រោងចក្រមួយនៅភ្នំពេញព្រមទទួលកម្មករចូលធ្វើការវិញ បន្ទាប់ពីកម្មករតវ៉ាបិទផ្លូវ

សិទ្ធិការងារ

កម្មករនិយោជិតនៅរោងចក្រ ហេន ៧ ហា្គម៉ិន ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមូលផ្តុំគ្នាតវ៉ាទាមទារឱ្យថៅកែក្រុមហ៊ុនយកកម្មករជាង១២០នាក់ចូលធ្វើការវិញ។ (រូបភាពពីកម្មករ និងហ្វេសប៊ុកលោក ស៊ុន មេសា)

ក្រោយកម្មកររាប់រយនាក់បានប្រមូលផ្តុំគ្នារតវ៉ាបិទផ្លូវជាតិលេខ៣នៅថ្ងៃទី១១ ខែមីនា រោងចក្រកាត់ដេរមួយកន្លែងឈ្មោះ ហេន ៧ ហ្គាម៉ិន ដែលស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រកាសទទួលកម្មករជាង១២០នាក់ឱ្យចូលធ្វើការវិញ។ ប៉ុន្តែក្រុមកម្មករអះអាងថាពួកគេមិនព្រមចូលធ្វើការទេ បើភាគីរោងចក្រមិនចេញកិច្ចសន្យាព្រមទទួលកម្មករឱ្យចូលធ្វើការវិញ ជាលាយលក្ខណ៍អក្សរ។

តំណាងកម្មករតវ៉ានៅរោងចក្រ ហេន សេវិន ហ្គាម៉ិន លោក គង់ ភាវី ប្រាប់ប្រជាកាសែតនៅព្រឹកថ្ងៃទី១២ ខែមីនាថា ថៅកែក្រុមហ៊ុនបានប្រកាសទទួលយកកម្មករប្រមាណ ១២៣នាក់ ដែលក្រុមហ៊ុនគ្រោងបញ្ចប់កិច្ចសន្យាការងារ ឱ្យចូលធ្វើការវិញ។ ទោះជាយ៉ាងណា លោកថាកម្មករប្រមាណ៣០០ ទៅ៤០០នាក់ នៅមិនទាន់ចូលធ្វើការវិញនៅឡើយគិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនា ដោយពួកគេរង់ចាំឱ្យភាគីរោងចក្រចេញលិខិតបញ្ជាក់ជំហរត្រឹមត្រូវ ដើម្បីធានាថាថៅកែក្រុមហ៊ុននឹងមិនបញ្ឈប់កម្មករណាម្នាក់ ក្រោយពួកគេព្រមចូលធ្វើការវិញ។

លោកថា៖«ខាងថៅកែរោងចក្រគេបញ្ជាក់ថាលែងបញ្ឈប់ហើយ គេនិយាយជាមួយក្រសួង។

ប៉ុន្តែយើងចង់បានក្រដាស ហើយមានផ្តិតមេដៃត្រឹមត្រូវពីក្រសួង និងថៅកែរោងចក្រ ដើម្បីបញ្ជាក់ថាពិតជាមិនមានការបញ្ឈប់មែន»។

ការយល់ព្រមទទួលកម្មករឱ្យចូលធ្វើការវិញពីសំណាក់ភាគីរោងចក្រនេះ ធ្វើឡើង ក្រោយកម្មករក្នុងរោងចក្ររាប់រយនាក់បានផ្ទុះការតវ៉ា រហូតមានការបិទផ្លូវជាតិលេខ៣នៅថ្ងៃទី១១ ខែមីនា ជុំវិញករណីថៅកែក្រុមហ៊ុនជូនដំណឹងពីការបញ្ចប់កិច្ចសន្យាការងាររបស់កម្មករប្រមាណ ១២៣នាក់ ដោយអះអាងថារោងចក្របង្រួមអគារ និងគ្មានការបញ្ជាទិញ។ ក្រុមកម្មករបានប្រាប់ថា ភាគីក្រុមហ៊ុនមិនមានបំណងផ្តល់ប្រាក់អតីតភាពស្របតាមច្បាប់ដល់ពួកគេ។

តំណាងកម្មករម្នាក់ទៀត លោក ហាន រ៉ាវី ឱ្យដឹងថា កម្មករមិនទាន់យល់ព្រមចូលធ្វើការវិញនៅឡើយ ដោយបារម្ភខ្លាចក្រុមហ៊ុនបញ្ឈប់ពួកគាត់នៅថ្ងៃក្រោយបន្តទៀត។ លោកបន្តថា ពួកគាត់ត្រូវការលិខិតធានាច្បាស់លាស់ពីថៅកែរោងចក្រ។

លោកថា៖«ឥឡូវគេឱ្យពួកគាត់ធ្វើការបន្តទាំងអស់គ្នា អត់មានការបញ្ឈប់ទេ! តែឥឡូវពួកគាត់អត់ទាន់ព្រមទេ។ ពួកគាត់ខ្លាចឱ្យចូលធ្វើការថ្ងៃហ្នឹង តែថ្ងៃក្រោយបញ្ឈប់ទៀត»។

តំណាងកម្មករដដែលឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១២ ខែមីនា ក្រសួងការងារ តំណាងកម្មករ និងភាគីរោងចក្រកំពុងជួបប្រជុំគ្នា។ លោកស្មើឱ្យក្រសួងការងារជួយសម្របសម្រួលជាមួយថៅកែរោងចក្រ ដើម្បីទទួលកម្មករចូលធ្វើការវិញដោយត្រឹមត្រូវ។

ប្រជាកាសែតមិនទាន់អាចទាក់ទងសុំការធិប្បាយលម្អិតពីភាគីរោងចក្រ ហេន ៧ ហ្គាម៉ិនបាននៅឡើយ។

ចំណែកឯលោក ស៊ុន មេសា បានបញ្ជាក់កាលពីព្រឹកថ្ងៃទី១២ ខែមីនា នៅលើទំព័រហ្វេសប៊ុកថា នៅព្រឹកថ្ងៃទី១២ ខែមីនា កម្មករនិយោជិតបានចូលធ្វើការវិញហើយ ក្រោយពីក្រសួងការងារបានដោះស្រាយបញ្ចប់ការទាមទាររបស់ពួកគាត់។

លោកថា៖«បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ ហេន ៧ ហ្គាម៉ិន បានចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានដោះស្រាយករណីទាមទាររបស់ពួកគាត់ចប់សព្វគ្រប់ និងយ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ខ្ពស់»។

ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា លោក មឿន តុលា មានប្រសាសន៍ថា ការស្នើសុំឱ្យចៅកែរោងចក្រចេញលិខិតបញ្ជាក់ស្តីពីការមិនបញ្ចប់កិច្ចសន្យាការងារកម្មករ គឺជារឿងចាំបាច់ ព្រោះក្រុមកម្មករបារម្ភពីអនាគតការងាររបស់ពួកគេ ប្រសិនបើថៅកែក្រុមហ៊ុនសន្យាតែមាត់។

លោកថ្លែងថា៖«បើសិនជាថៅកែព្រមទទួលយកកម្មករចូលធ្វើការវិញធម្មតា ហើយគិតប្រាក់ឈ្មួលធម្មតាមកវិញ គឺត្រូវតែចេញជាលាយលក្ខណ៍អក្សរត្រឹមត្រូវ។ ហើយចំណុចមួយទៀត គឺត្រូវតែធានាថាកុំឱ្យមានការគុំគួន សម្រាប់កម្មករដែលតវ៉ា»។

ច្បាប់ស្តីពីការងារមាត្រា៧៣ ត្រង់កថាខណ្ឌទី៥ ចែងថា កិច្ចសន្យាការងារដែលមានកំណត់ថិរវេលាលើសពីប្រាំមួយខែ កម្មករនិយោជិតត្រូវបានគេជូនដំណឹងជាមុន ចំនួន១០ថ្ងៃអំពីការផុតរលត់នៃកិច្ចសន្យា ឬការមិនបន្តឡើងវិញនៃកិច្ចសន្យា។ ចំណែកកិច្ចសន្យាដែលមានថិរវេលាលើសពីមួយឆ្នាំ ត្រូវកំណត់ឱ្យជូនដំណឹងមុន១៥ថ្ងៃ។ បើគ្មានការជូនដំណឹងមុនទេ កិច្ចសន្យា ត្រូវបន្តក្នុងថិរវេលាស្មើនឹងថិរវេលាដែលបានចុះកិច្ចសន្យាគ្រាដំបូង។

រីឯកថាខណ្ឌទី៦ចែងថា នៅពេលបញ្ចប់កិច្ចសន្យា និយោកជកត្រូវផ្តល់អោយកម្មករនិយោជិតនូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យា នោះដែលសមាមាត្រនឹងប្រាក់ឈ្នួលផង សមាមាត្រនឹងថិរវេលានៃកិច្ចសន្យាផង ហើយដែលចំនួនប្រាក់បំណាច់ នេះមានកំណត់ក្នុងអនុសញ្ញារួម។ បើគ្មានកំណត់ក្នុងអនុសញ្ញារួមទេ ប្រាក់បំណាច់នេះយ៉ាងតិចត្រូវស្មើ៥ភាគរយ នៃប្រាក់ឈ្នួលដែលកម្មករនិយោជិតបានបើកនៅក្នុងរយៈពេលនៃកិច្ចសន្យា៕

សិទ្ធិការងារ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1893}" data-page="1" data-max-pages="1" data-start="1" data-end="1">