មេធាវី និងអ្នកការពារសិទ្ធិមនុស្សស្នើតុលាការពន្លឿនរឿងក្ដីសកម្មជន២៣តុលាបន្ទាប់ពីតុលាការបានឃុំខ្លួនពួកគេអស់រយៈពេល១៨ខែមកហើយ។
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការលើសំណុំរឿងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា លោក សាន សិទ្ធ លោក សាន អឿន លោក គឹម វឿន អ្នកស្រី ពៅ លីតា និងលោក ធែល ធីលែន ដែលជាប់ចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
សហមេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក អែម ចន្ថា បានប្រាប់ប្រជាកាសែតថា នៅក្នុងសវនាការមានការឆ្លើយបំភ្លឺពីជនជាប់ចោទ ឆ្លើយបំភ្លឺពីសាក្សីដោះបន្ទុកលោក ស្រ៊ុន ស្រ៊ន ការចាក់វីដេអូអង្គហេតុរបស់ក្រុមសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារី និងភស្តុតាង កោសល្យវិច័យចេញពីទូរស័ព្ទជនជាប់ចោទជាដើម។ លោកមេធាវី អែម ចន្ថា មានប្រសាសន៍ថាការឃុំខ្លួនកូនក្ដីរបស់លោករហូតដល់១៨ខែ បានធ្វើឱ្យប៉ះពាល់ដល់គោលការណ៍សន្មត់ទុកជាមុនថាគ្មានទោស ។
លោកថា៖ «មកទល់ថ្ងៃនេះ កូនក្ដីយើងខ្ញុំហ្នឹងបានឃុំខ្លួន១៨ខែហើយៗនៅក្នុងអង្គហេតុជាបទល្មើសដែលចោទប្រកាន់នេះតាមមាត្រា៤៩៤ហើយការដាក់ទោសពិន័យតាមមាត្រា៤៩៥នេះ វាជាបទមជ្ឈឹមដែលមានទោសពី៦ខែ ដល់២ឆ្នាំ។ ដូច្នេះការឃុំខ្លួន ហើយក៏ដោយសារសវនាការមានការអូសបន្លាយពេលវែងស្មុគស្មាញ មានការពន្យារពេលហើយផ្សេងៗហ្នឹង វាអាចធ្វើឱ្យប៉ះពាល់ ។ អ៊ីចឹងបានមេធាវីកំពុងតែសំណូមពរធ្វើម៉េចឱ្យបានលឿន វាប៉ះពាល់ដល់ការសន្មត់ទុកជាមុនថាគ្មានទោស គោលការណ៍សន្មត់ទុកជាមុនថាគ្មានទោស ព្រោះឃុំខ្លួនជិតគ្រប់ទោសអតិបរមាហើយ»។
ភរិយាលោក សាន សិទ្ធ គឺអ្នកស្រី ស្វាយ ពៅ បានប្រាប់ថា ការបន្តឃុំខ្លួនស្វាមីគាត់បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារផង និងប៉ះពាល់ដល់សិទ្ធិជនជាប់ចោទផង។
ចំពោះបញ្ហានេះ អ្នកស្រី ស្វាយ ពៅ ស្នើសុំតុលាការពន្លឿននីតីវិធី និងកាត់ក្ដីពួគគាត់ឱ្យបានត្រឹមត្រូវតាមច្បាប់ និងដោយយុត្តិធម៌។
អ្នកស្រីថា៖ «សុំឱ្យតុលាការកាត់ក្ដី និងពន្លឿនការកាត់ក្ដីហ្នឹងឱ្យលឿនបន្តិចទៅ ព្រោះអីម្នាក់ៗនៅខាងក្រៅនេះលំបាកណាស់ បូកជាមួយឥឡូវប្រទេសជាតិយើងកំពុងតែមានភាពវឹកវរជាមួយអ្នកជិតខាង ផង[…]សុំឱ្យតុលាការហ្នឹង កាត់ក្ដីដោយយុត្តិធម៌ ត្រឹមត្រូវ សុក្រឹតទៅតាមច្បាប់ បើសិនជាពួកគាត់ថាការបញ្ចេញមតិហ្នឹងខុស ហើយខុសហ្នឹងខុសទៅលើអី? ខុសទៅលើច្បាប់ក៏សុំឱ្យពួកគាត់យកច្បាប់មកផ្ទៀងផ្ទាត់[…]កុំទុកពួកគាត់អ៊ីចឹងអូសបន្លាយអ៊ីចឹងវាខាតពេលវេលានិងបិទសិទ្ធិសេរីភាពពួកគាត់ផង»។
បងស្រីកញ្ញា ភឹង សោភា គឺកញ្ញា ភឹង សោភ័ណ បានកត់សម្គាល់ថា ការបំភ្លឺរបស់សាក្សីទាំងអស់ក្នុងសវនាការព្រឹកមិញនេះ មានសាក្សីជាជនមានពិការភាពផ្នែកភ្នែក ដែលបង្ហាញជូនតុលាការពីគោលជំហរ និងពីចេតនាល្អរបស់សកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីស ទាំងការផ្សាយច្បាប់ ការងារសង្គមជួយជនមានពិការភាព និងអ្នកក្រីក្រដទៃទៀត។
កញ្ញា ភឹង សោភ័ណ បន្តថា ការឃុំខ្លួនសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីសបានប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពគ្រួសារពួកគេ ព្រោះអ្នកទាំងនោះសុទ្ធតែជាមេគ្រួសារ និងមានកូនតូចៗក្នុងបន្ទុក ហើយការឃុំខ្លួនក៏ប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារពួកគេផងដែរ។
កញ្ញាថា៖ «ដោយការឃុំខ្លួននេះរហូតដល់ជិត ១៨ខែ ខ្ញុំចង់ឱ្យពួកគាត់មានសេរីភាពដើម្បីបន្តជួយការងារជាតិ អប់រំផ្សព្វផ្សាយច្បាប់ទាំងការងារមនុស្សធម៌ ជាពិសេសប្អូនៗដែលមានពិការភាពកំពុងមានតម្រូវការផ្នែកអប់រំ និងមានជីវភាពខ្វះខាត[…]ខ្ញុំសំណូមពរតុលាការ ពិចារណាលើអ្វីដែលគាត់បានធ្វើកន្លងមក ក៏ដូចជាការបំភ្លឺរបស់សាក្សី គ្មានចេតនាណាមួយញុះញង់ មានតែប្រឹងរៀនច្បាប់ចែករំលែកច្បាប់ដើម្បីក្លាយជាពលរដ្ឋសក»។
ជុំវិញករណីនេះ មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOD) លោក គឹម ពិសិដ្ឋ បារម្ភថាការបន្តឃុំខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែលឈានដល់១៨ខែហើយនោះអាចនឹងប៉ះពាល់ដល់សិទ្ធិសេរីភាព និងការផ្ដល់យុត្តិធម៌ដល់ពួកគេ។
លោកថា៖ «តុលាការគួរតែពន្លឿននីតីវិធីឱ្យបានលឿនតាមតែអាចធ្វើបាន ពីព្រោះយើងឃើញថា ស្ថានទោសនៃបទល្មើសដែលកំពុងតែជាប់ចោទទៅលើគាត់ហ្នឹងមានតែ២ឆ្នាំទេ ឬ២៤ខែ ប៉ុន្តែជនជាប់ចោទហ្នឹងគាត់បានស្ថិតនៅក្នុងឃុំនេះ១៨ខែហើយ អ៊ីចឹងយ៉ាងណាគួរតែពន្លឿនដើម្បីឱ្យនីតិវិធីចប់សព្វគ្រាប់ដើម្បីឱ្យជនជាប់ចោទដែលកំពុងនៅក្នុងឃុំ»។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនលោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ក្រោយពីពួកគាត់លើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ នៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV តាមរយៈវីដេអូលើបញ្ដាញសង្គម។
សុំណុំរឿងក្រោមចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទាក់ទងនឹងការអធិប្បាយនានាពី CLV មានអ្នកពាក់ព័ន្ធសរុបចំនួន ៣៧នាក់កាលពីដំបូង តែក្រោយមកសំណុំរឿងនេះត្រូវបានតុលាការបំបែកជា៥ សំណុំរឿង ហើយក្រោយមកទៀតបានបំបែកជាចេញជា ៣សំណុំរឿងទៀត ដោយក្នុងសំណុំរឿងទី១មានលោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ។ ទី២ មានអ្នកស្រី សែម សុផល និងអ្នកស្រី ញិប សារ៉ុម។ និងសំណុំរឿងទី៣ មានលោក គឹម វឿន លោក សាន អឿន និងអ្នកស្រី ពៅ លីតា៕







