នៅដើមខែកុម្ភៈឆ្នាំ២០២៦មានការចោទប្រកាន់ដ៏ចម្រូងចម្រាស់មួយបានកើតឡើងក្នុងភូមិសាស្រ្ត ខេត្តកោះកុង នៅពេលដែលសមាជិករដ្ឋសភាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានបង្ហោះសារលើបណ្ដាញសង្គមថាមានករណីមន្រ្តីនគរបាលស្រុកស្រែអំបិលខេត្តកោះកុង បានទារប្រាក់ជនបរទេសចំនួន១៥ដុល្លារ ជាថ្នូរក្នុងការអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ ដោយសារមិនមានលិខិតឆ្លងដែនច្បាប់ដើមតាមខ្លួន។
តែទោះជាយ៉ាងណាក៏ដោយ ស្នងការនគរបាលខេត្តនេះ ចេញសេចក្ដីប្រកាសដោយច្រានចោលការចោទប្រកាន់ ក្រោមហេតុផលថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ស្រែអំបិល បានអនុម័តជាគោលការណ៍គ្រប់ជនបរទេសដែលធ្វើដំណើរឆ្លងកាត់ត្រូវតែមានលិខិតឆ្លងដែនច្បាប់ដើមទើបអនុញ្ញាតឱ្យចូលបាន។ ស្នងការខេត្ត បន្តអះអាងថា សមត្ថកិច្ចនៅមូលដ្ឋាន គ្រាន់តែធ្វើការណែនាំដល់ជនបរទេសជាជនជាតិចិនរូបនោះឱ្យត្រលប់ក្រោយវិញ ដោយមិនមានអ្នកទទួលប្រាក់របស់គាត់ឡើយ។
ទោះបីជាអាជ្ញាធរអះអាងថាមិនបានទទួលប្រាក់ក្ដី ប៉ុន្តែពួកគេទទួលស្គាល់ថាពិតជាមានការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ ដោយឆែកមើលលិខិតឆ្លងដែនរបស់ជនបរទេសប្រាកដមែន។ ការណ៍នេះបណ្ដាលឱ្យមានសំណួរចោទឡើងថា តើទង្វើនេះអាជ្ញាធរគួរធ្វើឬទេ?
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា ថ្លែងថា ប្រសិនបើការត្រួតពិនិត្យលិខិតឆ្លងដែននេះ ជាផ្នែកមួយនៃការបង្ក្រាបបទល្មើសតាមអនឡាញ វាមិនខុសនោះទេ ប៉ុន្តែបើប្រើប្រាស់ដើម្បីកេងប្រយោជន៍ផ្ទាល់ខ្លួន ឬទារប្រាក់ពីជនបរទេសមែននោះ វាអាចបង្កើតរូបភាពអវិជ្ជមានសម្រាប់ប្រទេសកម្ពុជាទាំងមូល។
បើតាមលោក គិន ភា នៅតាមបណ្ដាប្រទេសជាច្រើនក៏មានការសួររកលិខិតឆ្លងដែនពីជនបរទេសនៅពេលធ្វើដំណើរទៅណាមកណាដូចគ្នាដែរ។ លោកទទូចឱ្យអាជ្ញាធរកម្ពុជាត្រូវធ្វើការប្រកបដោយការទទួលខុសត្រូវដោយគិតគូរពីមុខមាត់របស់ជាតិ។
លោក បានអះអាងថា ប្រសិនបើមានភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការសួរនាំលិខិតឆ្លងដែន ដោយមានការទារប្រាក់ និងភាពស្មុគស្មាញនៃការសួររកឯកសារពាក់ព័ន្ធផង អ្វីដែលរងផលប៉ះពាល់ខ្លាំងគឺវិស័យទេសចរណ៍ និងការវិនិយោគពីអន្តរជាតិ ដោយជនបរទេសអាចមានការរកាំរកូសចិត្តជាខ្លាំង។
លោក និយាយថា៖ «គ្រាន់ស្នើសុំអាជ្ញាធរមានសមត្ថកិច្ច បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ គិតគូរពីមុខមាត់ប្រទេស សម្រាប់ពលរដ្ឋគួរផ្ដល់កិច្ចសហការជាមួយអាជ្ញាធរ។ ហើយបើអ្នកធ្វើដំណើរជាមួយជនបរទេស ក៏ត្រូវពន្យល់បរទេស ឱ្យយល់ពីការបង្រ្កាបអនឡាញស្កេម (Scam) ហើយជនបរទេសនៅស្រុកខ្មែរក៏គួរសហការនិងដាក់លិខិតឆ្លងដែន ព្រោះប្រទេសផ្សេងៗទៅណាមកណា ក៏គេមើលលិខិតឆ្លងដែនដែរ»។
ចំណែកឯអ្នកជំនាញសេដ្ឋកិច្ចលោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុអាស៊ី ដែលហៅកាត់ថា (AVI) មានប្រសាសន៍ថា តាមបណ្ដាប្រទេសជាច្រើន អាជ្ញាធរបានណែនាំឱ្យជនបរទេសដាក់លិខិតឆ្លងដែនតាមខ្លួន ក្នុងករណីមានឧបទ្ទវហេតុឬការត្រួតពិនិត្យណាមួយដើម្បីសមត្ថកិច្ចងាយស្រួលក្នុងការសម្គាល់ខ្លួន។
តែយ៉ាងណាក៏ដោយ លោកយល់ថា សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលអាចពិនិត្យមើលរំហូរនៃភ្ញៀវទេសចរណ៍អន្តរជាតិនិងជនបរទេសដែលមកស្នាក់នៅដើម្បីប្រកបមុខរបរ ហើយពុំចាំបាច់ដល់ថ្នាក់ត្រួតពិនិត្យលិខិតឆ្លងដែនច្បាប់ដើមឡើយ ដោយគ្រាន់តែស្នើសុំមើលច្បាប់ចម្លងក៏បាន។
លោក និយាយថា៖ «សម្រាប់កម្ពុជាយើង ខ្ញុំយល់ថា គ្រាន់តែណែនាំជនបរទេសដែលមកលេង និងមកធ្វើការ ភាគច្រើនគាត់អាចមានលិខិតបញ្ជាក់អត្តសញ្ញាណរបស់គាត់ហ្នឹង (ចម្លង) មិនចាំបាច់ប្រើទាំងលិខិតឆ្លងដែនផង ព្រោះកាលណាបាត់អីទៅ បាត់តែកុំពីរ (ច្បាប់ចម្លង) ទេ មិនបាត់អាច្បាប់ដើម»។
ចំណែកអ្នកវិភាគសង្គមលោកបណ្ឌិត មាស នី យល់ថា ក្នុងអំឡុងពេលមានភាពច្របូកច្របល់ករណីបង្រ្កាបបទល្មើសឆបោកតាមអនឡាញ អាជ្ញាធរខេត្តកោះកុងមានសិទ្ធិក្នុងការត្រួតពិនិត្យសួររកឯកសារសព្វបែបយ៉ាង ប៉ុន្តែប្រសិនបើមានករណីទារប្រាក់ណាមួយកើតឡើង នឹងបណ្ដាលឱ្យខូចមុខមាត់របស់ប្រទេសជាក់ជាមិនខាន។
អ្នកតាមដានសង្គមរូបនេះ ក៏ទទូចឱ្យអាជ្ញាធរបង្ហាញកាយវិការទន់ភ្លន់ចំពោះជនបរទេសឬភ្ញៀវទេសចរណ៍ ហើយប្រសិនបើសម្របសម្រួលបាន គួរតែសម្របសម្រួល នៅពេលគេគ្រាន់តែមកធ្វើដំណើរកំសាន្ត។
លោក និយាយថា៖ «ប៉ុន្តែបើសិនការពង្រឹងច្បាប់មានការរំលោភបំពាន ដូចជាការទាមទារឯកសារប៉ុន្តែ សុំលុយគេអាហ្នឹងវាខុស។ វាជាកំហុស អ្នកប្រព្រឹត្តត្រូវធ្វើការអប់រំ ព្រោះខូចឈ្មោះដល់ទេសចរណ៍ បើប៉ះពាល់ដល់អ្នកស្កេម (Scam) អនឡាញអាហ្នឹងថា ចាប់ត្រូវមនុស្ស។ ចុះបើចំទេសចរណ៍គេចង់ដើរមកលេងធម្មតា ហើយយើងឆែកគេសព្វគ្រប់បែបយ៉ាង រួមទាំងទារលុយផង អាហ្នឹង វាជាកំហុសមួយធ្ងន់ណាស់សម្រាប់មុខមាត់របស់កម្ពុជា»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរគួររកមធ្យោបាយផ្សេងដូចជា ពង្រឹងការអនុវត្តច្បាប់តាមច្រកព្រំដែន ដោយមិនបង្កផលលំបាកដល់ជនបរទេសដែលមកលេងកម្ពុជាដោយស្របច្បាប់ ដែលអាចចៀសវាងរងការរិះគន់ពីពួកគេ។
លោក និយាយថា៖ «សំខាន់គឺពង្រឹងនិងអនុវត្តច្បាប់ការចេញចូលជនបរទេសតាមព្រំដែន ដោយស្របច្បាប់មិនស្របច្បាប់ ហើយនឹងការបង្រ្កាបការទប់ស្កាត់អនឡាញហ្នឹងធ្វើម៉េចអនុវត្តតាមច្បាប់និងត្រឹមត្រូវតាមផ្លូវច្បាប់ផង»។
គេសង្កេតឃើញថា ការត្រួតពិនិត្យរកលិខិតឆ្លងដែនជនបរទេសនៅភូមិសាស្រ្តស្រុក ស្រែអំបិល ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់វិធានការបោសសម្អាតទីតាំង
ឆបោកតាមអនឡាញទូទាំងប្រទេស។ ទោះជាយ៉ាងណាក្ដី រាជរដ្ឋាភិបាលកម្ពុជាមិនដែលធ្លាប់ចេញសេចក្ដីប្រកាសឱ្យជនបរទេសទាំងអស់ដែលចូលកម្សាន្តឬធ្វើការក្នុងប្រទេសកម្ពុជាឱ្យដាក់លិខិតឆ្លងដែនតាមខ្លួននោះឡើយ។ អាជ្ញាធរនៅគ្រប់ខេត្តនៃប្រទេសកម្ពុជាក៏មិនទាន់អនុវត្តវិធានការសួររកលិខិតឆ្លងដែនដូចខេត្តកោះកុងនេះដែរ ប៉ុន្តែសមត្ថកិច្ចតែងសួររកលិខិតឆ្លងដែនជនបរទេសនៅពេលដែលចុះបង្ក្រាបទីតាំងសង្ស័យថាមានបទល្មើសឬ ហេតុការណ៍គ្រោះថ្នាក់ចៃដន់ណាមួយប៉ុណ្ណោះ៕
(រាយការណ៍បន្ថែម៖ វណ្ណ វិចារ)







