អង្គការសង្គមស៊ីវិលចំនួន ៤២៤ ស្ថាប័នរួមមានបណ្ដាញសហគមន៍ សមាគមវិជ្ជាជីវៈ និងសហករណ៍កសិកម្មបង្ហាញការព្រួយបារម្ភចំពោះការវិវឌ្ឍថ្មីៗតាមបន្ទាត់ព្រំដែនកម្ពុជា និងថៃ ដូចជាការដាក់ពង្រាយយោធា សកម្មភាពសាងសង់នៅក្នុងតំបន់ដែលមានជម្លោះ ការខូចខាតដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់ជនស៊ីវិល និងការបន្តផ្លាស់ទីលំនៅរបស់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្រ្គាមជាដើម។
នៅក្នុងសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការសង្គមស៊ីវិលលើកឡើងថា ការគ្រប់គ្រងខុសច្បាប់នូវទីតាំងចំនួន ១៤ របស់យោធាថៃក្នុងតំបន់មួយចំនួនរួមមានអូរស្មាច់ និងប្រាសាទតាក្របីក្នុងខេត្តឧត្តមានជ័យ និងតំបន់ថ្មដាក្នុងខេត្តពោធិ៍សាត់ បានបង្កជាផលវិបាកក្នុងការស្វែងរកសន្តិភាព ខណៈសកម្មភាពទាំងនេះបានរំលោភច្បាប់អន្តរជាតិ និងការប្ដេជ្ញាចិត្តគោរពបទឈប់បាញ់ធ្វើឡើងរវាងភាគីកម្ពុជានិងថៃកាលពីខែធ្នូកន្លងទៅ។
សេចក្ដីថ្លែងការណ៍ដដែលសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះរំលោភគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលលើកឡើងពីការហាមឃាត់ ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលតម្រូវឲ្យដោះស្រាយដោយសន្តិវិធី។
សេចក្ដីថ្លែងការណ៍ថា៖ «យើងសូមអំពាវនាវបន្ទាន់ដល់ប្រទេសថៃ និងកម្ពុជាឲ្យគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី និងការប្ដេជ្ញាចិត្តឈប់បាញ់ និងដោះស្រាយជម្លោះទាំងអស់ដែលទាក់ទងនឹងព្រំដែនទាំងស្រុងតាមមធ្យោបាយសន្តិភាព និងស្របច្បាប់រួមទាំងការចរចា ការសម្របសម្រួល និងក្នុងករណីចាំបាច់ ដោះស្រាយតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ (ICJ)»។
នាយកប្រតិបត្តិនៃសម្ព័ន្ធភាពសកម្មភាពសិទ្ធិមនុស្សកម្ពុជា លោក រស់ សុដ្ឋា និយាយថាសកម្មភាពរំលោភបំពានរបស់យោធាថៃតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ មិនស៊ីសង្វាក់ទៅនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញរបស់រដ្ឋាភិបាលថៃនោះឡើយ។ ផ្ទុយទៅវិញ លោកថា សកម្មភាពនេះជាការរំលោភបំពានអធិបតេយ្យនិងសិទ្ធមនុស្សធ្ងន់ធរ ដែលមិនអនុលោមតាមផ្លូវអន្តរជាតិ និងការដោះស្រាយជម្លោះទ្វេភាគី។
លោកថា៖ «យើងឃើញថាបញ្ហាដែលកើតឡើងនៅព្រំដែននេះវាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ បរិស្ថាន និងសិទ្ធិវប្បធម៌ ប្រពៃណីជាដើមនិងសិទ្ធិរស់រានមានជីវិតក្រោមស្លាកនៃការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន។ យើងឃើញថាការវាយប្រយុទ្ធរបស់ប្រទេសថៃ ការប្រើប្រាស់ទ័ពយោធាយ៉ាងធ្ងន់ធ្ងរ និងហួសហេតុបានរំលោភសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋស៊ីវិលរាប់សែននាក់ និងកម្មវត្ថុរបស់ពលរដ្ឋស៊ីវិលដូចជាហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចវប្បធម៌របស់ពួកគាត់ត្រូវបានរំលោភ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ»។
លោកបន្ថែមថា៖ «យើងទាមទារឲ្យមានការទទួលខុសត្រូវ។ ទី១ ធានាការការពារឲ្យបានពេញលេញដល់ជនស៊ីវិលពាក់ព័ន្ធ។ ទប់ស្កាត់ការកើនឡើងបន្ថែមទៀតនឹងធ្វើឲ្យមានផលវិបាកមនុស្សធម៌កាន់តែធ្ងន់ធ្ងរ។ ទី៣សម្រួលការវិលត្រឡប់របស់ជនស៊ីវិលដោយស្ម័គ្រចិត្ត និងដោយសេចក្ដីថ្លៃថ្នូរ។ ដោះស្រាយជម្លោះទាំងអស់គ្រប់ជ្រុងជ្រោយតាមរយៈមធ្យោបាយដោយសន្តិវិធី រួមទាំងការសន្ទនា ការសម្របសម្រួល និងយន្ធការយុត្តិធម៌ស្របច្បាប់អន្តរជាតិ»។
ទាក់ទងនឹងស្ថានការណ៍ជាក់ស្តែងនៅតំបន់ព្រំដែនវិញ ពលរដ្ឋភៀសសឹកមកពីភូមិជោគជ័យ លោក ស្រី ទាវ និយាយថា បច្ចុប្បន្នលោកកំពុងរស់នៅក្នុងវត្តចន្ទី ខេត្តបន្ទាយមានជ័យ។ លោកបានផ្លាស់ទីលំនៅមកជំរំភៀសសឹកនេះ តាំងតែពីពេលយោធាថៃបើកការវាយប្រហារមកលើទឹកដីកម្ពុជាលើកទី១ កាលពីខែកក្កដា។ លោកថា ប្រជាពលរដ្ឋភៀសសឹកទាំងអស់រួមទាំងរូបលោកផង រំពឹងថានឹងអាចវិលត្រឡប់ទៅលំនៅឋានវិញ ខណៈលោកប្រឈមមុខនឹងបញ្ហាជីវភាព។
លោកថា៖ «គាត់ [មន្ត្រីរដ្ឋាភិបាល]ចុះ [ជួយ] ហូរហែដែរតើ ក៏ប៉ុន្តែយើងអត់អីចាយ។ យើងរកអីអត់បានអីចឹងណា។ រកអីមិនបានទេនៅនេះ»។
លោក ស្រី ទាវ លើកឡើងបន្ថែមថា៖ «ប្រជាពលរដ្ឋចង់តែបានទៅឆាប់ចឹងហើយ។ ដល់ចឹងគិតម៉េច។ អាហ្នឹងអាស្រ័យថ្នាក់លើគាត់ដោះស្រាយរបៀបម៉េចជូនប្រជាពលរដ្ឋចឹងណា។ ប្រជាពលរដ្ឋចាំតែស្ដាប់ថ្នាក់ដឹកនាំយើង»។
ក្នុងពេលអមដំណើរអង្គទូតបរទេស និងអង្គការអន្តរជាតិ ចុះពិនិត្យមើលទីតាំងដោយផ្ទាល់ដែលយោធាថៃរំលោភបំពានដែនអធិបតេយ្យរបស់កម្ពុជារៀបចំដោយក្រសួងការបរទេស នៅថ្ងៃទី២៣ កុម្ភៈ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ថ្លែងប្រាប់អង្គទូតបរទេសថា យោធាថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ប្រមាណ ៧៦៣ហិកតា នៅភូមិជោគជ័យ ភូមិព្រៃចាន់ នៃស្រុកអូរជ្រៅ និងតំបន់បឹងត្រកួន នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកបន្តថាទោះបីមានបទឈប់បាញ់ កងទ័ព ថៃ នៅតែបន្តកាន់កាប់តំបន់មួយចំនួនចូលជ្រៅក្នុងទឹកដីខ្មែរ ដោយដាក់កុងតឺន័រ និងលួសបន្លា ដែលធ្វើឱ្យប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ជាង ៣០០០គ្រួសារ មិនអាចវិលត្រឡប់ទៅលំនៅឋានវិញ។
នៅក្នុងការធ្វើសេចក្ដីថ្លែងការណ៍ស្ដីពី « បច្ចុប្បន្នភាពស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ » នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងថា ចាប់តាំងពីយោធាថៃបើកការវាយប្រហារមកលើកម្ពុជាកាលពីខែកក្កដាមក ទាំងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ រហូតដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើការយ៉ាងសកម្មក្នុងការការពារអធិបតេយ្យកម្ពុជា ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចនៅក្រៅប្រទេស។
លោកថា៖ «គោលបំណងនៃជំនួបទាំងនោះគឺប្រាកដណាស់ថាដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពិភាក្សាអំពីបញ្ហាសំខាន់ ដែលថ្នាក់តំបន់ និងអន្តរជាតិកំពុងតែប្រឈមមុខ ខណៈដែលបញ្ហាព្រំដែនកម្ពុជាថៃគឺជាប្រធានបទក្ដៅមួយដែលសហគមន៍អន្តរជាតិកំពុងផ្ដោតការចាប់អារម្មណ៏ខ្លាំង និងតាមដានយ៉ាងយកចិត្តទុកដាក់»៕







