ពលរដ្ឋអាមេរិកខាតជាង២៩០០លានដុល្លារដោយសារការឆបោកតាមអនឡាញពីឧក្រិដ្ឋជនចេញពីអាស៊ីអាគ្នេយ៍

សង្គម

ពលរដ្ឋអាមេរិកខាតបង់ប្រាក់ប្រមាណជាង ២៩០០លានដុល្លារគិតត្រឹមឆ្នាំ២០២៥ ដោយសារការឆបោកតាមអនឡាញពីឧក្រិដ្ឋជនចេញពីតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃការិយាល័យស៊ើបអង្កេតFBIសហរដ្ឋអាមរិក លោក Scott Schelble។

ជំនាញការស៊ើបអង្កេតFBIរូបនេះ បានថ្លែងប្រាប់អ្នកកាសែតក្នុងសន្និសីទកាសែតបង្ហាញពីលទ្ធផលនៃទស្សនកិច្ចរបស់លោក មកកាន់ប្រទេស កម្ពុជា ថៃ វៀតណាម ក្នុងគោលដៅដោះស្រាយបញ្ហាឆបោកតាមអនឡាញ។

លោក Scott Schelble មានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចមកកាន់ ប្រទេសថៃ កម្ពុជា និងវៀតណាមលោករកឃើញចម្លើយដ៏សំខាន់មួយគឺថា ក្រុមឧក្រិដ្ឋកម្មឆ្លងដែនដែលភាគច្រើនដឹកនាំដោយជនជាតិចិនបានពង្រីកកម្រិតឧក្រិដ្ឋកម្មពីការបោកប្រាស់អនឡាញ ទៅជាកម្រិតឧស្សាហកម្មតែម្ដង។

លោកបញ្ជាក់៖ « វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់។នៅឆ្នាំ២០២៥កន្លងទៅនេះ មជ្ឈមណ្ឌលទទួលពាក្យបណ្តឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់យើង ដែលយើងហៅថា IC3 បានទទួលពាក្យបណ្តឹងជាង 80,000ក្នុងនោះទំហំនៃការខាតបង់ ហិរញ្ញវត្ថុមានលើសពី 2.9 ពាន់លានដុល្លារអាមេរិក។ទំហំនវនេះគឺជាតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលដែលប៉ះពាល់ដល់យើងទាំងអស់គ្នា វាបានបង្ហាញថា ឧក្រិដ្ឋកម្មទាំងនេះ ពិតជាសហគ្រាសសកល»។

លោក Scott Schelble បន្ថែមថា ឧក្រិដ្ឋកម្មអនឡាញនេះជាបញ្ហារបស់តំបន់ទាំងមូលតែម្ដងដែលគ្មានប្រទេសណាអាចអនុវត្តបានជោគជ័យតែឯងនោះឡើយ។

លោកពន្យល់៖ «នេះគឺជាបញ្ហាតំបន់ដែលគ្មានប្រទេសណាមួយអាចប្រយុទ្ធតែម្នាក់ឯងបានទេ។នៅពេលដែលយើងក្រឡេកមើលអាស៊ីអាគ្នេយ៍ នេះមិនមែនជាបញ្ហារបស់កម្ពុជា ឬជាបញ្ហាវៀតណាម ឬបញ្ហាថៃ ដាច់ដោយឡែកឡើយ»។

លោកបន្តទៀតថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញលែងគ្រាន់តែការឆបោកតាមអ៊ីនធឺណិតទៀតហើយប៉ុន្តែវាគឺជាឧក្រិដ្ឋកម្មដែលបានរៀបចំដោយមានគម្រោងច្បាស់លាស់។ លោកបញ្ជាក់ទៀតថា ការឆបោកអនឡាញពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការលាងលុយកខ្វក់និងអំពើពុករលួយ។

ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជាកាលពីដើមខែកុម្ភៈ លោក Scott Schelble បានចួបពិភាក្សាជាមួយទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិតកម្ពុជា ឆៃ ស៊ីណារិទ្ធ។

លោក ឆៃ ស៊ីណារិទ្ធ បញ្ជាក់ប្រាប់ថា រដ្ឋាភិបាលកម្ពុជាបានប្រកាសយ៉ាងច្បាស់អំពីជំហររឹងមាំរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត តាមរយៈការអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការច្បាប់ប្រឆាំងនឹងឧក្រិដ្ឋជន។

លោកបញ្ជាក់ទៀតថា៖«តាមរយៈយន្តការគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិតកម្ពុជា អាជ្ញាធរកម្ពុជានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយដៃគូអន្តរជាតិ ដើម្បីស៊ើបអង្កេត និងរុះរើឫសគល់ និងបណ្តាញហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជនទាំងនេះ»។

គិតត្រឹមពាក់កណ្ដាខែកុម្ភៈក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសពីប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញដោយបើកប្រតិបត្តិការទ្រង់ទ្រាយធំដោយចាប់បានជនល្មើសរាប់ពាន់នាក់ និងបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសអនឡាញរាប់រយកន្លែង។នៅថៃឯណោះវិញ អាជ្ញាធរថៃក៏បានចាត់វិធានការបន្តបន្ទាប់ដោយប្រកាសពីជោគជ័យនៃការបង្ក្រាបបទល្មើសនេះដែរប៉ុន្តែសំណុំរឿងព្រំដែនខ្មែរថៃ ត្រូវអ្នកនយោបាយថៃយកមកបូកបញ្ចូលជាមួយនិងបន្តចោទប្រកាន់ជាហូរហែរថាកម្ពុជាជាទីតាំងបោកប្រាស់អនឡាញ។

ទោះជាយ៉ាងណាក្ដី មន្ត្រីជំនាញរបស់ FBIលោក Scott Schelble វិធីសាស្រ្តដ៏ជោគជ័យមួយក្នុងការកំចាត់មជ្ឈមណ្ឌលបោកប្រាស់អនឡាញគឺជាកិច្ចសហការគ្នាដោយស្មោះរវាងអាជ្ញាធរជំនាញដែលពាក់ព័ន្ធ ។ លោកថា ការប្រយុទ្ធចំពោះឧក្រិដ្ឋកម្មអនឡាញ មិនទាន់ចប់នៅឡើយទេ។លោកបញ្ជាក់ទៀតថា ព្រំដែនភូមិសាស្ត្រមិនអាចរារាំងការប្រយុទ្ធប្រឆាំងអំពើបោកប្រាស់មកលើជនជាតិអាមេរិកបាននោះឡើយ ហើយFBIប្ដេជ្ញាបន្តកម្ទេចសំបុកឧក្រិកម្មអនឡាញ៕

(អត្ថបទដោយ៖ វណ្ណ វិចារ)

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1550}" data-page="1" data-max-pages="1" data-start="1" data-end="1">