នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្តប្រាប់កាសែតបរទេសថាថៃរំលោភបំពានដីខ្មែរ

ទំនាក់ទំនងអន្តរជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងផ្តល់បទសម្ភាសផ្តាច់មុខមួយជូនដល់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ (រូបភាព៖ Reuters)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តលើកឡើងជាមួយសារព័ត៌មានបរទេសធំៗអំពីបញ្ហាយោធាថៃចូលរំលោភបំពានទឹកដីកម្ពុជា។ ក្នុងពេលដែលលោកកំពុងស្ថិតនៅ សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ។

ក្រោយពីបានផ្តល់សម្ភាសន៍ដល់សារព័ត៌មានរ៉យទ័រ (Reuters) លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៩ កុម្ភៈ បានផ្តល់បទ សម្ភាសន៍ជាមួយអ្នកសារព័ត៌មាន FOX News ដោយលោក ត្រូវបានអ្នកកាសែតសួរសំណួរចម្បងចំនួន ៣ ពាក់ព័ន្ធទៅនឹង បញ្ហាការចូលរំលោភបំពានដែនដីកម្ពុជាពីយោធា ថៃ ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ និងមូលដ្ឋានយោធាសមុទ្ររាមជាដើម។

លោក ហ៊ុន ម៉ាណែត ថ្លែងប្រាប់ថា ទោះបីមានការបញ្ឈប់ការប្រយុទ្ធក៏ដោយ កងទ័ព ថៃ នៅតែបន្តកាន់កាប់តំបន់មួយចំនួនចូលជ្រៅក្នុងទឹកដីខ្មែរ ដោយដាក់កុងតឺន័រ និងលួសបន្លា។ លោកថាសកម្មភាពនេះ គឺលើសពីការទាមទារជាឯកតោភាគីរបស់ថៃ ព្រោះតំបន់នោះជាដីភូមិរបស់កម្ពុជា ហើយបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមិនអាចវិលត្រឡប់ទៅរស់នៅស្រុកកំណើតរបស់ខ្លួនវិញបាន។

លោកបន្តថា ៖ «នេះខុសពីសេចក្តីថ្លែងការណ៍រួមដែលយើងមានរវាងប្រទេសទាំងពីរ ដែលអនុញ្ញាតឱ្យជនស៊ីវិលត្រឡប់មកវិញ។ សូម្បីតែចំណុចដែលថា បន្ទាប់ពីការឈប់ បន្ទាប់ពីការបាញ់ប្រហារ កងទ័ពនៅទីតាំងដដែល ហើយមិនផ្លាស់ទីហួសពីការគ្រប់គ្រងតំបន់របស់ពួកគេ។ ប៉ុន្តែការពង្រីកការប្រើប្រាស់លួសបន្លា និងកុងតឺន័រដើម្បីបិទភូមិ នេះគឺជារឿងមួយចំនួនដែលយើងជំរុញឱ្យប្រទេសថៃ អនុញ្ញាតឱ្យប្រជាជនរបស់យើងត្រឡប់ទៅវិញ ហើយចាប់ផ្តើមដំណើរការកំណត់ព្រំដែនជាមួយកម្ពុជា តាមរយៈយន្តការរួមដែលយើងទាំងពីរយល់ស្រប។ ដូច្នេះនេះជាចំណុចសំខាន់របស់យើង»។

លោក ហ៊ុន ម៉ាណែត បាននិយាយប្រាប់ទៅកាន់កាសែតអន្តរជាតិដែរថា កម្ពុជាប្រកាន់ខ្ជាប់ដំណោះស្រាយដោយសន្តិវិធី និងការសន្ទនា មិនគាំទ្រការប្រើសង្គ្រាមដើម្បីដោះស្រាយជម្លោះទេ។ លោកបានអំពាវនាវឱ្យ ថៃ ត្រឡប់ទៅអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែន។ លោកក៏បានលើកឡើងពីតួនាទីសម្របសម្រួល រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) និងប្រធានអាស៊ានឆ្នាំ២០២៥ គឺលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហីំ (Anwar Ibrahim) ក្នុងការធានាបទឈប់បាញ់ និងលើកកម្ពស់សន្តិភាព។

ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ នេះដែរ ប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព នាថ្ងៃទី ១៩ ខែកុម្ភៈ ដោយបានកោតសរសើរចំពោះកម្ពុជា-ថៃ ដែលអាចឈានដល់ការស្រុះស្រួល និងដោះស្រាយបញ្ហាជម្លោះលោកបញ្ជាក់ថា សហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងដិតដល់លើការវិវត្តនេះ។

លោកថ្លែងថា៖ «កម្ពុជា និងថៃ ពិតជាអស្ចារ្យខ្លាំងណាស់អ្វីដែលអ្នកបានធ្វើ អ្នកស្រុះស្រួលគ្នា អ្វីៗត្រូវបានដោះស្រាយ។ ពួកគេកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់! អគុណច្រើន។
លោកមានប្រសាស៍បន្តថា៖ «វាជារឿងដ៏ធំមួយ រវាងប្រទេសកម្ពុជានិង ថៃ ពួកគេពិតជាអ្នកប្រយុទ្ធ (Nasty Fighters)ខ្ញុំចង់ប្រាប់ថាពិតជាអ្នក ប្រយុទ្ធ (Nasty Fighters)»។

ជុំវិញរឿងនេះដែរ លោកបណ្ឌិត គិត ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញ កម្ពុជាកំពុងព្យាយាមនាំយកបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ប្រាប់ទៅកាន់សហគមន៍អន្តរជាតិដែលជាផ្នែកមួយដ៏សំខាន់នៃ ក្នុងកម្រិតការទូតខ្ពស់។ 

លោកយល់ថា ការលើកឡើងដោយប្រមុខរដ្ឋាភិបាលពីបញ្ហាព្រំដែននៅ លើវេទិកាអន្តរជាតិ គឺមានសារៈសំខាន់ ព្រោះកន្លងមកកម្ពុជាមានតែសេចក្តីថ្លែងការណ៍នៅកម្រិតក្រសួង និងស្ថាប័នប៉ុណ្ណោះ។

លោកនិយាយថា៖ «ពួកគេកំពុងតែកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជាជាច្រើនកន្លែងបំផ្លាញផ្ទះសម្បែងហេដ្ឋាររចនាសម្ព័ន្ធស៊ីវិលនិងបង្កការលំបាកជាច្រើនដល់ប្រជាជនខ្មែរយើងដែលមិនអាចត្រលប់មកភូមិដ្ឋានរបស់ខ្លួនវិញ»។

ចំណែកឯទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា ការផ្តល់បទសម្ភាសន៍របស់នាយករដ្ឋមន្ត្រីជាមួយសារព័ត៌មានអន្តរជាតិ គឺមានសារៈសំខាន់ក្នុងការបង្ហាញការពិតអំពីបញ្ហាឈ្លានពានដែនអធិបតេយ្យកម្ពុជា។ 

លោកមានប្រសាសន៍ថា៖«បទសម្ភាសន៍ដឹកនាំដោយនាយករដ្ឋមន្ត្រីជាមួយនឹងអ្នកសារព័ត៌មានអន្តរជាតិដែលជាអ្នកសារព័ត៌មានធំៗពេលមានវត្តមាននៅសហរដ្ឋអាមេរិកវាមានសារៈសំខាន់ណាស់ក្នុងការលើកឡើងការពិត ទាក់ទងទៅនឹងបញ្ហាឈ្លានពានទៅលើដែនអធិបតេយ្យ»។

ទោះបីជាយ៉ាងណា លោកយល់ថា ការការពារអធិបតេយ្យភាពមិនគួរឈប់ត្រឹមការប្រាប់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគួរត្រូវបន្តជំហានច្បាប់ ដូចជា ការដាក់ពាក្យប្តឹងទៅស្ថាប័នអន្តរជាតិ ដើម្បីឲ្យមានមូលដ្ឋានឲ្យអន្តរជាតិអាចជួយកម្ពុជាបាន។ ស្របពេលនេះដែរលោក អំពាវនាវឲ្យរដ្ឋាភិបាលដោះលែងអ្នកនយោបាយ យុវជន អ្នកបរិស្ថាន និងមេដឹកនាំសហជីពពីពន្ធនាគារដើម្បីបង្ហាញពីការស្តារលទ្ធិប្រជាធិបតេយ្យទៅអន្តរជាតិ ដែលវាអាចជួយកម្ពុជាមានឱកាសទទួលបានការអនុគ្រោះពន្ធឡើងវិញ៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1510}" data-page="1" data-max-pages="1" data-start="1" data-end="1">