រួតត្រាទៅលើកន្លែងដែលរកស៊ីធំៗបែបហ្នឹងទេ»។
លោកបណ្ឌិត មាស នី យល់ថាករណីផ្ទុះអាវុធដោយក្រុមជនជាតិចិននេះទំនងជាប់ពាក់ព័ន្ធនឹងល្បែងអនឡាញ ។ លោកស្នើរដ្ឋាភិបាលកម្ពុជាពិនិត្យឱ្យបានល្អិតល្អន់ ព្រមទាំងធ្វើកំណែទម្រង់ក្នុងការត្រួតពិនិត្យទីតាំងអាជីវកម្មមួយចំនួន ទាំងរបស់ជនជាតិចិន និងជនជាតិផ្សេងៗទៀត។

លោកបន្ថែមថា៖ «ខ្ញុំមើលទៅវាមិនមែនតែមានករណីនៅក្នុងខេត្តព្រះសីហនុមួយទេ។ វាអាចនឹងមាននៅកន្លែងផ្សេងទៀតដែលរដ្ឋាភិបាលគួរតែពិនិត្យមើលរឿងទាំងអស់ហ្នឹង។ ត្រូវធ្វើម៉េចដើម្បីទាញយកអ្នកដែលមានខ្នងធំៗហ្នឹងចេញទៅឱ្យអាជ្ញាធរពាក់ព័ន្ធហ្នឹងគាត់មានឱកាសចូលទៅដើម្បីធ្វើការត្រួតពិនិត្យនៅក្នុងកន្លែងទាំងអស់ហ្នឹង។ មិនអ៊ីចឹងទេដូចគេចោទប្រកាន់យើងថានៅស្រុកយើងជាកន្លែងប្រមូលផ្ដុំអ្នកល្បែងអនឡាញស្អីៗហ្នឹងវានៅតែបន្តមានតទៅទៀត ហើយដែលគេនៅតែរិះគន់តទៅទៀត»។

ចំណែកឯប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត គិន ភា សង្កេតឃើញថា ករណីផ្ទុះអាវុធដាក់គ្នានេះ ជាក្ដីកង្វល់ផ្នែកសន្តិសុខសង្គមនៅកម្ពុជា។ តែយ៉ាងណាលោកថា សមត្ថកិច្ចបានព្យាយាបង្ក្រាបទាន់ពេលវេលា រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានជាង៤០នាក់។

លោកបណ្ឌិត គិន ភា ស្នើអាជ្ញាធរគ្រប់ខេត្តក្រុងយកចិត្តទុកដាក់ចំពោះបញ្ហានេះ ដើម្បីកុំឱ្យបង្កជាការភ័យខ្លាចដល់ពលរដ្ឋ និងចៀសវាងប៉ះពាល់វិស័យផ្សេងៗដែលជាប្រភពចំណូលសេដ្ឋកិច្ចជាតិ។

លោកបន្ថែម៖ «អ៊ីចឹងចំពោះមុខយើងត្រូវពង្រឹងទៅលើសន្តិសុខជាតិរបស់យើង ទៅលើសន្តិសុខសុវត្ថិភាពនៅតាមបណ្ដារាជធានីខេត្តហ្នឹងឱ្យបានហ្មត់ចត់ យកចិត្តទុកដាក់ចៀសវាងបង្កការភ័យខ្លាចទៅដល់ប្រជាពលរដ្ឋផង។ វាជះជារូបភាពអវិជ្ជមានមិនសូវល្អសម្រាប់ប្រទេសយើងក្រោមក្រសែភ្នែកអន្តរជាតិ ជាពិសេសវាអាចប៉ះពាល់ទៅដល់វិស័យទេសចរណ៍ វិនិយោគ និងទស្សនៈមកលើប្រជាជន មកលើប្រទេសខ្មែរយើង»។

លោកបណ្ឌិត គិន ភា ក៏សង្កេតឃើញការគ្រប់គ្រងអាវុធជាតិផ្ទុះនៅកម្ពុជានៅមានចម្លោះដែរ ហើយលោកដាក់ការសង្ស័យថា អាវុធដែលត្រូវបានប្រើប្រាស់ក្នុងការណីបាញ់ប្រហារគ្នានៅខេត្តព្រះសីហនុជាអាវុធពីទីផ្សារងងឹតខុសច្បាប់។

លោកថា៖ «ដូច្នេះការគ្រប់គ្រងអាវុធហ្នឹងគឺត្រូវតែយកចិត្តទុកដាក់ ហើយគួរតែឬក៏ត្រូវតែលុបបំបាត់អាទីផ្សារដែលលក់កាំភ្លើងលក់អាវុធលក់ស័កលក់ឯកសណ្ឋាន អាហ្នឹងខ្ញុំឃើញនៅផ្សារទឹកថ្លា[…]កន្លែងហ្នឹងគឺថាល្មមតែបិទចោលហើយ លក់ឯកសណ្ឋានលក់គ្រាប់កាំភ្លើងលក់អីហ្នឹងហើយអ្នកណានៅពីក្រោយការបើកឱ្យលក់?»។

រីឯប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យង់ គិមអេង បានសរសេរពីការខិតខំបង្ក្រាបករណីផ្ទុះអាវុធនៅខេត្តព្រះសីហនុ តែលោកចង់ឱ្យមានការបង្ការការបាញ់បោះផង ដោយលោកសង្កេតឃើញថាកន្លងមកមានករណីផ្ទុះអាវុធដាក់គ្នាជាច្រើនលើកមកហើយ។

លោកថា៖ «អាជ្ញធរគួរតែមានចំណាត់ការឱ្យបានខ្លាំងក្លាបន្ថែមទៀត មិនគួរទុកឱ្យបញ្ហានេះកើតមានម្ដងហើយម្ដងទៀតដែលជះឥទ្ធិពលមិនល្អសម្រាប់វិស័យទេសចរណ៍ សម្រាប់មុខមាត់របស់កម្ពុជា ក៏ដូចជាឥទ្ធិពលមិនល្អសម្រាប់យុវជនកម្ពុជាដែលអាចនឹងយកគំរូអាចយកតម្រាប់តាម ហើយក៏រឿងអស់នេះគឺជារឿងមួយសំខាន់ដែលគួរតែមានការគិតគូរសម្រាប់ការបង្ការហើយនិងបង្ក្រាបឱ្យខានតែបានកុំឱ្យករណីបែបនេះលេចឡើងជាបន្តទៀតទៅថ្ងៃអនាគត»។

ជាមួយគ្នានេះ អនុប្រធានគណបក្សកម្លាំងជាតិលោក សុខ គឹមសេង មានប្រសាសន៍ថា ករណីផ្ទុះអាវុធដែលបង្កឡើងដោយជនបរទេស ជាពិសេសជនជាតិចិន នៅលើទឹកដីកម្ពុជានេះ មិនមែនជាលើកទីមួយនោះទេ ហើយបញ្ហានេះជាក្ដីកង្វល់របស់ពលរដ្ឋខ្មែរគ្រប់រូប ព្រោះបង្កអសន្តិសុខ។

លោកថា៖ «ប៉ុន្តែអ្វីដែលជាចម្ងល់សួរថាតើកាំភ្លើងទាំងអស់ហ្នឹងពួកគាត់បានមកពីណា? បើកាំភ្លើងធម្មតាទាល់តែនៅក្នុងក្រុមកម្លាំងប្រដាប់អាវុធដែលមានប៉ូលីស មានទាហាន មានប៉េអឹមដែលគាត់មានសមត្ថកិច្ចនៅក្នុងការកាន់អាវុធ។ ចុះជនជាតិចិនដែលគាត់ជាជនបរទេសដែលគាត់មករកស៊ីស្រុកខ្មែរសោះហេតុអីបានគាត់មានកាំភ្លើងកាន់?»។

ករណីនេះ លោក សុខ គឹមសេង ស្នើរដ្ឋាភិបាល ព្រមទាំងក្រសួងមហាផ្ទៃចាត់វិធានច្បាប់ការឱ្យបានតឹងរឹង ចំពោះជនដែលប្រព្រឹត្តខុសច្បាប់ ព្រមទាំងស្នើឱ្យរុករកប្រភពនៃអាវុធដែលក្រុមទាំងនោះប្រើប្រាស់។ លោកបន្ថែមថា៖«និយាយរួម រឿងនេះមិនមែនជារឿងតូចទេ បើសិនជាយើងទុកបណ្ដោយឱ្យតទៅទៀតវាទៅជារឿងធំ។ ដូច្នេះក្នុងនាមខ្ញុំជាអ្នកនយោបាយ ខ្ញុំសុំស្នើយ៉ាងទទូចដល់រាជរដ្ឋាភិបាលជាពិសេសគឺសមត្ថកិច្ចក្រសួងមហាផ្ទៃហ្នឹងគឺត្រូវចាត់វិធានការឱ្យតឹងរឹង ជាពិសេសគឺស្រាវជ្រាវឱ្យឃើញពីប្រភពនៃអាវុធទាំងអស់ហ្នឹងបានមកពីណា?»។

ទោះជាយ៉ាងណាក្ដីសមត្ថកិច្ចខេត្តព្រះសីហនុ បានចុះអន្តរាគមន៍និងបង្ក្រាបករណីផ្ទុះអាវុធនេះដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤៧នាក់ ដែលក្នុងចំណោមនោះមានស្ត្រីចំនួន៥នាក់។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំងនោះមានជនជាតិចិន ៣៥នាក់ ជនជាតិនេប៉ាល់ ៤នាក់ និងខ្មែរចំនួន៨នាក់។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចក៏បានដកហូតបាននូវវត្ថុតាងរួមមាន អាវុធវែង ២ដើម និងអាវុធខ្លី ១១ដើម ព្រមទាំងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។ពីរថ្ងៃបន្ទាប់ពីមានហេតុការណ៍បាញ់បោះគឺនៅថ្ងៃទី១៣ខែកញ្ញា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានទៅខេត្តព្រះសីហនុដើម្បីបើកកិច្ចប្រជុំមួយ ស្តីពីវឌ្ឍនភាពការងារ នៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ ដើម្បីពង្រឹងបញ្ហាសន្តិសុខនៅទីនោះ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1239}" data-page="1" data-max-pages="1" data-start="1" data-end="1">