កុមារជាក្រុមងាយរងគ្រោះខ្លាំងជាងគេ ក្នុងចំណោមអ្នកភៀសសឹកនិងអ្នករស់នៅតាមព្រំដែនខ្មែរថៃ

សង្គម

អង្គការសង្គមស៊ីវិល១៥អង្គការ បានធ្វើការវាយតម្លៃរហ័សលើកទី២ ដើម្បីកត់ត្រា និងវិភាគផលប៉ះពាល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ ទៅលើជនស៊ីវិលដោយរកឃើញថា កុមារជាក្រុមមនុស្សងាយរងគ្រោះជាងគេ ជាពិសេសជួបឧបសគ្គលើការសិក្សារៀនសូត្រ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលទាំងនោះ ជំរុញឲ្យមានការឆ្លើយតប និងដំណោះស្រាយបន្ទាន់ដើម្បីឱ្យជួយកុមារភៀសសឹកនិងកុមាររស់នៅតាមព្រំដែនខ្មែរថៃឱ្យ ទទួលបានការអប់រំប្រកដោយគុណភាព។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នារបស់អង្គការសង្គមស៊ីវិលកម្ពុជា ស្តីពី «ស្តីពីការវាយតម្លៃរហ័សរួមគ្នាលើកទីពីរស្តីពីផលប៉ះ ពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងសកម្មភាពរួមគ្នាបន្ទាប់» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

នាយកប្រតិបត្តិ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) លោក រស់ សុដ្ឋា បានឱ្យដឹងថា ការវាយតម្លៃរហ័សលើកទី២នេះ មានគោលបំណងកត់ត្រា និងវិភាគផលប៉ះពាល់ពីជម្លោះព្រំដែន ទៅលើជនស៊ីវិល សុខភាព បរិស្ថាន វប្បធម៌ និងអធិបតេយ្យភាពកម្ពុជា ដើម្បីគាំទ្រដល់ការឆ្លើយតបផ្នែកមនុស្សធម៌ និងការតស៊ូមតិ។ លោកបន្តថា ក្នុងដំណើរការវាយតម្លៃ ក្រុមការងារបានសង្កេតឃើញថា កុមារជាក្រុមដែលរងផលប៉ះពាល់គួរឱ្យព្រួយបារម្ភ ជាពិសេសមានការរំខានដល់ការសិក្សា ការចូលរៀនមិនទៀងទាត់ និងបញ្ហាសុវត្ថិភាពក្នុងបរិយាកាសរស់នៅប្រចាំថ្ងៃ។

លោក លើកឡើងថា ៖«បើយើងនិយាយពីស្ថានភាពកុមារគឺប៉ះពាល់ខ្លាំងក្លាដែរ ទីមួយគឺបញ្ហា ការបាត់បង់នៅសាលារៀនម៉ាលើសាលារៀនមួយចំនួនត្រូវធ្វើដោយតង់សាលារៀនដូចនៅ ដូងប្រាសាទតាក្របីហ្នឹងគឺថាត្រូវខូចទាំងស្រុងទៅធ្វើថ្មីឲ្យខូចទៀតអ៊ីចឹងទៅរដ្ឋាភិបាលអាជ្ញាធរក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាលរួមគ្នាធ្វើសាលាអំពីតង់ធ្វើឡើងពីតាមបណ្ដា យើងទៅ គាត់ខ្វះសាលារៀនបានសមរម្យពាក់ព័ន្ធនឹង អាកាសធាតុថាសុខភាពរបស់ពួកគាត់ឲ្យប៉ះពាល់អារម្មណ៍ក្នុងការសិក្សាអស់ការផ្ដោតទៅលើការសិក្សាបានល្អប្រសើរដែរ»។

លោកបានបញ្ជាក់ថា កុមារនៅតំបន់រងផលប៉ះពាល់កំពុងប្រឈមបញ្ហាផាសុខភាព និងបរិយាកាសសិក្សាមិនសមរម្យ ដោយសារកន្លែងស្នាក់នៅ និងទីតាំងរៀនបណ្តោះអាសន្នមានភាពតូចចង្អៀត ក្តៅ និងរំខាន ដែលប៉ះពាល់ដល់សុខភាព និងការសិក្សា។ ព្រមជាមួយនេះ កុមារជាច្រើនក៏រងផលប៉ះពាល់ផ្លូវចិត្តពីភាពភ័យខ្លាច និងអារម្មណ៍អវិជ្ជមាន ដែលត្រូវការការគាំទ្របន្ទាន់។

លោកលើកឡើងថា ៖ «ចំពោះតម្រូវការកុមារនេះគឺថាអ្វីដែលត្រូវដោះស្រាយបន្ទាន់នោះគឺធ្វើម៉េចបង្កើននូវ ការអប់រំរបស់ពួកគាត់អាចយល់ឃើញថាកន្លងមករដ្ឋាភិបាលបានធ្វើបានតាមសំណូមពររបស់សង្គមជាតិហើយគឺបង្កើតនូវសាលាបណ្ដោះអាសន្ន។ ប៉ុន្ដែយើងត្រូវធ្វើម៉េចឲ្យបង្កើនគុណភាពទាំងអស់ហ្នឹងនៅក្នុងតង់ទៀតណា ការរក្សាឲ្យមានអាកាសធាតុសមរម្យ ធានាឲ្យបានសិក្សារៀនសូត្រគ្រប់ម៉ោងព្រោះពេលវេលាហើយនិងមានអាហារូបត្ថម្ភបន្ថែមនៅក្នុងពេលសិក្សា ការងារនេះគឺអាចសម្រេចបានដោយយើង មានការសម្រុះសម្រួលយ៉ាងទៀងទាត់ជាមួយនឹងស្ថាប័នផ្សេងប្រទេសដែលមានក្រសួងអប់រំនិងអង្គការកុមារនានាបាន ដើម្បីស្វែងយល់ពីតម្រូវការនិងផ្តល់នូវ ឆ្លើយតបតាមតម្រូវការពួកគាត់ថាឥឡូវនេះគឺខ្ញុំគិតថាយើងអាច ជួយកុមារឲ្យបានល្អប្រសើរ ក្នុងការសិក្សាក៏ដូចជាសុខភាព ដោយការពេញចិត្តដោយការយកចិត្តទុកដាក់»។

ប្រធានវេទិកា មនុស្សធម៌កម្ពុជា (CHF) លោក ស្រី កុសល បានលើកឡើងថា ស្ថានភាពតានតឹងនៅតំបន់ព្រំដែនបច្ចុប្បន្ននេះ បានធ្វើឲ្យឪពុកម្តាយជាច្រើនមិនហ៊ានឲ្យកុមារតូចៗទៅសាលារៀន ដោយសារភ័យខ្លាចហានិភ័យសុវត្ថិភាព និងស្ថានការណ៍អាសន្នអាចកើតឡើងភ្លាមៗ។ លោកលើកឡើថាកុមារអាយុតិចមិនអាចការពារខ្លួន ឬរត់គេចបានលឿន ដូចកុមារធំៗ ទើបមាតាបិតាជ្រើសយកទៅជាមួយនៅចម្ការ។

លោកនិយាយថា៖ «ទាក់ទងទៅនឹងការអប់រំក្មេងតូចៗអត់ហ៊ានឲ្យទៅរៀនទេ ឲ្យតែអាធំទេម៉េចៗវាជិះកង់ ជិះម៉ូតូវារត់ទៅសាលាវិញបាន ប៉ុន្តែអាតូចៗដែលម៉ែ ឪឌុបទៅបើមានបញ្ហាម៉ាប៉ែវ សាលានៅ៥០០ម៉ែត្រពីព្រំដែននឹង ដូចភ្នំព្រឹក ដូចសំពៅលូន ដូចម៉ាលៃអីស្រែកហៅគ្នាលឺទេ ពួកគាត់មិនហ៊ានឲ្យកូនពួកគាត់ទៅរៀនទេ។ មេឃុំគាត់ថា ទៅរៀនបានតែ ៦០ទៅ ៧០ភាគរយ ចុះ៣០ទៀត ៣០ទៀតនឹងម៉ែឪ គេអត់ឲ្យទៅរៀនទេព្រោះពួកវាតូចពេកខ្លាចមានបញ្ហាទៅ យកមិនទាន់។

លោកស្រីកុសលបានលើកឡើងថា ដំណោះស្រាយមួយក្នុងការកែលម្អការសិក្សារបស់កុមារតូចនៅតំបន់ព្រំដែន គឺការសាងសង់សាលាថ្មី ឬពង្រីកសាលាដែលមានសមត្ថភាពចាប់ពីថ្នាក់មត្តេយ្យសិក្សាមក ដើម្បីឲ្យកុមាររស់នៅជិតសាលា និងឆ្ងាយពីព្រំដែន។ ប៉ុន្តែលោកមានការព្រួយបារម្មណ៍ថា វិធានការបែបនេះ ត្រូវការពេលវេលាក្នុងការអនុវត្តនៅតំបន់នេះបញ្ហាព្រំដែន និងគ្មានថវិការពេញសម្រាប់សាងសង់សាលាថ្មី។

ការវាយតម្លៃរបស់ អង្គការសង្គមស៊ីវិលត្រូវបានអនុវត្តរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅខេត្តរងផលប៉ះពាល់ចំនួន៦ រួមមាន កោះកុង ពោធិ៍សាត់ បាត់តំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ហើយបានរកឃើញបញ្ហាប៉ះពាល់ទាក់ទងនឹងសុវត្ថិភាពជនស៊ីវិល ជីវភាពរស់នៅ សុខភាព បរិស្ថាន និងការចូលប្រើសេវាមូលដ្ឋាន។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បាននិយាយថា ពលរដ្ឋភៀសសឹកដែលស្នាក់នៅមណ្ឌលសុវត្ថិភាព ត្រូវបានរាជរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់ទាំងស្រុង រួមមាន ទំនុកចិត្តសុវត្ថិភាព តង់សម្រាប់ស្នាក់នៅ អាហារ និងទឹកស្អាត សេវាសុខាភិបាល បន្ទប់ទឹក និងបង្គន់។

លោកបន្តថាកន្លែងជនភាសសឹកក៏មានសេវាអប់រំសម្រាប់កុមារ ថ្នាក់រៀនបណ្តោះអាសន្ន និងកម្មវិធីអប់រំផ្លូវចិត្តសម្រាប់មនុស្សវ័យចាស់។ បណ្តាបន្លែក្នុងមណ្ឌលក៏ត្រូវបានរៀបចំឲ្យពលរដ្ឋដាំសម្រាប់ប្រើប្រាស់ផ្ទាល់ក្នុងមណ្ឌលផងដែរ។

លោកបន្ថែមថា រាជរដ្ឋាភិបាលកំពុងអនុវត្តវិធានការសំខាន់សម្រាប់ជនភៀសសឹក៖ សម្របសម្រួលការវិលត្រឡប់ទៅលំនៅឋានវិញ ស្ថានភាពសុវត្ថិភាពត្រូវបានធានា និងរៀបចំជម្រកបណ្តោះអាសន្នសម្រាប់អ្នកមិនទាន់ អាចត្រឡប់បាន ដើម្បីធានាជីវភាពប្រចាំថ្ងៃ និងការគាំទ្រផ្នែកសុខភាព និងហេដ្ឋារចនាសម្ព័ន្ធ។

លោកនិយាយថា៖ «ទី៣-ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈដែលបានរងការខូចខាត៖មានជាអាទិ៍សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្តែង»។

ក្រសួងមហាផ្ទៃ ថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ២០២៦ ផ្សាយថា មានពលរដ្ឋភៀសសឹក៦.២២១នាក់បន្ថែមទៀត បានបន្ត វិលត្រឡប់ទៅ លំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀស សឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៥ម៉ឺននាក់ ឬ ជិត៨៥% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ ខណៈមាន ដែលនៅសល់ពលរដ្ឋភៀសសឹកចំនួន៩៧.៨៧៨នាក់ទៀត កំពុងបន្ត ស្នាក់អាស្រ័យតាមជំរំនានា។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ មានសាលារៀន ក្នុងខេត្តជាប់បន្ទាត់ ព្រំដែន៦ខេត្ត បិទទ្វារសរុប១,០៤២សាលា ប៉ះពាល់គ្រូបង្រៀន៩,៨៦៥នាក់ សិស្ស២៤៥,០០១នាក់៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម, សុខភាព","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1322}" data-page="1" data-max-pages="2" data-start="1" data-end="1">