កសិករចង់ឃើញតម្លៃស្រូវឡើងខ្ពស់វិញ ខណៈរដូវប្រមូលស្រូវប្រាំងមកដល់

សង្គម

ក្រុមការងារនៃមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់កូនក្រៀល បានចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន ជីបម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ព កាលបីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ (រូតថតពីហ្វេប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហោះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។)

កសិករនៅតាមបណ្ដាខេត្តមួយចំនួនអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការជម្រុញឱ្យតម្លៃស្រូវប្រសើរជាងឆ្នាំមុនៗ ជាពិសេសនៅពេលរដូវប្រមូលផលស្រូវកំពុងមកដល់ ខណៈបញ្ហាក្រុមឈ្មួញក្រលុកតម្លៃទីផ្សារស្រូវ នៅតែជាកង្វល់របស់កសិករ។

ប្រជាកសិកររស់នៅខេត្តបាត់ដំបង អ្នកស្រីតាន់ មាស ឱ្យដឹងថា អ្នកស្រីបានដាំស្រូវផ្ការរំដួល ចំនួនពីរហិកតា ដោយអាចប្រមូលផលបានជាង៥តោនលក់ទៅឱ្យឈ្មួញកណ្តាលដែលដើរទិញតាមភូមិពីកសិករ ក្នុងតម្លៃ៦ ទៅជាង៧រយរៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។ អ្នកស្រី បញ្ជាក់ថា តម្លៃស្រូវលក់ចេញនេះមិនអាចធ្វើឱ្យលោកចំណេញនោះទេ បើទូទាត់លើការចំណាយថ្លៃដើម ដូចជាជី ថ្នាំគីមី និង ប្រេងម៉ាស៊ូតជាដើម។

អ្នកស្រីនិយាយថា៖ «ខ្ញុំមានតិចតួចទេប្រហែលពីរបីហិកតាអីទេ។ ប្រមូលផលបានពីរតោន បីតោនអីចឹងតាមធ្វើបាន ឬមិនបាន ហើយតម្លៃនៅតែចុះ។ ឆ្នាំមុនបាន៩រយ រៀលអីដែរ។ ឆ្នាំនេះបាន៧០០ រៀល។ អត់ដឹង ម៉េចឲ្យតែខែទទួលផល់ចឹងហ្មង»។

អ្នកស្រីបន្ថែមថា៖ «ភាគច្រើនលក់ឲ្យឈ្មួញកណ្ដាល និងម៉ាស៊ីនកិនស្រូវ។ ចឹងតម្លៃអាចថាតាមតែមាត់គេថា។ សំណូមពរឲ្យគេទិញរាងថ្លៃតិចទៅ ព្រោះធ្វើស្រូវទំរាំតែបានដែរ ហើយអាថ្លៃដើមថាថ្លៃចឹងណា។ ណាជំពាក់ធនាគារគេដែរ»។

ចំណែកឯប្រធានកសិករប្រចាំខេត្តព្រៃវែង អ្នកស្រី ឡាយ សុខម ថ្លែងប្រាប់ប្រជាកាសែតថា តម្លៃស្រូវលក់នៅខេត្តព្រៃវែងហាក់ឡើងចុះស្ទើររៀងរាល់ឆ្នាំ។ អ្នកស្រីថា នៅឆ្នាំនេះ តម្លៃស្រូវហាក់មិនទាន់ប្រសើរនៅឡើយទេ ព្រោះតម្លៃស្រូវឡើងចុះតាមតែមាត់របស់ឈ្មួញកំណត់ដើម្បីលក់ចេញទៅកាន់ប្រទេសវៀតណាម។

អ្នកស្រីថា៖ «តម្លៃស្រូវប្រាំងវឆ្នាំនេះបាន៧២០ ទៅ៧៥០ រៀលតែមិនប្រសើរជាងឆ្នាំមុនប៉ុន្មានទេ ហើយកសិករក៏ដូចជាមិនចំណេញអីដែរព្រោះជី ថ្លៃ។ ថ្លៃមួយចប់។ តម្លៃ៧រយជាងនេះវាគួរសម តែគ្រាន់ថាភាគរយចំណេញវាតិច។ បើវាឡើងក៏ឡើងតាមតំបន់ទេ។ តម្លៃណានៅជិតរោងម៉ាសុីនកិនស្រូវអាចបានថ្លៃ។ បើនៅតំបន់ខ្ញុំវាឆ្ងាយ ចឹងត្រូវលក់ឲ្យឈ្មួញកណ្ដាល»។

អ្នកស្រី ឡាយ សុខម បន្ថែមថា បញ្ហាខ្វះខាតទឹកនៅតែជាកង្វល់ដ៏សំខាន់សម្រាប់កសិករក្នុងខេត្តព្រវែង។ អ្នកស្រីអំពាវនាវឲ្យអាជ្ញាធរបញ្ចូលទឹកក្នុងប្រឡាយឲ្យបានគ្រប់គ្រាន់សម្រាប់ធ្វើស្រូវប្រាំង ខណៈអ្នកស្រីថាប្រជាកសិករខ្លះជីកអណ្ដូងផ្ទាល់ខ្លួនសម្រាប់បូមទឹកបញ្ចូលស្រែ។

អ្នកស្រីនិយាយថា៖ «បើអ្នកនៅជិតអាចថាមិនសូវជាកង្វល់ តែបើអ្នកនៅឆ្ងាយគ្នានៅខ្វះខាត។ អ្នកខ្លះប្រើអណ្ដុងដោយដោតខ្សែភ្លើងបូម ដល់អ្នកខ្លះខ្សែភ្លើងអត់ដល់នៅតែបូមអត់សូវដល់»។

ទិន្នន័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យដឹងថា ផែនការដាំដុះស្រូវរដូវប្រាំងថ្នាក់ជាតិ ឆ្នាំ២០២៤-២០២៥ ត្រូវបានកំណត់ចំនួន ៥៣៥ ៦០០ ហិកតា ប៉ុន្តែផ្ទៃដីដាំដុះជាក់ស្តែងកើនឡើងដល់ ៩០៧ ០៣៥ ហិកតា។ តាមទិន្នន័យដដែល ក្នុងឆ្នាំ២០២៥ មានស្រូវរដូវប្រាំងយ៉ាងហោចណាស់ចំនួន ៣០ ០០០ ហិកតានៅទូទាំងខេត្តចំនួនប្រាំបីបានរងផលប៉ះពាល់ដោយកង្វះខាតទឹក ដែលអាជ្ញាធរបានបូមទឹកយ៉ាងសកម្មដើម្បីកាត់បន្ថយបញ្ហានេះ និងការពារការខូចខាត ក្នុងនោះមានខេត្តក្រចេះ កំពង់ធំ ព្រៃវែង កណ្តាល តាកែវ បន្ទាយមានជ័យ ត្បូងឃ្មុំ និងខេត្តស្វាយរៀង។

ក្នុងឆ្នាំ ២០២៤ ធនាគារពិភពលោកបានអនុម័តឥណទានចំនួន ១៤៥ លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់គម្រោងកែលម្អសន្តិសុខទឹករបស់ប្រទេសកម្ពុជា ដោយផ្តោតលើការខ្វះខាតទឹកសម្រាប់កសិករក្នុងរដូវប្រាំង។ គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករជាង ១១៣ ០០០ នាក់ តាមរយៈការបង្កើនប្រព័ន្ធធារាសាស្រ្ត ការផ្គត់ផ្គង់ទឹកសម្រាប់គ្រួសារ និងភាពធន់នឹងអាកាសធាតុក្នុងរយៈពេលប្រាំឆ្នាំ។

ប្រជាកាសែតមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ ទាក់ទិននឹងការអំពាវនាវ និងកង្វល់របស់ពលរដ្ឋបានទេនៅថ្ងៃទី១៩ កុម្ភៈ ។

ទោះជាយ៉ាងណា ថ្លែងនៅក្នុងពិធីជួបជុំប្រជាកសិករនៃសហគមន៏កសិកម្មទំនើបស្រូវនាងអំនៅខេត្តសៀមរាប កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា អះអាងថា ក្រសួងកសិកម្មនឹងជួយរកទីផ្សារ និងធ្វើយ៉ាងណាថែរក្សាតម្លៃចំណេញ និងការពារជីវភាពសមាជិកសហគមន៍ឲ្យមានស្ថិរភាព។ លោកស្នើថា ម្ចាស់រោងម៉ាស៊ីនគួរជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ ម្ចាស់ដេប៉ូជីថ្នាំជួយពន្យាការទូទាត់សងប្រាក់ជំពាក់ – ម្ចាស់ដីជួយកាត់បន្ថយថ្លៃឈ្នួលដី -ចំណែក អ្នកហូបជួយទិញអង្ករនិងគាំទ្រដល់រោងម៉ាស៊ីនដៃគូដែលបានទិញស្រូវពីកសិករនិងសហគមន៍។

លោកថ្លែងថា៖ «ប្រែក្លាយការអាណិតអាសូរ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមថ្លៃស្រូវដល់បងប្អូនកសិករយើង»។

ទាក់ទិននឹងបញ្ហានេះដែរ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សេក សុខា លើកឡើងថា ប្រជាកសិករនៅតែប្រឈមមុខនឹងបញ្ហាធំៗដូចជាការរកទីផ្សារ ការចំណាយលើថ្លៃ វត្ថុធាត់ដើមខ្ពស់ ដូចជាការកើនឡើងនៃតម្លៃជី គ្រាប់ពូជ ថ្នាំសម្លាប់សត្វល្អិត និងតម្លៃអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងការបូមទឹកបញ្ចូលស្រែជាដើម។ លោកបន្តថា បំណុលពីមីក្រូហិរញ្ញវត្ថុដែលប្រជាកសិករខ្ចីសម្រាប់ការផ្គត់ផ្គង់ថ្លៃដើម ក៏បានជម្រុញឲ្យប្រជាកសិករខ្លះបង្ខំចិត្តលក់ទោះក្នុងតម្លៃថោក៏ដោយ។

លោកថា៖ «ទី១ពាក់ព័ន្ធទៅនឹងតម្លៃកសិផល មកពីយើងនាំចូលពីគេមកច្រើន នាំឲ្យតម្លៃនៅក្នុងស្រុកធ្លាក់ចុះ។ ទី២ចង់និយាយថាវត្ថុធាតុដើមវាថ្លៃដូចជាជីវភាពច្រើនយើងនាំចូលចឹងណា។ យើងទិញមកពីក្រៅមកវាថ្លៃ។ មួយទៀតកសិករយើងគាត់ត្រូវការភ្លើងសម្រាប់បូមទឹកអីចឹងទៅ ហើយថ្លៃភ្លើងក៏នៅថ្លៃគួរសមដែរ។ ចឹងអាការចំណាយលើផលិតកម្មវាថ្លៃ ចឹងកាលណាគាត់លក់ផលិតផលកសិករគាត់លើទីផ្សារទៅ វាដូចមិនចំណេញទេ»។

លោកបន្ថែមទៀតថា៖ «ផលិតផលកសិកម្មមិនថាស្រូវ ឬស្វាយចន្ទីមិនថាកសិផលអីផ្សេងៗទៀត បើយើងមានអីរក្សារទុកបានយើងគួរតែមានរោងចក្រសម្រាប់កែច្នៃ។ បើគាត់ចង់បើកសិប្បកម្មកែច្នៃអាជ្ញាធរត្រូវសម្រួលកុំរំខានក្នុងដំណើរការហ្នឹង អីចឹងគាត់អាចរក្សារកសិផលគាត់មិនឲ្យខូចហើយអាចរក្សាតម្លៃបាន»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1506}" data-page="1" data-max-pages="1" data-start="1" data-end="1">