រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវពលរដ្ឋខ្មែរដែលរស់នៅតំបន់មជ្ឃិមបូព៌ាឱ្យប្រុងប្រយ័ត្នដើម្បីបញ្ចៀសគ្រោះថ្នាក់ពីសង្គ្រាម

សង្គម

ក្រុមនិស្សិតខ្មែរដែលរស់នៅរៀនសូត្រនៅប្រទេសអ៊ីស្រាអែល ដែលបានផុសនៅលើហ្វេសប៊ុកឈ្មោះChhorda-ឆដា ដើម្បីជូនដំណឹងពីសុវត្ថិភាពរបស់ពួកគេ។

រដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានកុងស៊ុលកម្ពុជាប្រចាំប្រទេសនានានៅតំបន់មជ្ឃឹមបូព៌ាអំពាវនាវឲ្យនិស្សិត និងពលរដ្ឋកម្ពុជាដែលកំពុងរៀន ធ្វើការ និងស្នាក់នៅប្រទេសនានា ក្នុងតំបន់ដែលមានជម្លោះប្រដាប់អាវុធ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។
កងទ័ពសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារតាមផ្លូវអាកាសលើអ៊ឺរង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីនោះអ៊ឺរ៉ង់បានវាយបកវិញសំដៅទីតាំងយោធារបស់អាមេរិកដែលស្ថិតទៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់មជ្ឈឹមបូព៌ា។ 

ស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួគី អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត រដ្ឋគុយវ៉ែត សហភាពអារ៉ាប់អេមីរ៉ាត រដ្ឋកាតា និងព្រះរាជាណាចក្របារ៉ែន សុទ្ធតែបានចេញសេចក្ដីប្រកាសបន្ទាន់មួយឲ្យសិស្ស និងនិស្សិតកម្ពុជាដែលកំពុងសិក្សា បំពេញការងារ និងរស់នៅប្រទេសទាំងនេះបង្កើន «ការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងសូមអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន»។

នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងថារដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ដល់និស្សិត និងពលរដ្ឋកម្ពុជាដែលកំពុងសិក្សា និងស្នាក់នៅប្រទេសមជ្ឈិមបូព៌ាដែលកំពុងមានជម្លោះ និងអំពាវនាវឲ្យភាគីពាក់ព័ន្ធក្នុងជម្លោះនេះរក្សាភាពអត់ធ្មត់។ លោកបន្ថែមថាពលរដ្ឋកម្ពុជាគួរទាក់ទងមន្ត្រីកុងស៊ុលក្នុងប្រទេសដែលខ្លួនស្នាក់នៅក្នុងករណីចាំបាច់។

លោកថា៖ «រាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែតជានាយកមន្ត្រីក៏បាន​យក​ចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ និងនិស្សិតស្នាក់នៅក្នុងបណ្ដាប្រទេសដែលមានសង្គ្រាមនៅឯមជ្ឈឹមបូពា និងបានអំពាវនាវឲ្យភាគីជម្លោះមានការអត់ធ្មត់ជាអតិបរិមា»។

លោកបន្ថែមថា៖ «បណ្ដាស្ថានអគ្គរាជទូតទាំងអស់ដែលទទួលទំនាក់ទំនងប្រទេសនៅមជ្ឈិមបូព៌ាបានទទួលការណែនាំឲ្យប្រកាសប្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន និងផ្ដល់លេខទំនាក់ទំនងដើម្បីសម្របសម្រួលក្នុងករណីមានអាសន្ន»។
លោកបូណាថា និស្សិតកម្ពុជាដែលកំពុងស្នាក់នៅអ៊ីស្រាអែលមានចំនួន ២៣៩ នាក់ កំពុងសិក្សាជំនាញកសិកម្ម ចំណែកនៅប្រទេសគុយវ៉ែតមាននិស្សិតខ្មែរចំនួន២៧ នាក់។

និស្សិតឆ្នាំទី៤ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលកំពុងតែបន្តការសិក្សារ និងធ្វើការនៅប្រទេសអុីស្រាអែល ឈ្មោះឆដា ប្រាប់ប្រជាកាសែតឲ្យដឹងថា និស្សិតទាំងអស់បាននឹងកំពុងត្រៀមខ្លួនគ្រប់ពេលវេលា ដោយត្រៀមជាអាហារ ទឹក និងកន្លែងសុវត្ថិភាព និងធ្វើតាមសេចក្ដីណែនាំរបស់អាជ្ញារធរ។ កញ្ញាថា រដ្ឋាភិបាលអុីស្រាអែលមានវិធានខ្ពស់ក្នុងការការពារដល់ពលរដ្ឋមកគ្រប់ជាតិសាសន៏ដែលកំពុងរស់នៅ សិក្សា និងធ្វើការក្នុងប្រទេសអុីស្រាអែល ដោយក្នុងទូរស័ព្ទដៃមានភ្ជាក់នឹងកម្មវិធីជូនដំណឹងពីស្ថានភាពវាយប្រហារ និងវិធានការប្រុងប្រយ័ត្នផ្សេងៗ។

កញ្ញាថា៖ «ចំពោះការត្រៀមខ្លួនរបស់និស្សិតគឺយើងត្រៀមខ្លួនរួចរាល់គ្រប់គ្នា។ ពួកយើងមានត្រៀមនំ ត្រៀមទឹកទុកញ៉ាំចឹងទៅ ព្រោះយើងអត់នៅក្នុងត្រង់សេររយៈពេលយូរទេ យើងនៅតែក្នុងពេលដែលទូរស័ព្ទប្រាប់ថាវាមានសញ្ញាគ្រោះថ្នាក់ចឹងយើងចូលទៅនៅក្នុងនឹងទៅ។

ចឹងពេលណាប្រាប់ថាសុវត្ថិភាពយើងអាចចេញវិញបាន យើងចេញមកទៅ។ កន្លែងការងារខ្លះនៅធ្វើធម្មតា ឬផ្អាកអាស្រ័យថាតំបន់នឹងក្ដៅខ្លាំងឬអត់»។

កញ្ញាបន្ថែមថា៖ «ចឹងពេលមានគ្រាប់រ៉ូកែតមកចំកន្លែងធ្វើការ ទូរស័ព្ទប្រាប់យើងនឹងប្រាប់យើងមុន។ មិនមែនដល់ហើយបានប្រាប់ទេ។ ហើយពេលវេលាគេប្រាប់មុននឹងគឺគេឲ្យយើងរត់ទៅកន្លែងសុវត្ថិភាពនឹងហើយ ទោះបីជាមានប្រព័ន្ធការពារដែនអាកាសក៏ដោយ»។

ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោកអ៊ូ ច័ន្ទរ័ត្ន យល់ឃើញថារដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានកុងស៊ុលតាមប្រទេសនៅមជ្ឈឹមបូព៌ាដែលមានពលរដ្ឋកម្ពុជារស់នៅគួរតែពិនិត្យស្ថានភាពរស់នៅរបស់ពលរដ្ឋ និងណែនាំឲ្យជម្លៀសទៅកាន់ទីមានសុវត្ថិភាព។ លោកថា ស្ថានកុងស៊ុលគួរតែដឹងពីទីតាំងដែលមានពលរដ្ឋកម្ពុជារស់នៅដើម្បីអាចជួយអន្តរាគមន៍ក្នុងករណីចាំបាច់។ លោកបន្ថែមថាក្នុងករណីស្ថានភាពកាន់តែអាក្រក់ទៅ រដ្ឋាភិបាលកម្ពុជាគប្បីជម្លៀសពលរដ្ឋកម្ពុជាទាំងនោះមកកម្ពុជាវិញជាបណ្ដោះអាសន្ន។

លោកថា៖ «ខ្ញុំគិតថាសង្គ្រាមនេះវាមិនទាន់ចប់ភ្លាមៗទេ។ វាអាចប្រឈមក្នុងការបន្តយូរទៀត ដូច្នេះរាជរាដ្ឋាភិបាលត្រូវតែមានវិធានការហើយ លក្ខណៈក្នុងការជម្លៀសពលរដ្ឋខ្មែរហ្នឹងមកកន្លែងសុវត្ថិភាព ឬមួយក៏អាចត្រឡប់មកមាតុភូមិវិញ។ ខ្ញុំគិតថាលោកប្រហែលជាមានវិធានការហើយ តែអ្វីដែលសំខាន់នៅពេលនេះលោកត្រូវតែចាត់ចែងដើម្បីរកកន្លែងដែលមានសុវត្ថិភាព ព្រោះវាមិនទៀងថាគ្រាប់នុងវានឹងបាញ់ទៅកន្លែងណាកន្លែងណីទេ ប៉ុន្តែស្ថានទូតនៅប្រទេសទាំងអស់នោះប្រាកដជាដឹងហើយពីកន្លែងដែលមានហានិភ័យខ្ពស់»។

លោកបន្ថែមថា៖ «បើសិនពួកគាត់នៅក្នុងប្រទេសដែលរងនូវការាវាយប្រហារនឹង ត្រូវតែទាក់ទងទៅស្ថានទូតឬក៏នៅតាមតំបន់នឹងណាបើមាន។ បើអត់ទេ ត្រូវធ្វើការទំនាក់ទំនងជាមួយក្រសួងការបរទេសកម្ពុជាដើម្បីទទួលបានព័ត៌មាន។ ពិសេសទូតខ្លួនឯងត្រូវតែត្រៀមលក្ខណៈដើម្បីស្រាវជ្រាវមើលតើពលរដ្ខខ្មែរនៅតំបន់ណា ហើយចំនួនប៉ុន្មាន ត្រូវតែព្យាយាមឲ្យអស់លទ្ធភាពក្នុងការផ្ដល់ព័ត៌មាន»។

ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានចេញសេចក្ដីថ្លែងការណ៍ថា កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ាដោយយកចិត្តទុកដាក់។ សេចក្ដីថ្លែងការណ៍ដដែល សង្កត់ធ្ងន់ថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់គម្បីរក្សាភាពអត់ធ្មត់ជាអតិបរិមា ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃជម្លោះ និងឆ្ពោះទៅរកសន្តិភាព។

ការវាយប្រហារនេះជាប្រតិបត្តិការរួមគ្នាមួយដែលគេហៅថា «ការវាយប្រហារបង្ការទុកជាមុន ឬ pre-emptive strikes» ដើម្បីលុបបំបាត់ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ឺរ៉ង់។ក្នុងនោះមានសេចក្ដីរាយការណ៍ថាមេដឹកនាំកំពូលរបស់អ៊ឺរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់។ជម្លោះនេះបានរីករាលដាលដល់ប្រទេសផ្សេងៗទៀតនៅមជ្ឈិមបូព៌ា ដោយអ៊ឺរ៉ង់បានធ្វើការវាយប្រហារលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅប្រទេសផ្សេងៗទៀតដូចជា ប្រទេសបារ៉ែន គុយវ៉ែត និងប្រទេសកាតា៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1653}" data-page="1" data-max-pages="1" data-start="1" data-end="1">