លោក ហ៊ុន ម៉ាណែត ទៅអាមេរិកនិងដើរមួយជុំតំបន់អ៊ឺរ៉ុបបន្ទាប់ពីថៃនៅបន្តទន្ទ្រានដីខ្មែរ

សង្គម

ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ាណែត ទៅអាមេរិកព្រមទាំងដើរមួយជុំតំបន់អ៊ឺរ៉ុបបន្ទាប់ពីថៃនៅទន្ទ្រានដីខ្មែរ។លោកបានទៅជួបជាមួយថ្នាក់មន្ត្រីជាន់ខ្ពស់អាមេរិក ជួបដឹកនាំមួយចំនួននៅតំបន់អឺរ៉ុប តំណាងគណៈកម្មាការអ៊ឺរ៉ុប អគ្គលេខាធិការអង្គការសហប្រជាជាតិ មេសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងប្រធានសន្និបាតអង្គការសហប្រជាជាតិជាដើម។

នៅថ្ងៃទី២៣កុម្ភៈ លោកហ៊ុន ម៉ាណែត បានជួបជាមួយ លោកAntónio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ។ ជួបជាមួយលោកVolker Türk ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ។ ជួបពិភាក្សាការងារក្រៅផ្លូវការជាមួយលោកJosé Ramos-Horta ប្រធានាធិបតី ប្រទេសទីម័រឡេស្តេ ។ ជួបលោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ ។ជួបអ្នកស្រី Annalena Baerbock ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៨០ ជួបជាមួយអ្នកស្រីKaja Kallas អនុប្រធានគណៈកម្មការអឺរ៉ុប ។

នៅរសៀលថ្ងៃអង្គារ ទី២៤ កុម្ភៈនៅប្រទេសបែលហ្ស៊ិក លោកហ៊ុន ម៉ាណែត ជួបលោកMaxime Prévot ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសប៊ែលហ្សិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។លោកហ៊ុន ម៉ាណែតមិនបានបរិយាយលម្អិតពីខ្លឹមសារនៃជំនួបរវាងរូបលោកនិងមន្ត្រីជាន់ខ្ពស់អង្គការអន្តរជាតិនានានោះឡើយ។ លោកសរសេរសារខ្លីព្រមទាំងផ្សាយរូបភាពនៃជំនួបទាំងអស់នោះតាមបណ្ដាញសង្គមផ្លូវការរបស់ខ្លួន។

ទោះជាយ៉ាងណាក្ដីថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា មានប្រសាសន៍ថា គោលបំណងនៃជំនួបរបស់លោកនាយករដ្ឋមន្រ្តីជាមួយមន្រ្តីជាន់ខ្ពស់តាមបណ្ដាប្រទេសអឺរ៉ុប ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ខណៈដែលបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទក្តៅមួយដែលសហគមន៍អន្តរជាតិបាននិងកំពុងផ្តោតការចាប់អារម្មណ៍ខ្លាំង និងតាមដានយ៉ាងយកចិត្តទុកដាក់។

លោក បូណា បានអះអាងថា លោក ហ៊ុន ម៉ាណែត បានប្រាប់ដៃគូសន្ទនា (ដែលមានទាំងអនុរដ្ឋមន្រ្តីការបរទេសនិងអនុរដ្ឋមន្រ្តីសង្រ្គាមអាមេរិក) អំពីស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាអ្វីដែលកម្ពុជាចង់បាន និងបានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនិងស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ រួមទាំងដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែងវិញ ដោយមិនមានការគំរាម ឬប្រើកម្លាំង។

អ្នកនយោបាយក្រៅរដ្ឋាភិបាល ទទូចឱ្យលោក ហ៊ុន ម៉ាណែត ឆ្លៀតឱកាសនេះ លើកឡើងពីការឈ្លានពានរបស់ថៃ ដើម្បីឱ្យប្រទេសពាក់ព័ន្ធជំរុញថៃឱ្យគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលថៃបានចុះហត្ថលេខា។

ជុំវិញដំណើរទស្សនកិច្ចការងារនៅតំបន់អឺរ៉ុប ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក សេក សុខា មានប្រសាសន៍ថា លោក ហ៊ុន ម៉ាណែត គួរលើកយកបញ្ហាយោធាថៃបន្តកាន់កាប់ដែនអធិបតេយ្យភាពកម្ពុជាទៅជជែកជាមួយថ្នាក់ដឹកនាំនៅអឺរ៉ុប ដើម្បីឱ្យប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រំលឹកដល់ថៃឱ្យគោរពនូវអ្វីដែលបានសន្យាក្នុងកិច្ចព្រមព្រៀង។ បន្ថែមពីលើនេះ លោក សុខា ក៏សង្ឃឹមដែរថា ក្រោយបញ្ចប់ទស្សនកិច្ច លោកនាយករដ្ឋមន្រ្តី នឹងអាចស្វែងយល់អំពីដំណើរការប្រជាធិបតេយ្យនៅអឺរ៉ុប ហើយឆ្លុះបញ្ចាំងនិងយកមកអនុវត្តនៅប្រទេសកម្ពុជា។

លោក និយាយថា៖ «មែនទែនប្រទេសកម្ពុជាយើង ក៏ជាប្រទេសមួយដែលជាហត្ថលេខី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថៃក៏ដូចគ្នា។ ចឹងគាត់ត្រូវតែគោរពអ្វីដែលគាត់សន្យានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចឹងបណ្ដាប្រទេសលើពិភពលោក ដូចជាប្រទេសមហាអំណាចដែលពាក់ព័ន្ធកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏ត្រូវរំលឹកទៅប្រទេសថៃ ដើម្បីឱ្យគាត់ (ថៃ) គោរពគោលការណ៍ច្បាប់ គោលការណ៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានធ្វើទស្សនកិច្ចការងារដែលមានរយៈពេលជាង១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាព និងតំបន់អឺរ៉ុប នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1553}" data-page="1" data-max-pages="1" data-start="1" data-end="1">