អ្នកវិភាគជំរុញឱ្យរដ្ឋាភិបាលពង្រឹងវិស័យការពារជាតិ

សង្គម

អនុប្រធានទី១ រដ្ឋសភាកម្ពុជាលោក ជាម យៀប និងប្រធានសមាគមមិត្តភាពរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ-កម្ពុជាលោក យ៉ូន ហូដុក (Yoon Hu-Duk) នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ (រូបថត៖ ហ្វេសប៊ុកលោក ជាម យៀប)

អ្នកតាមដានបញ្ហាសង្គម និងគណបក្សក្រៅរដ្ឋាភិបាលស្នើឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងវិស័យការពារជាតិ ដោយបន្តរិះរកកិច្ចសហប្រតិបត្តិការពីប្រទេសនានា ខណៈដែលប្រទេសជិតខាងកំពុងពង្រឹងវិស័យយោធារបស់ខ្លួន។ការលើកឡើងនេះគឺបន្ទាប់ពីភាគីកម្ពុជាស្នើឱ្យរដ្ឋា​ភិបាលប្រទេសកូរ៉េខាងត្បូង ពិនិត្យឡើងវិញនូវលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងទៅឱ្យភាគីថៃដែលអាចប្រើប្រាស់សម្រាប់បម្រើដល់មហិច្ឆិតាឈ្លានពានប្រទេសនៅក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជា។

សំណើរបស់កម្ពុជានេះ ធ្វើឡើងនៅក្នុងជំនួបរវាងអនុប្រធានទី១ រដ្ឋសភាកម្ពុជាលោក ជាម យៀប និងប្រធានសមាគមមិត្តភាពរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ-កម្ពុជាលោក យ៉ូន ហូដុក (Yoon Hu-Duk) នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ លោក ជាម យៀបស្នើឱ្យរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ពិនិត្យឡើងវិញចំពោះលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងទៅឱ្យភាគីថៃ។ លោកថា កម្ពុជាស្នើសុំដូច្នេះ គឺដើម្បីធានាឱ្យនូវសន្តិភាពនៅក្នុងតំបន់។

អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ គាំទ្រចំពោះការដែលកម្ពុជាស្នើរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ឱ្យពិនិត្យឡើងវិញនូវលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងទៅឱ្យភាគីថៃ ដោយលោកចាត់ទុកថានេះជារឿងត្រឹមត្រូវ ព្រោះភាគីថៃធា្លប់ប្រើសព្វាវុធដែលទិញពីប្រទេសកូរ៉េខាងត្បូងវាយប្រហារកម្ពុជាក្នុងពេលកន្លងមក។

លោកថា៖ «យន្តហោះនិងគ្រាប់ផ្លោងអីជាដើមហ្នឹងពីកូរ៉េ។ អ៊ីចឹងហើយការស្នើសុំនេះពិតជាត្រឹមត្រូវហើយដើម្បីឱ្យយ៉ាងហោចណាស់ក៏ឱ្យប្រទេសកូរ៉េដឹងអំពីបញ្ហានេះដែរ»។

តែយ៉ាងណា លោកបណ្ឌិត យង់ ពៅ បារម្ភថាអាចមានឧបសគ្គមួយចំនួនរារាំងដល់ការស្នើសុំរបស់កម្ពុជាចំពោះបញ្ហានេះ។

លោកបន្តថា៖ «ប្រទេសថៃ និងប្រទេសកូរ៉េគឺជាប្រទេសសុទ្ធតែជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកទាំងអស់ ហើយជាប្រទេសដែលមានទំនាក់ទំនងគ្នាទាំងសេដ្ឋកិច្ច ទាំងការទូត នយោបាយរវាងគ្នាល្អជាងជាមួយកម្ពុជា។ អ៊ីចឹងវាជាការលំបាកមួយដែលធ្វើឱ្យប្រទេសកូរ៉េបញ្ឈប់នូវការលក់សព្វាវុធឱ្យប្រទេសថៃ ក្នុងខណៈដែលប្រទេសថៃនេះក៏មានការផលិតដោយខ្លួនឯងដែរគ្រាប់កាំភ្លើង សព្វាវុធផ្សេងៗ»។

បណ្ឌិត យង់ ពៅ បន្ថែមថា៖ «យើងត្រូវពង្រឹងវិស័យការពារជាតិរបស់យើង ពង្រឹងនិងកែទម្រង់វិស័យការពារជាតិរបស់យើង ហើយចំណុចខ្លះគឺយើងអាចផលិតខ្លួនឯងបាន ដោយមានកិច្ចសហប្រតិបត្តិការ។ ព្យាយាមរកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដែលមានភាពជឿនលឿននៅក្នុងវិស័យផលិតសព្វាវុធនេះ ហើយយើងអាចផលិតគ្រាប់ យ៉ាងហោចណាស់ក៏អាចផលិតគ្រាប់ដោយខ្លួនឯងដើម្បីផ្គត់ផ្គង់ អាហ្នឹងយើងត្រូវតែធ្វើ»។

ស្រដៀងគ្នានេះ ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន ក៏គាំទ្រចំពោះការស្នើ នេះដែរ ព្រោះលោកថា ការណ៍នេះ មិនត្រឹមតែពាក់ព័ន្ធនឹងសន្តិសុខកម្ពុជាប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងសន្តិភាពក្នុងតំបន់ដែរ។

លោកថា៖ «ការទាមទាររបស់យើងជារឿងត្រឹមត្រូវហើយដើម្បីរក្សាសន្តិភាពនៅក្នុងតំបន់ ប្រទេសដែលជិតខាងជាមួយថៃ មិនមែនតែយើងទេមានទាំងភូមា មានទាំងឡាវអីជាដើម វាជារឿងមួយដែលគ្រោះថ្នាក់ ព្រោះប្រទេសឡាវ ប្រទេសខ្មែរអីហ្នឹងមិនមានលទ្ធភាពអីនឹងតតាំងក្នុងការរំលោភឈ្លានពានរបស់ប្រទេសថៃទេ»។

ជាមួយគ្នានេះ លោក អ៊ូ ច័ន្ទរ័ត្ន ថាការផ្សព្វផ្សាយពីរឿងដែលភាគីថៃឈ្លានពានកម្ពុជាឱ្យអន្តរជាតិបានដឹងឮនោះជារឿងចាំបាច់។ បន្ថែមពីនេះ កម្ពុជាក៏ត្រូវស្ដារមុខមាត់លើឆាកអន្តរជាតិ ដោយបោសសម្អាតនូវបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អំពើអយុត្តធម៌សង្គម និងគោរពតាមលទ្ធិប្រជាធិបតេយ្យឱ្យបានពេញលេញ។

ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ក៏ស្នើដល់រដ្ឋាភិបាលកម្ពុជាឱ្យពង្រឹង និងកែទម្រង់វិស័យការពារជាតិកម្ពុជាផងដែរ។

លោកបន្ថែមថា៖ «ធ្វើកំណែទម្រង់លើវិស័យចាំបាច់មួយចំនួននៅក្នុងប្រទេសហ្នឹង ទាំងវិស័យការពារជាតិក៏ត្រូវធ្វើកំណែទម្រង់ដែរ។ បើនៅរបៀបអ៊ីចឹងមិនអាចទេ មិនអាចទៅធ្វើអីឈ្នះគេទេ។ ទាហានមិនដឹងការហ្វឹកហាត់របៀបម៉េច មិនដឹងចំនួនពិតប្រាកដប៉ុណ្ណា ព្រោះចំនួនស៊ីប្រាក់ខែវាច្រើន តែចំនួនអ្នកធ្វើការហ្នឹងមិនដឹងប៉ុន្មាន វាបញ្ហាអាហ្នឹង»។

ក្នុងសង្រ្គាមវាយប្រហារឈ្លានពានលើប្រទេសកម្ពុជាជាលើកទីពីរចាប់ពីថ្ងៃទី៧ ដល់២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើយន្តហោះប្រភេទ T-50TH ទម្លាក់គ្រាប់បែកចំនួន៤គ្រាប់ នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា។ យន្តហោះ T-50TH នេះគឺផលិតដោយក្រុមហ៊ុនខូរៀ អេរ៉ូ​ស្ពេស អ៊ីនដាស់ស្រ្ទី (Korea Aerospace Industries (KAI) ដែលនាំចេញពីប្រទេសកូរ៉េខាងត្បូង ទៅកាន់ប្រទេសថៃ ក្នុងគោលបំណងសម្រាប់ការហ្វឹកហាត់ ប៉ុន្តែត្រូវបានយោធាថៃយក​មកប្រើប្រាស់វាយប្រហារលើប្រទេសកម្ពុជា។

ប្រតិកម្មទៅនឹងថៃប្រើប្រាស់យន្តហោះចំបាំងផលិតដោយប្រទេសកូរ៉េខាងត្បូងនេះ ប្រជាពលរដ្ឋខ្មែរដែលធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូងបានជួបជុំគ្នានៅមុខវិមានអនុស្សាវរីយ៍សង្រ្គាមកូរ៉េនៅយ៉ុងសានគូ (Yongsan-gu) នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដោយស្នើរដ្ឋាភិបាល និងសភាជាតិកូរ៉េ ថ្កោលទោសប្រទេសថៃចំពោះការប្រើប្រាស់ឧបករណ៍ការពារជាតិខុសគោលដៅ។

ជុំវិញជម្លោះរវាងព្រំដែនកម្ពុជានិងថៃនេះដែរ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ប្រធានគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជាលោក កែវ រ៉េមី បានចេញសេចក្ដីប្រកាសព័ត៌មានពីលទ្ធផលនៃបេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយបានបញ្ជាក់ថា ប្រធានគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជាលោក កែវ រ៉េមី បានជួបថ្នាក់ដឹកនាំនិងតំណាងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ បណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដូចជា បារាំង សាធារណរដ្ឋនៃប្រជុំកោះម៉ាសាល់ សាធារណរដ្ឋដូមីនីក និងកូរ៉េខាងត្បូ ព្រមទាំងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស (Special Rapporteurs) តាមវិស័យនានាដើម្បីប្រាប់ពីហេតុការណ៍នានាដែលភាគីថៃប្រព្រឹត្តចំពោះកម្ពុជាក្នុងអំឡុងពេលមានជម្លោះរវាងកម្ពុជា-ថៃ ដូចជាការចូលកាន់កាប់ទឹកដីខ្មែរខុសច្បាប់ ការដាក់ទូកុងតៃន័រ និងបន្លាលួសព័ទ្ធយកដីខ្មែរ និងការរារាំងជនភៀសសឹកខ្មែរមិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋាននៅតាមតំបន់ព្រំដែនវិញជាដើម៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1864}" data-page="1" data-max-pages="1" data-start="1" data-end="1">