អ្នកតាមដានស្នើឱ្យមានកិច្ចការពារចំពោះអ្នករាយការណ៍ បន្ទាប់ពីក្រសួងដាក់ដំណើរការប្រព័ន្ធទទួលបណ្ដឹងអនឡាញ

សង្គម

រូបភាពវេបសាយរបសក្រសួងមហាផ្ទៃ ដែលត្រូវបានថតដោយអ្នកកាសែតរបសប្រជាកាសែតថ្ងៃទី២០ខែកុម្ភៈ២០២៦។

អ្នកតាមដានសង្គម និងបក្សក្រៅរដ្ឋាភិបាលមួយចំនួនសាទរចំពោះការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធទទួលបណ្ដឹងអនឡាញដោយក្រសួងមហាផ្ទៃ តែពួកគេស្នើសុំក្រសួងការពារអ្នករាយការណ៍ពីបញ្ហាមន្ត្រីអសកម្ម។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពី ក្រសួងមហាផ្ទៃបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទទួលបណ្ដឹងអនឡាញ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ សម្រាប់ពលរដ្ឋដាក់បណ្ដឹងតវ៉ា និងបណ្ដឹងបរិហារសមត្ថកិច្ច និងសកម្មភាពមន្ត្រីក្រសួងមហាផ្ទៃ។

អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី សាទរចំពោះការដែលក្រសួងមហាផ្ទៃដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធទទួលបណ្ដឹងអនឡាញ ដោយលោកយល់ថានេះជារឿងល្អ ព្រោះពលរដ្ឋអាចរាយការណ៍ពីបញ្ហានានាដល់ថ្នាក់ដឹកនាំក្រសួង ស្របពេលដែលពលរដ្ឋគ្មានវិធីរាយការណ៍ពីបញ្ហាពួកគេជួបប្រទះដល់ថ្នាក់លើ ក្រៅពីវិធីបង្ហោះតាមបណ្ដាញសង្គម។
លោកថា៖ «ប្រសិនប្រព័ន្ធនេះ ប្រព័ន្ធអនឡាញធ្វើទៅរលូនល្អអាចឱ្យពលរដ្ឋឱ្យមានច្រកមួយទៀត សម្រាប់បញ្ជូនផលវិបាកផ្សេងៗដើម្បីប្រាប់ដល់ថ្នាក់លើ»។

តែយ៉ាងណា លោកបណ្ឌិត មាស នី មានកង្វល់មួយចំនួនទាក់ទងនឹងប្រព័ន្ធនេះ ដោយលោកលើកឡើងថា ពលរដ្ឋគ្រប់រូបមិនមែនសុទ្ធតែមានចំណេះដឹងផ្នែកប្រព័ន្ធបច្ចេកវិទ្យាទេ។ បន្ថែមពីនេះ លោកបណ្ឌិតបារម្ភពីសុវត្ថិភាពរបស់ពលរដ្ឋដែលរាយការណ៍បញ្ហាផ្សេងៗទៅកាន់ក្រសួងមហាផ្ទៃ។ 

លោកបន្តថា៖ «ច្បាប់ប្ដឹងបរិហារកេរ្តិ៍ហ្នឹងយកមកប្រើក្នុងស្ថានភាពបែបម៉េចបើសិនបើពលរដ្ឋគាត់សួរសំណួរណាមួយដែលប៉ះពាល់ដល់អ្នកដទៃហើយគេចោទប្រកាន់គាត់វិញ តើខាងក្រសួងទទួលខុសត្រូវយ៉ាងម៉េច?»។

ចំណែកឯស្ថានិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន ក៏សាទរចំពោះការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទទួលបណ្ដឹងអនឡាញនេះដែរ ព្រោះវាជាឱកាសសម្រាប់ពលរដ្ឋរាយការណ៍ពីមន្ត្រីអសកម្មទៅដល់ថ្នាក់លើ និងជំរុញឱ្យមន្ត្រីទាំងនោះកែខ្លួន។

លោកថា៖ «ជាទូទៅការបំបិទសំឡេងហ្នឹងក៏នៅមូលដ្ឋានច្រើនដែរ មែនទែនទៅឃើញថា កន្លែងខ្លះសឹងតែមិនហ៊ាននិយាយទេ ថ្នាក់លើអាចអត់ដឹងទេ តែថ្នាក់ក្រោមអាចគំរាម អាចបំបិទសំឡេង ណែនាំ ហៅមកសួរអ៊ីចឹងទៅជាបញ្ហាមួយ»។

ជាមួយគ្នានេះ លោក អ៊ូ ច័ន្ទរ័ត្ន មានសុទិដ្ឋិនិយថា ប្រព័ន្ធទទួលបណ្ដឹងអនឡាញនេះអាចមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហា កាលណាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមានឆន្ទៈពិតប្រាកដ។ លោកផ្ដល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើក្រសួង ដោយត្រូវមានច្បាប់ការពារអ្នករាយការណ៍ ទើបពលរដ្ឋហ៊ានប្ដឹងពីបញ្ហាមន្ត្រីអសកម្មនានា។ 

លោកបន្ថែមថា៖ «ប៉ុន្តែអ្វីដែលសំខាន់ជាងហ្នឹង ត្រូវតែអនុលោមទៅតាមច្បាប់។ ច្បាប់ការពារអ្នករាយការណ៍ក្ដី ច្បាប់ការពារសាក្សីក្ដីហ្នឹង ត្រូវតែមានហើយត្រូវតែប្រព្រឹត្តមានគុណភាពច្បាស់លាស់ដើម្បីការពារដល់អ្នករាយការណ៍នោះ[…]ទាល់តែច្បាស់លាស់មែនទែនអាចការពារប្រជាពលរដ្ឋបាន ធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋទុកចិត្តក្រសួងមហាផ្ទៃ[…]ប្រសិនបើប្រជាពលរដ្ឋមិនទុកចិត្តទេ ធ្វើយ៉ាងម៉េចក៏អត់ហ៊ានរាយការណ៍ដែរ»។

ជុំវិញរឿងនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ពន្យល់ថាប្រព័ន្ធទទួលបណ្ដឹងអនឡាញ ទទួលរាល់ពាក្យបណ្ដឹងពីពលរដ្ឋដែលជួបបញ្ហាផ្ទាល់ ឬឃើញករណីមន្ត្រីស្ថិតក្រោមក្រសួងមហាផ្ទៃមិនបានបំពេញតួនាត្រឹមត្រូវតាមច្បាប់ ទាំងក្របខណ្ឌមន្ត្រីរដ្ឋបាលស៊ីវិល ក្របខណ្ឌនគរបាលជាតិ និងក្របខណ្ឌជាមន្ត្រីពន្ធនាគារ។ 

លោកថា៖ «អ៊ីចឹងបើ៣អង្គ ឬក៏៣ក្របខណ្ឌនេះ បំពេញតួនាទីភារកិច្ចទៅ ឬក៏បងប្អូនប្រជាពលរដ្ឋមករកមន្ត្រីក្នុងមុខងារហ្នឹង លោកមិនបានបំពេញតួនាទីភារកិច្ច បំពេញដោយខ្ជីខ្ជា យកមុខងារតួនាទីទៅគាបសង្កត់ ឬក៏ទៅរកប្រយោជន៍ ឬក៏មិនបំពេញតាមក្បួនខ្នាត គោលការណ៍ អូសបន្លាយពេលវេលា ហូរហែគ្រប់បែបគ្រប់យ៉ាងនោះ អានេះហើយគឺថាបងប្អូនមានសិទ្ធិដាក់បណ្ដឹង»។

លោកបន្ថែមថា៖ «តែសុំឱ្យមានជាវត្ថុតាង ជាភស្តុតាង និងព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយក៏សុំឱ្យសហការ នៅពេលដែលឯកឧត្តមរដ្ឋមន្ត្រីលោកសម្រេចថាឱ្យក្រុមអគ្គលេខាធិការដ្ឋានចុះអង្កេតស្រាវជ្រាវ អាហ្នឹងសុំឱ្យសហការ ផ្ដល់ការបំភ្លឺ ផ្ដល់ព័ត៌មានបន្ថែម ផ្ដល់នូវវត្ថុតាង ផ្ដល់នូវភស្តុតាងនានា សូមកុំឱ្យដាក់បណ្ដឹងហើយចោលបាត់ ទំនាក់ទំនងមិនបាន អាហ្នឹងមិនដឹងថាចាត់នីតិវិធីដូចម្ដេចទេ»។
លោក ទូច សុខៈ បញ្ជាក់ថា ក្រសួងមហាផ្ទៃរក្សាសិទ្ធិរាល់ពលរដ្ឋដែលដាក់បណ្ដឹង ដោយមិនទម្លាយអត្តសញ្ញាណរបស់អ្នកប្ដឹងជាសាធារណៈនោះទេ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម, អភិបាលកិច្ច","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1516}" data-page="1" data-max-pages="2" data-start="1" data-end="1">