ក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) រកឃើញកូនផ្សោតថ្មីមួយទៀតទើបនឹងកើតនៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី ស្រុកចិត្របុរី ខេត្តក្រចេះកាលពីថ្ងៃទី១៤ខែកុម្ភៈ ប៉ុន្តែផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ការរកឃើញកូនផ្សោតថ្មីនេះគឺជាការរកឃើញលើកទី១ ហើយក្នុងដើមឆ្នាំ២០២៦ នេះ ធ្វើឲ្យចំនួនផ្សោតក្នុងប្រទេសកម្ពុជាសរុបកើនឡើងដល់១១៣។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឃឹម ហ្វីណង់ និយាយថាន្ធអេកូឡូស៊ីនៅទន្លេមេគ្គងមានសារសំខាន់ណាស់សម្រាប់សត្វផ្សោត ព្រោះប្រព័ន្ធផ្ដល់នូវជម្រក អាហារ និងកន្លែងបន្តពូជរបស់ផ្សោតផងដែរ។ លោកបន្ថែមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តធ្វើសហប្រតិបត្តការជាមួយដៃគូរពាក់ព័ន្ធដូចជាអង្គការមូលនិធិពិភពលោកដើម្បីអភិរក្សសត្ចផ្សោត ក៏ដូចជាយាមល្បាត ការពារ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នានាដែលនាំឲ្យប៉ពាល់ដល់ជម្រកផ្សោត។
លោកថា៖ «ការរក្សាបាននូវប្រព័ន្ធអេកូឡូស៊ីដែលផ្ដល់ជម្រកសមស្របនិងចំណីគ្រប់គ្រាន់ ជាការពិត គឺជាកត្តាសំខាន់ដែលធ្វើឲ្យសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា រស់នៅសុខសាន្ត នាំមកនូវកំណើនចំនួនសត្វផ្សោតជាបន្តបន្ទាប់»។
លោកបន្ថែមថា៖ «ភាពជាដៃគូជាមួយអង្គការ WWF ក៏ជាចំណែកមួយនៃជោគជ័យនេះដែរ។ កន្លងមក ក្រសួងដែលជាសេនាធិការបស់រាជរដ្ឋាភិបាល បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ WWF ជ្រើសរើសឆ្មាំទន្លេចំនួន ៧២រូប ដាក់ពង្រាយនៅតំបន់អភិរក្សសត្វផ្សោត ទាំងនៅខេត្តក្រចេះនិងស្ទឹងត្រែង ដើម្បីយាមល្បាត ការពារ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឲ្យបានទាន់ពេលវេលា»។
ទាក់ទិនបញ្ហាបម្រែបម្រួលអាកាសធាតុ លោកឃឹម ហ្វីណង់ លើកឡើងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានវារីសាស្ត្រ IHB នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន ព្រមទាំងអ្នកជំនាញផ្នែកថនិកសត្វទឹកសាប នៅសហរដ្ឋអាមេរិក ដើម្បីពិនិត្យលើផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុលើសត្វផ្សោត។ យ៉ាងណាលោកថា «ពុំទាន់មានការប៉ះពាល់ឬការគំរាមកំហែងណាមួយដល់សត្វផ្សោតទន្លេមេគង្គនៅឡើយ»។
ប្រធានផ្នែកទំនាក់ទំនងនៃអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិប្រចាំប្រទេសកម្ពុជាលោក ឆេង សំបូរ បានបញ្ជាក់ពីការរកឃើញនៃកូនផ្សោតនេះ តែយ៉ាងណាលោកមិនអាចធ្វើការអត្ថាធិប្បាយបានទេលើកិច្ចសហប្រតិបត្តិការជាមួយដៃគូរពាក់ព័ន្ធ។
សត្វផ្សោតទន្លេមេគង្គត្រូវបានចាត់ទុកថាជាទ្រព្យធម្មជាតិមានជីវិតរបស់ប្រទេសកម្ពុជា។ ប្រភេទសត្វនេះត្រូវបានចុះបញ្ជីជាសត្វជិតផុតពូជដ៏សំខាន់នៅក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN។ សត្វផ្សោតនៅ ក្នុងតំបន់ទន្លេមេគង្គរបស់ប្រទេសកម្ពុជាប្រឈមមុខនឹងការគំរាមកំហែងជាច្រើនដែលបណ្តាលឱ្យស្លាប់ និងបង្កគ្រោះថ្នាក់ ដែលក្នុងនោះសំណាញ់នេសាទខុសច្បាប់ និងការនេសាទដោយចរន្តអគ្គិសនីជាកត្តាចម្បង។
អ្នកតំណាងសហគមន៏កោះសាកសិទ្ធអ្នកស្រីមុំ សំណាង ថ្លែងប្រាប់ប្រជាកាសែតថា អ្នកស្រីមានអារម្មណ៏សប្្បាយចិត្តពេលឮថា មានការកើតនូវកូនផ្សោតនៅតំបន់ទន្លេមេគង្គនេះ។ អ្នកស្រីថា សត្វផ្សោតមានសារៈសំខាន់ចំពោះសហគមន៍ក្នុងតំបន់តាមបណ្តោយដងទន្លេមេគង្គ ដោយជំរុញទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ជីវភាពរស់នៅ។ អ្នកស្រីបន្ថែមថា សត្វផ្សោតទាក់ទាញភ្ញៀវទេសចរជារៀងរាល់ឆ្នាំ ដោយបង្កើតប្រាក់ចំណូលតាមរយៈដំណើរកម្សាន្តតាមទូក ផ្ទះស្នាក់នៅ និងសិប្បកម្ម ក្នុងសហគមន៏របស់អ្នកស្រី។
អ្នកស្រីថា៖ «សម្រាប់ខ្ញុំសប្បាយចិត្តពេលឃើញធនធានដ៏កម្រដែលវាកើនឡើង។ តំបន់ខ្ញុំវាកើនមួយក្បាលដែរ ហើយកន្លែងខ្ញុំវាអត់មានផលប៉ះពាល់ថាមានផ្សោតអីងាប់ទេ»។
អ្នកស្រីសំណាងបន្ថែមថា៖ «ក្រុមពួកខ្ញុំបោះឆ្នោតតាំងពីឆ្នាំ២០១៧ ហើយក៏បានចូលរួមជាមួយ WWF នឹងខំការពារអភិរក្សបន្តទៀត។ យើងព្រួតគ្នាការពារសត្វដ៏កម្រដូចជាសត្វផ្សោតដ៏កម្រ ព្រោះសត្វផ្សោតមានប្រយោជន៏ខ្លាំងសម្រាប់ប្រជាពលរដ្ឋខ្លាំង។ ជាពិសេសភ្ញៀវផ្នែកអេកូទេសចរណ៏នឹងហ្មង មកពេលណាគឺផ្ដោតលើសត្វផ្សោតនឹងហ្មង។ សំខាន់ជាងគេ វាជួយប្រាក់ចំណូលក្នុងសហគមន៏ជាហូរហែរ»។
កាលពីឆ្នាំ២០២៥ កម្ពុជាមានចំនួនផ្សោតចំនួន១១២។ នៅឆ្នាំ២០២៥មានកូនផ្សោតកើតថ្មីចំនួន៨ក្បាល។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
(អត្ថបទដោយ៖ អ៊ឺង ស៊ា)







