មនុស្សជាង២ពាន់នាក់ត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងឆបោកអនឡាញ ក្នុងសប្ដាហ៍ទី១នៃខែកុម្ភៈ។នេះបើតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃ ដែលអះអាងទៀតថា អាជ្ញាធរបានបង្ក្រាបទីតាំងឆបោកអនឡាញជាង១០ទីតាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន នៅសប្ដាហ៍ទី១នៃដើមខែកុម្ភៈ ឆ្នាំ២០២៦។
តាមរយៈសេចក្ដីសង្ខេបព័ត៌មានស្ដីពីលទ្ធផលរយៈពេលមួយសប្ដាហ៍ នៃយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ បានឱ្យដឹងថា ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានវិធានការសំខាន់ចំនួន២ គឺវិធានការត្រជាក់ ឬការបញ្ឈប់សកម្មភាពបទល្មើសដោយស្ម័គ្រចិត្ត និងវិធានការក្ដៅ។
លោកបន្តថា ក្នុងរយៈពេល១សប្ដាហ៍នៃគឺចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបាន ១៥ទីតាំង រួមមាននៅ រាជធានីភ្នំពេញចំនួន១៣ទីតាំង ខេត្តស្វាយរៀង១ទីតាំង និងនៅខេត្តមណ្ឌលគិរីចំនួន ១ទីតាំង។
លោក ទូច សុខៈ ថា៖ ការបោសសម្អាតនៅភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន ២៣៨នាក់ ក្នុងនោះមាន១០សញ្ជាតិរួមមាន ខ្មែរ១១៧នាក់ ចិន៥៦ និងម៉ាឡេស៊ី៤១នាក់។ ក្រៅពីនេះមានជនជាតិហ្វីលីពីន មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូណេស៊ី ស្រីលង្កា បង់ក្លាដេស និងជនជាតិឥណ្ឌាជាដើម។
ប្រភពដដែលបន្តថា ប្រតិបត្តការនៅខេត្តស្វាយរៀង ឃាត់ខ្លួនបានមនុស្ស ២២៣១នាក់ ដែលមានចំនួន១១សញ្ជាតិ។ ក្នុងនោះ មាន១៥៧៣នាក់ សមត្ថកិច្ចឃាត់ទុកបណ្ដេញចេញពីប្រទេស និង ៦៥៨នាក់ផ្សេងទៀត ដែលជាជនជាតិវៀតណាម ត្រូវបានប្រគល់ឱ្យអាជ្ញាធរវៀតណាមនៅព្រំដែនកម្ពុជា-វៀតណាម។រីឯនៅខេត្តមណ្ឌលគិរី សមត្ថកិច្ចឃាត់ខ្លួនបានមនុស្សចំនួន ៥៩នាក់ ដែលមាន៤សញ្ជាតិរួមានឥណ្ឌូនេស៊ី ចិន មីយ៉ាន់ម៉ា និងជនជាតិម៉ាឡេស៊ី។ ក្នុងនោះជនជាតិឥណ្ឌូនេស៊ីមានចំនួនច្រើនជាងគេគឺ៤៨នាក់។
លោកថា៖ «យន្តការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះគឺថាបានប្រតិបត្តិការចេញសកម្មភាពគ្រប់កម្រិត ទាំងកម្រិតរាជរដ្ឋាភិបាល កម្រិតថ្នាក់ក្រសួងមហាផ្ទៃដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិ កម្រិតថ្នាក់រដ្ឋបាលដែនដីរាធានីខេត្ត គឺបានធ្វើសកម្មភាពដោយការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចនូវបន្ទាត់ក្រហមមួយដែលបានដាក់ចេញអំពីការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ក្នុងកំឡុងខែមេសាឆ្នាំ២០២៦»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថាលទ្ធផលនៃការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះបានរីកចម្រើន។ តែយ៉ាងណា លោកនៅចាំមើលថាសហគមន៍យល់យ៉ាងណាចំពោះចំណាត់ការរបស់សមត្ថកិច្ចកម្ពុជា។
លោកថា៖ «ខ្ញុំយល់ថានៅកម្ពុជា បើជាដំណើរវិញ គេហៅថាដំណើរឆ្ពោះទៅមុខ ជាការវិវត្តគួរឱ្យចាប់អារម្មណ៍មួយ ប៉ុន្តែយើងនៅមិនទាន់ដឹងថា ការវាយតម្លៃរបស់អន្តរជាតិហ្នឹងគេយល់ថាយ៉ាងម៉េចទេនៅស្រុកខ្មែរ យើងចាំមើល ការវាយតម្លៃ ការសាទរពីគេដែរដើម្បីធ្វើការប្រៀបធៀប ពីព្រោះថា ទំហំ ឬក៏ពាក្យពេចន៍ដែលអន្តរជាតិគេប្រើមកលើកម្ពុជាកន្លងមកយើងសង្កេតឃើញថាជាពាក្យធ្ងន់ធ្ងរដែរ»។
លោកបន្ថែមថា៖ «យើងចង់ឃើញនូវការបង្កើតយន្តការមួយដែលត្រូវហ្មត់ចត់បន្តិច ពីព្រោះវាជាឧក្រិដ្ឋកម្ម[…]អ៊ីចឹងបើកាលណាឧក្រិដ្ឋកម្ម ច្បាស់ជាបណ្ដាញគេមានភាពរឹងមាំហើយ អ៊ីចឹងរឹងមាំគេត្រូវការបង្កើតក្រុមការងារពិសេសមួយសម្រាប់ទទួលការរាយការណ៍ពីប្រជាពលរដ្ឋ ព្រោះអីប្រជាពលរដ្ឋគាត់ជាអ្នកដឹងលឺ ជាអ្នកភ័យខ្លាច ជាអ្នកបារម្ភអំពីរឿងហ្នឹងកើតឡើងក្នុងទឹកដីរបស់គាត់ អ៊ីចឹងត្រូវបើកចំហឱ្យមានការរាយការណ៍ពីប្រជាពលរដ្ឋ»។
ចំណែកឯទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន គាំទ្រចំពោះការខិតខំបង្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តែយ៉ាងណាលោកថា លោកមិនទាន់ឃើញសមត្ថកិច្ចចាប់ខ្លួនមេក្លោងឆបោក ក្រៅពី Chen Zhi និងសហការីគាត់ពីនាក់នោះឡើយ។
លោកថា៖ «យើងឃើញតែចាប់រាប់រយ ចូលរាប់ពាន់ហ្នឹង បើយយើងពិនិត្យមើលទៅទាំងអស់ហ្នឹងសុទ្ធតែជាជនរងគ្រោះទេ ដែលចាញ់បោកគេដើម្បីស្វែងរកការងារធ្វើហើយចាប់បោកគេ ប៉ុន្តែអ្វីដែលយើងធ្វើការកត់សម្គាល់នៅក្នុងយុទ្ធនាការក្នុងការបោកសម្អាតហ្នឹង យើងអត់ទាន់ឃើញឃាត់ខ្លួន ទី១ម្ចាស់អគារ អ្នកចូលរួមចំណែក។ ទី២ អ្នកដែលវិនិយោគលើហ្នឹង ខ្ញុំប្រើពាក្យ «អ្នកដែលវិនិយោគ» ចុះ មានន័យថាអ្នកថៅកែScamហ្នឹងណ៎ា អត់ទាន់ឃើញយកគាត់មក ចាប់ពួកអ្នកអស់ហ្នឹង ចាប់បានមានតែ Chen Zhi ហើយនិងសហកលារីគាត់២នាក់»។
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ស្នងការនគរបាល និងអង្គភាពពាក់ព័ន្ធ បោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីដែនសមត្ថកិច្ចរបស់ខ្លួន។បទបញ្ជានេះ ក៏ឱ្យក្រសួងមហាផ្ទៃ និងអង្គភាពក្រោមបង្គាប់ ត្រូវរៀបចំនីតិវិធីបណ្ដេញជនបរទេសដែលចូល ស្នាក់នៅ ឬប្រព្រឹត្តខុសច្បាប់ចេញពីប្រទេសកម្ពុជា។ ហើយអង្គភាពនៅតាមព្រំដែនគោក និងសមុទ្រ ត្រូវពង្រឹងការការពារ ទប់ស្កាត់ និងហាមឃាត់ការលួចឆ្លងដែនដោយខុសច្បាប់៕







