ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យកសិកររាយការណ៍ករណីកសិផលមិនអាចចូលទីផ្សារ

សង្គម

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រី ចម និម្មល ថ្លែងសុន្ទរកថា នៅសិក្ខាសាលាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ ( រូបថត៖ ទំព័រ ហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម)។

ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យកសិកររាយការណ៍ទៅកាន់មន្ទីរពាណិជ្ជកម្មតាមបណ្ដារាជ​ធានី-ខេត្ត ប្រសិនបើកសិផលរបស់ខ្លួនមានការកកស្ទះមិនអាចចូលក្នុងទីផ្សារ ។ ទោះជាបែបណាក្ដី សហគមន៍​កសិករ ជំរុញឱ្យអាជ្ញាធរបន្ថយការនាំចូលកសិផលណាដែលទីផ្សារកំពុងធ្លាក់ថ្លៃ ដែលអាចរុញតម្លៃឱ្យងើបឡើងវិញ ដើម្បីជួយដល់កសិករក្នុងស្រុក។

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃសុក្រ ទី១៣ ខែមីនា បានចេញសេក្ដីប្រកាស ប្រាប់ឱ្យប្រជាកសិកររាយការណ៍អំពីករណីកកស្ទះកសិផលដែលមិនអាចស្រូបចូលទីផ្សារបានទាន់ពេលវេលា មកកាន់មន្ទីរពាណិជ្ជកម្មតាមបណ្ដារាជធានី-ខេត្ត ជាពិសេសក្នុងអំឡុងរដូវកាលប្រមូលផលនេះ ដើម្បីធានាស្ថិរភាពទីផ្សារ និងការពារផលប្រយោជន៍របស់កសិករ។

ពាក់ព័ន្ធនឹងការកកស្ទះកសិផលនេះ ក្រសួងពាណិជ្ជកម្មអះអាងថា កាលពីពេលកន្លងទៅ មន្រ្តីនៃមន្ទីរពាណិជ្ជកម្ម បានចុះសម្របសម្រួលក្នុងការទិញ-លក់ និងរកទីផ្សារដោយសហការជាមួយវិស័យឯកជន ក្នុងតម្លៃសមរម្យ ក្រោយមានការកកស្ទះកសិផលនៅខេត្តបាត់ដំបង។ ក្រសួង ក៏នឹងដោះស្រាយបញ្ហាទីផ្សារកសិផលនេះបន្តទៀតនៅទីតាំងផលិតកម្ម តាមបណ្ដារាជធានី-ខេត្តនានាដែលជួបបញ្ហា។

ប្រជាកាសែតមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានទេ ដោយទូរសព្ទចូលមិនមានអ្នកទទួល។

កសិករនៅស្រុកកំរៀង ខេត្តបាត់ដំបង លោក តាន់ មាស អាយុ៥២ឆ្នាំ និយាយថា អំឡុងខែមករា លោកបានបង្ខំចិត្តលក់កសិផលរបស់លោកដែលមានដំឡូងនិងពោតប្រមាណ១៦០តោន ក្នុងតម្លៃ២០០រៀលសម្រាប់ដំឡូង និងពោត តម្លៃ៤០០ ក្នុងមួយគីឡូ។

លោក និយាយថា៖ «ដំឡូង៣០០ជាងអី ពោត៥០០អី អាចទទួលយកបានខ្លះ។ ២០០អី ទទួលយកដូចមិនបានទេ ដូចដំឡូងអី។ បើយើងអត់លក់បានលុយអីធ្វើទៀត ជំពាក់គេផងអីផង យើងមិនដកលក់ទៅបានអីសងគេ»។

ចំណែកប្រធានទីផ្សារនៃសហគមន៍កសិកម្មបន្លែផ្ទះសំណាញ់ត្រពាំងធំខាងត្បូង នៅខេត្តតាកែវ អ្នកស្រី ង៉ែត ចន្ធារី មានប្រសាសន៍ថា នៅពេលនេះ មានកសិករជាសមាជិករបស់អ្នកស្រីមួយចំនួន មិនព្រមលក់ផ្លែប៉េងប៉ោះឈើរី ក្នុងតម្លៃ៣០០០រៀល ក្នុងមួយគីឡូក្រាមដែលឈ្មួញដាក់ឱ្យនោះទេ ព្រោះតម្លៃនេះ ទាបជាងរាល់ដងដែលបានខ្ទង់៥០០០រៀលក្នុងមួយគីឡូក្រាម។

អ្នកស្រី បន្ថែមថា ចំពោះកសិករដែលមិនដាច់ចិត្តក្នុងការលក់ បានសម្រេចយកកសិផលនោះដើរលក់តាមទីកន្លែងនានាដោយខ្លួនឯង ដែលនៅសល់សរុបប្រមាណ២០០គីឡូក្រាម។

អ្នកស្រី និយាយថា៖ «មានការកកស្ទះមួយចំនួន ដោយសារខែនេះគេដាំច្រើនប្រភេទបន្លែ ប៉េងប៉ោះឈើរី វាធ្លាក់ថ្លៃខ្លាំង មិនស្ទះអីណាស់ណាទេ។ ពីមុនទាបបំផុត៥០០០រៀល ឥលូវសល់៣០០០ ឬ៤០០០ពាន់រៀល។

អ្នកស្រី បានទទូចឱ្យអាជ្ញាធរពាក់ព័ន្ធកាត់បន្ថយការនាំចូលប្រភេទកសិផលណាដែលតម្លៃកំពុងធ្លាក់ចុះលើទីផ្សារ ដែលអាចរុញច្រានតម្លៃកសិផលប្រភេទនោះ ឱ្យងើបឡើងវិញដើម្បីអាចជួយដល់កសិករក្នុងស្រុក។

អ្នកស្រី និយាយថា៖ «អ្វីដែលយើងចង់បានគឺ បើបន្លែណាដែលកំពុងធ្លាក់ថ្លៃហើយ បន្ថយការនាំចូល។ បើមានការនាំចូល យើងមិនចង់ផ្អាកគេតែម្ដងទេ ពីព្រោះកាលណាយើងផ្អាកគេ យើងផ្ដាច់មិនឱ្យចូលសោះ បន្លែយើងក៏ឡើងខ្លាំង ចឹងសេដ្ឋកិច្ចទីផ្សារក៏វាពិបាកគ្រប់គ្រងដែរ។ ប៉ុន្តែត្រូវបន្ថយ យើងពិនិត្យមើលថា បន្លែហ្នឹងកំពុងធ្លាក់ថ្លៃខ្លាំងហើយ ក៏បន្ថយការនាំចូលអាហ្នឹងទៅ។ […] ចឹងតម្លៃក៏ងើបវិញខ្លះដែរ»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1899}" data-page="1" data-max-pages="1" data-start="1" data-end="1">