ទំហំបណ្ដាក់ទុនរបស់ចិននៅកម្ពុជាថយជិត៤០ភាគរយនៃទំហំវិនយោគបរទេសនៅកម្ពុជាសរុបនាដើមឆ្នាំ២០២៦បើធៀបនឹងឆ្នាំមុន

ទំនាក់ទំនងអន្តរជាតិ

កិច្ចសន្ទនាលើកទី១ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន ដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងធ្វើឱ្យប្រសើរឡើងបរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជាកាលពីថ្ងៃទី០៩ខែកុម្ភៈ២០២៦។ (រូបថតពី៖ ហ្វេសប៊ុក ឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល)

ទំហំបណ្ដាក់ទុនរបស់ប្រទេសចិននៅកម្ពុជាបានថយចុះប្រមាណជិត៤០ភាគរយនៃទុនសរុប នាខែមករា ឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។ 

បើតាមការកត់សម្គាល់របស់គណៈកម្មាធិការវិនិយោគកម្ពុជា(Cambodian Investment Board) ចេញផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ប្រភពដដែលបានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៦ ប្រភពទុនវិនិយោគនៅខ្មែរ ដែលធំជាងគេគឺនៅតែប្រទេសចិនដដែល ដែលមានទុនវិនិយោគពីប្រទេសនេះគឺមាន ៣៥,៩០ភាគរយនៃទំហំទុនសរុប៧៥១លានដុល្លារសហរដ្ឋអាមេរិក។ បើផ្អែកលើតួលេខខាងលើបង្ហាញថា យ៉ាងហោចណាស់ចិនបោះទុនវិនិយោគនៅកម្ពុជាប្រមាណ ២៦៩ លានដុល្លារអាមេរិកនៅក្នុងខែមករាឆ្នាំនេះ។

គណៈកម្មាធិការវិនិយោគកម្ពុជាកត់សម្គាល់ថា ទុកវិនិយោគពីចិនដើមឆ្នាំ២០២៦នេះបានថយចុះចំនួន ៣៧,៤៥ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០២៥ ដែលពេលនោះទុនវិនិយោគពីចិនមាន៧៣,៣៥ភាគរយ នៃទុនសរុប។ទោះជាយ៉ាងនេះក្ដី អ្នកជំនាញសេដ្ឋកិច្ចបញ្ជាក់ថា ការថមថយសកម្មភាពវិនិយោគរបស់ចិននៅកម្ពុជានេះមិនមែនជាបញ្ហាគួរឱ្យកត់សម្គាល់ធំដុំប៉ុន្មានឡើយ។

អគ្គលេខាធិការរង និងជាប្រធានអ្នកនាំពាក្យនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ហ៊ាង សុទ្ធាយុត្តិ ប្រាប់ប្រជាកាសែត ថា ការធ្លាក់ចុះនៃទំហំទុនវិនិយោគចិននៅកម្ពុជានាខែមករាឆ្នាំ២០២៦ មិនមែនជាបញ្ហាទេ ព្រោះថា លំហូរសាច់ប្រាប់ពីវិនិយោគចិនកំពុងហូរមកជាបន្តបន្ទាប់។

លោកថា៖ «គោលការណ៍នៃការវិនិយោគមិនមែនដាក់ភ្លាម Cash flow មកភ្លែតទេ។ អ៊ីចឹងអ្វីដែលជាកិច្ចខិតខំប្រឹងប្រែងទាក់ទាញ សម្រួលនៅក្នុងកិច្ចវិនិយោគកាលពីឆ្នាំ២០២៥នោះ ឥឡូវនេះគឺថាកំពុងដំណើរការបន្ត មានន័យថាលំហូរសាច់ប្រាក់ហ្នឹងកំពុងតែហូរមកជាបន្តបន្ទាប់ ដោយសារតែនៅឆ្នាំមុនខែមករាហ្នឹង វាខ្ពស់រួចទៅហើយ បានវាមិនប្លែកទេនៅក្នុងឆ្នាំនេះខែមករា តួលេខវាទាបជារឿងធម្មតា»។

លោកបន្ថែម៖ «ថ្វីត្បិតតែទំហំនៃការវិនិយោគពីចិនមកកម្ពុជារយៈពេលមួយខែដើមឆ្នាំ២០២៦ ប្រៀបធៀប២០២៥មានការធ្លាក់ចុះ។ ក៏ប៉ុន្តែទំហំទុនវិនិយោគសរុបមិនប្រែប្រួលទេ គឺរក្សាតុល្យភាពបានល្អ ហើយយើងក៏សង្កេតឃើញថា ការវិនិយោគពីម៉ាឡេស៊ីមានការកើនឡើងដោយសារតែកម្ពុជាកំពុងជំរុញទាក់ទាញការវិនិយោគដើម្បីធ្វើឱ្យមានភាពរឹងមាំនូវរចនាសម្ព័ន្ធនៃការវិនិយោគដែលមានតុល្យភាព ការធ្វើពិពិតកម្ម មានន័យថាមិនផ្អែកទៅលើប្រភពតែមួយនោះទេ នេះហើយគឺជាភាពរឹងមាំនៃការវិនិយោគ ការធានានូវកំណើនសេដ្ឋកិច្ច»។

ចំណែកឯអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាមួយរូបទៀតគឺលោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ថា ការថយចុះនៃទំហំទុនវិនិយោគចិននៅកម្ពុជានាដើមឆ្នាំ២០២៦ មិនមែនជាបញ្ហាសម្រាប់កម្ពុជានៅឡើយទេ ព្រោះថា មានគម្រោងវិនិយោគចិនជាច្រើនបានចុះបញ្ជីនាឆ្នាំ២០២៥កន្លងទៅ។

លោកថា៖ «គេមិនអាចចុះបញ្ជីបង្កើតក្រុមហ៊ុនក្នុងមួយខែឱ្យចេញឱ្យបាន១០០ក្រុមហ៊ុន[…]ប៉ុន្តែនៅពេលដែលគេឃើញឱកាសណាមួយដែលធ្វើឱ្យមានការចំណេញ គឺគេដាក់វិនិយោគទុនហើយ អ៊ីចឹងវិនិយោគទុនក្នុងឆ្នាំ២០២៥ហ្នឹងយើងមាន៦០០គម្រោងជាងបានចុះបញ្ជី។ ដូច្នេះហើយ៦០០គម្រោងហ្នឹងកំពុងតែអនុវត្តហើយ តែមនអាចមកបណ្ដាក់ទុនបន្តរៀងរាល់ខែទេ អ៊ីចឹងយើងត្រូវចាំមើលថាតើពេលដែលចូលឆ្នាំចិនរួចបន្ទាប់មកទៀតមានការហូរវិនិយោគទុនមកថែមទៀតអត់»។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិលោកបណ្ឌិត ហុង វណ្ណៈ មានប្រសាសន៍ថា ការវិនិយោគតែងតែមានការប្រែប្រួល តិច ឬច្រើនទៅតាមកាលៈទេសៈ ឬស្ថានភាពប្រទេសទាំង២គឺចិននិងកម្ពុជា ឬប្រែប្រួលតាមគោលនយោបាយរបស់រដ្ឋាភិបាល។
លោកបណ្ឌិតសង្កេតឃើញថា ស្ថានភាពវិនិយោគិនចិនជុំវិញពិភាពលោកបានថយចុះដោយសារស្ថានភាពនៅប្រទេសចិន ការដាក់សម្ពាធពីបណ្ដាប្រទេសលោកសេរីដូចជាសហរដ្ឋអាមេរិក និងសហភាពអ៊ឺរុបជាដើម ដែលធ្វើឱ្យវិនិយោគទុនចិនថមថយ។
តែយ៉ាងណាអ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះថា ការថយចុះនៃការបណ្ដាក់ទុនរបស់ប្រទេសចិននៅកម្ពុជានាខែមករា ឆ្នាំ២០២៦ អាចជាការព្រួយបារម្ភផង និងជាឱកាសសម្រាប់កម្ពុជាផង។ 

លោកថា៖ «ជាការព្រួយបារម្ភផង ហើយក៏ជាឱកាសផងនៅពេលដែលវិនិយោគិនចិនមានការថមថយ ហើយយើងសង្កេតឃើញវិនិយោគទុកពីបរទេសផ្សេងៗចាប់ផ្ដើមមានកំណើនត្រឡប់ទៅវិញដូចយើងឃើញហើយតួលេខ អាចម៉ាឡេ អាចសិង្ហបុរី អាចជប៉ុនអីជាដើម ឬក៏សហរដ្ឋអាមេរិកអីជាដើម»។

លោកបណ្ឌិត ហុង វណ្ណៈ ថាប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍនៅតែមានឱកាសរកផលចំណេញពីវិនិយោគទុនបរទេស ព្រោះកម្ពុជាបានរៀបចំឱ្យមានសេវាកម្មនានា ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែទាំងទឹករាក់និងទឹកជ្រៅ ឃ្លាំងស្ដុកទំនិញ និងមានទីតាំងអំណោយផល។

លោកបន្ថែមថា៖ «ខ្ញុំគិតថាកម្ពុជាយើងនៅតែមានឱកាសទាក់ទាញវិនិយោគិនបរទេស ទោះបីជាមិនមានវិនិយោគទុនចិនច្រើនក៏ដោយ ហើយចិននេះឯង ខ្ញុំគិតថាបើសិនជាស្ថានភាពសេដ្ឋកិច្ចគាត់ល្អ មិនមានផលប៉ះពាល់ដល់លក្ខណៈគេហៅថាចំណូលផ្ទាល់ខ្លួន ឬក៏ចំណូលគ្រួសារគាត់ ឬក៏វិនិយោគក្រុមហ៊ុនគាត់នៅនោះមិនអីឬក៏មានលក្ខណៈប្រសើរឡើងគឺគាត់នឹងបន្តមកវិនិយោគនៅកម្ពុជាយើង»។

កាលពីខែមករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារអាម៉េរិក។ ទុនវិនិយោគសរុបនេះបានកើនឡើង ៣០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ ខណៈឆ្នាំ២០២៤ CDC អនុម័តគម្រោងវិនិយោគសរុបចំនួន ៣២គម្រោង ដែលទុនវិនិយោគសរុបប្រមាណ ១៨៧លានដុល្លារអាម៉េរិក៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1436}" data-page="1" data-max-pages="1" data-start="1" data-end="1">