ពលរដ្ឋអ្នករស់នៅព្រំដែន ប្រឈមគ្រោះថ្នាក់ដោយគ្រាប់បែកចង្កោមដែលថៃបាញ់ចូលដីខ្មែរ

សង្គម

ក្រុមស៊ីម៉ាក់បង្ហាញពីគ្រាប់បែកចង្កោមដែលថៃបាញ់ចូលដីខ្មែរ។ (រូបថតពី៖ AKP)

គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាប្រឈមគ្រោះថ្នាក់សម្រាប់ពលរដ្ឋកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជាត្រូវយកចិត្តទុកដាក់ក្នុងការបង្កើនសមត្ថភាពបោសសម្អាតដើម្បីធានាការរស់នៅដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ ខណៈកំឡុងជម្លោះព្រំដែនកម្ពុជា និងថៃ កាកសំណល់ទាំងអស់នេះ ជាពិសេសគ្រាប់បែកចង្កោមដែលយោធាថៃបានទម្លាក់នៅរាយប៉ាយតាមភូមិនានា។ នេះបើតាមព្រះរាជសាររបស់ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលផ្ញើទៅកាន់ប្រជានុរាស្ត្រព្រះអង្គក្នុងក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ព្រះមហាក្សត្រព្រះអង្គ មានព្រះរាជតម្រិះថា៖ «ក្នុងពេលបច្ចុប្បន្ន ប្រទេសកម្ពុជាយើងទើបបានរងការវាយប្រហារដោយកាំភ្លើងធំ រថក្រោះ និងយន្តហោះពីទាហានថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅលើសមរភូមិ មាន គ្រាប់បែក គ្រាប់រំសេវ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗនៅរាយប៉ាយតាមភូមិកររបស់ប្រជាជនកម្ពុជា ការណ៍នេះបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបោសសម្អាតបន្ថែមទៀត»។

អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា លើកឡើងថ្លែងនៅទិវាយល់ដឹងពីមីន ដោយស្នើសូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ក្នុងករណីប្រទះឃើញ លោកអំពាវនាវឲ្យប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាផ្ទាល់។

លោកថា៖ «សូមឲ្យប្រជាពលរដ្ឋរបស់យើង ជាពិសេសក្មួយៗសិស្សានុសិស្ស យុវជនទាំងឡាយដែលរស់នៅតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមកម្ពុជា-សៀមនេះ ដែលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅរាយប៉ាយនៅតំបន់ទាំងនោះ សូមឲ្យមានការចូលរួម។ ដំបូងមុនគេគឺចូលរួមនៅក្នុងការបង្ការការពារខ្លួនឯង ចៀសវាងការឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ ហើយទៅប៉ះពាល់ឬលេងដែលអាចបង្ករគ្រោះថ្នាក់»។

ម្យ៉ាងវិញទៀត មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយដៃគូរអន្តរជាតិ។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ CMAC រួមជាមួយតំណាងកងយោធពលខេមរភូមិន្ទ កងទ័ពជើងគោកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សសន្តិភាព បោសសម្អាតមីន យុទ្ធភ័ណ្ឌមិនផ្ទុះ និងកាកសំណល់សង្គ្រាម បានជួបពិភាក្សាការងារហ្វឹកហ្វឺនជាមួយក្រុមបច្ចេកទេសកងទ័ពសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងគម្រោងកិច្ចសហប្រតិបត្តិការនៃការពង្រឹងសមត្ថភាព និងភាពម្ចាស់ការលើជំនាញបច្ចេកទេសបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា និងអន្តរជាតិ។

ពាក់ព័ន្ធនឹងការត្រឡប់ទៅផ្ទះសម្បែងវិញ ពលរដ្ឋភៀសសឹកមកពីភូមិព្រៃចាន់ អ្នកស្រី នង ពៅ និយាយថាអ្នកស្រីក៏មានការព្រួយបារម្ភដែរចំពោះហានិភ័យនៃគ្រាប់បែកចង្កោមមកលើប្រជាពលរដ្ឋ ជាពិសេសក្មេងតូចៗ។ អ្នកស្រីសំណូមពរឲ្យរដ្ឋាភិបាលបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាសុវត្ថភាពពេលត្រឡប់ទៅលំនៅឋានវិញ។

អ្នកស្រីថា៖ «ព្រួយ។ កន្លែងនឹងព្រួយខ្លាំងព្រោះកម្មេងខ្មាំងច្រើន។ ណាមួយយើងត្រូវកាប់គាស់ដីធ្លី ដាំដុះដំណាំ។ កន្លែងនឹងបារម្ភខ្លាំង។ ខ្ញុំយល់ថាឲ្យរដ្ឋាភិបាលបោសសម្អាតឲ្យអស់សិន»។

ជាក់ស្ដែង នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំក្មេងប្រុសអាយុ ១០ ឆ្នាំឈ្មោះ ស៊ឺន សុវណ្ណ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្លាប់ដោយសារការផ្ទុះគ្រាប់បែក បន្ទាប់ពីត្រឡប់មកពីយករបស់របរនៅវាលស្រែរបស់ខ្លួន ខណៈឪពុករបស់គេក៏រងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានរកឃើញថា ការផ្ទុះនេះបណ្តាលមកពីគ្រាប់រំសេវ M-85 ដែលមិនទាន់ផ្ទុះ ដែលបាញ់ចូលមកក្នុងប្រទេសកម្ពុជាដោយយោធាថៃក្នុងអំឡុងជម្លោះព្រំដែននាខែកក្កដារវាង។ តែយ៉ាងណាយោធាថៃបានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថារូបថតដែលបង្ហាញពីផលប៉ះពាល់នៃការផ្ទុះមិនស៊ីនឹងការខូចខាតដែលបង្កឡើងដោយគ្រាប់រំសេវចង្កោមដែលខ្លួនរក្សាទុកនោះទេ។

នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា យល់ថាដោយសារប្រទេសកម្ពុជាធ្លាប់រងគ្រោះដោយសារសង្គ្រាមរ៉ាំរ៉ៃជាច្រើនឆ្នាំ កម្ពុជាបានប្ដេជ្ញាខ្ពស់ក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រោះកម្ពុជាយល់ច្បាស់ពីផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធ និងអាយុជីវិតភពលរដ្ឋ។ តែយ៉ាងណាលោកថា ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា និងថៃ បញ្ហាមីនជាបញ្ហារសើប ដែលយោធាថៃយកលេសវាយប្រហារកម្ពុជា។ លោកក៏បន្ថែមទៀតដែរថា ដោយសារកម្ពុជាជាសមាជិកនៃអនុសញ្ញាទីក្រុងអូតាវ៉ា (Ottawa Convention) លោកសង្ឃឹមថាសហគមន៍អន្តរជាតិនឹងផ្ដល់ជំនួយជាថវិការ និងបច្ចេកទេសបន្ថែមទៀតក្នុងការបោសសម្អាតមីននៅកម្ពុជា។

លោកថា៖ «ពាក់ព័ន្ធនឹងបញ្ហាមីននេះ ខ្ញុំគិតថាគ្មានប្រទេសណាមានការប្ដេជ្ញាចិត្ត និងសុឆន្ទះនយោបាយជាងប្រទេសកម្ពុជាយើងទេ ដោយសារប្រទេសយើងជាប្រទេសធ្លាប់រងគ្រោះដោយសារមីន អីចឹងយើងយល់ពីសោធនាថកម្ម និងវិនាសកម្មដែលបណ្ដាលមកពីមីន ដូច្នេះជានិច្ចកាលរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះ សម្អាតមីននេះ ហើយធានាការរស់នៅរបស់ប្រជាពលរដ្ឋមិនរងផលប៉ះពាល់មីន»។

លោកបន្ថែមថា៖ «ដោយសារកម្ពុជាជារដ្ឋសន្ធិសញ្ញាក្រុងអូតាវ៉ាដែរ យើងគិតថាសហគមន៍អន្តរជាតិអាចនឹងបន្តផ្ដល់ជំនួយបន្ថែមទៀតចាជំនួយថវិការ ជាសម្ភារៈសម្រាប់ការដោះមីនក៏ដូចជាជំនួយជាបច្ចេកទេសអីផ្សេងៗ ក៏ប៉ុន្តែខ្ញុំនៅតែសង្កត់ធ្ងន់ដដែលថាការដោះមីននេះគួរតែធ្វើដោយឯករាជ្យដែលជាទឹកដីដែលស្ថិតក្នុងអធិបតេយ្យរដ្ឋរៀងៗខ្លួន»។

ចំណែកឯលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចេញសារលិខិតមួយក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព» នេះថា រដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងសកម្មជាមួយដៃគូរអភិវឌ្ឍ និងសមាគន៍អន្តរជាតិ ក្នុងការបោសសម្អាតមីន និងចាត់ទុកការងារនេះជាអទិភាពក្នងការជម្រុញការអភិវឌ្ឍ កាត់បន្ថយភាពក្រីក្រ និងការរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ។ តែយ៉ាងណាលោកបន្តថា ក្នុងជម្លោះព្រំដែនកម្ពុជា និងថៃយោធាថៃបានរំលោភអធិបតេយ្យកម្ពុជា និងបានប្រើប្រាស់គ្រាប់បែកចង្កោមដែលធ្វើឲ្យខូចខាតលំនៅឋាន ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសារណៈ ក៏ដូចជាបានបង្ខំឲ្យពលរដ្ឋរាប់ម៉ឺននាក់ត្រូវជម្លៀសទោកាន់ទីសុវត្ថិភាព។

នៅក្នុងសារលិខិតដដែរ លោកហ៊ុន ម៉ាណែតអំពាវនាឲ្យអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាដៃគូរអន្តរជាតិ ចូលរួមផ្សាព្ចផ្សាយការយល់ដឹងពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋ អាជ្ញាធរមីនត្រូវដឹកនាំ សម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការបង្ការការគ្រោះថ្នាក់ ជាពិសេសចូលរួមស្ដារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា និងថៃ។ ម្យ៉ាងវិញទៀតលោកក៏អំពាវនាវឲ្យប្រទេសម្ចាស់ជំនួយ ក៏ដូចជាភាគីពាក់ព័ន្ធបន្តចូលរួមគាំទ្រដល់សកម្មភាពបោសសំអាតមីន ដើម្បីសម្រេចបានគោលដៅ «ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1556}" data-page="1" data-max-pages="1" data-start="1" data-end="1">