គ្រូបង្រៀនម្នាក់ ត្រូវអាជ្ញាធរជាប់ពន្ធនាគារពីបទញុះញង់ ក្រោយបង្ហោះវីដេអូនិយាយពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

សង្គម

លោក នូ ភារម្យ ជាគ្រូបង្រៀនសាលាឯកជនមួយក្នុងខេត្ត កណ្តាល ។ រូបភាពពីទំព័រហ្វេសប៊ុករបស់លោក ភារម្យ

គ្រូបង្រៀនម្នាក់នៅខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងតុលាការចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីបង្ហោះវីដេអូនិយាយអំពីបញ្ហាព្រំដែនកម្ពុជា–ថៃលើហ្វេសប៊ុក។ ភរិយារបស់គាត់ អះអាងថាជាការបញ្ចេញមតិផ្ទាល់ខ្លួនក្នុងការស្រឡាញ់ប្រទេសជាតិ ខណៈដែលមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភពីផលប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ។

លោក នូ ភារម្យ អាយុ ៤៧ ឆ្នាំ ជាគ្រូបង្រៀនសាលាឯកជននៅខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្ទះរបស់លោក បន្ទាប់ពីបង្ហោះវីដេអូបញ្ចេញមតិអំពីជម្លោះព្រំដែនកម្ពុជា–ថៃលើហ្វេសប៊ុក។

ភរិយារបស់លោក នូ ភារម្យ គឺ អ្នកស្រី ហែម សំអូន នៅភូមិ ជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល បាននិយាយថា អ្នកស្រីមិននឹកស្មានមិនដល់ចំពោះការចាប់ខ្លួនប្តី ។ អ្នកស្រីបន្តថាការធ្វើវីដេអូនិយាយរបស់លោកគ្រូនូ ភារម្យ មិនមានបំណងញុះញង់ ឬបំផុសបំផុលសង្គមឡើយ ប៉ុន្តែគ្រាន់តែបង្ហាញមតិដោយសេចក្តីស្រឡាញ់ប្រទេស និងចង់ឲ្យរដ្ឋាភិបាលខិតខំដោះស្រាយបញ្ហាព្រំដែន និងដីធ្លីប៉ុណ្ណោះ។

អ្នកស្រីនិយាយថា៖ «ប្តី ខ្ញុំរងការយុត្តិធម៌ ខ្លាំងណាស់ គាត់មិននិយាយប៉ះពាល់ដល់ធ្ងន់ធ្ងរ ចឹងហា គាត់មិននិយាយពាក់ពន្ធ័ដល់នយោបាយ ឬក៏ប៉ះពាល់ដល់សម្តេច ឬក៏គណៈបក្សណាមួយទេ គាត់ស្រឡញ់ទឹកដីគាត់និយាយ រឿងសៀមមកធ្វើ[….] ប៉ុន្តែដោយសារតែមានឈ្មោះហ្វេសប៊ុកមួយ Sithy Chhun បានយករកសំឡេងវីដេអូប្តីខ្ញុំ ទៅកាត់តររូបសម្តេច ដាក់ពីក្រោមចឹងហា […] ។ (ពេលចាប់ខ្លួន) អត់មានក្រដាសមកពីអាជ្ញាធរ ខាងណាទាំងអស់គឺ គាត់ឃាត់គាត់ភ្លាមៗតែម្តង»។

អ្នកស្រីនិយាយថា អ្នកស្រីកំពុងជួបការលំបាកខ្លាំង ព្រោះត្រូវមើលថែកូនតូចៗបីនាក់ ខណៈគ្រួសារខ្វះថវិកា មិនមានលុយបង់ធនាគារ និងប្រឈមការរឹបអូសផ្ទះនៅបុរី។
អ្នកស្រីនិយាយថា៖ «ខ្ញុំសំណូមពរ ឲ្យមានការដោះលេងប្តីរបស់ខ្ញុំវិញមកដើម្បីឲ្យមានលុយចិញ្ចឹមប្រពន្ធ ខ្ញុំគ្មានអ្វីទីពឹងទេជំពាក់គេផង ធនាគារផង ហើយផ្ទះគេរឹបអូស ខ្ញុំធ្វើអីអត់ចេញទេហើយកូននៅតូចៗ»។

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក នូ ភារម្យ បានបង្ហោះវីដេអូ ក្នុងគណីហ្វេកប៊ុកផ្ទាល់ខ្លួន អំពីបញ្ហាព្រំដែនកម្ពុជា–ថៃ មានអ្នកចូលមើលប្រហែលជាងមួយសែន២ម៉ឺន( ១២៣,០០០) ដង ចូលចិត្ត ៤,៩០០ ចែករំលែក ៣,៦០០ និងមតិយោបល់ជាង ៤៦០ ដង។

បន្ទាប់មក គណនីហ្វេសប៊ុកឈ្មោះ Sithy Chhun បានយកវីដេអូទៅកាត់តបង្ហោះបន្ត ធ្វើឲ្យអ្នកទស្សនាកើនដល់ប្រមាណប្រាំសែន( ៥០០,០០០) ដង និងមានការចែករំលែក និងបញ្ចេញមតិច្រើន។

ក្នុងវីដេអូវូ របស់ លោកភារម្យនិយាយថាលោកមានការព្រួយបារម្ភអំពីការបាត់បងទឹកដី បន្ទាប់ពីថៃបានចូលកាន់កាប់ទឹកដីខ្មែរនៅតាមព្រំដែន ទើបចង់មានការបញ្ចេញមតិរបស់ខ្លួននៅតាមបណ្តាយសង្គមហ្វេកប៊ុក។

លោកនិយាយថា៖ «អ៊ីចឹងខ្ញុំសុំអនុញ្ញាត្តិពីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋខ្មែរខ្ញុំសូមទៅតស៊ូនៅទីតាំងដែលបាត់ដីផ្ទាល់ដែលសៀមកំពុងកាន់កាប់គ្រប់មធ្យោបាយទាំងសារផ្ញើរជូនពិភពលោក ទាំងធ្វើបាតុកម្ម ប្រសិនបើអាជ្ញាធរមិនហ៊ានឬបងប្អូនប្រជាពលរដ្ឋខ្មែរម៉ាប្រទេសមិនហ៊ានខ្ញុំសុំដាក់ពាក្យសុំទៅតែម្នាក់ឯងក៏បានដែរនិង រកមធ្យោបាយយកដីដែលសៀមកាន់កាប់មកវិញឲ្យទាល់តែបាន»។

បន្ទាប់ពីចេញវីដេអូនៅថ្ងៃទី២១ ខែមករាមក លោកបានក៏ចេញវិដេអូបកស្រាយនាថ្ងៃទី ២៣ ម្តងទៀតក្នុងន័យប្រាប់អំពីគោលបំណងដែលលោកធ្វើវីដេអូនេះឡើង គឺគ្រាន់តែចង់បញ្ចេញមតិអំពីការក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប។

លោកនិយាយថា៖ «អ្វីដែលខ្ញុំបានផុសបានបង្ហាញ និងបារម្មណ៍នោះគឺជាការព្រួយខ្លាចបាត់បង់ទឹកដី គឺការព្រុះកញ្ជោលក្នុងនាមជាប្រជាពលរដ្ឋក៏ដូចជាបងប្អូនប្រជាពលរដ្ឋដរទៃទៀតផងដែលគឺមានការព្រួយបារម្មណ៍»។ ក្នុងនាមខ្ញុំជាសមាជិកក្នុងសង្គមប្រជាពលរដ្ឋក្នុងប្រទេស ដែលជាម្ចាស់ប្រទេសមួយ ប្រទេសកម្ពុជានោះ ធ្វើឲ្យមានការតាងតឹងក្នុងអារម្មណ៍ផងដែល [..] ដូច្នេះអនុញ្ញាត្តិឲ្យខ្ញុំយកវេទិការនេះតាមរយៈបណ្តាញសង្គមនេះសូមចូលរួមបង្ហាញពីក្តីបារម្មណ៍បង្ហាញពីទុកកង្វល់ដល់ប្រទេសជាតិរបស់ខ្ញុំផងដែល»។ហេតុដូច្នេះខ្ញុំវិដេអូជាបន្តបន្ទាប់ខ្ញុំនឹងបង្ហាញអំពីលទ្ធភាពផ្លូវច្បាប់ថាតើយើងប្រជាពលរដ្ឋ ធ្វើអីបានខ្លះ ក្នុងនាមប្រជាពលរដ្ឋតើយើងអាចធ្វើអីបានខ្លះ ហើយក្នុងនាមយើងជាតើយើងអាចជម្រុញអីដល់រាជរដ្ឋាភិបាលបានអ្វីខ្លះ?»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត បានលើកឡើងថាការចាប់ និងឃុំខ្លួននេះគឺដោយសារការបញ្ចេញមតិរបស់បុគ្គលតាមបញ្តាញសង្គមផ្ទាល់ខ្លួន បើមើលតាមការបង្ហោះវីដេអូររបស់ និ ភារម្យ ហាក់បីដូចជាមានការឈឺឆ្អាលលើបញ្ហាសម្រាប់សង្គមជាតិតែប៉ុណ្ណោះ។ 

លោកបន្តលើកឡើងថា ការចាប់ និងឃុំខ្លួនក្នុងករណីនេះ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។ លោកថា ក្នុងសង្គមប្រជាធិបតេយ្យ ការបញ្ចេញ និងរិះគន់ក្នុងន័យស្ថាបនា ជារឿងចាំបាច់សម្រាប់អភិវឌ្ឍសង្គម ហើយបើប្រជាពលរដ្ឋមានការភ័យខ្លាចក្នុងការនិយាយមតិ នោះអាចប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ។

លោកនិយាយថា៖ «អាជ្ញាធរ និងតុលាការ គួរពិនិត្យពិចារណាឱ្យបានច្បាស់លាស់ពីអ្វីជាសេរីភាពក្នុងការបញ្ចេញមតិ អ្វីដែលអាចចាត់ទុកជាបទបទល្មើសពីការបញ្ចេញមតិ ដើម្បីកុំឱ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ និងដើម្បីកុំឱ្យប្រជាពលរដ្ឋភ័យខ្លាច និងកំណត់សិទ្ធិក្នុងការបញ្ចេញមតិរបស់ខ្លួន ។ ម្យ៉ាងទៀតដើម្បីកុំឱ្យសហគមន៍អន្តរជាតិរិះគន់ពីការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ »។

លោក ម៉ន សំបុក អភិការងស្រុកកៀនស្វាយ ខេត្តកណ្តាល បានឲ្យដឹងថា អាជ្ញាធរថ្នាក់ស្រុកបានអនុវត្តតាមបទបញ្ជាពីថ្នាក់លើ ក្នុងការហៅលោក នូ ភារម្យ មកសាកសួរ។ លោកនិយាយថា មិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីមូលហេតុ ឬខ្លឹមសារនៃការសាកសួរបានទេ។
លោកនិយាយថា ៖ «ដោយមានការបញ្ជារពីថ្នាក់លើ ខ្ញុំក៏អត់ដឹងដែរឲ្យហៅគាត់[នូ ភារម្យ]មកសួរនាំទេខ្ញុំដឹងតែថ្នាក់ក្រោមដឹងតែប៉ុណ្ណឹង ហើយហៅគាត់មកសួរនាំប៉ុស្តន៍ ហើយក៏ខាងថ្នាក់លើខាងខាងខេត្តចុះមកយកគាត់ទៅខេត្ត»។

លោក ភារម្យ ត្រូវបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត មុនបញ្ជូនទៅតុលាការ ដែលនៅថ្ងៃទី៤ ខែកុម្ភៈ បានសម្រេចចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ បច្ចុប្បន្ននេះ លោក ភារម្យ ត្រូវបានកំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1330}" data-page="1" data-max-pages="1" data-start="1" data-end="1">