ម្ដាយរបស់លោក ធូ វ៉ាឃីម សម្ដែងការខកចិត្ត បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបដិសេធសំណើសុំនៅក្រៅឃុំរបស់កូនគាត់។
សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ធូ វ៉ាឃីម ដែលជាសកម្មជនសង្គម ព្រមទាំងបើកសវការអង្គសេចក្ដីនៅព្រឹកថ្ងៃទី២៦ ខែកុម្ភ ឆ្នាំ២០២៦តែម្ដង ។តុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃទី១១ខែមិនាឆ្នាំ២០២៦ខាងមុខ ។ នេះបើតាមការបញ្ជាក់របស់សហមេធាវីជនជាប់ចោទនិងសមាជិកក្រុមគ្រួសារដែលទៅស្ដាប់ផ្ទាល់ក្នុងសវនាការ។
ម្ដាយរបស់លោក ធូ វ៉ាឃីម គឺអ្នកស្រី ឌឿក ឈាង បានធ្វើដំណើរពីខេត្តព្រៃវែងដោយជិះម៉ូតូដើម្បីចូលស្ដាប់សវនាការស្ដាប់សាលក្រមដោះលែងសុំនៅក្រៅឃុំ នៅសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយចេញពីសវនាការ អ្នកស្រី ឌឿក ឈាង ប្រាប់អ្នកសារព័ត៌មានថាអ្នកស្រីមិនសប្បាយចិត្តទេពេលដឹងថាតុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់កូនគាត់។
អ្នកស្រីថា៖ «អារម្មណ៍ថាមិនសប្បាយចិត្តទេបើថាកំណត់ឱ្យគ្នាមកថ្ងៃនេះ តែឥឡូវស្រាប់តែមកទៅមុខទៀត»។
អ្នកស្រីបន្ថែមថា៖ «ទទួលយកមិនបានទេ កូនខ្ញុំដូចជាថាគ្មានរឿងហេតុអីស្រាប់តែមកចោទប្រកាន់កូនខ្ញុំអ៊ីចឹងខ្ញុំទទួលយកមិនបានទេ[…]ខ្ញុំសុំសំណូមពរតុលាការក៏ដោយ មេធាវីក៏ដោយជួយកូនខ្ញុំឱ្យបានចេញពីក្រៅឃុំ ដូចថាប្រកាន់ជ្រុលសំដីបន្តិចបន្តួចសុំអត់ទោស»។
សហមេធាវីការពារក្ដីឱ្យលោក ធូ វ៉ាឃីម គឺលោក ឡោ ជុនធី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីលោកចេញពីសវនាការថា សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសសាលក្រមបដិសេធសំណើសុំនៅក្រៅឃុំរបស់កូនក្ដីលោក ព្រមទាំងបានបើកសវនាការអង្គសេចក្ដី។
លោកថា៖ «គេប្រកាសសាលក្រមហើយថា មិនអនុញ្ញាតឱ្យទេ[…]អ៊ីចឹងប្រហែលជារៀបចំប្ដឹងឧទ្ធរណ៍តាមនីតិវិធី»។
លោកមេធាវីថា នៅក្នុងសវនាការអង្គសេចក្ដីមានការសួរដេញដោលលោក ធូ វ៉ាឃីម ករណីលោកបង្ហោះសារ លើបណ្ដាញសង្គមហ្វេសប៊ុក តែកូនក្ដៅលោកបានបដិសេធថា ការបង្ហោះសារទាំងនោះគ្រាន់តែជាការបញ្ចេញមតិព្រួយបារម្ភពីសង្គម ហើយគាត់គ្មានចេតនាញុះញង់ឡើយ។
លោកបន្ថែមថា៖ «យើងយល់ថានេះគឺជាគំនិតរបស់យុវជននៅក្នុងសង្គមប្រជាធិបតេយ្យដែលអាចនឹងបញ្ចេញមតិធ្វើយ៉ាងណាកែលំអសង្គមតាមអ្វីដែលជាច្បាប់បានកំណត់ដូចជាសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយក៏គេបានកំណត់។ អ៊ីចឹងរដ្ឋធម្មនុញ្ញមាត្រា៤១ជាការបញ្ចេញមតិធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ទៅដល់សន្តិសុខសង្គម ប៉ះពាល់អ្នកដទៃ»។
ជុំវិញករណីនេះ មន្ត្រីគោលនយោបាយ និងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ(PED) ដែលបានចូលអង្កេតសវនាការ កញ្ញា ហេង គឹមសួ យល់ថាការចោទលោក ធូ វាឃីម ជារឿងអយុត្តិធម៌។
កញ្ញាថា៖ «ខ្ញុំយល់ឃើញថាវាអយុត្តិធម៌ខ្លាំងមែនទែនទៅលើការចោទទៅលើលោក ធូ វ៉ាឃីម ដោយសារតែសិទ្ធិបញ្ចេញមតិគឺយើងអាចបញ្ចេញមតិ មនុស្សគ្រប់គ្នាគឺមានសិទ្ធិបញ្ចេញមតិតាមអីដែលខ្លួនគិត ហើយតាមអីដែលខ្លួនយល់ថាវាជាភាពត្រឹមត្រូវដែលចង់បង្ហាញទៅសង្គមដែលយើងកំពុងរស់នៅ»។
កញ្ញាបន្ថែមថា៖ «បើសិនជាយើងមើលមកថា អាការបញ្ចេញមតិនេះជារឿងខុសច្បាប់ អ៊ីចឹងសិទ្ធិបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាវាត្រូវបានរឹតត្បិតខ្លាំងហើយ យើងអត់អាចនិយាយអីបានទៀតទេ[…]សំណូមពរទៅដល់រដ្ឋាភិបាល ហើយក៏ដូចជាតុលាការសូមបង្ហាញនូវភាពឯករាជ្យរបស់ខ្ញុំ ហើយបង្ហាញនូវភាពត្រឹមត្រូវ បើសិនបើការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាតែងតែមានការរឹតត្បិត តើយើងនឹងអាចបង្ហាញភាពត្រឹមត្រូវរបស់ប្រទេសកម្ពុជាទៅកាន់សកលលោកក៏ដូចជាទៅកាន់អន្តរជាតិបានទេ?»។
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចបានចាប់ខ្លួនលោក ធូ វ៉ាឃីម ដែលជាសកម្មជនសង្គម និងជាអតីតព្រះសង្ឃ បន្ទាប់ពីលោកបានបញ្ចេញមតិរិះគន់ពីបញ្ហាសង្គម។ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក វ៉ាឃីម ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខេត្តពោធិ៍សាត់៕







