ភរិយារបស់ប្រធានសហជីពលោក ពេជ ពិសិទ្ធ អំពាវនាវទៅតុលាការឱ្យដោះលែងស្វាមីឱ្យមានសេរីភាពវិញ បន្ទាប់ពីភាគីដើមបណ្ដឹងរដ្ឋប្បវេណីបានសម្រេចដកពាក្យបណ្ដឹងប្ដឹងលោកពេជ ពិសិទ្ធ។
សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដើម្បីជំនុំជម្រះសំណុំរឿងប្រធានសហជីពប្រជាធិបតេយ្យកម្មករ នៃក្រុមហ៊ុនមេនអ៊ូហ្គាមេន លោក ពេជ ពិសិទ្ធ ក្រោមបទចោទ «ញុះញង់ឱ្យមានការរើសអើង» និងបទ «ជេរប្រមាថ»។តុលាការគ្រោងប្រកាសសាលក្រមរឿងក្ដីលោកនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ខាងមុខ។
លោក ពេជ ពិសិទ្ធ ជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍ និងជាអនុប្រធានទី៣ ប្រចាំសាលាខេត្តព្រះសីហនុ នៃសម្ព័ន្ធសហជីពកាត់ដេសម្លៀកបំពាក់ និងឧស្សាហកម្ម (សសស) ហៅថាសម្ព័ន្ធ អេអាយ។ នេះបើតាមសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC)។
ភរិយារបស់ លោក ពេជ ពិសិទ្ធ គឺអ្នកស្រី កែវ ភា បានប្រាប់ប្រជាកាសែតថា គ្រួសារអ្នកស្រីជួបការលំបាក ផ្នែកជីវភាព ក្រោយពីស្វាមីគាត់ត្រូវជាប់ឃុំ ដោយបន្ទុកគ្រួសារទាំងមូលបានធ្លាក់លើរូបគាត់ម្នាក់ឯង។
អ្នកស្រី កែវ ភា លើកឡើងថា អ្នកស្រីត្រូវមើលថែរកូនក្នុងបន្ទុកចំនួន៥នាក់ ដែលមានអាយុចាប់ពី៧ឆ្នាំ ដល់១៩ឆ្នាំ ព្រមទាំងត្រូវមើលថែម្ដាយវ័យ៧០ឆ្នាំដែលមានជំងឺប្រចាំកាយ។ អ្នកស្រីស្នើតុលាការដោះលែងស្វាមីគាត់ឱ្យមានសេរីភាពវិញ។
អ្នកស្រីថា៖ «សង្ឃឹមថាឱ្យចៅក្រមហើយនិងព្រះរាជអាជ្ញាហ្នឹងជួយដោះលែងគាត់មកវិញមក ក្នុងបន្ទុកគ្រួសារពិបាកណាស់ឥឡូវហ្នឹង ពឹងផ្អែកខ្ញុំម្នាក់ឯងអត់កើតទេ[…]កូន៥នាក់ ម៉ាក់ចាស់ជរាទៀត។ ឥឡូវហ្នឹងខ្ញុំសុំសំណូមពរឱ្យគេឆាប់ដោះលែងគាត់ក្នុងថ្ងៃ២៥»។
ចំណែកអនុប្រធានសហជីពប្រជាធិបតេយ្យកម្មករ នៃក្រុមហ៊ុនមេនអ៊ូហ្គា អ្នកស្រី សាន់ សុម៉ាលី ប្រាប់ថា ក្នុងរយៈពេលជាង១០ឆ្នាំដែលគាត់ធ្វើការជាមួយលោក ពេជ ពិសិទ្ធ មកនេះ អ្នកស្រីសង្កេតឃើញលោក ពិសិទ្ធ ការដឹកនាំរបស់លោកល្អ ដោយតែងតែការពារផលប្រយោជន៍សមាជិកខ្លួន។
អ្នកស្រីថា៖ «ខ្ញុំចង់ឱ្យគាត់ចេញមកវិញហើយគាត់មានសេរីភាពអ៊ីចឹង ពីព្រោះខ្ញុំយល់ថា ធម្មតាបើគាត់ចូល comment[បញ្ចេញមតិ]ទៅ សុខ គីន ហើយសុខ គីន ហ្នឹងក៏បានដកពាក្យបណ្ដឹងហើយមិនមានអីជាត្រូវចោទប្រកាន់ ឬក៏បន្តអីទៀតទេគឺ ចង់ឱ្យគាត់ចេញមកខាងក្រៅអ៊ីចឹងព្រោះអីគាត់ថ្នាក់ដឹកនាំរបស់សហជីព ហើយមានបងប្អូនកម្មករជាច្រើននៅចាំត្រូវការគាត់»។
ប្រធានសហព័ន្ធសហជីពកម្មករវិស័យសំណង់ និងព្រៃឈើកម្ពុជា(BWTUC) លោក សុខ គីន ដែលជាដើមបណ្ដឹង បានប្រាប់ប្រជាកាសែតថា ប្រធានសហជីពប្រជាធិបតេយ្យកម្មករ នៃក្រុមហ៊ុនមេនអ៊ូហ្គាមេន លោក ពេជ ពិសិទ្ធ បានជេរប្រមាថលោកជាច្រើនលើកច្រើនសារមកហើយនាពេលកន្លងមក។ ទោះជាយ៉ាង ណា លោក សុខ គីន បញ្ជាក់ថា លោកបានដកពាក្យបណ្ដឹងវិញកាលពីខែតុលា២០២៥។
លោកថា៖ «ហេតុផលដែលខ្ញុំដកពាកបណ្ដឹង ខ្ញុំយល់ឃើញថាគាត់ក៏ជាអ្នកសហជីព ខ្ញុំជាអ្នកសហជីពដូចគ្នា ហើយខ្ញុំក៏មានការវល់ច្រើនផង»។
ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក យី សុខសាន្ត ប្រធានសហជីពប្រជាធិបតេយ្យកម្មករ នៃក្រុមហ៊ុនមេនអ៊ូហ្គាមេនលោក ពេជ ពិសិទ្ធ បានបញ្ជាក់ក្នុងសវនាការថា ការដែលលោកសរសេរលើបណ្ដាញសង្គមរបស់ប្រធានសហព័ន្ធសហជីពកម្មករវិស័យសំណង់ និងព្រៃឈើកម្ពុជា(BWTUC) លោក សុខ គីន កន្លងទៅនោះមិនសំដៅចំពោះលោក សុខ គីន ឬបុគ្គលណាទេ។
លោកថា៖ «យើងយល់ថា ការដែលលោកព្រះរាជអាជ្ញាគាត់ស្នើសុំឱ្យចៅក្រមពិចារណាមានន័យថា អាចនឹងមានការបន្ធូរបន្ថយ ឬមួយក៏ទម្លាក់ចោលការចោទប្រកាន់ដល់លោក ពេជ ពិសិទ្ធ ពីព្រោះលោកធ្វើការងារសហជីពហ្នឹងគឺជាការជួយរួមចំណែកមួយលើកកម្ពស់ដល់កម្មករក្នុងវិស័យឯកជន ហើយជាភ្នែកច្រមុះមួយដែរកុំឱ្យថៅកែមើលងាយមើលថោកទៅលើកម្មករ ឱ្យថៅកែយកចិត្តទុកដាក់ទៅលើច្បាប់ការងារដែលមានចែងនៅក្នុងប្រទេសកម្ពុជា។ ហើយយើងសង្ឃឹមថាថ្ងៃ២៥នេះ គឺចៅក្រមអាចនឹងដោះលែងឱ្យគាត់មានសេរីភាព»។
កាលពីរសៀលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចចម្រុះបានចាប់ខ្លួនប្រធានសហជីពប្រជាធិបតេយ្យកម្មករ នៃក្រុមហ៊ុនមេនអ៊ូហ្គាមេន លោក ពេជ ពិសិទ្ធ នៅមុខក្រុមហ៊ុន មេនអ៊ូហ្គាមេន ស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានបញ្ចូនទៅស្នងការក្រុងព្រះសីហនុដើម្បីសួរចម្លើយ។
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចបានបញ្ជូនលោកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់លោក ពេជ ពិសិទ្ធ ពីបទ «ជេរប្រមាថជាសាធារណៈ» និងបទ «ញុះញង់ឱ្យមានការរើសអើង» តាមបញ្ញត្តិមាត្រា ៣០៧ ៤៩៤ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។
ការចាប់ខ្លួនប្រធានសហជីពរូបនេះគឺតាមរយៈបណ្តឹងរបស់ប្រធានសហព័ន្ធសហជីពកម្មករវិស័យសំណង់ និង ព្រៃឈើកម្ពុជា( BWTUC ) លោក សុខ គីន ក្រោយពីលោក ពេជ ពិសិទ្ធ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់ លោក សុខ គីន ថា «ជនចោរម្សៀតទោះបីខំសំដែងក៏គ្មានន័យដែរ មិនដូចលោក ម៉ម រិទ្ធី សុខចិត្តជាប់គុក មិនថោកទាប»៕







