អង្គការសង្គមស៊ីវិល និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាតិ–អន្តរជាតិ ចំនួន ២២ ស្ថាប័ន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍រួម អំពាវនាវឱ្យអាជ្ញាធរដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនក្រោយការផ្សាយរបាយការណ៍អំពីទីតាំងសង្ស័យឆបោកអនឡាញនៅក្រុងប៉ោយប៉ែត។
នៅសេចក្តីថ្លែងការរួមលើកលើងថាលោក ហែម វណ្ណា គឺជាអ្នកសារព័ត៌មានទីប្រាំ ដែលត្រូវបានចាប់ខ្លួន និងកំពុងឃុំខ្លួន ចាប់តាំងពីខែមករា ២០២៥។ ករណីនេះបង្ហាញថា មានការរឹតត្បិតលើសារព័ត៌មានឯករាជ្យ និងការប្រើប្រាស់នីតិវិធីច្បាប់មិនសមស្រប ទោះបីជារៀបចំដោយរដ្ឋធម្មនុញ្ញកម្ពុជារៀងខ្លួន (មាត្រា ៤១) និងកិច្ចព្រមព្រៀងសិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាជាភាគី។
ក្នុងសេចក្តីថ្លែងថាលើកឡើងថា៖ «ក្នុងករណីនេះ អាជ្ញាធរគួរតែស្នើសុំការបញ្ជាក់ ឬពន្យល់ ឬស្នើសុំឱ្យមានការកែតម្រូវ ប្រសិនបើចាំបាច់ តាមវិធានការ ស្របតាមច្បាប់ និងសមស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ ការប្រើប្រាស់បទចោទក្រមព្រហ្មទណ្ឌ ជាពិសេស បទញុះញង់ គឺជាវិធានការលើសកម្រិត និងមិនសមស្រប ហើយយើងខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះ ការចាប់ខ្លួន និងការឃុំខ្លួនលោក វណ្ណា ដែលធ្វើឱ្យអ្នកសារព័ត៌មានទាំងអស់កាន់តែមិនមានសុវត្ថិភាព»។
យោងតាមអង្គការសិទ្ធិមនុស្សក្នុងស្រុក រួមមានសមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (អាដហុក ) និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) លោក វណ្ណា ត្រូវបានចាប់ខ្លួនដោយកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត បន្ទាប់ពីបានរាយការណ៍អំពីការសង្ស័យនៃទីតាំងឆបោកតាមប្រព័ន្ធអនឡាញ។ លោក វណ្ណា ត្រូវបានតុលាការខេត្តចោទប្រកាន់ពី«បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា ៤៩៥ និងបទស្តាប់ ឬថតពាក្យសម្ដីឯកជន តាមមាត្រា៣០១ នៃក្រមព្រហ្មទណ្ឌ។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា(CamboJa)ថា ការចាប់ខ្លួនអ្នកសារព័ត៌មានបែបនេះអាចប៉ះពាល់ដល់សេរីភាពសារព័ត៌មាន និងការបំពេញភារកិច្ចក្នុងការរាយការណ៍ព័ត៌មានសង្គម ព្រមទាំងសុវត្ថិភាពរបស់ពលរដ្ឋ។ លោកបន្តថា ក្នុងករណីមួយនេះ ខាងអាជ្ញាធរបានប្រើក្រមព្រហ្មទណ្ឌ ជំនួសច្បាប់សារព័ត៌មានដែលគួរត្រូវអនុវត្ត។
លោកនិយាយថា៖ «យើងចង់ឲ្យរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធយល់ថា ការចាត់វិធានការប្រឆាំងនឹងអ្នកសារព័ត៌មានដែលរាយការណ៍ដើម្បីផលប្រយោជន៍សាធារណៈនឹងនាំឲ្យមានផលវិបាកសម្រាប់សង្គមនិងកការឆ្លើយតបប្រកបដោយប្រសិទ្ធផលចំពោះបញ្ហាដែលកំពុងកើតមានឡើង។ យើងក៏ទាមទាឲ្យមានការអនុវត្តនូវច្បាប់ស្តីពីរបបសារព័ត៌មានដែលស្ថិតនៅជាធរមាន»។
ឆ្លើយតបទៅនឹង អ្នកនាំពាក្យរងក្រសួងព័ត៌មាន លោក ផុស សុវណ្ណ បានប្រាប់ថា លោកកំពុងតែតាមដានករណីនេះយ៉ាងប្រុងប្រយ័ត្ន ចាប់តាំងពីថ្ងៃចាប់ខ្លួន ហើយមិនទាន់ទទួលបានព័ត៌មានលម្អិតគ្រប់ជ្រុងជ្រោយពីនៅឡើយទៅលើលោក ហែម វណ្ណា។
លោកនិយាយថា៖ «បើឆ្លើយតបទៅនឹងការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលថាអានឹងដូចជាសិទ្ធសេរីភាពហើយដែរច្បាប់ព្រះរាជាណាចក្រកម្ពុជាយើងអនុញ្ញាតឲ្យគាត់ធ្វើសកម្មភាពបានដោយសារី»។
លោកបន្តថា៖ «និយាយរួមទៅច្បាប់អ្នកសារព័ត៌មានយើងៗបានកែពីអ្នកសារព័ត៌មានច្រើនណាស់ឲ្យតែគាត់ធ្វើការដោយសុច្ចរិតដោយត្រឹមត្រូវទៅតាមអ្វីដែរយើងបានចែងនៅក្នុងទាំងអស់នុង។ ដល់គាត់អនុវត្តមិនពេញលេញ ច្បាប់អ្នកសារព័ត៌មានមិនអាចការពារបានទេ»។
យោងតាមរយៈរយៈទំព័រហ្វេសប៊ុករបស់សមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) បានឱ្យដឹងថា សាលាដំបូងខេត្តបន្ទាយមានជ័យបានចាប់បញ្ជូនចាងហ្វាងកាសែត HVNN លោក ហែម វណ្ណា ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគានៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» និងបទ «ស្តាប់ឮ ថតពាក្យសម្ងាត់ឯកជន»។ប្រភពដដែលបន្តថា សមត្ថកិច្ចបានចាប់ខ្លួនលោក ហែម វណ្ណា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយពីលោកបានផ្សាយព័ត៌មានពាក់ព័ន្ធ «ជនជាតិបរទេស ៤ ទៅ៥នាក់ រងនូវអំពើហិង្សាពីសំណាក់មនុស្សមួយក្រុមផ្សេងទៀតដែលគេដឹងថាជាអ្នកបម្រើការនៅក្នុងបរិវេនអាគារបិទខ្ទប់ជាទីអាថ៍កំបាំងនៅខាងក្រោយបន្ទាយ PM ក្រុងប៉ោយប៉ែត»៕







