អ្នកប្រកបរបរដាំស្វាយចន្ទីព្រួយបារម្ភពីការធ្លាក់ចុះទិន្នផល ដោយសារកំដៅអាកាសធាតុកើនឡើង និងភ្លៀងធ្លាក់ញឹកញាប់ ស្របពេលតម្លៃគ្រាប់ស្វាយចន្ទីហក់ឡើងខ្ពស់បើធៀបនឹងឆ្នាំមុន។
កសិករដាំស្វាយចន្ទី និងជាជនជាតិដើមភាគតិចកាចក់ នៅភូមិណៃ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី លោក រម៉ាំ ប៉ាហែត ប្រាប់ប្រជាកាសែតថា បញ្ហាបម្រែបម្រួលអាកាសធាតុជាកត្តាចម្បងដែលនាំឲ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះរៀលរាល់ឆ្នាំ។ លោកថា ការប្រែប្រួលអាកាសធាតុ ដូចជាភ្លៀងធ្លាក់មិនទៀងទាត់ និងបញ្ហាកម្ដៅ រួមនឹងសត្វល្អិត កំពុងរំខានដល់ដំណើរការលូតលាស់របស់គ្រាប់ស្វាយចន្ទី។
លោកនិយាយថា៖ «ខ្ញុំដាំបាន១ ហិកតាជាង។ តែផ្កាវាអីជ្រុះអស់ច្រើន។ ពេលភ្លៀងច្រើនផ្កាជ្រុះអស់មានអីទៀត។ វាភ្លៀងផងក្ដៅផង។ បើវាក្ដៅរហូតអត់សូវអីទេ តែដល់មានភ្លៀងសំខាន់ខូចអស់។ បើនៅល្អបាន១ តោន ទៅ២តោនដែរ។ បើថាខែល្អហ្មងបាន៥តោនអី បើវាល្អ»។
អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រចាំខេត្តសៀមរាប លោក ឌុក ភិរម្យ និយាយថាតម្លៃគ្រាប់ស្វាយចន្ទីសម្រាប់ឆ្នាំនេះមានតម្លៃជាង៧០០០ រៀលក្នុងមួយគីឡូក្រាម បើធៀបទៅនឹងឆ្នាំមុនមានតម្លៃជាង៥០០០ រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះលោកថាឈ្មួញវៀតណាមជាអ្នកកំណត់។ លោកសង្កត់ធ្ងន់ថា តម្លៃនេះខ្ពស់ជាងឆ្នាំមុន ព្រោះទិន្នផលស្វាយចន្ទីនៅមិនទាន់អាចប្រមូលផលឲ្យបានពេញលេញ ដែលធ្វើឲ្យមានតម្រូវការខ្ពស់ ធ្វើឲ្យតម្លៃមានការកើនឡើង។ ទោះជាយ៉ាងណា លោកថា ការប្រែប្រួលអាកាសធាតុក៏ជាបញ្ហាសម្រាប់ការលូតលាត់របស់ស្វាយចន្ទីដែលធ្វើឱ្យអ្នកដាំដុះមិនអាចប្រមូលផលបានទាន់ពេលវេលា។
លោកថា៖ «វាជាការពិតណាស់ កាលណាតម្រូវការខ្ពស់ តម្លៃក៏វាកើនឡើង។ គ្រប់កន្លែង គ្រប់ផលិតផលទាំងអស់កាលណាតម្រូវការមានហើយ ហើយយើងមានទិន្នផលតិច អាហ្នឹងវាកើនឡើងតាមហ្នឹង»។
លោកបន្ថែមថា៖ «អ្នកខ្លះក៏បារម្ភថាមិនសូវបានផល។ គាត់ប្រមើលមើលអាចតិចជាងឆ្នាំមុនៗ តាមស្ថានភាពចន្ទី ដោយសារអាកាសធាតុ វាភ្លៀង វាក្ដៅ។ ចង់និយាយថាសុខភាពវាៗឲ្យតាមហ្នឹងដែរណា ដែលវាឲ្យទិន្នផលមក។ ធម្មតាវាត្រូវបានផលតាំងពីខែកុម្ភៈ តែឥឡូវខែមីនា ហើយទើបដល់មួយៗ»។
លោក ឌុក ភិរម្យ លើកឡើងថា ការកើនឡើងតម្លៃស្វាយចន្ទីនេះជាសញ្ញាវិជ្ជមានសម្រាប់កសិករ ប៉ុន្តែវាកំពុងបង្កក្តីបារម្ភដល់សហគ្រាសកែច្នៃក្នុងស្រុក ក្នុងការប្រកួតប្រជែងទិញវត្ថុធាតុដើម។ ស្ថានភាពនេះ អាចនាំឱ្យមានកង្វះខាតការផ្គត់ផ្គង់សម្រាប់ខ្សែចង្វាក់ផលិតកម្មក្នុងស្រុក និងធ្វើឲ្យថ្លៃដើមខ្ពស់សម្រាប់ការផលិតសម្រាប់ការនាំចេញ។
ប្រជាកាសែតមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងកសិកម្ម លោកឃឹម ហ្វីណង់ ពាក់ព័ន្ធនឹងគោលនយោបាយលើកកំពស់ផលិតកម្មស្វាយចន្ទី និងការនាំចេញទៅក្រៅប្រទេសបាននៅឡើយទេ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
ទោះជាយ៉ាងណា គោលនយោបាយជាតិស្ដីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ត្រូវបានរដ្ឋាភិបាលអនុម័តឡើងដើម្បីជម្រុញសេដ្ឋកិច្ចកម្ពុជា និងអភិវឌ្ឍប្រកបដោយចីរភាពលើការបង្កើនផលិតភាព ការប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ គោលនយោបាយនេះលើកកំពស់ឧស្សាហកម្មកែច្នៃ តាមរយៈការជម្រុញឲ្យមានការវិនិយោគឯកជនលើកសិផលមានសក្តានុពល ក្នុងនោះដំណាំស្វាយចន្ទី គឺជាដំណាំអាទិភាព។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ យល់ឃើញថា ការកើនឡើងតម្លៃគ្រាប់ចន្ទីនេះជាសញ្ញាវិជ្ជមានសម្រាប់កសិករ ប៉ុន្តែលោកថាកសិករត្រូវបែងចែកទៅលើការចំណាយលើកម្លាំងពលកម្មនៃអ្នករើសគ្រាប់ស្វាយចន្ទី និងចំណាយលើថ្លៃវត្ថុធាតុដើម ដូចជាជី ការជម្រះស្មៅ គឺមានការចំណាយខ្ពស់។ លោកបន្ថែមថា ស្ថានភាពនេះ អាចនាំឱ្យមានកង្វះខាតការផ្គត់ផ្គង់សម្រាប់ខ្សែចង្វាក់ផលិតកម្មក្នុងស្រុក និងប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិដែរ។
លោកថា៖ «ក្នុង២ ឆ្នាំនេះខ្ញុំឃើញថាថ្លៃចន្ទីគឺថ្លៃល្អ ប៉ុន្តែទាក់ទងទៅនឹងរឿងផលទៅវិញលើការដាំចន្ទីមួយឆ្នាំៗ ហើយនិងការចំណាយទៅលើការថែទាំ ការសម្អាតស្មៅ ដាក់ថ្នាំ បាញ់ថ្នាំ ហ្នុងឯងគឺចំណាយច្រើនណាស់»។
លោកបន្ថែមថា៖ «ប្រសិនបើអ្នកទិញមកពីប្រទេសក្រៅច្រើនគាត់ប្រមូលទិញច្រើន វាអាចពិបាក។ អាហ្នឹងការពិតគឺវិបត្តិដោយសារគាត់អត់មានវត្ថុធាតុដើមយកទៅច្នៃជាគ្រាប់ចន្ទីសម្រេច ជាផលិតផលសម្រេចហ្នឹងឯងយកទៅលក់លើទីផ្សារ អីចឹងវាទៅជាផលពិបាកទៅវិញ។ ប៉ុន្តែកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់ថាវាមិនមែនទិញមិនបានឬក៏មិនមានផលគ្រប់គ្រាន់ទេអាហ្នឹងការប្រកួតប្រជែងក្នុងការទិញថាយើងហ៊ានឬមិនហ៊ាន ព្រោះទីផ្សារសេរីគឺបែបហ្នឹង ពីណាហ៊ានឲ្យថ្លៃគេបានផលិតផលយកទៅ។ ដូច្នេះយើងក្នុងស្រុកត្រូវប្រុងប្រយ័ត្នលើចំណុចហ្នឹងដែរ»។
ទិន្នន័យសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ ២០២៥ ឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង១លានតោន ដែលបង្កើតប្រាក់ចំណូលជាង ១៥០០ លានដុល្លារអាមេរិក គឺកើនឡើងជាង ២៧% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ ទីផ្សារដែលកម្ពុជានាំចេញ រួមមានប្រទេសវៀតណាម ដែលជាទីផ្សារធំជាងគេ ចំណែកឯទីផ្សារប្រទេសចិន បង់ក្លាដេស និងឥណ្ឌា គឺជាទីផ្សារបន្ទាប់បន្សំ។ បើទោះបីជាការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាហាក់ទទួលបានជោគជ័យ ក៏រោងចក្រកែច្នៃក្នុងស្រុកកំពុងប្រឈមទៅនឹងតំលៃវត្ថុធាតុដើមខ្ពស់ដែលកំពុងជំរុញឱ្យតម្លៃផលិតកើនឡើង ដោយសារកម្ពុជាមានបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ និងមានតែរោងចក្រកែច្នៃចំនួន ៥២ ប៉ុណ្ណោះ ក្នុងនោះរោងចក្រចំនួន៦ មានទំហំមធ្យម ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំពី៧ ០០០ ទៅ ១៤ ០០០ តោន។ នៅឆ្នាំ ២០២៥ មានតែ ២២ ៦០០ តោន ឬប្រហែល ២.៤ ភាគរយ នៃផលិតកម្មសរុប ត្រូវបានកែច្នៃនៅក្នុងស្រុក។ អត្រានេះទាបជាងគោលដៅថ្នាក់ជាតិដែលមានគោលបំណងកែច្នៃ ២៥ភាគរយ នៃទិន្នផលគ្រាប់ស្វាយចន្ទីសរុបរបស់ប្រទេសសម្រាប់នាំចេញនៅឆ្នាំ ២០២៧៕







