ពលរដ្ឋភៀសសឹក និងពលករចំណាកស្រុករាប់ពាន់នាក់ដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារជម្លោះព្រំដែននៅតែបន្តស៊ូជាមួយបញ្ហាជីវភាពលំបាក ដែលទាមទារការគាំទ្រផ្នែកសង្គម និងសេដ្ឋកិច្ច។ ពួកគាត់នៅតែអំពាវនាវឲ្យរដ្ឋាភិបាលជួយគាំទ្រកាន់តែខ្លាំង ដើម្បីជួយពួកគេកសាងជីវិតរបស់ពួកគេឡើងវិញ តាមរយៈការស្វែងរកការងារធ្វើដែលសមរម្យ និងដាក់បញ្ចូលពួគគេក្នុងប្រព័ន្ធសង្គម។ ការណ៍នេះ សម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានប្ដេជ្ញាចិត្តគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ខកិច្ច និងសង្គមកម្ពុជា ដោយបន្តធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រដល់ការស្តារជីវភាព និងការរួមបញ្ចូលពួកគេឡើងវិញ។
ក្នុងជំនួបរវាងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា អ្នកស្រី Vladanka Andreeva និងរដ្ឋមន្ត្រីក្រសួងផែនការលោក ប៊ិន ត្រឈៃ ភាគីទាំងពីរសម្ដែងការសាទរចំពោះកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាប្រកបដោយចីរភាព។ ក្នុងនោះដែរ អ្នកស្រី Vladanka Andreeva ក៏បានបង្ហាញការគាំទ្រក្នុងការដោះស្រាយបញ្ហាជនភៀសសឹក និងពលករចំណាកស្រុក ដែលបានវិលត្រឡប់មកក្នុងប្រទេសវិញ ដោយ UN នឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រដល់ការស្តារជីវភាព និងបង្កើតឱកាសការងារសមរម្យ។
ពលករចំណាកស្រុក ដែលត្រឡប់មកពីប្រទេសថៃកំឡុងពេលមានជម្លោះព្រំដែនលោក ឈឺ ឆៀត រស់នៅភូមិស្វាយ ស ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និយាយថារូបលោកត្រឡប់មកពីប្រទេសថៃវិញតាំងពីខែកក្កដា ឆ្នាំ២០២៥ ក្រោយភាគីថៃអនុញ្ញាតឲ្យពលករខ្មែរវិលចូលប្រទេសវិញតាមច្រកព្រំដែន។ លោកថាបច្ចុប្បន្ន លោកមិនទាន់អាចរកការងារសមរម្យធ្វើបាននៅឡើយ ដោយប្រកបតែរបរធ្វើស្រែបន្តិចបន្តួច ខណៈលោកជាប់បំណុលធនាគារចំនួនជាង១ម៉ឺនដុល្លាសម្រាប់ការសាងសង់ផ្ទះរបស់លោក។
លោកនិយាយថា៖ «សំណូមពរថាបើមានការងារក៏ចង់ធ្វើ។ ខ្ញុំក៏ជាប់បំណុលធនាគារដែរប្រហែល១ម៉ឺនជាង។ យើងធ្វើម៉ិចជីវិតពលករ អ្នកធ្វើស្រែចម្ការចេញពីនេះទៅនោះ ផ្សំៗទៅ»។
លោកបន្ថែមថាលោកចង់រកការងារធ្វើនៅទីក្រុងភ្នំពេញ តែបារម្ភពីការកេងប្រវ័ញ្ញការងារ។ លោកស្នើរឲ្យក្រសួងការងារជួយរកការងារឲ្យគាត់ធ្វើ និងត្រួតពិនិត្យលើការងារដែលគោរពច្បាប់ការងារ។
ចំណែកឯពលរដ្ឋភៀសសឹកវីញ អ្នកស្រីគង់ ចន្ថា មកពីពីភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និយាយថាជនភៀសសឹកដូចជាអ្នកស្រីកំពុងប្រឈមនឹងបញ្ហាជីវភាពលំបាកផ្នែកជីវភាព ដែលទាមទារការគាំទ្រផ្នែកសង្គមពីរដ្ឋាភិបាល។ អ្នកស្រីថាគ្រួសារអ្នកស្រីពឹងផ្អែកលើប្ដីជានាយទាហានព្រំដែន ដោយអ្នកស្រីមិនអាចប្រកបមុខរបរណាបានឡើយ កំឡុងពេលស្នាក់នៅជំរុំភៀសសឹក។
អ្នកស្រីថា៖ «និយាយរឿងខ្វះខាតគឺខ្វះខាតហើយ។ ខ្វះខាតលុយទឹកម្ហូប ទិញអីឲ្យកូន ទៅរៀនទៅអី។ និយាយទៅខ្វះមួយចប់ ខានបើករកស៊ីយូរហើយ។ នៅនេះអត់បានរកស៊ីកើត មានគេលក់ដូរច្រើន ណាមួយជាប់មើលកូនៗតូចៗ។ ពឹងពាក់តែលើប្ដីមួយមុខ ហើយឥឡូវមកអីចឹងទៀត»។
អ្នកស្រីបន្ថែមថា៖ «ឥឡុវពិបាក។ ចង់បានជំនួយពីអាជ្ញាធរខ្លះដែរ»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា លើកឡើងថាក្រសួងការងារស្វាគមន៍កិច្ចសហប្រតិបត្តិការទាំងឡាយណាដែលបម្រើដល់ពលករខ្មែរ។
លោកថា៖ «ក្រសួងការងារតែងតែស្វាគមន៍ទៅដល់កិច្ចសហប្រតិបត្តិការទាំងឡាយណាដែលជួយមកដល់ពលករ ជួយមកដល់ពលករ គឺស្វាគមន៍ជានិច្ច»។
បើតាមលោក ស៊ុន មេសា ពលរដ្ឋខ្មែររស់នៅប្រទេសថៃ ត្រឡប់មកប្រទេសកម្ពុជាវិញ មានចំនួនជិត ៩៦ម៉ឺននាក់ ក្នុងនោះមានជាង ៨០ម៉ឺននាក់ ជា ពលករ និងទទួលបានការងារធ្វើ មានជាង៦២ម៉ឺននាក់ តាមរយៈយន្តការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធនានា។
ទោះជាយ៉ាងណាការស្ទង់មតិមួយរបស់មជ្ឍមណ្ឌលសម្ពន័ភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់បង្ហាញថាក្នុងចំណោមពលករចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃវិញ មានតែ៣១ ភាគរយប៉ុណ្ណោះដែលទទួលបានជំនួយភាគច្រើនពីរដ្ឋាភិបាល និង៧១ ភាគរយបានជាប់បំណុលកម្ចីធនាគារ ខណៈដែរ ៨៥ភាគរយនៃអ្នកខ្ចីប្រាក់មិនអាចសងបំណុលបានឡើយ។
រដ្ឋមន្ត្រីក្រសួងផែនការ ប៊ិន ត្រឈៃ លើកឡើងថារាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់សារៈសំខាន់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍនានា ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍជាតិ និងការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ លោកត្រឈៃ សង្កត់ធ្ងន់ថា ការសហការរវាងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានាមានសារៈសំខាន់ ក្នុងការគាំទ្រដល់ការស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសឹក និងការបង្កើតឱកាសការងារសមរម្យសម្រាប់ពលករដែលវិលត្រឡប់មកវិញ។
នាយកប្រតិបត្តិអង្គការសង់ត្រាល់ លោក មឿន តុលា លើកឡើងថាលោកសាទរក្នុងកិច្ចសហការរវាងតំណាងអង្គការសហប្រជាជាតិ និងស្ថាប័នក្រសួងពាក់ព័ន្ធដើម្បីជួយលើកំពស់ជីវភាពជនភៀសសឹក និងពលករចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃវិញ តែលោកអំពាវនាវឲ្យការអនុវត្តគម្រោងណាមួយប្រកបដោយតម្លាភាព និងគ្មានអំពើពុករលួយ។
លោកថា៖ «ខ្ញុំគិតថា រឿងដែលអង្គការសហប្រជាជាតិបានជួបពិភាក្សាក្នុងការសម្លឹងមើលក្នុងការជួយ វាជារឿងល្អហើយសម្រាប់ប្រជាជនខ្មែរ។ ប៉ុន្តែអ្វីដែលជាឧបសគ្គ អ្វីដែលខ្ញុំបារម្ភអីចេះទេ សង្ឃឹមថារដ្ឋាភិបាលកម្ពុជាលោក ដើម្បីឲ្យការជួយរបស់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិក្ដី ដៃគូរអភិវឌ្ឍនានាក្ដីមានប្រសិទ្ធភាព ហើយគេទុកចិត្ត ធ្វើម៉េចកុំឲ្យមានអំពើពុករលួយ។ ទី២ឲ្យមានតម្លាភាពក្នុងគម្រោងអភិវឌ្ឍហ្នឹង ដើម្បីឲ្យមានប្រយោជន៍ដល់ប្រជាពលរដ្ឋពិតប្រាកដ»។
លោកបន្ថែមថា ក្នុងគ្រាលំបាកនេះ លោក អំពាវនាវឲ្យរដ្ឋាភិបាលដាក់បញ្ចូលពលរដ្ឋដែលជាជនភៀសសឹក ឱ្យទទួលបាន ប្រព័ន្ធសន្តិសុខសង្គម ឬ ជំនួយសង្គម ដើម្បីឱ្យពួកគាត់ អាចទទួលបានជំនួយជាសាច់ប្រាក់ សេវាថែទាំសុខភាព និងសេវាសង្គម ផ្សេងៗ ចំណែកឯពលករចំណាកស្រុកក៏ដូចគ្នា រដ្ឋាភិបាលគប្បីបន្តជួយឡាំពាផ្នែកសង្គម និងដោះស្រាយពន្យាពេលសងបំណុល ដើម្បីសម្រួលជីវភាព។
លោកលើកឡើងថា៖ «កន្លងមកយើងឃើញថា រដ្ឋាភិបាលដាក់បញ្ចូលជនភៀសសឹកនៅក្នុងជំរុំចូលក្នុងប្រព័ន្ធគាំពារសង្គមជារឿងមួយល្អ។ ចង់ឲ្យគាត់ដាក់បន្ថែមទៀត។ រឿងមួយទៀតគឺរឿងជីវភាពរបស់គាត់។ ឧទាហរណ៍ថាត្រូវតែមានដីកសិម្មរបស់គាត់។ ដីកសិកម្មត្រូវចែកតាមទំហំវាឲ្យសមាមាត្រនឹងសមាជិកគ្រួសារ។ រឿងទី៣ គឺរឿងបំណុលរបស់ពួកគាត់ បើសិនជាអាចរដ្ឋគួរបន្តពន្យាពេលឲ្យពួកគាត់»។
យោងតាមក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ជនភៀសសឹកបន្ថែមចំនួន ២៧២នាក់បានចាកចេញពីជំរំសុវត្ថិភាព ត្រឡប់ទៅផ្ទះសម្បែងវិញ។ សរុមមកជនភៀសសឹកចំនួន ៦សែន៣ពាន់នាក់ ស្មើនឹង៩៣ភាគរយ បានត្រឡប់ទៅផ្ទះសម្បែងវិញ ខណៈពលរដ្ឋភៀសសឹកចំនួន៤៥ ៥៥៩នាក់ទៀតនៅបន្តស្នាក់នៅតំបន់ភៀសសឹក ក្នុងនោះស្ត្រីមានចំនួន ២៣ ៨៨១នាក់ និងកុមារចំនួន១៥ ០៨៣ នាក់៕







