សមាគមអាដហុកជា អង្គការក្រៅរដ្ឋាភិបាលមួយ កំពុងពិចារណាបញ្ជូនមេធាវីការពារក្ដី ជូនអ្នកកាសែតមួយរូបឈ្មោះ លួត សុផល ដែលត្រូវបានតុលាការខេត្តឧត្តរមានជ័យ ចោទពីបទព្រហ្មទណ្ឌ បន្ទាប់ពីរាយការណ៍ព័ត៌មានពីហេតុការណ៍កើតឡើងក្នុងតំបន់ជម្លោះ។ អ្នកនាំពាក្យអាដហុកបញ្ជាក់ថា ភរិយារបស់លោក លួត សុផល បានស្នើឱ្យអាដហុកជួយផ្ដល់មេធាវីឱ្យស្វាមីដែលកំពុងជាប់ឃុំ។
អ្នកនាំពាក្យសមាគមអាដហុក លោក យិន ម៉េងលី និយាយថា សមាគមអាដហុករបស់លោកកំពុងពិចារណាបញ្ជូនមេធាវីការពារក្ដីតាមសំណើរ ភរិយាលោក លួត សុផល។ លោកថា ក្នុងឆ្នាំ២០២៦នេះ អ្នកសារព័ត៌មានដែលផ្សាយពីបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ និងបញ្ហាព្រំដែន មួយចំនួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ លោកបន្ថែមថា ច្បាប់ស្ដីពីរបបសារព័ត៌មាន គួរតែត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ដោះស្រាយករណីអ្នកសារព័ត៌មានប្រព្រឹត្តកំហុស។
លោកម៉េងលី និយាយថា៖ «ប្រសិនបើគាត់ផ្សាយព័ត៌មានមិនពិតមែន។ គាត់ផ្សាយហើយគាត់ធ្វើវីដេអូសូមទោសគេចាប់នឹង យើងមានការព្រួយបារម្ភដែរទៅលើអ្នកសារព័ត៌មាន។ បានន័យថាអ្នកសារព័ត៌មានរបស់យើងភ្លេចពីវិជ្ជាជីវៈរបស់ខ្លួន ភ្លេចពីសីលធម៌ ឬភ្លេចពីច្បាប់ស្ដីពីរបបសារព័ត៌មាន។ អានេះជារឿងមួយយើងកង្វល់ដែរ»។
លោកបន្ថែមថា៖ «យើងគួរយកច្បាប់ស្ដីពីអ្នកសារព័ត៌មានមកធ្វើការអនុវត្ត ជាជាងច្បាប់ព្រហ្មទណ្ឌដែរជាច្បាប់ទូទៅទេ ដើម្បីធ្វើការលើកស្ទួយដល់វិស័យសារព័ត៌មាន អាជ្ញាធរក្ដី រដ្ឋាភិបាលក្ដីពិចារណាពីច្បាប់ស្ដីពីរបបសារព័ត៌មានដើម្បីលើកស្ទួយវិស័យសារព័ត៌មាននៅកម្ពុជា។ ហើយអ្នកសារព័ត៌មានគួរច្បាស់លាស់ខ្លួនងថាតើការផ្សាយនោះគឺជាការពិតមិនមែនជារឿងប្រឌិតទេបាទ»។
ភរិយាលោកលួត សុផល គឺអ្នកស្រីវឿន ឡាឡង់ បានបញ្ជាក់ពីបទចោទ និងថាប្ដីរបស់អ្នកស្រីត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធធនាគារខេត្តឧត្តមានជ័យតាំងពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។ អ្នកស្រី បាននិយាយប្ដីអ្នកស្រីបានយល់ព្រមលុបចោលមាតិកាមួយរបស់ខ្លួន តាមការបញ្ជារបស់អាជ្ញាធរ ហើយថែមទាំងបានចេញវីដេអូសុំទោសជាសាធារណៈផងដែរ។ ជាចុងក្រោយអ្នកស្រីអំពាវនាវឲ្យតុលារទំលាក់បទចោទប្រកាន់ និងដោះលែងប្ដីអ្នកស្រីឲ្យមានសេរីភាព ព្រោះអ្នកស្រីជួបការលំបាកផ្នែកជីវភាព ដោយមានកូនបួននាក់ក្នុងបន្ទុក និងត្រូវរ៉ាប់រងបង់ធនាគារផង ខណៈអ្នកស្រីទើបតែបានត្រលប់ទៅរកស៊ីលក់ដូរតិចតូចកាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុណ្ណោះបន្ទាប់បីស្នាក់នៅក្នុងជម្រុំភៀសសឹកអស់មួយរយៈ ដោយសារបញ្ហាព្រំដែនកម្ពុជា និងថែ។
អ្នកស្រីលើកឡើងថា៖ «ខ្ញុំស្នើរថាជួយលើកលែងទោសឲ្យគាត់ទៅ។ ណាមួយខ្ញុំគ្មានអ្នកទីពឹងទេ មានតែគាត់នឹងហើយជាបង្គោលនៅក្នុងគ្រួសារ។ អត់មានគាត់គឺពិបាកណាស់បងអើយ។ អត់ពីគាត់សម្បីអំពៅអត់មានអ្នកកាប់យកមកលក់ផង។ បីមុនខ្ញុំរត់ទៅនៅជម្រុំអត់បានលក់ទេ ទើបតែត្រឡប់មកទេ។ ក៏ប្ដិខ្ញុំជួបរឿងបែបនេះ»។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី បានលើកឡើងថា ការកើនឡើងនៃការអនុវត្តច្បាប់ បណ្ដឹងប្រឆាំងនឹងអ្នកសារព័ត៌មាន និងការចាប់ខ្លួនអ្នកសារព័ត៌មានដែររាយការណ៏ពីបញ្ហាព្រំដែន បង្ហាញពីភាពផុយស្រួយនៃការអនុវត្តច្បាប់ និងថាវិធានការបែបនេះហាក់មិនមានប្រសិទ្ធក្នុងការឆ្លើយតបទៅនឹងបញ្ហាដែលកើតមានឡើង។
លោកបាននិយាយថា៖ «ហើយយើងដឹងថាការឆ្លើយតបតាមរយៈការដែលមិនហ៊ានបញ្ចេញព័ត៌មាន មិនហ៊ានទទួលស្គាល់នូវការកង្វះខាតរបស់យើងវាជារឿងដែរមិនល្អទេ ព្រោះធម្មតាអ្នកណាក៏មានចំណុតខ្វះខាតដែរ ដូច្នេះហើយយើងត្រូវដឹង យើងត្រូវសរសើរទៅវិញទេ អ្នកដែលគាត់បានមើលឃើញ អ្នកដែលគាត់បង្ហាញពីអ្វីដែលជាចំណុចខ្វះខាតរបស់យើង ដើម្បីឲ្យយើងមានឲកាសឆ្លើយតបទៅនឹងចំណុចខ្វហខាតនោះបាន »។
លោកបន្ថែមថា៖ «មួយទៀត តួនាទីរបស់គាត់គឺថាជម្រុញ លើកកំពស់ទំនុងចិត្តរបស់សាធារណៈជនទូទៅ ជាមួយនឹងរដ្ឋាភិបាល។ នៅពេលដែរអ្នកសារព័ត៌មានត្រូវបានរាំងខ្ទប់ ដូច្នេះវានឹងបង្ករជាឧបសគ្គនៅក្នុងការផ្ដល់ទំនុកចិត្តដល់សារធារណៈជនទូទៅជាមួយនឹងរដ្ឋាភិបាលដែរ »។
នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើករណីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានឆ្លើយថា៖ «អរគុណ យើងកំពុងតាមដានករណីនេះ»។
សាលាដំបូងខេត្តឧត្តមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១៤ ខែកុម្ភៈថា អ្នកសារព័ត័មានអនឡាញ លោក លួត សុផល ត្រូវបានចោទប្រកាន់ពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៏ ក្រោយពីរូបលោក បានរាយការណ៍អំពីទាហានជួរមុខ ក្នុងខែកុម្ភៈនេះ។ លោក លួត សុផល ត្រូវបានសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថស្រុកចុងកាល់ចាប់ខ្លួនកាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៦ ។ នៅក្នុងសេចក្ដីប្រកាសដដែលនោះនិយាយថា លោក លួត សុផល អ្នកកាសែតមួយរូបរស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាពថតវីដេអូពីបញ្ហាកងទ័ពជួរមុខខ្វះទឹកប្រើប្រាស់កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយយកបង្ហោះក្នុងគណនីហ្វេសប៊ុករបស់លោកឈ្មោះ Sophal Osmach។
បើតាម សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC)លោក លួត សុផល អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ទៅ ១០លានរៀល ក្រោមបញ្ញត្តិនៃមាត្រា ៤៧២ និង ជាប់ពន្ធនាគារលើបទចោទមួយទៀត ពី៦ខែ ទៅ២ឆ្នាំ ក្រោមបញ្ញត្តិនៃមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕







