អ្នកឃ្លាំមើលសង្គមមួយចំនួនក្រើនរំលឹករាជរដ្ឋាភិបាលកម្ពុជាឱ្យថ្លឹងថ្លែងច្បាស់លាស់មុននិងសម្រេចថា ត្រូវចូលរួមឬមិនបដិសេធមិនចូលរួមជាមួយ ក្រុមប្រឹក្សាសន្តិភាពដែលបង្កើតឡើងដោយ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ។
តាមរយៈលិខិតរបស់សេតវិមានសហរដ្ឋអាមេរិកចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា កម្ពុជាអាចពិបាកសម្រេចចិត្តចូលរួមក្រុមប្រឹក្សាសន្តិភាព ដែលបង្កើតឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ព្រោះថា ក្រុមប្រឹក្សានេះក្រោមឥទ្ធិពល នយោបាយអាមេរិក ហើយកម្ពុជាត្រូវពិចារណាថា បើចូលរួមជាមួយអាមេរិក អាចឱ្យចិនសប្បាយចិត្តឬទេ។
លោកថា៖ «ខ្ញុំគិតថាកម្ពុជាមានជម្រើសតិចណាស់ក្នុងស្ថានភាពបច្ចុប្បន្ននេះ រឿងសំខាន់គួរតែទៅ ឬគួតែអត់? សម្រាប់ខ្ញុំបើសិនជាយើងត្រូវចូល យើងត្រូវគិតអំពីការរក្សានូវតុល្យភាពទស្សនៈរវាងចិន ហើយនិងអាមេរិក ដែលកម្ពុជាកំពុងតែប្រឈមក្នុងភាពមិនច្បាស់លាស់ថាតើត្រូវចាប់ខាងណាច្បាស់លាស់ទើបត្រឹមត្រូវ»។
មួយវិញទៀត លោកបណ្ឌិតមានប្រសាសន៍ថា ការដែលកម្ពុជាសម្រេចចូលរួម ឬមិនចូលនោះក៏ អាស្រ័យលើផលចំណេញដែលបានពីសមាជិកភាពក្រុមប្រឹក្សានេះដែរ ថាតើវាអាចជួយកម្ពុជាដោះស្រាយបញ្ហាជម្លោះកម្ពុជា-ថៃកម្រិតណា។
រីឯអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ ក្រើនរំលឹករាជរដ្ឋាភិបាលកម្ពុជាឱ្យពិចារណាឱ្យច្បាស់លាស់លើការរក្សាលំនឹងភូមិសាស្ត្រនយោបាយ និងកត្តាមួយចំនួនទៀត លើការសម្រេចចិត្តថា ចូលរួម ឬមិនចូលរួមក្រុមប្រឹក្សាសន្តិភាពរបស់អាមេរិកនេះ។
លោកថា៖ «យើងគួរតែបានកត់សម្គាល់ថា ពិភពលោកបច្ចុប្បន្ន គឺជាពិភពលោកនៃពហុប៉ូល មានន័យថាគឺមិនអាចកម្ពុជាឈរនៅចំណុចណាមួយ ជារបស់អ្នកណាមួយ ឬរបស់មហាអំណាចណាមួយផ្ដាច់មុខបានទេ ហើយមហាអំណាចដូចគ្នាដែរ ក៏មិនមែនគាំទ្រនរណាមួយផ្ដាច់មុខផងដែរ។ អ៊ីចឹងកន្លែងនេះយើងត្រូវសិក្សាយ៉ាងល្អិតល្អន់នៅក្នុងជ្រុងភូមិសាស្ត្រនយោបាយ ដើម្បីឆ្លើយតបដោយប្រយ័ត្នប្រយែង ពីព្រោះវាជះឥទ្ធិពលធ្ងន់ធ្ងរទៅដល់ការប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាចក៏ដូចជារបស់អន្តរជាតិទាំងមូល»។
ចំណែកឯទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន គាំទ្រឱ្យកម្ពុជាចូលរួមក្រុមប្រឹក្សាសន្តិភាព ព្រោះវាផ្ដល់ប្រយោជន៍សម្រាប់កម្ពុជាការពារទឹកដីខ្លួន។ តែយ៉ាងណាលោកថា ការចូលរួមឬមិនចូលរួមក្រុមប្រឹក្សានេះ ក៏អាស្រ័យលើលទ្ធភាពកម្ពុជាដែរ ព្រោះអាមេរិកតម្រូវឱ្យប្រទេសចូលរួមទាំងអស់បង់វិភាគទានចំនួន១ពាន់លានដុល្លារសហរដ្ឋមេរិក។
លោកថា៖ «បើកម្ពុជាយើងមានលទ្ធភាពការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព វាជារឿងមួយល្អប្រសើរក្នុងការការពារនូវដែនអធិបតេយ្យបូរណភាពទឹកដីនៃកម្ពុជាយើង ជៀសវាងបរទេស ឬប្រទេសជិតខាងរំលោភបំពាន»។
ជុំវិញរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពជាលោក ប៉ែន បូណា មិនទាន់អាចបញ្ជាក់បានទេថារាជរដ្ឋាភិបាលកម្ពុជាសម្រេចថាចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពនេះឬអត់ឬក៏មានចំណាត់ការយ៉ាងណានៅឡើយទេ។ លោកគ្រាន់តែប្រាប់ប្រជាកាសែតនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ដោយខ្លីថា៖ «បើមានការសម្រេចយ៉ាងណានឹងជូនដំណឹង»។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានផ្ដួចផ្ដើមនូវគម្រោងមួយឡើងបញ្ចប់សង្គ្រាមនៅហ្គាសា។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានឯកភាពនូវគម្រោងនេះ ហើយកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិកលោកបានចុះហត្ថលេខាបង្កើត «ក្រុមប្រឹក្សាសន្តិភាព» ឡើងជាផ្លូវការ។
ក្រុមប្រឹក្សាសន្តិភាព គឺជាអង្គការអន្តរជាតិមួយដែលលើកកម្ពស់ស្ថិរភាព ស្តារអភិបាលកិច្ច និងធានាបាននូវសន្តិភាពយូរអង្វែងនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ឬគំរាមកំហែងដោយជម្លោះ។
លោក ត្រាំ បានអញ្ជើញប្រទេសជាច្រើនឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាពនេះរួមមានអេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អេហ្ស៉ីប កាតា ឥណ្ឌូណេស៊ី វៀតណាម និងប្រទេសកម្ពុជាជាដើម៕







