ជម្លោះនៅមជ្ឃិមបូព៌ា ផ្ដើមប៉ះពាល់ដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធនិងវិស័យទេសចរណ៍កម្ពុជា

សង្គម

អ្នកដំណើរដែលមកដល់អាកាសយានដ្ឋានមរតកតេជោ កាលពីពេលកន្លងទៅ (រូបភាពផ្សាយដោយអ្នកកាសែតពីហ្វ្រេសញូយ៍តាមហ្វេសប៊ុក)។

ជម្លោះនៅមជ្ឃិមបូព៌ាដែលកងទ័ពសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ឺរង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យអាកាសចរនៅជុំវិញពិភពលោក។ ក្នុងនោះចំនួនជើងហោះហើរមកកាន់កម្ពុជាក៏រង​ផលប៉ះពាល់ដោយជើងហោះហើរខ្លះត្រូវបានផ្អាក ឬលុបចោលហើយកត្តានេះធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកកម្ពុជាក៏បានធ្លាក់ចុះដែរ។ ការណ៍នេះ ធ្វើឲ្យអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍បាត់បង់ចំណូល។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សណ្ឋាគារ Pandora Suite D’Angkor នៅសៀមរាបបានទទួលការលុបចោលការកក់បន្ទប់ និងសេវាកម្មផ្សេងៗដែលខាងសណ្ឋាគារផ្ដល់ជូនគួរឲ្យកត់សម្គាល់ ។ នេះបើតាមអ្នកផ្ដល់ព័ត៌មានសណ្ឋាគារដែល ប្រាប់ប្រជាកាសែតនៅថ្ងៃទី៤ មីនា ២០២៦។ យ៉ាងណាកញ្ញាមិនអាចវាយតម្លៃថាពីមួលហេតុចម្បងនោះឡើយ តែថាប្រសិនបើជម្លោះនៅមជ្ឈឹមបូព៌ាអូសបន្លាយយូរ នោះអ្នកដំណើរពីតំបន់នោះនឹងលុបចោលជើងហោះហើរ ដែលអាចប៉ះពាល់ដល់ចំនួនកក់បន្ទប់ក្នុងសណ្ឋាគារទូទៅនៅសៀមរាបដែរ។

កញ្ញា ប៉ូលក្សណ៏ ថា៖ «ម្សិលមិញ និងថ្ងៃនឹងអីគេលុបចោលច្រើន។ ទើបតែប៉ុន្មានថ្ងៃនឹងដែររាងច្រើន គេលុបការកក់បន្ទប់»។ កញ្ញាបន្ថែមថា៖ «ព្រួយបារម្ភចេះតែព្រួយបារម្ភហើយតែយើងអ្នកផ្ដល់ព័ត៌មានចឹង។ ថ្នាក់លើគាត់អ្នកត្រួតពិនិត្យីចឹងៗទៅ»។

ចំនែកឯ សណ្ឋាគារ Angkor Land Urban Boutique ក៏កត់សម្គាល់ពីការលុបចោលបន្ទប់ដូចគ្នា។ តែយ៉ាងណាអ្នកផ្ដល់ព័ត៌មានប្រចាំសណ្ឋាគារនេះផ្ទាល់លើកឡើយថា ពួកគេច្រើនលុបចោលដោយមូលហេតុថា គេផ្លាស់ប្ដូរទិសដៅកម្សាន្ត ឬមានធុរៈផ្ទាល់ខ្លួន។

ប្រធានសមាគមអ្នកបើករ៉ឺម៉កទេសចរណ៍សៀមរាប អ្នកស្រី គីម សុខលាង និយាយថាអ្នកប្រកបរបរដូចជាអ្នកស្រីរកចំណូលបានតិចតូចពីភ្ញៀវទេសចរណ៌ស្រាប់។ អ្នកស្រីថាជម្លោះបានបង្ករផលប៉ះពាល់ដល់វិស័យទេសចរណ៌ និងចំណូលរបស់អ្នកប្រកបរបរក្នុងវិស័យទេសចរណ៌នេះ។ តែយ៉ាងណាអ្នកស្រីសំណូមពរឲ្យអាជ្ញាធរពង្រឹងសេវាសាធារណៈ សណ្ដាប់ធ្នាប់ក្រុងឲ្យបានល្អ ក៏ដូចជាផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៌ពីតំបន់ផ្សេងៗ។

អ្នកស្រីថា៖ «ភ្ញៀវទេចរណ៌តិចតូចនៅតែមក អាចពីតំបន់ផ្សេងៗចឹងទៅ។ តែដូចខ្ញុំនិយាយចឹងភ្ញៀវទេសចរណ៌ភាគច្រើនទៅប្រទេសផ្សេងៗ ដូចជាវៀតណាមថៃច្រើនថ្ងៃ ហើយមកខ្មែរតែប៉ុន្មានថ្ងៃ។ ចឹងយើងត្រូវពង្រឹងដោះស្រាយសេវាកម្មផ្សេងៗ»។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លើកឡើងថាជម្លោះនៅមជ្ឃិមបូព៌ានេះក៏បានធ្វើឲ្យប្រទេសកម្ពុជារងផលប៉ះពាល់រួមមួយដែរ លើវិស័យទេសចរណ៌។ អ្នកស្រីថាវិបត្តិនេះធ្វើឲ្យមានការលុបចោលនឹងជើងហោះហើរ ដែលភាគច្រើនជើងហោះហើរត្រង់ទៅប្រទេសមជ្ឈិមបូព៌ា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីក៏កំពុងឃើញរលកនៃការលុបចោលភ្លាមៗនៃសណ្ឋាគារ និងកញ្ចប់ដំណើរទេសចរណ៍ទូទាំងខេត្តសៀមរាប និងរាជធានីភ្នំពេញពីភ្ញៀវទេសចរណ៌។

អ្នកស្រីថា៖ «ជម្លោះនៅមជ្ឃិមបូព៌ាដែលធ្វើឲ្យវិស័យអាកាសចរណ៌ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក៏បានប៉ះពាល់មកដល់វិស័យទេសចរណ៌កម្ពុជាផងដែរ តាមរយៈព័ត៌មានពីក្រុមហ៊ុនទេសចរណ៌ដែលទទួលបានការលុបចោលជាបន្តបន្ទាប់នូវភ្ញៀវមួយចំនួនដែលធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៌ដូចជា Qatar Airways»។

អ្នកស្រីបន្ថែមថា៖ «តាមរយៈជម្លោះនេះធ្វើឲ្យប្រតិបត្តិករទេសចរណ៌ អ្នកធ្វើការទទួលទានក្នុងវិស័យទេសចរណ៌មានក្ដីបារម្ភយ៉ាងខ្លាំង។ ប្រសិនបើជម្លោះនេះនៅអូសបន្លាយយូរទៀតវាប៉ះពាល់ដល់វិស័យទេសចរណ៌ដូចជាសេវាកម្មស្នាក់នៅ ទាំងសណ្ឋាគារ ផ្ទះស្នាក់ សេវារម្មនីយដ្ឋាន ម្ហូបអាហារ សេវាកម្មដឹកជញ្ជូន ផ្លូវទឹក ផ្លូវគោកជាដើម»។

អ្នកស្រីសង្កត់ធ្ងន់ថា ទោះបីជាមានបញ្ហាប្រឈមខាងក្រៅទាំងនេះក៏ដោយអាជ្ញាធរពាក់ព័ន្ធត្រូវតែធានាថាប្រទេសកម្ពុជាត្រូវតែគោលដៅសុវត្ថិភាព និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់ ដោយធ្វើការជាមួយវិស័យរដ្ឋ និងឯកជន។

អ្នកស្រីថា៖ «ការរក្សាបាននូវភាពជាគោលដៅនោះវាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែវាជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាបើទោះជាស្ថានភាពសកលលោកមានការប្រែប្រួល ក៏កម្ពុជានៅតែមានចំណុចខ្លាំងដែលយើងត្រូវបន្តជម្រុញ»។

ចំណែកឯ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) លោក ស៊ិន ចាន់សេរីវុត្ថា ប្រាប់ប្រជាកាសែតឲ្យដឹងថា ការកើនឡើងនៃជម្លោះនៅមជ្ឈិមបូព៌ារវាងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ឺរ៉ង់បានបណ្តាលឱ្យមានការបិទលំហអាកាសបណ្តោះអាសន្ន ដូចនេះវាបង្កការរាំងស្ទះដល់អាកាសយានដ្ឋានកណ្តាលឈូងសមុទ្រធំៗ ការរៀបចំផ្លូវហោះហើរឡើងវិញរវាងច្រករបៀងអឺរ៉ុប-អាស៊ី និងការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងធានារ៉ាប់រងហានិភ័យសង្គ្រាម។

លោកថា៖ « «ទោះបីកម្ពុជាមានភូមិសាស្ត្រនៅឆ្ងាយពីតំបន់ជម្លោះក៏ដោយ ក៏មជ្ឈិមបូព៌ានៅតែជាស្ពានឆ្លងកាត់ពិភពលោកដ៏សំខាន់ដែលតភ្ជាប់អឺរ៉ុប អាហ្វ្រិក និងអាម៉េរិកខាងជើងមកកាន់អាស៊ីអាគ្នេយ៍»។

លោកបន្ថែមថា៖ «យើងកំពុងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ និងអាជ្ញាធរអាកាសយានដ្ឋានដែលរងផលប៉ះពាល់ ដើម្បីតាមដានការវិវឌ្ឍ និងសម្រួលដល់ការរៀបចំការធ្វើដំណើរជំនួស ប្រសិនបើចាំបាច់។ លើសពីនេះ អ្នកដំណើរត្រូវបានណែនាំឱ្យពិនិត្យមើលដោយផ្ទាល់ជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេសម្រាប់កាលវិភាគដែលបានធ្វើបច្ចុប្បន្នភាព»។

លោកចាន់សេរីវុត្ថា សង្កត់ធ្ងន់ថាការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាមានភាពរលូនជាងមុនតាមរយៈជើងហោះហើរត្រង់ ឬច្រកចេញចូលតាមរយៈមជ្ឈមណ្ឌលឈូងសមុទ្រធំៗ ដែលប្រតិបត្តិដោយក្រុមហ៊ុនអាកាសចរណ៍ដូចជា Qatar Airways ក្រុមហ៊ុន Emirates និង Etihad Airways បម្រើជាអ្នកតភ្ជាប់ចម្បងដែលតភ្ជាប់ប្រទេសកម្ពុជាទៅកាន់អឺរ៉ុប អាម៉េរិកខាងជើង អាហ្វ្រិក និងមជ្ឈិមបូព៌ា។

លោកនិយាយថា៖ «យើងចង់ធានាដល់សាធារណជន និងអ្នកដំណើរអន្តរជាតិថា ប្រព័ន្ធអាកាសចរណ៍របស់កម្ពុជានៅតែមានស្ថិរភាព និងសុវត្ថិភាព។ វិធានការបច្ចុប្បន្នគឺជាការប្រុងប្រយ័ត្នទុកជាមុន និងពីខាងក្រៅ។ យើងមានទំនុកចិត្តថាការតភ្ជាប់នឹងមានលក្ខណៈធម្មតាដោយសារលក្ខខណ្ឌក្នុងតំបន់មានស្ថិរភាព»។

យោងតាមរបាយការណ៍ស្ថិតិទេសចរណ៍ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៥៧ លាននាក់នៅឆ្នាំ ២០២៥។ ចំនួននេះបង្ហាញពីការធ្លាក់ចុះ ១៦,៩ ភាគរយ ពី ៦,៧ លាននាក់នៅឆ្នាំ២០២៤ដែលបណ្ដាលមកពី ភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃផង និងការប្រកួតប្រជែងក្នុងតំបន់លើវិស័យទេសចរណ៍ផង។ បន្ថែមពីលើនេះ លោក ស៊ិន ចាន់សេរីវុត្ថា លើកឡើងថាអ្នកដំណើរប្រមាណ ១២៩៦០នាក់ក្នុងមួយសប្តាហ៍បានពឹងផ្អែកលើជើងហោះហើរត្រង់មកកម្ពុជាពីប្រទេសនៅមជ្ឃិបបូព៌ា ដែលមានន័យថា ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្ត កម្ពុជានឹងបាត់បង់អ្នកដំណើរតាមផ្លូវអាកាសជិត ៥២០០០នាក់ក្នុងមួយខែ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1729}" data-page="1" data-max-pages="1" data-start="1" data-end="1">