នគរបាលប្រកាសនឹងចាប់ផ្ដើមផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ចាប់ពីខែកុម្ភៈនេះ

សង្គម

គោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោគ។ (រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

អគ្គស្នងការដ្ឋននគរបាលជាតិប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញឬបានន័យថា ចាប់ផ្ដើមផាកពិន័យអ្នកល្មើសច្បាប់ចរណ៍ ចាប់ពីខែកុម្ភៈឆ្នាំ២០២៦ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រោយពីផ្អាកផាកពិន័យតាំងពីខែកក្កដា ឆ្នាំ២០២៥។

តាមរយៈសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គស្នងការដ្ឋននគរបាលជាតិនៃក្រសួងមហាផ្ទៃ បញ្ជាក់ថា នគរបាលនឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីខែកុម្ភៈឆ្នាំ២០២៦ ក្រោយពីសង្កេតឃើញមានគ្រោះថ្នាក់ចរាចរណ៍​កើនឡើង ពេលអាជ្ញាធរបន្ធូរបន្ថយនូវការអនុវត្តច្បាប់ចរាចរណ៍ឬផ្អាកផាកពិន័យអ្នកល្មើសច្បាប់ប៉ុន្មានខែរួចមក។

សេចក្ដីប្រកាសព័ត៌មាន៖ «អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមធ្វើឱ្យដងផ្លូវ អ្នកបើកបរ និងអ្នកធ្វើដំណើរតាមផ្លូវគោកកាន់តែមានសុវត្ថិភាពនិងសណ្ដាប់ល្អនៅគ្រប់ទីកន្លែង ជំរុញឱ្យសាធារណជន មានការយល់ដឹងអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ឱ្យកាន់តែល្អប្រសើរឡើង និងការជួយកាត់បន្ថយចំនួន គ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករបួស ការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជនឱ្យបាន ជាអតិបរមា។ ក្នុងន័យខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីខែកុម្ភៈឆ្នាំ២០២៦នេះតទៅ»។

អគ្គស្នងការនគរបាលជាតិ ប្រកាសអនុវត្តច្បាប់ច្បាប់ឡើងវិញនេះដោយផ្អែកលើរបាយការណ៍របស់ខ្លួនដែលបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍កើនឡើង។ របាយការណ៍នោះលើកឡើងថា ចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើង៣៤លើក ស្មើ៣ភាគរយ ដែលក្នុងនោះអ្នកស្លាប់កើន៦២នាក់ ស្មើ១០ភាគរយ ហើយអ្នករបួសបានកើន២០៩នាក់ ស្មើ១៥ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ បន្ថែមពីនេះ ក្នុងខែមករា ឆ្នាំ២០២៦ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើន៤២លើក ស្មើ១៩​ភាគរយ ក្នុងនោះមានអ្នកស្លាប់កើន២៥នាក់ ស្មើ១៨ភាគរយ និងអ្នករបួសកើន៦៤នាក់ ស្មើ២៣ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០២៥។

តាមរយៈហ្វេប៊ុកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា(Cambodian Institute for Democracy) ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោកបណ្ឌិត ប៉ា ចន្ទរឿន គាំទ្រចំពោះការដែលអគ្គស្នងការដ្ឋននគរបាលជាតិប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈឆ្នាំ២០២៦ ព្រោះវាជាពង្រឹងសណ្តាប់ធ្នាប់និងសុវត្ថិភាពនៅលើដងផ្លូវ។ 

តែយ៉ាងណាលោកបណ្ឌិតយល់ថា ច្បាប់ដែលមានប្រសិទ្ធភាព មិនមែនស្ថិតលើទម្ងន់នៃទណ្ឌកម្មឡើយ ប៉ុន្តែស្ថិតលើភាពជឿជាក់នៃប្រព័ន្ធអនុវត្ត ដោយលោកសង្កេតឃើញថាកន្លងមកការអនុវត្តច្បាប់ចរាចរណ៍ និងការបង្កើនប្រាក់ពិន័យ បានរងនូវការរិះគន់ធ្ងន់ធ្ងរពីពលរដ្ឋ។ តែប្រតិកម្មអវិជ្ជមានរបស់ពលរដ្ឋមួយចំនួនមិនមែនមានន័យថា ពួកគេមិនចង់គោរពច្បាប់នោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីអវត្តមាននៃទំនុកចិត្ត(Trust Deficit)។

លោកបន្ថែមថា៖ «បើតាមទស្សនៈនៃភាពជាអ្នកដឹកនាំបែបបន្ស៊ាំ (Adaptive Leadership) ប្រសិនបើសម្ពាធនៃការពិន័យខ្ពស់ពេក ក្នុងពេលដែលទំនុកចិត្តលើមន្ត្រីអនុវត្តច្បាប់នៅមានកម្រិត វានឹងបង្កើតឱ្យមានហានិភ័យពីរ៖ ការផ្ទុះកំហឹងសង្គម៖ ពលរដ្ឋមានអារម្មណ៍ថាពួកគេត្រូវបាន «ជម្រិតទារប្រាក់» ច្រើនជាងការ «ការពារសុវត្ថិភាព»។ ឥរិយាបថគេចវេស៖ មនុស្សនឹងរកវិធីគេចពីភ្នែកប៉ូលីស ជាជាងការផ្លាស់ប្តូរឥរិយាបថដើម្បីសុវត្ថិភាព»។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជារូបនេះថា ដើម្បីស្តារទំនុកចិត្តពីពលរដ្ឋ រដ្ឋាភិបាលត្រូវហ៊ានទទួលស្គាល់នូវចំណុចខ្វះខាតឬចន្លោះប្រហោង នៃប្រព័ន្ធបច្ចុប្បន្នរួមមាន ការអនុវត្តច្បាប់ដែលមានលក្ខណៈ «ឆាបឆេះដូចចំបើង» និងរូបភាព «ស្ដង់ដារពីរ» ចំពោះការអនុវត្តច្បាប់ ព្រមទាំងបញ្ហាចន្លោះប្រហោងបច្ចេកទេស ភាពមិនច្បាស់លាស់នៃចំណូល និងកង្វះតម្លាភាពនៃប្រាក់ពិន័យជាដើម។

លោកបណ្ឌិត ប៉ា ចន្ទរឿន៖ «ខ្ញុំសូមស្នើឱ្យរដ្ឋាភិបាលពិចារណាលើការផ្លាស់ប្តូរយុទ្ធសាស្ត្រពី «ការបំភ័យ»មកជា «ការបណ្តុះមនសិការ» តាមរយៈ៖ ការអប់រំពី «តម្លៃជីវិត» ជាជាង «ប្រាក់កាស»៖ ប្តូរខ្លឹមសារអប់រំពី «ផាកអស់លុយ» មកជា «គ្រោះថ្នាក់ដែលបំផ្លាញអនាគតកូនចៅ»។ ការគោរពច្បាប់ត្រូវតែជាកាតព្វកិច្ចចំពោះមនុស្សដែលយើងស្រឡាញ់។ យន្តការលើកទឹកចិត្តអ្នកបើកបរល្អ (Positive Reinforcement)៖ បង្កើតប្រព័ន្ធពិន្ទុសីលធម៌ ដើម្បីផ្តល់រង្វាន់ដល់អ្នកដែលមិនដែលល្មើសច្បាប់ (ដូចជាការបញ្ចុះតម្លៃពន្ធយានយន្ត)។ ការធ្វើត្រូវ ត្រូវតែមាន «តម្លៃ» និងទទួលបានការលើកទឹកចិត្ត»។

លោកបន្ថែមថា៖ «ផ្លាស់ប្តូរពី «ភ្នែកប៉ូលីស» ទៅជា «ភ្នែកទិព្វ» (Digital Accountability)៖ ពង្រឹងការប្រើប្រាស់កាមេរ៉ា AI និងប្រព័ន្ធឌីជីថលដើម្បីកាត់បន្ថយអន្តរកម្មផ្ទាល់រវាងមន្ត្រី និងពលរដ្ឋ។ កាមេរ៉ាមិនចេះយោគយល់ និងមិនចេះស៊ីសំណូក ដែលនឹងធ្វើឱ្យច្បាប់ក្លាយជា «ស្តង់ដាររួម» សម្រាប់គ្រប់គ្នា។ បង្កើត «យុត្តិធម៌ដែលមើលឃើញនឹងភ្នែក» (Visible Justice)៖ រដ្ឋត្រូវបង្ហាញឱ្យឃើញនូវការផាកពិន័យលើរថយន្តមន្ត្រី ឬអ្នកមានអំណាចដែលល្មើសច្បាប់។ «ច្បាប់មួយ ស្ដង់ដារមួយ» គឺជាថ្នាំព្យាបាលជំងឺកំហឹងសង្គមដ៏មានប្រសិទ្ធភាពបំផុត»។

កន្លងមកធ្លាប់មានករណីដែលស្នងការនគរបាលរាជធានីភ្នំពេញកោះហៅមន្ដ្រីនគរបាលចរាចរណ៍ទៅសួរនាំដោយសារការអនុវត្តន៍ច្បាប់ចរាចរណ៍របស់មន្ត្រីទាំងនោះដែលនាំឱ្យមានការរិះគន់ពីសាធារណៈជន។ 

កាលពីខែកក្កដា ឆ្នាំ២០២៥ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានបញ្ជាឱ្យកោះហៅមន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីកិច្ចសន្យា សរុបចំនួន៩នាក់ ទៅសួរនាំ ពាក់ព័ន្ធនឹងការឃាត់រថយន្ដជនជាតិឥណ្ឌូនេស៊ី នៅគោលដៅស្ដុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលនាំឱ្យមានការិះគន់នៅតាមបណ្ដាញសង្គម។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ថានេះជាតួនាទីរបស់ប៉ូលីសក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយការអប់រំណែនាំពលរដ្ឋ ឬផាកពិន័យជាដើម ហើយវាជាការចាំបាច់ដើម្បីការពារអាយុជីវិតពលរដ្ឋ។

លោកបន្ថែមថា៖ «ប៉ុន្តែធ្វើយ៉ាងណាក៏ដោយគឺមន្ត្រីប៉ូលីសចរាចរណ៍គឺត្រូវតែអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ មិនត្រូវឆ្លៀតឱកាសដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬក៏បង្កឱ្យមានការខឹងសម្បារ ការមិនសប្បាយចិត្តពីពលរដ្ឋនោះទេ។ ហើយយើងគួរតែមានជាបែបបទនៅក្នុងការអនុវត្តន៍ឱ្យបានត្រឹមត្រូវដែរ ហើយពេលខ្លះកុំទៅបង្ហាញរូបភាពទៅឈ្លោះទៅប្រកែកជាមួយប្រជាពលរដ្ឋ»។

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ផ្អាកអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជា បន្ទាប់ពីមានជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ក្រោយមកចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រសួងមហាផ្ទៃបានសម្រេចដាក់ឱ្យត្រួតពិនិត្យនូវការអនុវត្តច្បាប់ចរាចរណ៍តាមគោលដៅនានា តែមិនឱ្យផាកពិន័យនោះទេ ក្រោយពីសង្កេតឃើញថាចាប់ពីថ្ងៃទី២៥ សីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ កញ្ញា ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងដល់ ៦៣លើក ស្មើនឹង ១៧ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1319}" data-page="1" data-max-pages="1" data-start="1" data-end="1">