ក្រុមយុវជននិងអង្គការការពារសិទ្ធិមនុស្ស យល់ថាសកម្មជនមាតាធម្មជាតិ សមទទួលបានពានរង្វាន់លើកទឹកចិត្តពីរដ្ឋាភិបាល ជាជាងការឃុំឃាំងពួកគេក្នុងពន្ធនាគារ។
ការលើកឡើងនេះ បន្ទាប់ពីហ្វេសប៊ុកចលនាមាតាធម្មជាតិ ប្រកាសឱ្យដឹងកាលពីថ្ងៃទី៩ មីនា ថា ភាពយន្តឯកសារផលិតដោយសារព័ត៌មានអន្តរជាតិ ម៉ុងហ្គាបេ ដែលនិយាយអំពីក្រុមសកម្មជនបរិស្ថាននៅកម្ពុជា មានចំណងជើងជាភាសាអង់គ្លេស «The Clearing» បានឈ្នះពានរង្វាន់ «ពន្លឺបៃតង» (Green Spark Award) ក្នុងមហោស្រពភាពយន្តអភិរក្សធម្មជាតិ នៅសហរដ្ឋអាមេរិក។
មានដើមកំណើតពីខេត្តកំពង់ធំ និស្សិតឆ្នាំទី៣ ជំនាញទស្សនវិជ្ជា យុវជន កន ឆៃម៉ៃ យល់ឃើញថា ការឈ្នះពានរង្វាន់របស់ភាពយន្តឯកសារ ដែលបង្ហាញពីការតស៊ូរបស់សកម្មជនបរិស្ថាននៅកម្ពុជា គឺបញ្ជាក់ពីសក្ខីភាព នៃការធ្វើសកម្មភាពការពារបរិស្ថាន មិនមែនជាទង្វើខុសច្បាប់ ឬបង្កចលាចល ដូចតុលាការចោទប្រកាន់នោះទេ។ យុវជន ឆៃម៉ៃ បន្តថា ផ្ទុយទៅវិញការផ្ដល់ពានរង្វាន់នេះ បង្ហាញថាពិភពលោកឱ្យតម្លៃលើការងាររបស់ក្រុមសកម្មជនបរិស្ថាន និងឆ្លុះបញ្ចាំងពីការលះបង់ សម្រាប់ការពារធនធានធម្មជាតិដល់អ្នកជំនាន់ក្រោយ។
យុវជន កន ឆៃម៉ៃ៖«វាជាជោគជ័យមួយដែរ ទោះបីសេរីភាព សំឡេងពួកគាត់ត្រូវបានរឹតត្បិត ប៉ុន្ដែសំឡេងយុត្តិធម៌នៅតែបន្លឺយ៉ាងច្បាស់នៅក្នុងសាកលលោក មានន័យថាក្នុងសាកលលោកហ្នឹងឱ្យតម្លៃលើការងាររបស់ពួកគាត់មិនមែនដូចក្នុងស្រុកខ្មែរយើងទេ»។
បើតាមយុវជនជាអ្នកស្រលាញ់ធនធានធម្មជាតិវ័យ២១ឆ្នាំរូបនេះ អ្នកការពារធនធានធម្មជាតិជាដៃគូមួយក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព ដែលរដ្ឋាភិបាលគួរផ្ដល់ការលើកទឹកចិត្ត តាមរយៈការបើកចំហការចូលរួមពីពួកគេលើសេរីភាពសារព័ត៌មាន ពិគ្រោះយោបល់ ប្រើប្រាស់បណ្ដាញសង្គម និងប្រព័ន្ធតុលាការឱ្យមានភាពត្រឹមត្រូវ និងសមធម៌។
កន ឆៃម៉ៃ ឱ្យដឹងយ៉ាងដូច្នេះ៖ «ពួកគាត់[អ្នកការពារបរិស្ថាន]គួរតែត្រូវបានលើកទឹកចិត្ត និងឱ្យពានរង្វាន់ មិនមែនជាប់ឃុំទេ ដែលធនធានយុវជនក្លាហានដូចពួកគាត់ គួរតែមានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ»។ យុវជនរូបនេះបន្ត៖ «ធម្មជាតិ មិនមែនរបស់បុគ្គលណាមួយ ឬក៏បក្ខពួកណាមួយទេ ប៉ុន្ដែវាជារបស់រួមរបស់យើងទាំងអស់គ្នា»។
ស្រដៀងគ្នានេះដែរ យុវជនមួយរូបទៀត គឺកញ្ញា ពៅ ស្រីណុច បានឱ្យដឹងថាការទទួលស្គាល់ និងទទួលបានពានរង្វាន់លើស្នាដៃភាពយន្ដឯកសារស្ដីអំពីការងាររបស់ក្រុមសកម្មភាពបរិស្ថាននៅកម្ពុជា គឺជារឿងពិសេស ដោយសារការងារ ឬស្នាដៃនីមួយៗ មិនមែនសុទ្ធសឹងតែទទួលបានពានរង្វាន់ ការកោតសរសើរ និងការលើកទឹកចិត្តនោះទេ។
កញ្ញា ពៅ ស្រីណុច៖ «ប៉ុន្ដែក្រឡេកមើលការពិត ចំពោះពួកគាត់វិញ គឺវាខុសឆ្ងាយ ពីពានរង្វាន់ដែលទទួលបាន ព្រោះការស្នើសុំពួកគាត់នៅក្រៅឃុំក៏អត់បានទៀត។ អ៊ីចឹងចំពោះពានរង្វាន់ហ្នឹង វាល្អសម្រាប់គ្រប់គ្នា ប៉ុន្ដែការខិតខំប្រឹងប្រែងរបស់គាត់ អត់ទាន់មានលទ្ធផលសម្រាប់ខ្លួនពួកគាត់ អាចឱ្យពួកគាត់ធ្វើការលើរឿងហ្នឹងដោយល្អ និងមានសិទ្ធិសេរីភាពពេញលេញ ទាំងដែលពួកគាត់ធ្វើរឿងហ្នឹងដើម្បីការពារធនធានធម្មជាតិសម្រាប់ទាំងអស់គ្នា សង្គមជាតិ និងពិភពលោក»។
ទាក់ទងនឹងរឿងនេះដែរ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា ថ្លែងឱ្យដឹងថា ការឈ្នះពានរង្វាន់សម្រាប់ភាពយន្ដឯកសារ ដែលបង្ហាញពីការតស៊ូការពារបរិស្ថានរបស់ក្រុមយុវជនមាតាធម្មជាតិ គឺជាការមើលឃើញអំពីតម្លៃលើការងាររបស់ពួកគេពីអន្តរជាតិ ដែលលោកកត់សម្គាល់ថា វាផ្ទុយពីក្នុងស្រុក ដែលពួកគេទាំងនោះត្រូវបានចោទប្រកាន់ និងជាប់ពន្ធនាគារ។
លោក នី សុខា៖ «យើងមានការខកចិត្តដែរ ចំពោះរដ្ឋាភិបាល ពិសេស គឺសមត្ថកិច្ច អាជ្ញាធរ តុលាការ ក្នុងការចាប់ខ្លួន និងចោទប្រកាន់ពួកគាត់ ដែលទន្ទឹមនឹងហ្នឹង អង្គការអន្ដរជាតិមួយចំនួនធ្វើការលើវិស័យទាំងអស់ហ្នឹង បានចាត់ទុកពួកគាត់ រហូតទៅដល់ថាពួកគាត់ជាវីរជនឆ្នើមក្នុងការការពារបរិស្ថានថែមទៀត»។ លោកបន្ថែម៖ «ផ្ទុយទៅវិញ រដ្ឋាភិបាលយើងបែរជាទៅចាប់ខ្លួន និងឃុំខ្លួនពួកគាត់ ដោយចោទប្រកាន់ថាពួកគាត់ប្រព្រឹត្តបទល្មើសទៅវិញ។ នេះជារឿងគួរឱ្យមានការសោកស្ដាយចំពោះអាជ្ញាធរកម្ពុជាយើង ដែលហាក់បីដូចជាមើលមិនឃើញ បែរជាអង្គការអន្តជាតិ ដែលគេនៅឆ្ងាយ ហើយគេអាចមើលឃើញថាពួកគាត់ជាសកម្មជនឆ្នើម»។
លើសពីនេះ លោក នី សុខា ទទូចស្នើឱ្យតុលាការដោះលែងក្រុមសកម្មជនបរិស្ថាន ឱ្យមានសេរីភាព ក៏ដូចជាផ្ដល់យុត្តិធម៌ឱ្យពួកគេ ដែលបានខិតខំការពារនូវធនធានធម្មជាតិកន្លងមក។ លោក សុខា ក៏ស្នើសុំឱ្យរដ្ឋាភិបាលអន្តរាគមបើកលំហសេរីភាពសម្រាប់សេរីភាពសារព័ត៌មាន ការបញ្ចេញមតិ ក៏ដូចជាសិទ្ធិសេរីភាពសម្រាប់ការចូលរួមការពារបរិស្ថានជាដើម។
ចំណែក អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា បានប្រាប់ប្រជាកាសែតតាមប្រព័ន្ធតេឡក្រាមនៅថ្ងៃទី១០ មីនា ថាលោកគ្មានអ្វីអធិប្បាយលើការឈ្នះពានរង្វាន់របស់ភាពយន្ដស្ដីពីការតស៊ូនៃសកម្មជនបរិស្ថាននេះនោះឡើយ។ លោកបន្តថា ការជាប់ឃុំរបស់សកម្មជនបរិស្ថានក៏គ្មានអ្វីប៉ះពាល់លើសិទ្ធិមនុស្សនៅកម្ពុជានោះដែរ ដោយលោកបញ្ជាក់ថា មុនវាយតម្លៃលើការអនុវត្តច្បាប់លើប្រទេសមួយ កុំមើលតែបុគ្គលនោះជាអ្នកណា ត្រូវមើលឱ្យអស់អង្គហេតុអង្គច្បាប់ នូវអ្វីដែលបុគ្គលបានប្រព្រឹត្តពិតប្រាកដ ដែលមិនអាចផ្អែកទៅលើការងារបុគ្គលធ្វើក្រោមស្លាកការពារធម្មជាតិ ហើយអាចឱ្យបុគ្គលទាំងនោះ ឬក៏ក្រុមទាំងនោះ រួចផុតពីច្បាប់ ឬក៏នៅលើច្បាប់បានឡើយ។
លោក ស្រ៊ាង ចិន្ដា៖ «សិទ្ធិមនុស្ស វាមិនមែនសំខាន់ទៅលើអ្នកនោះជាអ្នកណានោះទេ ប៉ុន្ដែសំខាន់ទៅលើអ្វី ដែលអ្នកទាំងនោះបានធ្វើ។ ចង់អ្នកទាំងនោះជាក្រុមការពារធម្មជាតិ ការពារបរិស្ថាន ឬក៏អ្នកការពារសិទ្ធិមនុស្សអ្វីក៏ដោយ ឱ្យតែប្រព្រឹត្តខុសច្បាប់ គឺត្រូវប្រឈមមុខនឹងច្បាប់។ ខ្ញុំសូមជម្រាបជូនថា សូម្បីតែក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសសេចក្ដីប្រកាសអំពីសិទ្ធិអ្នកការពារសិទ្ធិមនុស្សមាត្រា១១ ក៏បញ្ជាក់ដែរថា អ្នកការពារសិទ្ធិ ដែលអាចរាប់បញ្ចូលទាំងអ្នកការពារធនធានធម្មជាតិ ត្រូវតែគោរពច្បាប់ជាតិ អន្តរជាតិ»។
បើតាមហ្វេសប៊ុក ចលនាមាតាធម្មជាតិ ឱ្យដឹងថា ភាពយន្ដឯកសារ “The Clearing” បង្ហាញអំពីការតស៊ូរបស់យុវជនខ្មែរ ដែលឈរជើងការពារបរិស្ថាន ក្នុងបរិបទដែលលំហសេរីភាពកំពុងប្រឈមនឹងការគំរាមកំហែងយ៉ាងខ្លាំង។ ភាពយន្តនេះផ្តោតលើជីវិត និងការប្តេជ្ញាចិត្តរបស់យុវជន នៃចលនាមាតាធម្មជាតិ ក្លាហានលើកសំឡេងប្រឆាំងការបំផ្លាញធម្មជាតិ និងអំពាវនាវឱ្យមានការទទួលខុសត្រូវ ទោះបីជាត្រូវប្រឈមមុខនឹងការចាប់ខ្លួន និងការកាត់ទោសក៏ដោយ។
តាមប្រភពដដែល ពានរង្វាន់ «ពន្លឺបៃតង» (Green Spark Award) ផ្តល់ជូនដល់ភាពយន្ត ដែលបង្ហាញវីរភាពអ្នកការពារធម្មជាតិ សម្រាប់ផ្លូវទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបំផុសអ្នកជំនាន់ក្រោយឱ្យចូលរួមការពារបរិស្ថាន ហើយការផ្ដល់ជូនពានរង្វាន់នេះ ជាការទទួលស្គាល់ពីឆាកអន្តរជាតិ ចំពោះសំឡេង និងការតស៊ូរបស់អ្នកការពារធម្មជាតិខ្មែរ។
សកម្មជនចលនាមាតាធម្មជាតិ ៥រូប រួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុធ លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី កំពុងជាប់ឃុំនៅកម្ពុជា ក្រោមបទចោទ រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ៕







