សហជីពនិងកម្មករ ស្នើក្រសួងការងារធ្វើអធិការកិច្ចរោងចក្រក្រោយមានកម្មករដួលសន្លប់ជាបន្តបន្ទាប់

សង្គម

កម្មករនិយោជិតនៃរោងចក្រស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ស្ថិតនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល កំពុងជួបជាមួយមន្រ្តីរដ្ឋាភិបាល ក្រោយមានករណីកម្មករដួលសន្លប់ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។ (រូបថត៖ ទំព័រហ្វេសប៊ុក លោក ស៊ុន មេសា។)

មន្រ្តីសហជីពនិងកម្មករនិយោជិត ស្នើឱ្យក្រសួងការងារចាត់មន្រ្តីឆ្មក់ចុះធ្វើអធិការកិច្ចនៅតាមបណ្ដារោងចក្រ ដើម្បីបានដឹងពីបរិយាកាសការងារជាក់ស្តែងនៅក្នុងរោងចក្រ និងការពារកុំឱ្យមានកម្មករដួលសន្លប់នៅអំឡុងពេលអាកាសធាតុក្ដៅ។

ការស្នើរបស់សហជីពនិងកម្មករ ធ្វើឡើងបន្ទាប់ពីមានកម្មករចំនួន ៣១ នាក់បម្រើការងារនៅរោងចក្រស៊ីហាវ ក្នុងខេត្តកណ្ដាល បានដួលសន្លប់ កាលពីថ្ងៃទី០៣ ខែមីនា ដោយក្រសួងរកឃើញថា ពាក់ព័ន្ធនឹងកម្ដៅនៅអគារផលិតកម្ម។

អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) លោក អាត់ ធន់ មានប្រសាសន៍ថា អំឡុងពេលរដូវក្ដៅចាប់ពីខែមករា ដល់ខែមេសា កម្មករនៅរោងចក្រកាត់ដេរភាគច្រើនរងផលប៉ះពាល់ពីការឡើងកម្ដៅនៅទីតាំងផលិតកម្ម ដែលបណ្ដាលមកពីអាកាសធាតុក្ដៅនិងកម្ដៅខាងក្នុងដែលភាយចេញពីពន្លឺអំពូលនិងសារធាតុគីមីដែលដាក់លើក្រណាត់ដើម្បីការពារធូលី។

បើទោះបីជាកន្លងមក ក្រសួងការងារបានចេញសេចក្ដីណែនាំឱ្យរោងចក្រអនុវត្តវិធានការបង្ការនានាអំឡុងពេលអាកាសធាតុក្ដៅ តែលោក អាត់ ធន់ យល់ថា នៅមិនទាន់គ្រប់គ្រាន់នោះទេ ដោយលោកទាមទារឱ្យក្រសួងចាត់មន្រ្តីឆ្មក់ចុះធ្វើអធិការកិច្ចតាមបណ្ដារោងចក្រដើម្បីបានដឹងច្បាស់ និងអនុវត្តតាមច្បាប់ដោយគ្មានការយោគយល់នៅពេលរកឃើញបញ្ហា។ លោកអះអាងថា ថៅកែរោងចក្រភាគច្រើនមិនអើពើចំពោះការស្នើសុំផ្សេងៗរបស់សហជីពនិងកម្មករឡើយ។

លោក និយាយថា៖ «ខ្ញុំគិតថានៅរដូវក្ដៅនេះ ចាប់ផ្ដើមចុះអង្កេតមួយខែម្ដង តាមដានមើល ហើយកុំឱ្យខាងក្រុមហ៊ុនដឹង ចុះអធិការកិច្ចលបឆ្មក់ទៅមើលហ្មង ហើយបើឃើញត្រូវដោះស្រាយហ្មង អត់មានស្រោមសំបុត្រហើយត្រលប់មកវិញទេ។ អាហ្នឹងនៅតែអត់ជោគជ័យដដែល បើឃើញដោះស្រាយហ្មង ត្រូវកែប្រែម៉េច»។

លោក បានបន្ថែមថា ប្រសិនបើទាល់តែមានកម្មករដួលសន្លប់ ឬមានបញ្ហាអ្វី ទើបក្រសួងចុះត្រួតពិនិត្យនោះ វាមិនអាចជំរុញឱ្យរោងចក្រអនុវត្តតាមស្តង់ដាសុវត្ថិភាពនោះទេ លើកលែងតែការចុះអធិការកិច្ចជាប្រចាំទើបមានប្រសិទ្ធភាព។

លោកបញ្ជាក់ថា៖ «បើអត់ចុះមើលក្រុមហ៊ុនគាត់ទៅខ្លាចអីគាត់ គាត់អត់អនុវត្ត បញ្ហាប្រឈមគឺកម្មករ ហានិភ័យគឺកម្មករ»។

លោកកត់សម្គាល់ដែរថា រោងចក្រមួយចំនួននៅប្រើប្រាស់ដំបូលស័ង្កសីដែលទាមទារឱ្យមានការបាញ់ទឹកដើម្បីកាត់បន្ថយកម្ដៅក្នុងអំឡុងពេលរដូវក្ដៅនេះ បើពុំនោះទេ អាចនឹងមានបញ្ហាណាមួយកើតឡើង។

ជុំវិញបញ្ហានេះ កម្មករបម្រើការងារនៅរោងចក្របូវឃើរ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល លោក ឡាក់ សុភ័ក្រ និយាយថា លោកបានស្នើដោយផ្ទាល់មាត់ទៅកាន់មន្រ្តីរដ្ឋបាលរោងចក្រ ដោយសម្រួលឱ្យមានកង្ហារគ្រប់គ្រាន់ ឬបើកទ្វារ បើកបង្អួច ដើម្បីបន្ថយកម្ដៅ អំឡុងពេលរដូវក្ដៅនេះ តែភាគីរោងចក្រនៅមិនទាន់មានដំណោះស្រាយនៅឡើយ។

លោកបានបន្ថែមថា រោងចក្រដែលលោកបម្រើការងារ មានកង្ហារត្រជាក់ជាច្រើនបានខូច ខណៈលោកអះអាងថា នៅកន្លែងជួរដេរសីតុណ្ហភាពប្រហែល៣៥អង្សា ហើយលោកសង្កេតឃើញថា រោងចក្រនៅមិនទាន់បាញ់ទឹកលើដំបូលនៅឡើយទេ។ 

លោក និយាយថា៖ «កម្ដៅក្ដៅណាស់នៅនេះ សម្រាប់ខ្ញុំផ្ទាល់ ការព្រួយបារម្ភខ្ពស់ ព្រោះរោងចក្រមួយចំនួនគាត់ មានបញ្ហាហើយ។ យើងបារម្ភ អាកាសធាតុឥឡូវប្រែប្រួលខ្លាំង ណាមួយវាមិនសូវមានព្រៃឈើទៀត អាកាសធាតុក្ដៅ ឆ្នាំនេះប្លែក រាល់ឆ្នាំដល់ខែ៣ ខែ៤ បានក្ដៅខ្លាំង ឆ្នាំនេះខែ១២ ចាប់ផ្ដើមកម្ដៅឡើង»។

លោក បន្តទៀតថា នៅរដូវក្ដៅ ឆ្នាំ២០២៦នេះ លោកនៅមិនទាន់ឃើញមន្រ្តីក្រសួងការងារចុះធ្វើអធិការកិច្ចនោះទេ ដោយលោកក៏ស្នើឱ្យក្រសួងឆ្មក់ចុះដោយមិនបាច់ប្រាប់រោងចក្រឱ្យដឹងមុន ដើម្បីបានដឹងច្បាស់ពីស្ថានភាពជាក់ស្ដែង។

លោក និយាយថា៖ «ខ្ញុំចង់ស្នើឱ្យក្រសួងការងារជួយចុះពិនិត្យមើល ស្ថានភាពជាក់ស្ដែងនៅតាមបណ្ដារោងចក្រ ដោយមិនបាច់ជូនដំណឹងក៏បាន ឱ្យចូលស្ងាត់ៗក៏បានដែរចុះតាមបណ្ដារោងចក្រនីមួយៗ ស្ថានភាពបើយើងជូនដំណឹងទៅអាចរៀបចំខ្លះហើយស្រាប់។ បើគាត់ចុះមកអធិការកិច្ចភ្លាមៗមក ក្រុមហ៊ុនមួយចំនួនប្រហែលជាអត់អាចរៀបចំបាន»។

ប្រឈមនឹងការដួលសន្លប់របស់កម្មករនៅតាមរោងចក្រ អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា បានសរសេររៀបរាប់លើហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែមីនា ថា ដើម្បីបង្ការការដួលសន្លប់ ក្នុងរដូវក្តៅ ក្រសួងការងារជំរុញឱ្យម្ចាស់រោងចក្រសហគ្រាសយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ។

លោក មេសា បានលើកឡើងថា វិធានការចាំបាច់មួយចំនួនដែលរោងចក្រ អាចអនុវត្តបាននៅរដូវក្តៅ រួមមានការត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការឱ្យបានយ៉ាងហោចណាស់ ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។ លោក ក៏បានណែនាំ ឱ្យបើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ នៅកន្លែងធ្វើការដែលមិនមានលំហូរខ្យល់គ្រប់គ្រាន់។

អ្នកនាំពាក្យរូបនេះ ក៏ប្រាប់ឱ្យភាគីរោងចក្រ ត្រូវផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងណែនាំដល់កម្មករឱ្យបរិភោគទឹកស្អាតឱ្យបានញឹកញាប់ ព្រមទាំងស្លៀកសម្លៀកបំពាក់សមស្របតាមស្ថានភាពអាកាសធាតុ និងអាចបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដង ក្នុង ១ថ្ងៃ។ 

ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា ប្រាប់ប្រជាកាសែតថា ក្រសួងបរិស្ថានបានណែនាំតាមបទដ្ឋានបច្ចេកទេស ដោយទប់ស្កាត់លើការបំពុលដែលប៉ះពាល់ដល់សុខភាពនិងបរិស្ថាន រួមទាំងបង្កើនការត្រួតពិនិត្យតាមរយៈការដាក់ចេញយុទ្ធនាការចុះផ្សព្វផ្សាយឱ្យអាជ្ញាធរប្រាប់ពលរដ្ឋកុំឱ្យដុតសម្រាម ព្រៃឈើ និងជញ្រ្ជាំងស្រូវជាដើម ជាពិសេសការដុតនៅតាមតំបន់ឧស្សាហកម្ម។ 

ទោះជាយ៉ាងណា សហជីព និងកម្មករនិយោជិត នៅតែទទូចឱ្យមន្រ្តីនៃក្រសួងការងារ និងក្រសួងបរិស្ថានចុះត្រួតពិនិត្យជាក់ស្តែងនៅតាមបណ្តារោងចក្រឱ្យបានញឹកញាប់ដើម្បីធានាថា រោងចក្រអនុវត្តទៅតាមការណែនាំរបស់ក្រសួង និងដើម្បីបង្ការហានិភ័យដែលអាចកើតមានឡើងចំពោះកម្មករ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1807}" data-page="1" data-max-pages="1" data-start="1" data-end="1">