សង្គមស៊ីវិល ស្វាគមន៍ចំណាត់ការអភិបាលខេត្តព្រះវិហារលើសំណុំរឿងអាជ្ញាធរស្រុករវៀង រើសអើងនយោបាយ

សង្គម

យោធិនដែលនៅស្រុករវៀងខេត្តព្រះវិហារ លើដៃសំពះ និងបង្ហាញកាតសមាជិកគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច តបទៅចៅហ្វាយស្រុករវៀង។ (រូបថតយកចេញពីវីដេអូផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកនៅដើមខែកុម្ភៈ២០២៦)

សង្គមស៊ីវិល ស្វាគមន៍ចំណាត់ការចំណាត់ការអភិបាលខេត្តព្រះវិហារលើសំណុំរឿងអាជ្ញាធររើសអើងនយោបាយ។ប្រតិកម្មជាវិជ្ជមានបែបនេះកើតឡើងបន្ទាប់ពី អភិបាលខេត្តព្រះវិហារ បានចេញលិខិតណែនាំផ្លូវការមួយ ទៅអភិបាលស្រុករវៀងដែលបានរើសអើងនិន្នាការនយោបាយនៅពេលដែលចុះចែកអំណោយជូនគ្រួសារយោធិន។

គណបក្សប្រឆាំង និងអ្នកជំនាញផ្នែកអភិបាលកិច្ច ចាត់ទុកថាសេចក្ដីណែនាំ ជាកត្តាជំរុញឱ្យមានសាមគ្គីភាពរវាងពលរដ្ឋ និងអាជ្ញាធរនៅមូលដ្ឋាន។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះវិហារ ជម្រាបទៅកាន់គណៈអភិបាលស្រុករវៀង ចុះថ្ងៃទី១០ ខែកុម្ភៈ បានណែនាំឱ្យ អភិបាលស្រុករវៀងលោក ហោ ប៊ុនហួរ ពង្រឹងរបៀបរបបការងារក្នុងការផ្ដល់សេវាសាធារណៈ ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយប្រកាន់ភ្ជាប់នូវអព្យាក្រឹតភាព មិនរើសអើង ឬប្រកាន់និន្នាការនយោបាយ។
រដ្ឋបាលខេត្ត ក៏បន្តណែនាំឱ្យអភិបាលស្រុករូបនេះ យកចិត្តទុកដាក់អនុវត្តតួនាទី ពង្រឹងការអនុវត្តមុខងារ សិទ្ធិអំណាច និងភារកិច្ច របៀបរបបការងារឱ្យស្របតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិតយុត្តជាធរមាន។

ក្នុងឃ្លីបវីដេអូមួយដែលបានបង្ហោះនៅថ្ងៃទី០៧ ខែកុម្ភៈ ដោយគណនេយ្យហ្វេសប៊ុកឈ្មោះ Huot Leng បានបង្ហាញសកម្មភាពនៃការចុះចែកអំណោយរបស់អាជ្ញាធរនិងកាត់តជាមួយវីដេអូ ម្ដាយនិងកូនពីរនាក់ ដែលកូនជាទាហានជួរមុខ ។ម្ដាយកូនក្នុងវីដេអូនោះមានការអន់ចិត្តជាខ្លាំងបន្ទាប់ពី អភិបាលស្រុករវៀងខេត្តព្រះវិហារ និយាយថា យោធិនម្នាក់នោះមានឪពុកម្ដាយជាសមាជិកបក្សប្រឆាំងនិងថាកងទ័ពទាំងអស់ជារបស់គណបក្សប្រជាជនកម្ពុជា។បន្ទាប់ពីវីដេអូនោះត្រូវបានផ្សព្វផ្សាយរួចមក មហាជននៅតាមបណ្ដាញសង្គមរិះគន់ជាខ្លាំងចំពោះទង្វើរបស់អភិបាលស្រុករវៀងខេត្តព្រះវិហារ។ 

ក្នុងឃ្លីបវីដេអូ បុរសម្នាក់អះអាងថាខ្លួនជាទាហាន រៀបរាប់ថា៖ «ខ្ញុំអន់ចិត្តត្រង់ថា ពោលពាក្យមិនសមរម្យមកកាន់ខ្ញុំ ខ្ញុំដេកក្នុងលេណដ្ឋានសឹងលេចអាចម៌ លេចនោម តែគាត់និយាយសម្ដីមក អូនឯង សំណាងល្អ ចូលបម្រើកងទ័ព កុំឱ្យដូចពុកម៉ែអូនឯង គណបក្សប្រឆាំង។ តែចាក់ស្ដែងរូបភាពនិងសម្ដីដែលចៅហ្វាយស្រុកនិយាយមកវាខុសពីការពិត»។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារលោក គឹម ចាន់បញ្ញា មានប្រសាសន៍ថា សេចក្ដីណែនាំជាលាយលក្ខណ៍អក្សរនេះ ធ្វើឡើងបន្ទាប់ពីអភិបាលស្រុករវៀង បានប្រើពាក្យសម្ដីមិនសមរម្យនៅពេលចុះចែកអំណោយជូនពលរដ្ឋ ដោយរើសអើងផ្នែកនយោបាយ ហើយផ្ទុយនឹងច្បាប់លក្ខន្តិកៈមន្ត្រីរាជការ។

លោក បញ្ជាក់ថា៖ «ហេតុដូច្នេះគឺរដ្ឋបាលខេត្តត្រូវតែអនុវត្តទៅតាមច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងការព្រមានជាលាយលក្ខណ៍អក្សរ។ យើងឱ្យអភិបាលស្រុកបំពេញតួនាទីរបស់ខ្លួនស្របទៅតាមច្បាប់ លិខិតបទដ្ឋាននានា ក៏ដូចជាបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងមិនមានការរើសអើងនិន្នាការនយោបាយ»។

ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក សេក សុខា យល់ថា ការបម្រើពលរដ្ឋដោយមិនមានការរើសអើងនាំឱ្យពួកគេចេះសាមគ្គីគ្នាក្នុងការកសាងនិងអភិវឌ្ឍន៍សហគមន៍នៅមូលដ្ឋានបានល្អប្រសើរ ដែលគ្រប់ខេត្ត-ក្រុង គួរយកគម្រូតាមចំពោះការចេញសេចក្ដីប្រកាសបែបនេះ។

លោក និយាយថា៖ «សេចក្ដីប្រកាសបែបហ្នឹង គួរតែត្រូវបានប្រកាសនៅគ្រប់ខេត្ត-ក្រុង ព្រោះសេចក្ដីប្រកាសឱ្យមានការបម្រើប្រជាពលរដ្ឋ ដោយមិនរើសអើងនិន្នាការនយោបាយជាការល្អ នាំឱ្យសង្គមមានសាមគ្គីភាព លែងបែងបាក់»។

រីឯអ្នកឯកទេសអភិបាលកិច្ចលោក ឱក សេរីសោភក្តិ៍ បានសាទរចំពោះការចង្អុលបង្ហាញរបស់អភិបាលខេត្តទៅកាន់មន្រ្តីថ្នាក់ក្រោម ពាក់ព័ន្ធនឹងការបម្រើពលរដ្ឋប្រកបដោយតម្លាភាពនិងគណនេយ្យភាព ដែលលោកយល់ថា ជាកត្តាជំរុញឱ្យមានសាមគ្គីជាតិ នៅពេលដែលពលរដ្ឋមានទំនុកចិត្តលើមន្រ្តីនិងរាជរដ្ឋាភិបាល។ 

លោក និយាយថា៖ «វាជាការអនុវត្តទំនៀមទម្លាប់មួយ ដែលកុំឱ្យរើសអើងកុំឱ្យប្រកាន់ ហើយនៅក្នុងស្មារតីរក្សាឯកភាពជាតិ និងសាមគ្គីជាតិ ព្រោះយើងកំពុងមានបញ្ហាជាមួយថៃវាអត់ចេះចប់ទេ។ ដូច្នេះ ប្រសិនបើយើងប្រកាន់បែងចែងចឹងទៀត សាមគ្គីភាពវារឹតតែផុយស្រួយបន្ថែមទៀត»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1448}" data-page="1" data-max-pages="1" data-start="1" data-end="1">